ខ្មែរប៉ុស្ដិ៍ Close

    កិច្ចសម្ភាសន៍រវាង Asia Times ជាមួយមេ​ដឹក​នាំ​កង​ទ័ព​ Arakan

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី១៩ ខែមករា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 1357
    កិច្ចសម្ភាសន៍រវាង Asia Times ជាមួយមេ​ដឹក​នាំ​កង​ទ័ព​ Arakanឧត្តមសេនីយ Twan Mrat Naing

    ក្នុងវ័យទើបតែ ៤៣ ឆ្នាំ ឧត្តមសេនីយ Twan Mrat Naing អាចជាមេបញ្ជាការនៃក្រុមឧទ្ទាមដែលមានវ័យក្មេងជាងគេ និងជោគជ័យបំផុតនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ កងទ័ពអារ៉ាកាន (Arakan Army-AA) ដែលជាកងកម្លាំងដែលលោកបានដឹកនាំ បានប្រែក្លាយពីក្រុមដ៏តូចមួយ នៅពេលដែលក្រុមនេះត្រូវបានបង្កើតឡើងដំបូងក្នុងខែមេសា ឆ្នាំ ២០០៩ ទៅជាកងទ័ពជនជាតិភាគតិចដ៏មានឥទ្ធិពលបំផុតមួយ។

    កង​ទ័ព AA បាន​ធ្វើ​សង្រ្គាម​ប្រឆាំង​នឹង​យោធា​មីយ៉ាន់ម៉ា​ជា​លើក​ដំបូង​នៅក្នុង​ឆ្នាំ ២០១២ នៅ​ភាគ​ខាងជើងនៃ​រដ្ឋកាឈីន ដោយ​សហការ​​ជាមួយ​កងទ័ព​ឯករាជ្យកាឈីន (Kachin Independence Army-KIA)។

    ក្រោយមក ក្រុមនេះបានប្រយុទ្ធជាមួយកងទ័ពសម្ព័ន្ធមិត្តប្រជាធិបតេយ្យជាតិមីយ៉ាន់ម៉ា (MNDAA) នៅភាគឦសាននៃរដ្ឋ Shan មុនពេលចាប់ផ្តើមការបះបោរនៅក្នុងរដ្ឋរ៉ាឃីន (ឬរដ្ឋអារ៉ាកាន) ដែលជាទឹកដីកំណើតរបស់ខ្លួន។

    ដោយសារបទឈប់បាញ់ក្រៅផ្លូវការ ដែលបានព្រមព្រៀងគ្នានៅចុងឆ្នាំ ២០២០ រដ្ឋរ៉ាឃីនមិនបានកើតមានភាពចលាចល និងអំពើហិង្សាដូចដែលបានកើតឡើងនៅពាសពេញប្រទេសចាប់តាំងពីរដ្ឋប្រហារយោធាកាលពីថ្ងៃទី ០១ ខែកុម្ភៈកន្លងទៅឡើយ។

    កងទ័ព AA និងសម្ព័ន្ធ «United League of Arakan» បានបង្កើតរដ្ឋបាលផ្ទាល់ខ្លួន និងបានបង្កើនការគ្រប់គ្រងកាន់តែច្រើនលើរដ្ឋ។ ប៉ុន្តែការគំរាមកំហែងនៃការបះបោរនៅក្នុងកងទ័ព AA គឺនៅតែមាន ជាពិសេសក្នុងចំណោមសមាជិកភាពរបស់ខ្លួននៅក្នុងសម្ព័ន្ធភាពប្រឆាំងនឹងរបបយោធាសំខាន់ៗចំនួន ៣ គឺសម្ព័ន្ធភាតរភាពបងប្អូន (Brotherhood Alliance), សម្ព័ន្ធភាគខាងជើង (Northern Alliance) និងគណៈកម្មាធិការចរចា និងប្រឹក្សានយោបាយសហព័ន្ធ (Federal Political Negotiation and Consultative Committee-FPNCC) ដែលមានរួមបញ្ចូលនូវកងកម្លាំងប្រយុទ្ធជនជាតិភាគតិច ភាគច្រើនរបស់ប្រទេស។

