ខ្មែរប៉ុស្ដិ៍ Close

អគ្គនាយកក្លឹបឆ្នេរស្អាតជាងគេលើពិភពលោក គាំទ្រការបើកទេសចរណ៍របស់អាស៊ានឡើងវិញ និងសន្យាជួយផ្សព្វផ្សាយអំពីកម្ពុជាជាគោលដៅទេសចរណ៍សុវត្ថិភាព

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី១៨ ខែមករា ឆ្នាំ២០២២ ព័ត៌មានទូទៅ 334

អគ្គនាយកក្លឹបឆ្នេរសមុទ្រស្អាតជាងគេលើពិភពលោក លោក ប្រ៊ុយណូ បូដាដ (Bruno BODARD) បានប្រកាសគាំទ្រការបើកទទួលទេសចរណ៍អាស៊ានឡើងវិញ ដែលជាពេលវេលាស័ក្តិសមបំផុតចំពោះស្ថានភាពទេសចរណ៍ក្នុងតំបន់ ពិសេសគឺតំបន់ឆ្នេរសមុទ្រ និងបានសន្យាជួយផ្សព្វផ្សាយអំពីគោលដៅកម្ពុជាជាគោលដៅទេសចរណ៍សុវត្ថិភាព។

ការលើកឡើងនេះធ្វើឡើងក្នុងកិច្ចប្រជុំទ្វេភាគីរវាងលោក ប្រ៊ុយណូ បូដាដ ក្នុងនាមតំណាងសមាជិកទាំង២៦ប្រទេសនៃក្លឹបឆ្នេរសមុទ្រស្អាតជាងគេលើពិភពលោក ជាមួយភាគីក្រសួងទេសចរណ៍កម្ពុជា ដែលដឹកនាំដោយលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ នៅសណ្ឋាគារឆ្នេរសុខា ខេត្តព្រះសីហនុ ពោលគឺក្នុងឱកាសវេទិកាទេសចរណ៍អាស៊ានលើកទី៤០ ឆ្នាំ២០២២ (ATF 2022)។

នាឱកាសនោះ លោករដ្ឋមន្ត្រី ថោង ខុន បានលើកឡើងពីគោលបំណងសំខាន់ៗនៃការរៀបចំព្រឹត្តិការណ៍ ATF 2022 នេះ ពោលគឺដើម្បីប្រកាសបើកគោលដៅទេសចរណ៍អាស៊ានឡើងវិញ ខណៈដែលគោលដៅក្នុងតំបន់មួយចំនួន ពិសេសគឺគោលដៅកម្ពុជាមានការត្រៀមស្វាគមន៍រួចជាស្រេចក្នុងការទទួលភ្ញៀវទេសចរអន្តរជាតិឡើងវិញ។

លោករដ្ឋមន្ត្រី ថោង ខុន ក៏បានជម្រាបជូនលោកអគ្គនាយកក្លឹបឆ្នេរសមុទ្រស្អាតជាងគេលើពិភពលោកដែរថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានខិតខំគ្រប់គ្រងបញ្ហាជំងឺកូវីដ១៩បានយ៉ាងហ្មត់ចង់ រហូតដល់បានរៀបចំប្រទេសឱ្យក្លាយជាគោលដៅទេសចរណ៍សុវត្ថិភាព ដែលភ្ញៀវទេសចរអាចរីករាយមកទស្សនាកម្សាន្តបានយ៉ាងកក់ក្ដៅ។ ជាមួយគ្នានោះ កម្ពុជាក៏បានរៀបចំដាក់ចេញនូវវិធានការណ៍សុវត្ថិភាពសុខាភិបាលយ៉ាងហ្មត់ចត់ ដើម្បីគ្រប់គ្រងគោលដៅទេសចរណ៍សុវត្ថិភាពទាំងនោះ។

ឆ្លើយតបនឹងការលើកឡើងនេះ លោក ប្រ៊ុយណូ បូដាដ បានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការបើកគោលដៅទេសចរណ៍អាស៊ានឡើងវិញ ដែលជាពេលវេលាដ៏ស័ក្តិសមបំផុតចំពោះស្ថានភាពទេសចរណ៍ក្នុងតំបន់ ពិសេសគឺតំបន់ឆ្នេរសមុទ្រ។

លើសពីនេះ លោក ប្រ៊ុយណូ បូដាដ ក៏បានសន្យាថានឹងជួយផ្សព្វផ្សាយអំពីគោលដៅកម្ពុជាជាគោលដៅទេសចរណ៍សុវត្ថិភាព ទៅកាន់សមាជិកក្លឹបឆ្នេរសមុទ្រស្អាតជាងគេនៅលើពិភពលោករបស់លោក ព្រមទាំងបណ្ដាញផ្សព្វផ្សាយនានារបស់ក្លឹបឆ្នេរផងដែរ។

គួរជម្រាបថា បើតាមការបញ្ជាក់របស់លោករដ្ឋមន្ត្រី ថោង ខុន វេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២២ នឹងក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់ក្នុងការប្រកាសបើកគោលដៅទេសចរណ៍ក្នុងតំបន់អាស៊ានឡើងវិញជាផ្លូវការ បន្ទាប់ពីរងការរំខានដោយសារការរីករាលដាលជំងឺកូវីដ១៩អស់ពេលជាង២ឆ្នាំមកនេះ ខណៈព្រឹត្តិការណ៍អន្តរជាតិនេះនឹងជួយផ្សព្វផ្សាយពីប្រទេសកម្ពុជាជាគោលដៅទេសចរណ៍សុវត្ថិភាពមួយក្នុងតំបន់អាស៊ាន៕ Fresh News

អត្ថបទទាក់ទង