ខ្មែរប៉ុស្ដិ៍ Close

    ក្រសួងធនធានទឹក បង្ហាញលទ្ធផល នៃការបោះបង្គោលនៅជុំវិញបឹងទន្លេសាប

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី១២ ខែមករា ឆ្នាំ២០២២ ព័ត៌មានទូទៅ 1322
    ក្រសួងធនធានទឹក បង្ហាញលទ្ធផល នៃការបោះបង្គោលនៅជុំវិញបឹងទន្លេសាបក្រសួងធនធានទឹក បង្ហាញលទ្ធផល នៃការបោះបង្គោលនៅជុំវិញបឹងទន្លេសាប

    នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ ក្រសួងធនធានទឹក និងឧតុនិយម បានបន្តបង្ហាញលទ្ធផល នៃការងារចុះត្រួតពិនិត្យបង្គោល ការលើកបង្គោល និងការដាំបង្គោលឡើងវិញនៅតំបន់បឹងទន្លេសាបជុំខេត្តទាំង៦ ក្រោមការដឹកនាំ និងបញ្ជាផ្ទាល់ពីលោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម។

    យោងតាមរបាយការណ៍របស់ក្រសួងធនធានទឹកដែលចេញផ្សាយនៅថ្ងៃនេះ បានបង្ហាញថា ក្រុមការងារអាជ្ញាធរទន្លេសាប និងមន្ទីរធនធានទឹក និងឧតុនិយមនៅខេត្តទាំង៦ ជុំវិញបឹងទន្លេសាប សហការណ៍ជាមួយអាជ្ញាធរមូលដ្ឋាន សម្រេចបានការបោះបង្គោលព្រំតំបន់៣ និងលើកប៉ាណូ គិតមកដល់ថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ រួមមាន៖

    • ទី(១): ការងារដាំបង្គោលថ្មី និងលើកបញ្ឈវិញបានចំនួន៥២៥ ស្មើនឹង ៦៥,៥% នៃបង្គោលព្រំតំបន់៣សរុប
    • ទី(២): ចំនួនបង្គោលនៅសល់ និងកំពុងបន្តធ្វើមានចំនួន២៧៧បង្គោល។ បង្គោលព្រំតំបន់៣ ដែលនៅសល់នេះ ភាគច្រើនស្ថិតនៅក្នុងទឹក ដែលអាចចុះបោះបង្គោលបាននៅក្នុងខែកម្ភៈខាងមុខ។ តែចំពោះទីតាំងណា អាចធ្វើបាន ក្រុមការងារនៅបន្តធ្វើ។
    • ទី(៣): ការងារលើកប៉ាណូសម្រេចបានចំនួន៥១កន្លែង លើផែនការ៦៣កន្លែង។

    សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីចុងឆ្នាំ២០២១ បានចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់មួយ ឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ និងអភិបាលខេត្តជាប់បឹងទន្លេសាប ត្រូវធ្វើការទប់ស្កាត់ និងបង្រ្កាបជាបន្ទាន់ចំពោះ ការលួចកាប់ព្រៃលិចទឹក និងវាទទីយកដីនៅតាមបឹងទន្លេសាប ជាពិសេសនៅខេត្តកំពង់ឆ្នាំងតែម្តង។ សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏បានបញ្ជាទៅឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ឱ្យដឹកនាំកិច្ចប្រជុំក្រសួងស្ថាប័នពាក់ព័ន្ធនេះ ដើម្បីបែងចែកភារកិច្ច ក្នុងការចុះពិនិត្យ បង្ក្រាប និងរឹបអូសដីដែលបានកាប់ទន្ទាននោះមកវិញ។

    ក្រោយមានបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន, លោកឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា បានដឹកនាំក្រុមការងារជំនាញ និងអាជ្ញាធរថ្នាក់ក្រោមជាតិនៃខេត្តជុំវិញបឹងទន្លេចុះពិនិត្យភ្លាមៗ ពីស្ថានភាពដែនដីព្រៃលិចទឹក ដែលរងការកាប់ទន្ទ្រានពីសំណាក់ប្រជាពលរដ្ឋ និងក្រុមឈ្មួញមួយចំនួន រហូតទទួលបានលទ្ធផល ដោយអ្នកដែលបានកាន់កាប់ខុសច្បាប់ទាំងនោះ បានប្រគល់ដីជូនរដ្ឋវិញជាបន្តបន្ទាប់ផងដែរ។

    ទន្ទឹមគ្នានេះ លោកឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា ក៏បានចេញសេចក្តីសម្រេចបែងចែកភារកិច្ចជូនក្រសួងស្ថានប័ន និងអាជ្ញាធរជុំវិញបឹងទន្លេសាប ដើម្បីធ្វើការទប់ស្កាត់ និងបង្ក្រាបការកាប់ទន្ទ្រានដីព្រៃលិចផងដែរ។ នៅក្នុងសេចក្តីសម្រេចនោះ លោកឧបនាយករដ្ឋមន្រ្តី ក៏បានប្រគល់ភារកិច្ចជូនក្រសួងធនធានទឹក និងឧតុនិយម ទទួលដាំបង្គោលព្រំដែនព្រៃលិចទឹកដែលខ្វះ និងដែលបានដួលរំលំ និងដាក់ពាក្យសុំចុះបញ្ជីដីរដ្ឋ នូវដីព្រៃលិចតំបន់ទន្លេសាប។

    ក្រោយទទួលភារកិច្ចនេះ លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងជាប្រធានអាជ្ញាធរទន្លេសាប បានចាត់ចែងក្រុមការងារភ្លាមៗតាមមុខព្រួញចុះអនុវត្តការងារនេះរហូតទទួលបានលទ្ធផលល្អប្រសើរ ដោយបានចុះពិនិត្យបង្គោល និងបានដាំឡើងវិញជាច្រើនដើមផងដែរ៕ Fresh News


    អត្ថបទទាក់ទង