ខ្មែរប៉ុស្ដិ៍ Close

    Project Syndicate ៖ ការលិចលង់ដោយសារវីរុសកូវីដ-១៩

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី១៨ ខែមករា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 1251
    Project Syndicate ៖ ការលិចលង់ដោយសារវីរុសកូវីដ-១៩Project Syndicate ៖ ការលិចលង់ដោយសារវីរុសកូវីដ-១៩

    ការរីករាលដាលយ៉ាងខ្លាំងក្លានៃវីរុសកូវីដ-១៩ ទម្រង់ Omicron បាននាំមកនូវភាពមិនច្បាស់លាស់កាន់តែខ្លាំងចំពោះសេដ្ឋកិច្ចពិភពលោក។ ប៉ុន្តែនៅពេលនិយាយដល់ប្រទេសដែលមានសេដ្ឋកិច្ចកំពុងរីកលូតលាស់ ទស្សនៈរួមបានលើកឡើងថា «ទស្សនវិស័យរបស់ប្រទេសទាំងនេះនឹងនៅតែមានភាពត្រចះត្រចង់»។

    ក្រុមហ៊ុន J.P. Morgan Global Research បានរំពឹងថា «ផ.ស.ស រួមរបស់ប្រទេសទាំងនេះ នឹងកើនឡើងចំនួន ៤,៦% នៅឆ្នាំនេះដែលខ្ពស់ជាងនិន្នាការដែលខ្លួនធ្លាប់បានកំណត់ នៅចន្លោះឆ្នាំ ២០១៥-២០១៩ ទៅទៀត» ខណៈដែលក្រុមហ៊ុន S&P Global Ratings បានបង្ហាញអំពីភាពសុទិដ្ឋិនិយមកាន់តែខ្លាំងដោយបានព្យាករណ៍ថា «ផ.ស.ស របស់បណ្ដាប្រទេសដែលមានសេដ្ឋកិច្ចកំពុងរីកលូតលាស់ នឹងកើនឡើងចំនួន ៤,៨%»។

    អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺ «តួលេខនៃកំណើនទាំងនេះមានភាពស្រដៀងគ្នាទៅនឹងការព្យាករណ៍សម្រាប់ឆ្នាំ២០២២ ដែលត្រូវបានចេញផ្សាយដោយស្ថាប័ន IMF កាលពីខែតុលា ឆ្នាំ ២០១៩» ពោលគឺ នៅមុនពេលកើតមានវីរុសរាតត្បាត។

    វាបានក្លាយជាប្រធានបទដ៏មានប្រជាប្រិយមួយទៅហើយដែលថា «វីរុសកូវីដ-១៩ បានផ្លាស់ប្តូរអ្វីៗគ្រប់យ៉ាង លើកលែងតែទស្សនវិស័យចំពោះបណ្តាប្រទេសដែលមានសេដ្ឋកិច្ចកំពុងរីកលូតលាស់»។ ប៉ុន្តែ វានៅមានមូលហេតុជាច្រើន ដែលគួរឱ្យព្រួយបារម្ភ ហើយទស្សនៈរួមនេះត្រូវបានមនុស្សមួយចំនួនបានលើកឡើងថា «មានលក្ខណៈល្អជ្រុលពេក»។

    មូលហេតុទី(១) គឺ «ពេលនេះ បណ្តាប្រទេសដែលមានសេដ្ឋកិច្ចកំពុងរីកលូតលាស់កំពុង ជាប់ជំពាក់បំណុលវ័ណ្ឌក» ដោយក្នុងនោះបំណុលសាធារណៈធៀបនឹង ផ.ស.ស របស់ពួកគេ បានកើនឡើងតាំងពីមុនពេលកើតមានវីរុសរាតត្បាតមកម៉្លេះ ហើយពេលនេះ ការកើនឡើងនេះបានឈានដល់កម្រិតប្រកាសអាសន្នដោយវាបានកើនលើស ៦០% នៃ ផ.ស.ស។

    បំណុលដ៏ច្រើននេះ នឹងបង្កបញ្ហាប្រឈមយ៉ាងធ្ងន់ធ្ងរដល់ការគ្រប់គ្រងរដ្ឋ។ ធនធានសារពើពន្ធដ៏ខ្សត់ខ្សោយដែលបាន យកទៅប្រើនៅក្នុងវិស័យថែទាំសុខភាព, អប់រំ និងហេដ្ឋារចនាសម្ព័ន្ធ អាចនឹងត្រូវបានបង្វែរមកប្រើ ដើម្បីសងបំណុលជំនួសវិញ។

