ខ្មែរប៉ុស្ដិ៍ Close

Asia Times ៖ អាមេរិកកំពុងតែធ្វើការតស៊ូដើម្បីទាញ ប្រទេសថៃចេញពីប្រទេសចិន

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី២ ខែកុម្ភៈ ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 1425
Asia Times ៖ អាមេរិកកំពុងតែធ្វើការតស៊ូដើម្បីទាញ ប្រទេសថៃចេញពីប្រទេសចិនវិថី​ដ៏​មមាញឹក​មួយ​កន្លែងក្នុង​សង្កាត់ Chinatown នៃទីក្រុង​បាងកក។ ប្រទេសថៃ និង​ចិន​មាន​ទំនាក់ទំនង និង​ការ​តភ្ជាប់​គ្នា​ទៅ​វិញ​ទៅ​មក​រាប់​សតវត្សរ៍មកហើយ។ រូបថត៖ WikiCommons

គេបានមើលឃើញអំពីការបង្កើនឥទ្ធិពលរបស់ប្រទេសចិនទៅកាន់ភាគខាងត្បូង តាមបណ្តោយដងទន្លេមេគង្គ ខណៈដែលមានអាគារខ្ពស់ៗ និងស្អាតៗជាច្រើនរបស់ជនជាតិចិនត្រូវបានកសាងនៅក្នុងទឹកដីប្រទេសឡាវដែលជាព្រំដែនភាគខាងជើងរបស់ប្រទេសថៃ។ សកម្មភាពទាំងនេះបានបង្កឱ្យមានការព្រួយបារម្ភអំពីការបង្កើនឥទ្ធិពលរបស់ប្រទេសចិននៅក្នុងប្រទេសថៃ។

កាលពីពេលថ្មីៗនេះ ទីភ្នាក់ងារ CIA បានធ្វើដំណើរមកកាន់ទីក្រុងបាងកក ខណៈអាមេរិកសង្សឺមថា កិច្ចព្រមព្រៀងយោធា និងការធ្វើជំនួញមួយចំនួនរបស់ខ្លួននៅក្នុងប្រទេសថៃអាចនឹងទាក់ទាញឱ្យប្រទេសនេះ វិលត្រឡប់ទៅរកសហរដ្ឋអាមេរិកវិញ និងងាកចេញពីប្រទេសចិននៅពេលអនាគត ប៉ុន្តែការប្រជែងគ្នាក៏កំពុងតែកើនឡើងផងដែរ។

លោក Benjamin Zawacki អ្នកនិពន្ធសៀវភៅជនជាតិអាមេរិកដែលមាន មូលដ្ឋាននៅទីក្រុងបាងកក និងបាននិពន្ធសៀវភៅមួយដែលមានចំណងជើងថា «Shifting Ground Between the US and a Rising China» បាននិយាយថា «ប្រទេសថៃបានងាកទៅរកប្រទេសចិន និងបានងាកចេញពីសហរដ្ឋអាមេរិកអស់រយៈពេលជាង ២ទសវត្សរ៍មកហើយ»។

លោក Zawacki បានប្រាប់ដល់សារព័ត៌មាន Asia Times ថា «នៅក្នុងវិស័យយោធា ទំនាក់ទំនងរវាងប្រទេសថៃជាមួយសហរដ្ឋអាមេរិកនៅតែមានភាពស៊ីជម្រៅ ប៉ុន្តែពេលនេះប្រទេសចិនបានតាមកាន់តែប្រកៀកប្រកិតជាមួយ អាមេរិកហើយ»។

ប្រជាជនថៃជាច្រើន បានប្រារព្ធពិធីបុណ្យចូលឆ្នាំរបស់ប្រទេសចិនដែលមានអាយុកាលជាង ៧០០ ឆ្នាំមកហើយ ផ្ទុយទៅនឹងការធ្វើទុក្ខបុកម្នេញ ដែលពួកគេធ្លាប់បានទទួលរងទុក្ខនៅក្នុងអំឡុងពេលនៃការបោសសម្អាត ប្រឆាំងនឹងពួកកុម្មុយនិស្ត ដែលដឹកនាំដោយសហរដ្ឋអាមេរិក កាលពីពាក់កណ្តាលសតវត្សទី២០។