    ប្រសិនបើកងទ័ព AA អាចពង្រឹងអរិភាព​របស់ខ្លួន​ឡើងវិញ​យ៉ាងពេញទំហឹងមនុស្សមួយចំនួន​ជឿថា «​វា​នឹងអាច​បើកការវាយលុកយ៉ាងខ្លាំងក្លាលើកងកម្លាំង​យោធា​»។

    នៅក្នុងបទសម្ភាសន៍ ជាលើកដំបូងជាមួយប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិកាលពីពេលថ្មីៗនេះ លោក Twan Mrat Naing បានផ្តល់បទសម្ភាសតាមប្រព័ន្ធផ្សព្វផ្សាយឌីជីថលជាមួយអ្នកឆ្លើយឆ្លងព័ត៌មានជាន់ខ្ពស់របស់ Asia Times គឺលោក Bertil Lintner អំពីអនាគតរបស់កងទ័ព AA និងលទ្ធភាពនៃការកើតមានសង្គ្រាមស៊ីវិលនៅក្នុងប្រទេសមីយ៉ាន់ម៉ា។

    Asia Times : ស្ថានភាពនៅ Arakan (Rakhine) មានភាពស្ងប់ស្ងាត់បន្តិច ចាប់តាំងពីអ្នកបានចូលរួមក្នុងកិច្ចព្រមព្រៀងស្តីពីបទឈប់បាញ់ក្រៅផ្លូវការជាមួយរបបយោធាមីយ៉ាន់ម៉ា នៅក្រោយការបោះឆ្នោតខែវិច្ឆិកាឆ្នាំ ២០២០។ ប៉ុន្តែ ដោយ​សារ​ភាព​ចលាចលបច្ចុប្បន្ននៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ ​តើ​អ្នក​រំពឹង​ថា​ សន្តិភាព​នឹង​អាចបន្តកើតមានរហូតដល់ពេលណា?

    លោក Twan Mrat Naing : បទ​ឈប់​បាញ់​ក្រៅ​ផ្លូវ​ការ​មិន​មាន​ស្ថិរភាព​នោះ​ទេ ហើយយើងក៏មិន​ប្រាកដដែរ​ថា​ «តើបទ​ឈប់​បាញ់នឹង​មានសុពលភាពដល់ពេលណា»។ ក៏ប៉ុន្តែ​យើង​ពិតជាចង់​ឱ្យមាន​បទ​ឈប់​បាញ់ប្រកបដោយ​អត្ថន័យ​ ដើម្បី​បម្រើជាផលប្រយោជន៍​​ឱ្យគ្នាទៅវិញទៅមក។ ក្រុមប្រឹក្សារដ្ឋបាលរដ្ឋ (SAC) កំពុងបើកការវាយប្រយុទ្ធនៅផ្នែកមួយចំនួនជាមួយនឹងយុទ្ធសាស្ត្រដ៏ពិសេសរបស់ពួកគេ។ យើងដឹងថា «ពួកគេមានការខឹងសម្បារ» ព្រោះយើងបានបង្កើតឱ្យមានការគ្រប់គ្រងផ្ទាល់ខ្លួនរបស់យើងជាមួយនឹងប្រព័ន្ធតុលាការ, ពន្ធដារសាខាសន្តិសុខសាធារណៈ និងស្ថាប័នរដ្ឋាភិបាលផ្សេងៗទៀត។

    Asia Times : តើអ្នកមានទំនាក់ទំនងបែបណាជាមួយអង្គការប្រដាប់អាវុធជនជាតិភាគតិចផ្សេង ទៀតនៅក្នុងប្រទេសមីយ៉ាន់ម៉ា បូករួមទាំងជាមួយសម្ព័ន្ធជាតិការ៉ែន (KNU), គណបក្ស«Karenni National Progressive Party» (KNPP) និងកងទ័ព Karenni និងក្រុមប្រឹក្សាស្ដាររដ្ឋ Shan ( RCSS)?

