ខ្មែរប៉ុស្ដិ៍ Close

រដ្ឋមន្ត្រីក្រសួងអប់រំ ប្តេជ្ញាខិតខំប្រឹងកាត់បន្ថយផលប៉ះពាល់នៃជំងឺកូវីដ-១៩ មកលើប្រព័ន្ធអប់រំ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី២៥ ខែមករា ឆ្នាំ២០២២ ព័ត៌មានទូទៅ 579
រដ្ឋមន្ត្រីក្រសួងអប់រំ ប្តេជ្ញាខិតខំប្រឹងកាត់បន្ថយផលប៉ះពាល់នៃជំងឺកូវីដ-១៩ មកលើប្រព័ន្ធអប់រំ រដ្ឋមន្ត្រីក្រសួងអប់រំ ប្តេជ្ញាខិតខំប្រឹងកាត់បន្ថយផលប៉ះពាល់នៃជំងឺកូវីដ-១៩ មកលើប្រព័ន្ធអប់រំ

រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា កម្ពុជាខិតខំប្រឹងប្រែងកាត់បន្ថយផលប៉ះពាល់នៃជំងឺកូវីដ-១៩ មកលើប្រព័ន្ធអប់រំ ដោយផ្លាស់ប្តូរវិធីសាស្ត្រ នៃការសិក្សា ទៅជាការសិក្សាបែបចម្រុះ។

តាមរយៈគេហទំព័រហ្វេសប៊ុករបស់ក្រសួងអប់រំ នាថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា ក្នុងឱកាសអបអរសាទរទិវាអប់រំអន្តរជាតិឆ្នាំ២០២២ ឯកឧត្តម ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ បានចែករំលែកផែនការយុទ្ធសាស្ត្រមួយចំនួន ដែលកម្ពុជាបានដាក់ចេញ ដើម្បីពង្រឹងប្រព័ន្ធអប់រំជាតិ។

ឯកឧត្តមបានគូសបញ្ជាក់ថា កម្ពុជាបានខិតខំប្រឹងប្រែងកាត់បន្ថយផលប៉ះពាល់នៃជំងឺកូវីដ-១៩ មកលើប្រព័ន្ធអប់រំ ដោយបានផ្លាស់ប្តូរវិធីសាស្ត្រនៃការសិក្សាទៅជាការសិក្សាបែបចម្រុះ។ មិនតែប៉ុណ្ណោះ កម្ពុជាក៏បានយកចិត្តទុកលើកំណែទម្រង់សាលារៀន កម្មវិធីសិក្សា និងឯកសារអប់រំផ្សេងៗ ដើម្បីធ្វើឱ្យគុណភាពអប់រំក្នុងអំឡុងពេលរាតត្បាតនៃ ជំងឺកូវីដ-១៩ មានភាពល្អប្រសើរ។

ជាមួយគ្នានោះដែរ ឯកឧត្តមរដ្ឋមន្ដ្រីបានលើកឡើងបន្ថែមថា លទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនាពេលកន្លងទៅនេះ បានបង្ហាញពីការខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការពង្រឹង និងអភិវឌ្ឍវិស័យអប់រំ។

សូមបញ្ជាក់ថា ទិវាអប់រំអន្តរជាតិឆ្នាំ២០២២ ត្រូវបានប្រារព្ធឡើងតាមរយៈប្រព័ន្ធអនឡាញ ក្រោមប្រធានបទ «Changing Course, Transforming Education» ដែលជាវេទិកាសម្រាប់បង្ហាញពីការផ្លាស់ប្ដូរដ៏សំខាន់បំផុត ដើម្បីឈ្វេងយល់ពីសិទិ្ធជាមូលដ្ឋានរបស់មនុស្សគ្រប់រូប ក្នុងការអប់រំ និងកសាងអនាគតប្រកបដោយនិរន្តភាព បរិយាបន្ន និងសន្ដិភាព។ ទិវាអប់រំអន្តរជាតិ ឆ្នាំ២០២២ ត្រូវបានរៀបចំឡើងដោយ ការិយាល័យសហប្រតិបត្តិការអន្តជាតិ (ICO) របស់នាយកដ្ឋានអប់រំ នៃប្រទេសហ្វីលីពីន និងមានការចូលរួមពីរដ្ឋមន្ត្រីអប់រំ មកពីបណ្តាប្រទេសមួយចំនួន រួមទាំងភាគីពាក់ព័ន្ធក្នុងវិស័យអប់រំជាច្រើនទៀត៕ AKP

អត្ថបទទាក់ទង