នៅក្នុងអំឡុងពេលនោះ សាលារៀន, សារព័ត៌មាន និងទីកន្លែងផ្សេងៗទៀតរបស់ជនជាតិចិននៅក្នុងប្រទេសថៃ ត្រូវបានបង្ខំឱ្យបិទទ្វារ ដោយសារតែការរើសអើងជាតិសាសន៍, ភាពវឹកវរផ្នែកនយោបាយ និងការចោទប្រកាន់អំពីភាពមិនស្មោះត្រង់ និងការធ្វើវិទ្ធង្សនា។

ប្រធានក្រុមប្រឹក្សាទំនាក់ទំនងវប្បធម៌ថៃ-ចិន (Thai-Chinese Cultural Relationship Council) លោក Pinit Jarusombat ដែលធ្លាប់កាន់តំណែងជាអតីតឧបនាយករដ្ឋមន្ត្រីបាននិយាយថា «បុព្វការីជនបានដើរតួយ៉ាងសំខាន់ក្នុងការធ្វើឱ្យប្រទេសទាំង២ កាន់តែមានភាពជិតស្និទ្ធជាមួយគ្នា ដោយសារតែជនជាតិចិនចំណាកស្រុកជាច្រើន បានផ្លាស់ទីមកកាន់ប្រទេសថៃច្រើនជាងប្រទេសដទៃផ្សេងទៀតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍»។

មនុស្ស​ម្នាពាក់​ម៉ាស់លក់​គ្រឿង​អលង្ការ​របស់​ពួកគេ​ក្នុង​ហាង​មាស​ក្នុង​សង្កាត់ Chinatown ក្នុងទីក្រុង​បាងកក ចំ​ពេល​ដែលមាន​ការ​ភ័យ​ខ្លាច​នៃ​ការ​រីក​រាល​ដាល​នៃ​ជំងឺ​កូវីដ-១៩ កាលពី​ថ្ងៃទី ១៥ ខែ​មេសា ឆ្នាំ ២០២០។ រូបថត៖ AFP/Mladen Antonov
មនុស្ស​ម្នាពាក់​ម៉ាស់លក់​គ្រឿង​អលង្ការ​របស់​ពួកគេ​ក្នុង​ហាង​មាស​ក្នុង​សង្កាត់ Chinatown ក្នុងទីក្រុង​បាងកក ចំ​ពេល​ដែលមាន​ការ​ភ័យ​ខ្លាច​នៃ​ការ​រីក​រាល​ដាល​នៃ​ជំងឺ​កូវីដ-១៩ កាលពី​ថ្ងៃទី ១៥ ខែ​មេសា ឆ្នាំ ២០២០។ រូបថត៖ AFP/Mladen Antonov

ប្រទេសចិនបានជួយជ្រោមជ្រែងប្រទេសថៃ មួយផ្នែកដោយសារតែប្រទេសចិនអាចប្រើប្រាស់ច្រកនៅជិតទីក្រុងបាងកក ដើម្បីចូលទៅដល់ឈូងសមុទ្រថៃដែលជាច្រកបន្តទៅកាន់សមុទ្រចិនខាងត្បូង ។

ទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន មានទស្សនៈផ្ទុយគ្នាអំពីព្រំដែនទឹក, ផ្លូវសម្រាប់ការដឹកជញ្ជូន, ការឈរជើងរបស់យោធា និងការកេងប្រវ័ញ្ចធនធានធម្មជាតិ នៅក្នុងសមុទ្រចិនខាងត្បូង។

កងទ័ពជើងទឹករបស់អាមេរិកបានចាប់ផ្តើមធ្វើការបណ្តុះបណ្តាលដល់កងទ័ពជើងទឹកថៃ នៅក្នុងសមយុទ្ធប្រឆាំងនាវាមុជទឹក កាលពីឆ្នាំ ២០១៩ បើទោះបីជាកងទ័ពជើងទឹកប្រទេសថៃកំពុងមានបំណងចង់ទិញនាវាមុជទឹក S26T ដែលផលិតដោយប្រទេសចិន ចំនួន ៣គ្រឿងដែលក្នុងមួយគ្រឿងមានតម្លៃ ៤០០ លានដុល្លារក៏ដោយ។

លោក Zawacki បាននិយាយថា «ជម្លោះប្រដាប់អាវុធណាមួយនៅក្នុងតំបន់ដែលមានជាប់ពាក់ព័ន្ធជាមួយសហរដ្ឋអាមេរិកនិងប្រទេសចិន នឹងក្លាយជាការសម្រេចថា តើប្រទេសមួយណាជាអ្នកកាន់កាប់ដែនសមុទ្រ។ ដូច្នេះហើយទើបប្រទេសទាំង២ បានព្យាយាមប្រកួតប្រជែងគ្នាពាក់ព័ន្ធនឹងសកម្មភាពនាវាមុជទឹក»។