    លោក Twan Mrat Naing : កងទ័ពអារ៉ាកានកំពុងចូលរួមយ៉ាងសកម្មនៅក្នុងប្រតិបត្តិការរបស់សម្ព័ន្ធភាតរភាពបងប្អូន និងសម្ព័ន្ធភាគខាងជើង ហើយយើងនៅតែជាសមាជិកនៃគណៈកម្មាធិការ FPNCC ។ យើងក៏នៅតែបន្តរក្សាទំនាក់ទំនងល្អជាមួយសម្ព័ន្ធជាតិការ៉ែន (KNU) និងគណបក្ស KNPP ក៏ដូចជាអង្គការប្រដាប់អាវុធជនជាតិ ភាគតិចផ្សេងទៀត។

    និមិត្តសញ្ញាកងទ័ពឈ្លប Arakan Army
    និមិត្តសញ្ញាកងទ័ពឈ្លប Arakan Army

    Asia Times : តើអ្វីជាការវាយតម្លៃរួមរបស់អ្នកចំពោះការអនុវត្តរបស់ក្រុមប្រឹក្សារដ្ឋបាលរដ្ឋ (SAC) ចាប់តាំងពីការដណ្តើមអំណាចនៅថ្ងៃទី ០១ ខែកុម្ភៈឆ្នាំមុន? តើ​ការ​ចរចា​អាច​​កើតមានដែរឬទេ ឬ​ការ​តស៊ូ​ប្រដាប់​អាវុធ​គឺជា​ជម្រើស​តែ​មួយ​គត់?

    លោក Twan Mrat Naing : ប្រព័ន្ធសុខាភិបាលរបស់ SAC កំពុងដួលរលំ, សេដ្ឋកិច្ចរបស់ប្រទេសជាតិក៏កំពុងដួលរលំ ហើយប្រទេសនេះនឹងរងនូវបញ្ហាធ្ងន់ធ្ងរផ្នែកនយោបាយ។ SAC មានភាពភិតភ័យ ខណៈដែល​របបយោធាកំពុងស្ថិត នៅកណ្តាលព្យុះ ហើយពួកគេមិនមានជម្រើសនៅសល់ច្រើនឡើយ។

    នៅពេលដែលពួកគេរងនូវការបែកបាក់ផ្ទៃក្នុង និងការបះបោរ ពួកគេអាចនឹងដួលរលំភ្លាមៗ ក៏ប៉ុន្តែយើងនៅតែមិនអាចមើលស្រាលលើកងកម្លាំងយោធា និងភាពធន់របស់ពួកគេបានឡើយ ពីព្រោះពួកគេនឹងហ៊ានធ្វើអ្វីៗគ្រប់យ៉ាងដើម្បីរក្សាអំណាច ហើយពួកគេបានបង្ហាញវារួច ហើយតាមរយៈភាពព្រៃផ្សៃរបស់ពួកគេ។ ក្នុងកាលៈទេសៈបច្ចុប្បន្ន ការចរចាសន្តិភាពគឺជារឿង ដែលមិនទំនងទាល់តែសោះ។

    ជាមួយនឹងភាពច្របូកច្របល់បែបនេះការចរចាសន្តិភាពនឹងគ្រាន់តែជាវោហាសាស្ត្រនយោបាយ ហើយវានឹងមិននាំមកនូវការចរចាឬសន្តិភាពពិតប្រាកដឡើយ។

    Asia Times : តើអ្នកមានទស្សនៈយ៉ាងណាចំពោះតួនាទីរបស់គណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ (NLD) នៅក្នុងឆាកនយោបាយជាតិ និងចំពោះគណបក្ស «Arakan National Party» (ANP) ដែលជាគណបក្ស នយោបាយដ៏សំខាន់នៅក្នុងរដ្ឋរ៉ាឃីន?