    បន្ទុកបំណុលនេះអាចនឹងកាន់តែរីកធំទៅៗ ដូចអ្វីដែលគេបានឃើញកើតមាន នៅក្នុងគោលនយោបាយរូបិយវត្ថុដ៏តឹងរ៉ឺងរបស់ធនាគារកណ្ដាលអាមេរិក ក៏ដូចជាភាពខ្សត់ខ្សោយ ខាងផ្នែកមូលធននៅទូទាំងពិភពលោកដែលបាន ដាក់សម្ពាធកាន់តែខ្លាំងលើការកំណត់អត្រាការប្រាក់។

    ជាងនេះទៅទៀត បំណុលសាធារណៈគ្រាន់តែជាផ្នែកតូចមួយប៉ុណ្ណោះនៃបញ្ហា។ ចាប់តាំងពីពេលកើតមានវីរុសរាតត្បាតមក បំណុលរបស់ពលរដ្ឋ និងរបស់បណ្តាសាជីវកម្មមិនមែនហិរញ្ញវត្ថុបានកើន ឡើងយ៉ាងលឿនរហ័ស ហើយនៅពេលដែលបំណុលឯកជនទាំងនេះវិវឌ្ឍទៅរកស្ថានភាពកាន់តែអាក្រក់នោះការខាតបង់នឹងបន្តរីករាលដាលដល់តារាងតុល្យការរបស់រដ្ឋាភិបាល។

    មូលហេតុទី(២) គឺ «ហានិភ័យនៃការបំពេញការងារជិតៗគ្នា (ការងាររោងចក្រជាដើម) បានជំរុញឱ្យមានការបង្កើនល្បឿនស្វ័យប្រវត្តិកម្មនៅក្នុងបណ្ដាប្រទេសដែលមានសេដ្ឋកិច្ចអភិវឌ្ឍ»។

    ការព្រួយបារម្ភគឺថា «ឆាប់ៗនេះ ផលិតកម្មនៅតាមបណ្តារោងចក្រនឹងចាប់ផ្តើមដំណើរការ ដោយប្រើប្រាស់មនុស្សយន្ត (Robots) និងម៉ាស៊ីនព្រីន3D (3D Printers) នៅក្នុងបណ្តាប្រទេសដែលមានប្រាក់ឈ្នួលខ្ពស់»។ របត់នេះបានបង្កក្ដីកង្វល់កាន់តែខ្លាំងអំពី «ភាពបរាជ័យយ៉ាងឆាប់រហ័សនៅក្នុងវិស័យឧស្សាហកម្ម» (Premature Deindustrialization) នៅក្នុងបណ្ដាប្រទេសដែលមានសេដ្ឋកិច្ចកំពុងរីកលូតលាស់។

    ដូចគ្នានេះដែរ ខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោកដែលមានសារៈសំខាន់ខ្លាំងចំពោះបណ្ដាប្រទេសដែលមានសេដ្ឋកិច្ចកំពុងរីកលូតលាស់ បានរងនូវភាពរអាក់រអួលយ៉ាងខ្លាំងដោយ សារការរាតត្បាតនៃវីរុសកូវីដ-១៩ ហើយបណ្តារដ្ឋាភិបាលនៃប្រទេសអភិវឌ្ឍក៏បានលើកឡើងអំពីកង្វល់ខាងផ្នែកសន្តិសុខសេដ្ឋកិច្ច ដើម្បីលើកទឹកចិត្តឱ្យបណ្តាក្រុមហ៊ុនរបស់ពួកគេបង្វែរផលិតកម្មចូលមកក្នុងស្រុកវិញ។

    ប្រទេសម៉ិកស៊ិកអាចទទួលបានផល ប្រយោជន៍ពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនអាមេរិក ក្នុងការកាត់បន្ថយពេលវេលានៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់របស់ពួកគេ ហើយបណ្តាប្រទេសនៅអឺរ៉ុបខាងកើតក៏អាច នឹងទទួលបានផលដូចគ្នានេះដែរពីបណ្តាប្រទេសនៅសហភាពអឺរ៉ុប។ ប៉ុន្តែតំបន់អាស៊ីខាងត្បូង, អាហ្វ្រិក និងអាមេរិកឡាទីន អាចនឹងមិនទទួលបានផល ប្រយោជន៍អ្វីនោះទេ។

    លើសពីនេះទៅ ទៀត វីរុសកូវីដ-១៩ នឹងបង្កផលប៉ះពាល់កាន់តែខ្លាំងលើការបណ្ដុះបណ្ដាលធនធានមនុស្ស ជាពិសេសនៅក្នុងបណ្តាប្រទេសដែល មានសេដ្ឋកិច្ចកំពុងរីកលូតលាស់។ បណ្តាប្រទេសដែល មានសេដ្ឋកិច្ចកំពុងរីកលូតលាស់មួយចំនួន មានសេវាអ៊ីនធឺណិតល្បឿនលឿនដែលអាចបម្រើឱ្យការរៀនពីចម្ងាយរបស់សិស្សយ៉ាងមានប្រសិទ្ធភាព។