លោក Somprasong Nilsamai មេបញ្ជាការកងទ័ពជើងទឹករបស់ប្រទេសថៃបាននិយាយកាលពីថ្ងៃទី ៦ ខែមករា ថា៖ «នៅពេលដែលយើង មាននាវាមុជទឹកទី១ នោះនាវាទី២ និងទី៣ នឹងត្រូវបន្តមកតាមក្រោយ គ្រាន់តែយើងមិនទាន់ដឹងថា តើនៅពេលណាតែប៉ុណ្ណោះ»។ វិបត្តិហិរញ្ញវត្ថុបស់ទីក្រុងបាងកកដោយសារកូវីដ-១៩ អាចនឹងធ្វើឱ្យមានការពន្យារពេលការដឹកជញ្ជូននាវាមុជទឹកទាំង ៣ គ្រឿងនេះ។

នៅក្នុងខេត្ត Nong Khai ប្រជាជនថៃសង្ឃឹមថា នឹងទទួលបានផលចំណេញពីសំណាក់គម្រោងផ្លូវដែកល្បឿនលឿនរបស់ប្រទេសចិនឆ្លងកាត់ប្រទេសឡាវ ដែលមានប្រវែង ៤១៤ គីឡូម៉ែត្រ ដែលចំណាយថវិកាអស់ប្រមាណ ៦០០០ លានដុល្លារ និងត្រូវបានបញ្ចប់ការសាងសង់កាលពីខែធ្នូ ក្រោមគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវរបស់ ប្រទេសចិន។

ផ្លូវដែកថ្មីនេះបានតភ្ជាប់ខេត្ត Yunnan ភាគខាងត្បូងរបស់ប្រទេសចិនទៅកាន់ទីក្រុងវៀងច័ន្ទន៍ដែលជារដ្ឋធានីរបស់ប្រទេសឡាវ ហើយមានចំងាយតែប៉ុន្មានម៉ាយប៉ុណ្ណោះពីខេត្ត Nong Khai របស់ប្រទេសថៃ។

រូបភាពដែលបង្ហាញពីការពង្រីកខ្សែរថភ្លើងឡាវ-ចិនឆ្លងកាត់ប្រទេសថៃ។ រូបភាព៖ ហ្វេសប៊ុក
រូបភាពដែលបង្ហាញពីការពង្រីកខ្សែរថភ្លើងឡាវ-ចិនឆ្លងកាត់ប្រទេសថៃ។ រូបភាព៖ ហ្វេសប៊ុក

ការនាំចូលនិងនាំចេញដោយប្រើរថភ្លើងរបស់ប្រទេសចិននៅទីក្រុងវៀងចន្ទន៍ នឹងត្រូវបានគេផ្ទេរតាមរយៈផ្លូវថ្នល់ឆ្លងកាត់ទន្លេមេគង្គទៅកាន់ចំណតរថភ្លើងក្នុងខេត្ត Nong Khai ដើម្បីបន្តដឹកទៅកាន់ទីក្រុងបាងកកនិងកន្លែងផ្សេងៗទៀត។

លោក Paul Chambers សាស្ត្រាចារ្យនៅសកលវិទ្យាល័យ Naresuan ដែលមានជំនាញផ្នែកកិច្ចការអន្តរជាតិ យោធា និងគោលនយោបាយការបរទេសរបស់ទីក្រុងបាងកកបាននិយាយថា «ផ្លូវដែករបស់ប្រទេសឡាវទៅកាន់ប្រទេសចិននឹងធ្វើឱ្យប្រទេសថៃត្រូវពឹងផ្អែកផ្នែកសេដ្ឋកិច្ចកាន់តែខ្លាំងទៅលើទីក្រុងប៉េកាំង ខណៈប្រទេសចិនក៏កំពុងតែស្វែងរកការការពារផល ប្រយោជន៍ភូមិសាស្ត្រ នយោបាយរបស់ខ្លួន នៅក្នុងប្រទេសថៃផងដែរ»។

លោក Chambers បានបន្ថែមទៀតថា៖ «ប្រទេសថៃបានក្លាយជាចំណុចកណ្តាលនៃការប៉ះទង្គិចគ្នារវាងសហរដ្ឋអាមេរិកនិងប្រទេសចិន»។