    លោក Twan Mrat Naing : គណបក្ស NLD មិនស្ថិតក្នុងស្ថានភាពល្អប្រសើរនោះទេ បើទោះបីជាគណបក្សនេះបានទទួលសំឡេងគាំទ្រភាគច្រើន និងដ៏គួរឱ្យភ្ញាក់ផ្អើលនៅក្នុងការបោះឆ្នោតឆ្នាំ ២០២០ ក៏ដោយ ហើយអនាគតរបស់គណបក្ស NLD ក៏មិនមានលក្ខណៈវិជ្ជមាន ឬដូចគ្នាទៅនឹងការរំពឹងទុករបស់ប្រជាជនដែរ។ គណបក្ស NLD ត្រូវការអ្នកដឹកនាំថ្មី ឬកម្លាំងនយោបាយថ្មីមួយទៀតដែលមាន សមត្ថភាពជាងមុន ដើម្បីជាប្រយោជន៍ដល់ប្រជាជនមីយ៉ាន់ម៉ា។

    ទាក់ទងនឹងគណបក្ស ANP វានឹងអាស្រ័យលើបញ្ហាថា «តើវានឹងមានការ បោះឆ្នោតនៅឆ្នាំ ២០២៣ ដូចដែល SAC បានសន្យាដែរឬអត់»។ អនាគតនយោបាយរបស់មីយ៉ាន់ម៉ាមានលក្ខណៈធ្ងន់ធ្ងរ និងមិនអាចទាយទុកជាមុនបាននោះទេ។ សេណារីយ៉ូដែលទំនងមួយទៀតសម្រាប់គណបក្ស ANP គឺថា «វាអាចត្រូវបានច្របាច់បញ្ចូលគ្នាជាមួយសម្ព័ន្ធ United League of Arakan (ULA) រួមជាមួយនឹងគណបក្សនិងបុគ្គលផ្សេងៗទៀត ប្រសិន បើមិនមានការបោះឆ្នោតនៅក្នុងពេលប៉ុន្មានឆ្នាំខាងមុខនេះទេ»។

    Asia Times : តើគោលដៅចុង ក្រោយរបស់អ្នកគឺជាឯករាជ្យសម្រាប់រដ្ឋអារ៉ាកាន (រ៉ាឃីន) ឬស្វ័យភាពនៅក្នុងសហភាពសហព័ន្ធ? តើអ្នកចង់បានរចនាសម្ព័ន្ធរដ្ឋបែបណាសម្រាប់ប្រទេសមីយ៉ាន់ម៉ានៅថ្ងៃអនាគត?

    លោក Twan Mrat Naing : សិទ្ធិស្វ័យសម្រេច និងអធិបតេយ្យភាពគឺជាបេះដូងនៃចលនាជាតិរបស់យើង។ យើង​នឹងរងចាំ​មើល​ថា​ «តើ​សភាពសហព័ន្ធមីយ៉ាន់ម៉ា (​Federal Union of Myanmar)
    នឹង​ផ្តល់ឱកាសអោយដល់អារ៉ាកាន​របស់ យើង​ដូចដែលប្រាថ្នា​ចង់​បាន​ដែរឬ​អត់» យើងចង់បន្តរួមរស់ជាមួយបងប្អូនជនរួមជាតិរបស់យើង។ ក៏ប៉ុន្តែប្រសិនបើស្ថានភាពនយោបាយ ដែលយើងចង់បាន មិនត្រូវបានផ្តល់ជូននោះទេ យើងនឹងប្រែក្លាយខ្លួនទៅជាសមាជិកនៃសហគមន៍អន្តរជាតិដោយខ្លួនយើងផ្ទាល់។

    Asia Times : តើកងទ័ពរបស់អ្នកមានលក្ខណៈខ្លាំងក្លាកម្រិតណា ហើយរដ្ឋអារ៉ាកាន (រ៉ាឃីន)ទំហំណាដែលអ្នកកំពុងគ្រប់គ្រង?