    ទោះជាយ៉ាងណាក៏ដោយ យោងតាមការប៉ាន់ស្មានមួយរបស់ធនាគារពិភពលោក «អត្រានៃកុមារដែលមានអាយុ ១០ ឆ្នាំ ចុះក្រោមដែលមិនអាចអាន និងមិនអាចយល់ពាក្យសាមញ្ញៗបាននៅក្នុងបណ្តាប្រទេសដែល មានសេដ្ឋកិច្ចកំពុងរីកលូតលាស់ និងបណ្ដាប្រទេសកំពុងអភិវឌ្ឍនឹងកើនឡើងពី ៥៣%ទៅដល់ ៦៣% ដោយសារវីរុសរាតត្បាត»។

    មតិមួយចំនួននៅតែជឿថា «បណ្តាប្រទេសដែលមានសេដ្ឋកិច្ចកំពុងរីកលូតលាស់នឹងទទួលបានផលពីសន្ទុះនៅក្នុងសេដ្ឋកិច្ចពិភពលោក»។ កំណើនផលិតភាព នៅក្នុងបណ្តាប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿនដែលបានរងនូវការធ្លាក់ចុះអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ បានចាប់ផ្តើមមានភាពរឹងមាំឡើងវិញ នៅក្នុងអំឡុងពេលកើតមានវីរុសរាតត្បាត ជាពិសេសនៅសហរដ្ឋអាមេរិក។

    នៅពេលនេះ ការផ្លាស់ប្តូររចនាសម្ព័ន្ធ និងបច្ចេកវិទ្យាដែលជំរុញដោយវីរុសរាតត្បាត អាចជួយបន្តនិរន្តភាពនៃល្បឿនរបស់កំណើន ហើយកំណើនកាន់តែលឿននៅតាមបណ្តាប្រទេសអភិវឌ្ឍនឹង បង្កើតឱ្យមានតម្រូវការក្នុងការនាំចេញបន្ថែម ទៀតពីបណ្តាប្រទេស ដែលមានសេដ្ឋកិច្ចកំពុងរីកលូតលាស់។

    ប៉ុន្តែ នៅដំណាក់កាលនេះ អំណះអំណាងនេះ អាចត្រូវបានបំប៉ោងហួសពីការពិត។ ការកើនឡើងនៅ ពេលថ្មីៗនេះនៅក្នុងកំណើនផលិតភាពនៅក្នុងបណ្តាប្រទេសអភិវឌ្ឍបានកើតឡើងដោយសារ «កត្តាវដ្តនៃធុរកិច្ច» «Business-Cycle Factors» ដោយក្នុងនោះ បណ្តាក្រុមហ៊ុននានាបានបង្កើនការប្រើប្រាស់ធនធានរបស់ពួកគេកាន់តែច្រើន នៅពេលដែលចរន្តសេដ្ឋកិច្ចបានហក់ឡើងវិញពីកម្រិតដ៏ទាបកាលពីឆ្នាំ ២០២០ ក៏ប៉ុន្តែវាមិនមានភស្តុតាងណាមួយដែលអាចបញ្ជាក់ ពីភាពស្ថិតស្ថេរនៃកំណើននៅពេលនេះទេ។

    ប៉ុន្តែ អ្វីៗទាំងអស់មិនមែនអាក្រក់ទាំងស្រុងឡើយ។ ផ្ទុយទៅនឹងការធ្លាក់ ចុះនៃសេដ្ឋកិច្ចកាលពីពេលមុនៗ បណ្តាធនាគារកណ្តាល និងបណ្តារដ្ឋាភិបាល នៅក្នុងបណ្តាប្រទេសដែលមានសេដ្ឋកិច្ចកំពុងរីកលូតលាស់ បានធ្វើការឆ្លើយតបទៅនឹងវិបត្តិនៅពេលនេះបានយ៉ាងល្អ ដែលនេះគឺជាជោគជ័យរបស់ពួកគេក្នុងការកសាងភាពជឿជាក់។

    បន្ថែមពីលើនេះ ការផលិតនិងការចែកចាយវ៉ាក់សាំង ក៏បាននិងកំពុងបង្កើនល្បឿនផងដែរ ដែលនេះមានន័យថា «ការព្យាករណ៍អំពីការធ្លាក់ចុះនៃកំណើន នឹងមានការប្រែប្រួលនៅពេលខាងមុខជាក់ជាមិនខាន»៕ Project Syndicate

    អត្ថបទទាក់ទង