ខ្មែរប៉ុស្ដិ៍ Close

លោក មុត ចន្ថា៖ មូលហេតុចម្បងនៃការរំលាយគណបក្សសង្រ្គោះជាតិ គឺដោយសារលោក សម រង្ស៉ី និងគូកន

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី២០ ខែមករា ឆ្នាំ២០២២ ទស្សនៈ - នយោបាយ 1378
លោក មុត ចន្ថា៖ មូលហេតុចម្បងនៃការរំលាយគណបក្សសង្រ្គោះជាតិ គឺដោយសារលោក សម រង្ស៉ី និងគូកនលោក មុត ចន្ថា និងលោក កឹម សុខា

លោក មុត ចន្ថា មនុស្សជំនិតរបស់ លោក កឹម សុខា បានលើកឡើងថា មូលហេតុ ឬមូលដ្ឋានចម្បងនៃការរំលាយគណបក្សសង្រ្គោះជាតិ កាលពីប្រមាណ៥ឆ្នាំមុន គឺដោយសារលោក សម រង្ស៉ី និងគូកន។

ជាមួយនឹងប្រធានបទ «តើនរណាជាមូលហេតុនៃការរំលាយគណបក្សសង្រ្គោះជាតិ?» នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២២នេះ លោក មុត ចន្ថា បានលើកឡើងតាមបណ្តាញសង្គម Facebook ដូច្នេះថា៖

ហេតុផលទី១៖ រហូតមកទល់ពេលនេះ (រំលងអាធ្រាត្រ ២ កញ្ញា ២០១៧ ដល់ត្រឹមថ្ងៃទី២០ មករា ២០២២) លោក កឹម សុខា នៅតែជាបុគ្គលពុំទាន់មានទោស ស្ថិតក្នុងឋានៈច្បាប់ជាជនជាប់ចោទនៅឡើយ។ គាត់មិនទាន់ក្លាយជាបុគ្គលដែលត្រូវបានជំនុំជម្រះទោសដោយមានសាលក្រម ឬសាលដីកាស្ថាពរដែលហៅថាជា «ទណ្ឌិត» នៅឡើយទេ។ ប្រសិនជាលោក កឹម សុខា ជាដើមហេតុ ឬជាមូលដ្ឋាននៃការរំលាយគណបក្សសង្រ្គោះជាតិ ដូចលោក សម រង្ស៉ី បានលើកឡើង នោះលុះត្រាតែលោក កឹម សុខា ត្រូវបានតុលាការជំនុំជម្រះឱ្យមានទោសជាមុនសិន។

ហេតុផលទី២៖ សំណុំរឿងព្រហ្មទណ្ឌរបស់ លោក កឹម សុខា ត្រូវបានបំបែកចេញជាពីរនៅមុនពេលចៅក្រមស៊ើបអង្កេត បញ្ជូនដីកាដំណោះស្រាយទៅជំនុំជម្រះ កាលពីខែមករា ឆ្នាំ២០២០ ដោយសំណុំរឿងព្រហ្មទណ្ឌមួយទៀតក្រោមបទចោទដូចគ្នា គឺបទសន្ទិដ្ឋិភាព សម្រាប់លោក សម រង្ស៉ី និងគូកនមួយចំនួនទៀត។ ជាក់ស្តែង នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២១ លោក សម រង្ស៊ី រួមជាមួយអតីតអនុប្រធានគណបក្សសង្គ្រោះជាតិ ដែលត្រូវបានរំលាយដោយតុលាការចំនួន ២នាក់ទៀត គឺលោកស្រី មូរ សុខហួរ និងលោក អេង ឆៃអ៊ាង ត្រូវបានផ្តន្ទាទោស និងដាក់ពន្ធនាគារ២៥ឆ្នាំ ពីបទរៀបចំផែនការផ្តួលរំលំរដ្ឋាភិបាល។ រីឯមនុស្ស ៦នាក់ផ្សេងទៀត រួមមាន៖ លោកស្រី ជូឡុង សូមួរ៉ា លោក ហូរ វ៉ាន់ លោក ម៉ែន សុថាវរិន្ទ្រ លោក នុត រំដួល លោក ឡុង រី និងលោក អ៊ូ ច័ន្ទឫទ្ធិ ឱ្យជាប់ពន្ធនាគាររយៈពេល ២០ឆ្នាំរៀងៗខ្លួន។ យោងសំដីអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក សម រង្ស៉ី ប្រឈមនឹងសំណុំរឿងព្រហ្មទណ្ឌចំនួន ១៤សំណុំរឿង ដែលក្នុងនោះមាន ០៦សំណុំរឿងត្រូវបានតុលាការកាត់ទោសរួចហើយ។ តាមការណ៍ដែលបានដឹង លោក សម រង្ស៉ី កំពុងប្រឈមទោសពន្ធនាគារជាង ៤២ឆ្នាំរួចទោះហើយ ដោយមិនទាន់គិតបញ្ចូលសំណុំរឿងព្រហ្មទណ្ឌចំនួន៨ ផ្សេងទៀតនៅឡើយទេ។