ដើម្បីរឹតបន្តឹងការធ្វើទំនាក់ទំនង នាយករង CIA លោក David Cohen បានធ្វើដំណើរទៅកាន់ទីក្រុងបាងកកកាលពីខែវិច្ឆិកា ហើយបានជួបជាមួយលោក នាយករដ្ឋមន្ត្រី Prayuth Chan-Ocha ដែលជាមេទ័ពចូលនិវត្តន៍ ហើយបានដណ្តើមអំណាចតាមរយៈការធ្វើរដ្ឋប្រហារកាលពីឆ្នាំ ២០១៤ និងទទួលបានជ័យជំនះក្នុងការបោះឆ្នោតនៅក្នុងឆ្នាំ ២០១៩។

កិច្ចប្រជុំបិទទ្វាររបស់ពួកគេត្រូវបានគេរាយការណ៍ថា បានលើកឡើងអំពីបញ្ហានយោបាយ សេដ្ឋកិច្ច និងសន្តិសុខក្នុងតំបន់របស់ប្រទេសថៃ។ ទន្ទឹមនឹងនេះដែរ ក្រុមហ៊ុន Ford Motor Co បានប្រកាសកាលពីខែធ្នូ
ថា ខ្លួននឹងធ្វើការវិនិយោគក្នុងទំហំទឹកប្រាក់ ៩០០ លានដុល្លារ ដើម្បីកែលម្អរោងចក្រដំឡើងរថយន្តរបស់ខ្លួននៅក្នុងប្រទេសថៃ ខណៈក្រុមហ៊ុនអាមេរិកផ្សេងៗទៀតក៏បានធ្វើការសន្យាថានឹងរៀបចំសម្រាប់ការវិនិយោគថ្មីផងដែរ។ សហរដ្ឋអាមេរិកគឺជា ទីផ្សារនាំចេញដ៏ធំបំផុតរបស់ប្រទេសថៃ។

អ្នកនាំពាក្យក្រសួងការបរទេសថៃលោក Tanee Sangrat បាននិយាយថា៖ «ចាប់តាំងពីរដ្ឋបាល លោក Biden ចូលកាន់តំណែងមក សហរដ្ឋអាមេរិកបានធ្វើការដល់ការរក្សាការសន្ទនាយ៉ាងជិតស្និទ្ធជាមួយសមភាគីថៃ។ ហើយប្រទេសថៃមិនត្រូវបានសហរដ្ឋ អាមេរិកមើលរំលងនោះទេ»។

ទន្ទឹមនឹងនោះ ប្រទេសថៃកំពុងតែធ្វើការរួមបញ្ចូលផ្នែកប្រព័ន្ធទូរគមនាគមន៍របស់ខ្លួនជាមួយក្រុមហ៊ុន Huawei 5G របស់ប្រទេសចិន ដែលរួមមានទាំងទូរសព្ទវ័យឆ្លាត, ការប្រើប្រាស់សេវាកម្មផ្សេងៗតាមប្រព័ន្ធអនឡាញ, ការដំឡើងហេដ្ឋារចនាសម្ព័ន្ធ Fiber, សេវាកម្មវេជ្ជសាស្រ្ត និងបញ្ញាសិប្បនិម្មិត។ លោកនាយករដ្ឋមន្ត្រី Prayuth បាននិយាយថា «ខ្ញុំមានការចាប់អារម្មណ៍ យ៉ាងខ្លាំងចំពោះប្រវត្តិ និងការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន Huawei»។

ជ័យជម្នះកាលពីពេលថ្មីៗនេះរបស់ក្រុមតាលីបង់ទៅលើសហរដ្ឋអាមេរិក នៅក្នុងប្រទេសអាហ្វហ្គានីស្ថានក៏បានជះឥទ្ធិពលមកលើប្រទេសថៃផងដែរ។

លោក Chambers បាន និយាយថា «មន្រ្តីសន្តិសុខជាន់ខ្ពស់របស់ប្រទេសថៃជាច្រើននាក់មានការខកចិត្តជាខ្លាំងដែលសហរដ្ឋអាមេរិកបានចាកចេញពីប្រទេសអាហ្វហ្គានីស្ថាន និងបោះបង់ចោលសម្ព័ន្ធមិត្តរបស់ខ្លួន»។ លោកបានបន្ថែមថា «ទោះជាយ៉ាងណាក៏ដោយ ការចាកចេញពីប្រទេសអាហ្វហ្គានីស្ថាន អាចធ្វើឱ្យទីក្រុងវ៉ាស៊ីនតោនងាកមកផ្តល់ការយកចិត្តទុកដាក់បន្ថែមទៀតចំពោះអាស៊ីបូព៌ា និងចិន ហើយអាចនឹងផ្តល់ជំនួយយោធាបន្ថែមទៀតដល់ប្រទេសថៃ ហើយនេះគឺជាអ្វីដែលប្រទេសថៃចង់បាន»។

