ខ្មែរប៉ុស្ដិ៍ Close

    រដ្ឋមន្ត្រីក្រសួងសាធារណការ ប្តេជ្ញាជំរុញការប្រើប្រាស់រថយន្តប្រើថាមពលអគ្គិសនីឱ្យបានទូលំទូលាយនៅកម្ពុជា

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី២៥ ខែមករា ឆ្នាំ២០២២ ព័ត៌មានទូទៅ 1154
    រដ្ឋមន្ត្រីក្រសួងសាធារណការ ប្តេជ្ញាជំរុញការប្រើប្រាស់រថយន្តប្រើថាមពលអគ្គិសនីឱ្យបានទូលំទូលាយនៅកម្ពុជារដ្ឋមន្ត្រីក្រសួងសាធារណការ ប្តេជ្ញាជំរុញការប្រើប្រាស់រថយន្តប្រើថាមពលអគ្គិសនីឱ្យបានទូលំទូលាយនៅកម្ពុជា

    ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តប្រកបដោយការទទួលខុសត្រូវខ្ពស់របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងការជំរុញការប្រើប្រាស់រថយន្តដើរដោយថាមពលអគ្គិសនីឱ្យបានទូលំទូលាយ ជាពិសេសលើគោលនយោបាយសម្រាប់ការគាំទ្រសម្រាប់រថយន្តប្រើប្រាស់ថាមពលអគ្គិសនី (EV) នៅកម្ពុជា ដើម្បីចូលរួមចំណែកក្នុងការកាត់បន្ថយការបំភាយឧស្ម័នកាបូនទៅក្នុងបរិយាកាសផែនដី។

    ការលើកឡើងរបស់ឯកឧត្ដមទេសរដ្ឋមន្រ្ដីនេះ ក្នុងឱកាសទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូសហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា (CAIF) ដឹកនាំដោយលោកបណ្ឌិត តាន់ មុនីវណ្ណ ប្រធានសហព័ន្ធ និងជាអនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ដោយមានការចូលរួមអមដំណើរពីលោក Peter Brongers អគ្គនាយកក្រុមហ៊ុន HGB Group លោក James Zemke អគ្គនាយកក្រុមហ៊ុន Mercedes លោក Hy Ramy នាយកប្រតិបត្តិផ្នែកហិរញ្ញវត្ថុក្រុមហ៊ុន HGB Group និងលោក សឿន ដារ៉ា នាយកប្រតិបត្តិសហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា នាព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ នៅទីស្ដីការក្រសួងសាធារណការ។

    ឯកឧត្ដមទេសរដ្ឋមន្រ្ដី ស៊ុន ចាន់ថុល បានលើកឡើងថា រាជរដ្ឋាភិបាលមានការបើកចំហទូលំ ទូលាយដល់វិនិយោគិនទាំងក្នុងស្រុក ក៏ដូចជាក្រៅស្រុកវិនិយោគលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសម្រាប់ដំណើរការរថយន្តដើរដោយថាមពលអគ្គិសនី។ឯកឧត្តម ទេសរដ្ឋមន្ត្រីបានជម្រាបជូនភ្ញៀវអំពីការរៀបចំសេចក្តីព្រាងគោលនយោបាយដឹកជញ្ជូនផ្លូវគោក ដើម្បីជំរុញការប្រើប្រាស់រថយន្តដើរដោយថាមពលអគ្គិសនី (EV) ក្នុងការចូលរួមចំណែកកាត់បន្ថយការបំភាយឧស្ម័នកាបូន កិច្ចសហការរវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងអង្គការ UNDP (កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ) ដើម្បីដំឡើងស្ថានីយសាកថ្ម Evs ចំនួនប្រាំទីតាំង រួមមាន៖ ទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន និងបណ្តារាជធានី-ខេត្តមួយចំនួន គម្រោងដំឡើង ស្ថានីយថ្ម EV នៅតាមផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដែលគ្រោងដាក់ឱ្យប្រើប្រាស់ក្នុងខែកញ្ញា ឆ្នាំ២០២២ ដោយសហការជាមួយស្ថានីយប្រេងឥន្ធនៈ PTT និងគម្រោងដំឡើងស្ថានីយសាកថ្ម EV នៅក្នុងរាជធានីចំនួន១០ទីតាំង ដោយសហការជាមួយវិស័យឯកជនផងដែរ។

    ជាមួយគ្នានោះ គណៈប្រតិភូសហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា បានសំណូមពរឱ្យក្រសួងជួយពិនិត្យ និងសម្របសម្រួលលើការងារបច្ចេកទេសពាក់ព័ន្ធនឹងការដំឡើងឧបករណ៍ស្តង់ដាររួម (យថាប្រភេទតែមួយ) ដែលអាចឱ្យរថយន្តដើរដោយថាមពលអគ្គិសនីគ្រប់ប្រភេទទាំងអស់ដោតសាកថ្ម EVs នៅតាមស្ថានីយសាកថ្មណាមួយក៏បាន និងបានស្នើឱ្យមានគោលនយោបាយសម្រាប់រថយន្តដើរដោយថាមពលអគ្គិសនីផងដែរ។

    ឯកឧត្តមទេសរដ្ឋមន្ត្រីបានណែនាំឱ្យសហព័ន្ធសហការឱ្យបានជិតស្និទ្ធជាមួយមន្ត្រី ជំនាញពាក់ព័ន្ធក្រោមឱវាទក្រសួង សំដៅដោះស្រាយបញ្ហាដែលសហព័ន្ធបានលើកឡើងឱ្យបានជោគជ័យ ដើម្បីជំរុញលើកទឹកចិត្តឱ្យមានការប្រើប្រាស់រថយន្តដើរដោយថាមពលអគ្គិសនីបានទូលំទូលាយ និងទាក់ទាញចំណាប់អារម្មណ៍ខ្ពស់ពីវិស័យឯកជន ក៏ដូចជាសាធារណជនជាទូទៅផងដែរ៕ AKP

    អត្ថបទទាក់ទង