    លោក Twan Mrat Naing : យើងបានបណ្តុះបណ្តាលទាហានជាង ៣ម៉ឺននាក់ក្នុងរយៈពេល ១៣ឆ្នាំ (ចាប់តាំងពីការបង្កើតឡើងក្នុងឆ្នាំ ២០០៩) ហើយយើងនៅមានយុទ្ធជនជាច្រើនទៀត ដែលកំពុងទទួលការបណ្តុះបណ្តាលទាំងផ្នែកបញ្ជាការនិងការគ្រប់គ្រង ក៏ដូចជាជំនាញបច្ចេកទេស។ ប្រហែល ៧០% នៃកងទ័ពរបស់យើងមានភាពរឹងប៉ឹង និងមានបទពិសោធន៍ក្នុងការប្រយុទ្ធ ហើយកងទ័ពប្រមាណ ​៥០០០-៦០០០ ​​នាក់​ ត្រូវ​បាន​​ដាក់​ពង្រាយ​នៅ​ក្នុង​តំបន់​ដែលជាសម្ព័ន្ធមិត្ត​របស់​យើង។

    យើងគ្រប់គ្រងបានប្រហែល ៦០% នៃតំបន់នៅភាគខាង ជើងនៃរដ្ឋអារ៉ាកាន (រ៉ាឃីន) ក៏ប៉ុន្តែកម្រិតគ្រប់គ្រងនៅមានតិច តួចនៅឡើយនៅភាគខាងត្បូង។ នៅតំបន់ខ្លះ វាមានការពិបាកក្នុងការកំណត់អំពីទំហំនៃ
    ការគ្រប់គ្រងរវាងយើង និងកងទ័ពមីយ៉ាន់ម៉ា។ ពួកគេនៅតែបន្តគ្រប់គ្រងតំបន់ទីក្រុង ហើយពួកគេនឹងនៅតែត្រូវការវាសម្រាប់ហេតុផលយុទ្ធសាស្ត្រ ក៏ប៉ុន្តែយើងនៅតែបន្តពង្រឹងអំណាចរបស់ យើងនៅក្នុងតំបន់
    ទាំងនោះ ហើយវាក៏នៅមានតំបន់ប្រកួតប្រជែងជាច្រើនទៀតផងដែរ។

    កងទ័ពឈ្លប Arakan Army
    កងទ័ពឈ្លប Arakan Army

    Asia Times : តើអ្នកមានទំនាក់ទំនងបែបណាជាមួយកងកម្លាំងការពារប្រជាជន (People’s Defense Forces) និងកងទ័ពតស៊ូដទៃ ទៀតដែលពាក់ព័ន្ធ នៅក្នុងរដ្ឋ Chin?

    លោក Twan Mrat Naing : រហូត​មក​ដល់​ពេល​នេះ យើងនៅមិន​ទាន់មាន​កិច្ច​សហប្រតិបត្តិការ​អ្វី​គួរឱ្យកត់សម្គាល់នៅឡើយទេ។

    Asia Times : អ្នកបានលើកឡើងនៅក្នុងបទសម្ភាសន៍មួយដែលត្រូវបានចេញផ្សាយដោយ Prothom Alo (បង់ក្លាដែស) នៅថ្ងៃទី ០២ ខែមករាថា «អ្នកទទួលស្គាល់សិទ្ធិមនុស្សនិងសិទ្ធិជាពលរដ្ឋរបស់ជនជាតិរ៉ូហ៊ីងយ៉ា»។ តើនេះមានន័យថា «អ្នកកំពុងតស៊ូមតិឱ្យមានការវិលត្រឡប់មកវិញរបស់ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាដែលបច្ចុប្បន្នកំពុងស្ថិតនៅក្នុងប្រទេសបង់ក្លាដែស និងសិទ្ធិក្នុងការទទួលបាន សញ្ជាតិរបស់ពួកគេ»?

