ខ្មែរប៉ុស្ដិ៍ Close

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ អំពាវនាវដល់អតិថិជនទាំងអស់ ជួយប្រើប្រាស់ទឹកដោយសន្សំសំចៃ នារដូវប្រាំងឆ្នាំ២០២២នេះ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី៤ ខែកុម្ភៈ ឆ្នាំ២០២២ ព័ត៌មានទូទៅ 1636
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ អំពាវនាវដល់អតិថិជនទាំងអស់ ជួយប្រើប្រាស់ទឹកដោយសន្សំសំចៃ នារដូវប្រាំងឆ្នាំ២០២២នេះរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ អំពាវនាវដល់អតិថិជនទាំងអស់ ជួយប្រើប្រាស់ទឹកដោយសន្សំសំចៃ នារដូវប្រាំងឆ្នាំ២០២២នេះ

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ អំពាវនាវដល់អតិថិជនទាំងអស់ ជួយប្រើប្រាស់ទឹកដោយសន្សំសំចៃ ខណៈដែលការផ្គត់ផ្តង់មិនអាចបំពេញតាមតម្រូវការបាន។

យោងតាមសេចក្តីជូនដំណឹង របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ​ ចុះថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (រ.ទ.ស.ភ) បានកែលម្អ និងសាងសង់រោងចក្រផលិតទឹកស្អាតថ្មី និងពង្រីកបណ្តាញចែកចាយថ្មី ជាបន្តបន្ទាប់ ដើម្បីសម្រេចបាននូវការផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋទូទាំងរាជធានីភ្នំពេញ និងទីក្រុងតាខ្មៅ ស្របតាមគោលដៅ អភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ២០១៦-២០៣០ របស់រាជរដ្ឋាភិបាល។

បច្ចុប្បន្ននេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មានរោងចក្រផលិតទឹកស្អាតសរុបចំនួន ៤ទីតាំង និងផលិតទឹកស្អាតបានជាមធ្យម ៦សែនម៉ែត្រគូបក្នុង១ថ្ងៃ។ ក៏ប៉ុន្តែជាក់ស្តែង ដោយសារកំណើននៃសកម្មភាពសេដ្ឋកិច្ចនៅរាជធានីភ្នំពេញ ធ្វើឱ្យតម្រូវការទឹកស្អាត បានកើនឡើងខ្ពស់ជាងសមត្ថភាពផលិត ពោលគឺតម្រូវការជាក់ស្តែងប្រមាណជា ៨សែនម៉ែត្រគូបក្នុងមួយថ្ងៃ ដែលធ្វើឱ្យមានកង្វះ ទឹកស្អាតសម្រាប់ចែកចាយក្នុងម៉ោងមានតម្រូវការទឹកខ្ពស់ ជាពិសេសខ្វះទឹកនៅតំបន់ជាយរាជធានីភ្នំពេញនិងជាយក្រុងតាខ្មៅ។

ដើម្បីឆ្លើយតបទៅនឹងកំណើនតម្រូវការទឹកស្អាតនេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ កំពុងសាងសង់រោងចក្រផលិតទឹកស្អាតថ្មី មួយទៀត នៅបាក់ខែង ដែលអាចផលិតទឹកស្អាតបានបន្ថែមប្រមាណ ៤សែនម៉ែត្រគូបក្នុងមួយថ្ងៃ ចាប់ពីដើមឆ្នាំ២០២៣ តទៅ បន្ថែមលើសមត្ថភាពផលិតដែលមានស្រាប់ ៦សែនម៉ែត្រគូបក្នុងមួយថ្ងៃ។ សរុបមក ចាប់ពីឆ្នាំ២០២៣ តទៅ រដ្ឋាករទឹកស្វយ័ត ក្រុងភ្នំពេញ មានសមត្ថភាពអាចផលិតទឹកស្អាតបាន១លានម៉ែត្រគូបក្នុងមួយថ្ងៃ ដែលអាចបិទបញ្ចប់បញ្ហាខ្វះទឹក នៅរាជធានី ភ្នំពេញ និងក្រុងតាខ្មៅរយៈពេល៧ឆ្នាំកន្លងមក(២០១៦-២០២៣)។

ដោយពិនិត្យឃើញថា ការខ្វះទឹកនារដូវប្រាំងឆ្នាំ២០២២នេះ ជាការខ្វះទឹកស្អាតប្រើប្រាស់ចុងក្រោយ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ សូមអំពាវនាវដល់អតិថិជនទាំងអស់ ទាំងក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ មេត្តាជួយសន្សំសំចៃទឹកស្អាត ដើម្បីផ្តល់ក្តីករុណា និង ចែករំលែកទឹកទៅដល់អតិថិជនផ្សេងទៀត ជាពិសេសអតិថិជនរស់នៅក្នុងតំបន់ជាយក្រុងនិងសូមមេត្តាចូលរួមផ្តល់ព័ត៌មាន ឬ សាកសួរអំពីកង្វះទឹកស្អាតមកកាន់ ររដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដោយផ្ទាល់ ៕

អត្ថបទទាក់ទង