យន្តហោះចម្បាំងប្រភេទ Lockheed Martin F-35 របស់អាមេរិក អាចស្ថិតនៅក្នុងការបញ្ជាទិញរបស់យោធាថៃ។ រូបថត៖ WikiCommons / US Air Force / Airman 1st Class Jose Miguel T Tammondong
យន្តហោះចម្បាំងប្រភេទ Lockheed Martin F-35 របស់អាមេរិក អាចស្ថិតនៅក្នុងការបញ្ជាទិញរបស់យោធាថៃ។ រូបថត៖ WikiCommons / US Air Force / Airman 1st Class Jose Miguel T Tammondong

ជាឧទាហរណ៍ មេបញ្ជាការកងទ័ពជើងអាកាសលោក Napadej Dhupatemiya មានបំណងចង់ទិញយន្តហោះចម្បាំង Lockheed Martin F-35 ចំនួន ៨ គ្រឿង ដើម្បីយកមកជំនួសយន្តហោះចាស់ៗ F-5s និង F-16s របស់ខ្លួន។

កងទ័ពរបស់ប្រទេសថៃកំពុងរង់ចាំទទួលការដឹកជញ្ជូនរថពាសដែក Stryker ដែលផលិតដោយសហរដ្ឋអាមេរិកចំនួន ៦០ គ្រឿង ដែលកាលពីឆ្នាំ ២០១០ ក្រុមយោធាបានប្រើប្រាស់រថពាសដែកប្រភេទនេះមកដាក់ពង្រាយដើម្បីវាយកម្ទេចក្រុមបះបោរគាំទ្រលទ្ធិប្រជាធិបតេយ្យនៅក្នុងទីក្រុងបាងកក និងបានធ្វើឱ្យមនុស្សជិត ១០០ នាក់ដែលភាគច្រើនជាជនស៊ីវិលបានស្លាប់។

ទីក្រុងបាងកកគឺ ជាប្រទេសសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក ដែលមិនមានជាប់ពាក់ព័ន្ធជាមួយអង្គការ NATO ហើយប្រទេសនេះត្រូវបានគេប្រើប្រាស់ធ្វើជាទីតាំងសម្រាប់បើកការវាយឆ្មក់ទម្លាក់គ្រាប់បែកពីលើអាកាស និងការវាយប្រហារតាមដីគោក ដើម្បីប្រឆាំងនឹងអ្នកជាតិនិយមកុម្មុយនិស្តនៅក្នុងប្រទេសវៀតណាម កម្ពុជា និងឡាវ នៅក្នុងអំឡុងសង្គ្រាមវៀតណាមកាលពីឆ្នាំ ១៩៦០-១៩៧៥ ។

លោក Pinit បាន ប្រាប់ដល់សារព័ត៌មាន បាងកកប៉ុស្តិ៍ថា «យើងមិនគួរដើរតាមមាគ៌ាកាលពីមុនរបស់អាមេរិកដែលបានយកប្រទេសថៃធ្វើជាមូលដ្ឋានយោធា ដើម្បីធ្វើការវាយលុកប្រឆាំងនឹងប្រទេសជិតខាងរបស់ប្រទេសថៃនោះទេ»។

ប្រជាជនជំនាន់ថ្មីរបស់ប្រទេសថៃ ក៏ត្រូវបានគេបង្រៀនអំពីការប្រកួតប្រជែងគ្នារវាងអាមេរិក និងចិនផងដែរ។

លោក Arm Tungnirun នាយកមជ្ឈមណ្ឌលសិក្សាអំពីប្រទេសចិន នៃសាកលវិទ្យាល័យ Chulalongkorn បានលើកឡើងកាលពីពេលថ្មីៗនេះថា «សកលភាវូបនីយកម្ម បានផ្តល់ផលប្រយោជន៍ដល់អ្នកក្រនៅក្នុងប្រទេសចិន និងអ្នកមាននៅអាមេរិក និងមិនបានផ្តល់ផលប្រយោជន៍ដល់ប្រជាជនវណ្ណៈកណ្តាលរបស់អាមេរិកទេ។ អញ្ចឹងហើយទើបអាមេរិកត្រូវស្វែងរកប្រទេសផ្សេងដើម្បីមកទទួលរងកំហុស»៕ Asia Times

អត្ថបទទាក់ទង