    លោក Twan Mrat Naing : យើងទទួលស្គាល់សិទ្ធិមនុស្សនិងសិទ្ធិជាពលរដ្ឋនៃអ្នកស្រុកទាំងអស់នៅក្នុងរដ្ឋអារ៉ាកាន (រ៉ាឃីន)។ ក៏ប៉ុន្តែការធ្វើមាតុភូមិនិវត្តន៍ដ៏ធំនៃជនភៀសខ្លួននៅក្នុងស្ថានភាព បច្ចុប្បន្ន អាចបង្កឱ្យមានភាពចលាចលថ្មីមួយទៀត។ ការធ្វើមាតុភូមិនិវត្តន៍ណាមួយនឹងត្រូវធ្វើ ឡើងដោយស្ម័គ្រចិត្ដ និងត្រូវធ្វើឡើងតាមរយៈមធ្យោបាយច្បាប់ក្រោមការត្រួតពិនិត្យរបស់អន្តរជាតិ។

    បញ្ហាចម្បងមួយ សម្រាប់ជនជាតិអារ៉ាកានគឺការកំណត់អត្តសញ្ញាណរបស់ពួកគេ ហើយពាក្យ «រ៉ូហ៊ីងយ៉ា» មិនមែនជាពាក្យដែលជនជាតិអារ៉ាកានទទួលស្គាល់នោះទេ។ ពួកគេចាត់ទុកវាជាការប្រមាថដោយសារ ពួកគេមានអារម្មណ៍ថា «វាមានភាពផ្ទុយស្រឡះពីប្រវត្តិសាស្ត្រ របស់ពួកគេ។ ពួក​គេ​គឺជា​ម្ចាស់​ស្រុក​»។

    Asia Times : តើប្រជាជនមូស្លីម, ពុទ្ធសាសនិក, អ្នកកាន់សាសនាហិណ្ឌូ និងគ្រិស្តសាសនិក អាចរួមរស់នៅជាមួយគ្នាបានដោយសុខសាន្តដែរឬទេនៅក្នុងរដ្ឋ អារ៉ាកាន (រ៉ាឃីន)?

    លោក Twan Mrat Naing : វា​អាច​ទៅរួច ​ប្រសិនបើ​​អ្នក​ខាងក្រៅ​មិនលូកដៃមកជ្រៀតជ្រែក និងមិនឆ្លៀតកេងចំណេញតាមយៈការ​ប្រើ​ក្រុម​មួយ​ឱ្យទៅប្រឆាំង​នឹង​ក្រុម​មួយ​ទៀត។ ជាក់ស្តែងរដ្ឋអារ៉ាកាន (រ៉ាឃីន) របស់យើងមិនដែលមានស្ថិរភាព សង្គមនិងភាពសុខដុម នៃជាតិសាសន៍នោះទេ ក្នុងអំឡុងឆ្នាំ ១៩៤១/១៩៤២ រហូត ដល់ឆ្នាំ២០១៩។ ក៏ប៉ុន្តែឥឡូវនេះ យើងមានស្ថិរភាពសង្គមកាន់តែច្រើន, ភាពតានតឹងផ្នែកពូជសាសន៍បានចាប់ផ្តើមធ្លាក់ចុះ ហើយសកម្មភាពសង្គមវិជ្ជមានក៏បានកើតមានកាន់តែច្រើន។

    Asia Times : តើអ្នកមានទស្សនៈយ៉ាងណាចំពោះអង្គការរ៉ូហ៊ីងយ៉ា ដូចជាអង្គការសាមគ្គីភាពរ៉ូហ៊ីងយ៉ា (Rohingya Solidarity Organization-RSO) និងកងទ័ពសង្គ្រោះអារ៉ាកានរ៉ូហ៊ីងយ៉ា (Arakan Rohingya Salvation Army-ARSA)?

