ខ្មែរប៉ុស្ដិ៍ Close

ការរៀនរស់នៅជាមួយវីរុសកូវីដ-១៩ ៖ កម្ពុជាបានឡើងដល់ចំណាត់ថ្នាក់លេខ ២ នៅក្នុងសន្ទស្សន៍ស្តីពីការងើបឡើងវិញ របស់ Nikkei

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសៅរ៍ ទី៥ ខែកុម្ភៈ ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 1003
ការរៀនរស់នៅជាមួយវីរុសកូវីដ-១៩ ៖ កម្ពុជាបានឡើងដល់ចំណាត់ថ្នាក់លេខ ២ នៅក្នុងសន្ទស្សន៍ស្តីពីការងើបឡើងវិញ របស់ Nikkei ការរៀនរស់នៅជាមួយវីរុសកូវីដ-១៩ ៖ កម្ពុជាបានឡើងដល់ចំណាត់ថ្នាក់លេខ ២ នៅក្នុងសន្ទស្សន៍ស្តីពីការងើបឡើងវិញ របស់ Nikkei

«ប្រទេសកម្ពុជាបានឈរនៅចំណាត់ថ្នាក់លេខ ២ ក្នុងសន្ទស្សន៍នៃការងើបឡើងវិញពីវីរុសកូវីដ-១៩ របស់ Nikkei (COVID-19 Recovery Index)» បន្ទាប់ពីប្រទេសអាស៊ីអាគ្នេយ៍មួយនេះបាន ប្រកាសថា «ខ្លួននឹងចាប់ផ្តើមរៀនរស់នៅជាមួយវីរុសរាតត្បាតនេះកាលពី ៣ ខែមុន»។

ទន្ទឹមនឹងនេះដែរ ប្រទេសហ្វីលីពីនបានធ្លាក់ចុះពីចំណាត់ថ្នាក់ លេខ ៤៥ ទៅនៅចំណាត់ថ្នាក់ ១០៤ វិញ បន្ទាប់ពីវីរុសទម្រង់អូមីក្រុង បានបង្កឱ្យមានការផ្ទុះឡើងនូវករណីឆ្លងយ៉ាងច្រើន។

សន្ទស្សន៍នេះបានធ្វើការវាយតម្លៃប្រទេសនិងតំបន់ លើការគ្រប់គ្រងការឆ្លងវីរុស, ការចាក់វ៉ាក់សាំង និងការចល័តទីនៅក្នុងសង្គម។ ចំណាត់ថ្នាក់កាន់តែខ្ពស់ មានន័យថាទីកន្លែងនោះបានងាកទៅកាន់តែជិតនឹងការ ងើបឡើងវិញពីវីរុស ដោយសារករណីឆ្លងមានចំនួនតិចជាងមុន, អត្រានៃការចាក់វ៉ាក់សាំងកាន់តែច្រើន និងវិធានការរក្សាគម្លាតសង្គមមិនសូវតឹងរ៉ឹងខ្លាំង។

កម្ពុជា​បាន​នឹង​កំពុង​ដើរទៅមុខជា​លំដាប់​នៅក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ ដោយក្នុងនោះ ប្រទេសនេះបានរាយការណ៍អំពីករណីឆ្លងតិចជាង ១០០០ ករណីនៅក្នុងខែមករា និងមិនមានអ្នកស្លាប់ដោយសារវីរុសកូវីដ-១៩ នោះទេនៅក្នុងរយៈពេល ១ ខែកន្លងមកនេះ។

ការផ្ទុះឡើងដ៏ធំនៃករណីឆ្លងដែលបាន ចាប់ផ្តើមនៅក្នុងខែកុម្ភៈ ឆ្នាំ ២០២១ បានបន្តអូសបន្លាយអស់រយៈពេលជាច្រើនខែ និងបានបង្កផលប៉ះពាល់ដល់វិស័យសុខភាពសាធារណៈ និងបានបង្កឱ្យយមានការបិទខ្ទប់ប្រទេសជាទ្រង់ទ្រាយធំ។