ជាសេចក្តីសន្និដ្ឋាន លោក មុត ចន្ថា បានគូសបញ្ជាក់ថា៖ មូលហេតុ ឬមូលដ្ឋានចម្បងនៃការរំលាយគណបក្សសង្រ្គោះជាតិ គឺផ្អែកលើកាត់ទោស លោក សម រង្ស៉ី និងគូកនរបស់គាត់ កន្លងមក។

លោកថា៖ លោក សម រង្ស៉ី មានចរិតបៀមឈាមព្រួសដាក់អ្នកដទៃ ខណៈដែលខ្លួនគាត់ប្រើប្រាស់សេរីភាពពីការរត់គេចខ្លួនដោយភាពកំសាកញីរបស់ខ្លួន បន្តប្រព្រឹត្តបទល្មើសប្រឆាំងនឹងច្បាប់កម្ពុជា ដោយមិនហ៊ានចូលខ្លួនតតាំងដោយផ្ទាល់នៅក្នុងតុលាការ។ អ្វីដែល លោក សម រង្ស៉ី ចោទមកលើ លោក កឹម សុខា ថាជាដើមចមនៃការរំលាយគណបក្សសង្រ្គោះជាតិ គឺជាអំពើទុច្ចរិត ដើម្បីបិទបាំងពីកំហុសនិងការទទួសខុសត្រូវរបស់ខ្លួនឯងប៉ុណ្ណោះ។

សូមបញ្ជាក់ថា គណបក្សសង្គ្រោះជាតិ ត្រូវបានតុលាការកំពូលកាត់ទោសរំលាយ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ បន្ទាប់ពីបន្ទាប់ពីបែកធ្លាយវីដេអូមួយដែលលោក កឹម សុខា និយាយថា លោកអនុវត្តតាមការណែនាំពីបរទេស ដើម្បីធ្វើការផ្លាស់ប្តូរប្រទេសកម្ពុជា ដោយយកលំនាំតាមប្រទេសយូហ្គោស្លាវី និងប្រទេសស៊ែប៊ី។ លោក កឹម សុខា ត្រូវបានតុលាការបានចោទប្រកាន់ លោក កឹម សុខា ពីបទ «សន្ទិដ្ឋិភាពជាមួយបរទេស»។ ចំណែកអតីតថ្នាក់ដឹកនាំនៃអតីតគណបក្សសង្គ្រោះជាតិសរុប ១១៨នាក់ ដោយក្នុងនោះមានទាំង លោក កឹម សុខា ផងដែរ ត្រូវបានតុលាការកំពូលហាមឃាត់សិទ្ធិធ្វើនយោបាយរយៈពេល៥ឆ្នាំ៕