    លោក Twan Mrat Naing : យើង​មិន​មាន​ទំនាក់​ទំនង​ជាមួយ​ក្រុម​ទាំង​ ២ នេះ​ទេ។ អង្គការ RSO ហាក់ ដូចជាមានភាពចាស់ទុំខាងផ្នែកនយោបាយជាងកងទ័ព ARSA ក៏ប៉ុន្តែកងទ័ព ARSA មានបណ្តាញច្រើនជាង និងសកម្មជាង។ អ្នកអាចមើលឃើញពីអ្វីដែលកងទ័ព ARSA បានធ្វើប្រឆាំងនឹងមេដឹកនាំសហគមន៍ របស់ពួកគេនៅតាមភូមិនានាក្នុងរដ្ឋអារ៉ាកាន (រ៉ាឃីន) និង នៅជំរុំជនភៀសខ្លួនក្នុងប្រទេស
    បង់ក្លាដែស។ ប្រជាជនមូស្លីមមួយចំនួនដែលជាជនភៀសខ្លួនកំពុងប្រើប្រាស់កងទ័ព ARSA ដោយគ្មានការទទួល ខុសត្រូវ និងកំពុងកេងចំណេញពីបរិយាកាសនយោបាយដ៏អាប់អួរ នៅពេលបច្ចុប្បន្ន។

    ទិដ្ឋភាពនៅជំរុំភៀសខ្លួន Cox's Basa របស់បង់ក្លាដែស ដែលជនជាតិរូហ៊ីងយ៉ាកំពុងស្នាក់នៅ
    ទិដ្ឋភាពនៅជំរុំភៀសខ្លួន Cox’s Basa របស់បង់ក្លាដែស ដែលជនជាតិរូហ៊ីងយ៉ាកំពុងស្នាក់នៅ (រូបភាព៖ The Interpreter)

    Asia Times : ប្រទេសជិតខាងបរទេសតែមួយគត់របស់អ្នកគឺបង់ក្លាដែស -តើអ្នកមានទំនាក់ ទំនងបែបណាជាមួយអាជ្ញាធរនិងប្រជាជន នៅព្រំដែនម្ខាងទៀត ឧទាហរណ៍ដូចជាជាមួយសហគមន៍ Marma? ចុះចំណែកជាមួយឥណ្ឌាវិញ?

    លោក Twan Mrat Naing : សហគមន៍ Marma និង Magh (Mog of Tripura) មានឈាមជ័រដូចគ្នាជាមួយនឹងពួក យើង ក៏ដូចជាជនជាតិ ដទៃទៀតដែលកំពុងរស់នៅតាមតំបន់ព្រំដែននៃប្រទេសទាំងបី។ ពួកគេមានការយល់ ដឹងយ៉ាងជ្រាលជ្រៅអំពីចលនារបស់ពួកយើង និងមានការអាណិតអាសូរចំពោះយើង។

    បើ​និយាយ​ពី​អាជ្ញាធរ​បង់ក្លាដែស គឺពួកគេមិន​អាក្រក់ណាស់ណាទេ។ក៏ប៉ុន្តែ​ពួកគេក៏នៅមិន​ទាន់​ល្អ​នៅឡើយដែរ ហើយរដ្ឋាភិបាលបង់ក្លាដែស ក៏នៅមិនមានគោលនយោបាយ ឬយុទ្ធសាស្ត្រច្បាស់លាស់ក្នុងការបង្កើតឱ្យមានទំនាក់ទំនងផ្លូវការ ឬក្រៅផ្លូវការជាមួយយើងដែរ។

    វាគួរតែត្រូវបានកែលម្អ, ពួកគេគួរតែបោះជំហានទៅមុខ ហើយត្រូវធ្វើវាយ៉ាងសកម្ម។ ទំនាក់ទំនងកាន់តែប្រសើរឡើងនឹងផ្តល់អត្ថប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ហើយវានឹងកាន់តែមានសារៈសំខាន់ក្នុងការដោះស្រាយបញ្ហាជនភៀសខ្លួន, ការផ្តល់ជំនួយ, បញ្ហាជំងឺរាតត្បាតនិងបញ្ហាសន្តិសុខ។

    ដើម្បីបម្រើផលប្រយោជន៍ដល់ប្រជាជនទាំងសងខាង ទំនាក់ទំនងនេះក៏អាច នឹងរួមបញ្ចូលនូវការថែ ទាំសុខភាព, ការអប់រំ, ការធ្វើពាណិជ្ជកម្ម និងវិស័យផ្សេងៗទៀតផងដែរ។

    ជនជាតិ រ៉ូហ៊ីងយ៉ា
    ជនជាតិ រ៉ូហ៊ីងយ៉ា

    Asia Times : តើប្រទេសផ្សេងទៀត ដូចជាចិន និងជប៉ុន អាចចូលរួមនៅក្នុងកម្រិតណានៅក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីឈានទៅរកដំណោះស្រាយដោយសន្តិវិធី ចំពោះជម្លោះនៅរដ្ឋអារ៉ាកាន (រ៉ាឃីន) និងនៅទូទាំងប្រទេសមីយ៉ាន់ម៉ា? ចុះ​ការ​ប្រកួត​ប្រជែង​យុទ្ធសាស្ត្រ​រវាង​ចិន ​និង​អាមេរិក​វិញ?

    លោក Twan Mrat Naing : ផ្អែកតាមទ្រឹស្តី ពួកគេអាចដើរតួយ៉ាងសំខាន់ ក៏ប៉ុន្តែជាក់ស្តែងវាអាចមានភាពស្មុគស្មាញខ្លាំង។ ការផ្លាស់ប្តូរត្រូវតែចាប់ផ្តើមពីខាងក្នុងក៏ប៉ុន្តែអ្វីៗនៅតែមិនទាន់ច្បាស់លាស់នៅឡើយ។ ការ​ប្រកួត​ប្រជែង​រវាង​សហរដ្ឋ​អាមេរិក និង​ចិន ​មិន​បាន​បង្កផលប៉ះ​ពាល់​ដល់​យើង​ទេ ហើយវា​ក៏​មិន​មែន​ជា​ការ​ព្រួយ​បារម្ភ​របស់​យើង​ដែរ។

    Asia Times : ជាចុងក្រោយ នេះគឺជាសំណួរផ្ទាល់ខ្លួនមួយ តើដោយសារមូលហេតុអ្វី និងនៅពេលណាដែលអ្នកអាចសម្រេចចិត្តកាន់អាវុធប្រឆាំងនឹងរបបយោធាមីយ៉ាន់ម៉ានិងការគ្រប់គ្រងរបស់រដ្ឋាភិបាលកណ្តាល?

    លោក Twan Mrat Naing : ប្រទេសមីយ៉ាន់ម៉ាមិនមានលំហរនយោបាយដ៏ល្អដើម្បីដោះស្រាយបញ្ហាវិសមភាពនយោបាយ និងបញ្ហាសិទ្ធិនោះទេ។ យើងនឹងមិនធ្វើការទាមទារអ្វីពីសត្រូវរបស់យើងឡើយ។
    យើង​នឹង​បង្កើត​ជោគវាសនា​ដោយ​ដៃ​របស់​យើង​ផ្ទាល់ បើទោះបីជាពួក​គេ​គិត បែបណា​ចំពោះយើងក៏​ដោយ។

    យើងត្រូវតែកសាងខ្លួនដោយខ្លួនឯង ហើយយើងនឹង អាចទទួលបានអ្វីដែល យើងសមនឹងទទួលបាន។ បេសកកម្មរបស់ខ្ញុំគឺការស្ដារអធិបតេយ្យភាពរបស់យើងឡើងវិញ និងការទាមទារឋានៈនយោបាយដ៏សមស្របសម្រាប់រដ្ឋអារ៉ាកាន(រ៉ាឃីន)៕ Asia Times

    អត្ថបទទាក់ទង