ទោះជាយ៉ាង​ណា​ក៏​ដោយ កម្ពុជា​បាន​បន្ត​ជំរុញ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​របស់​ខ្លួន ដោយ​បានពឹង​ផ្អែក​ជា​ចម្បង​លើ​វ៉ាក់សាំង​ ដែលផលិត​ដោយ​ប្រទេសចិន។

គិតត្រឹមខែវិច្ឆិកា ការចាក់វ៉ាក់សាំងរបស់កម្ពុជាបានដើរលឿនជាងគោលដៅដែលបានកំណត់ ដែលជាហេតុជំរុញឱ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាឱ្យបើកដំណើរការប្រទេសឡើងវិញទាំងស្រុង។

ក្រោយមក នៅក្នុងខែដដែលនោះ កម្ពុជាបានក្លាយជាប្រទេសសមាជិកអាស៊ានដំបូងគេ ដែលបានលើកលែងការធ្វើចត្តាឡីស័កលើអ្នកធ្វើដំណើរពីបរទេសដែលបានចាក់វ៉ាក់សាំងពេញលេញ

របាយការណ៍របស់អង្គការសុខភាពពិភពលោកដែលចុះថ្ងៃទី២៤ ខែមករា បានឱ្យដឹងថា «៩៨,៥% នៃមនុស្សពេញវ័យរបស់កម្ពុជា និង ៩៦,៨% នៃកុមារ ដែលមានអាយុចាប់ពី ៥ ឆ្នាំឡើងទៅបានទទួលវ៉ាក់សាំងកូវីដ-១៩ ចំនួន ២ ដូស ខណៈដែលប្រជាជនពេញវ័យជិតពាក់កណ្តាលបានទទួលវ៉ាក់សាំងដូសជំរុញរួចរាល់»។

របាយការណ៍ដដែលនោះបានឱ្យដឹងទៀតថា «ប្រហែល ៨៥% នៃវ៉ាក់សាំងចំនួន ៤៣,៥ លានដូសដែលកម្ពុជាមាន គឺទទួលបានពីការបញ្ជាទិញពីចិន ឬទទួលបានពីការបរិច្ចាគពីប្រទេសចិន»។

ការសិក្សាមួយចំនួនបានលើកឡើងអំពីការព្រួយបារម្ភអំពីប្រសិទ្ធភាពរបស់វ៉ាក់សាំងចិន ប្រឆាំងនឹងវីរុសទម្រង់ថ្មីៗ ដូចជាវីរុសទម្រង់អូមីក្រុង ជាដើម។

រហូត​មក​ដល់​ពេល​នេះ កម្ពុជា​បាន​រាយការណ៍អំពីករណីឆ្លងដែលបង្កឡើងដោយ​វីរុសទម្រង់អូមីក្រុង ប្រមាណ ១០០០ ករណី។

ផ្ទុយទៅវិញ ប្រទេសហ្វីលីពីនអាចចាក់វ៉ាក់សាំងកូវីដ-១៩ បានត្រឹមតែ ៥៣% នៃចំនួនប្រជាជនសរុបរបស់ខ្លួនប៉ុណ្ណោះ ដោយក្នុងនោះ មានតិចជាង ៧% ប៉ុណ្ណោះដែលបានទទួលវ៉ាក់សាំងដូសជំរុញ បើគិតត្រឹមចុងខែមករា (យោងតាមគេហទំព័រស្ថិតិ Our World in Data) ។

វីរុសទម្រង់អូមីក្រុង ដែលមានសមត្ថភាពចម្លងកាន់តែលឿនរហ័ស បានវាយប្រហារប្រទេសហ្វីលីពីនយ៉ាងធ្ងន់ធ្ងរ ដោយក្នុងនោះករណីឆ្លងប្រចាំថ្ងៃបានកើនឡើងដល់កម្រិតខ្ពស់បំផុតចំនួន ៣៩.០០៤ នៅថ្ងៃទី ១៥ ខែមករាដែលបានកើនពីចំនួន ១៦៨ ករណី នៅថ្ងៃទី ២១ ខែធ្នូ។

ប៉ុន្តែចាប់តាំងពីពេលនោះមក ការផ្ទុះឡើងបានចាប់ផ្តើមធូរស្រាលបន្តិច ហើយមន្ត្រីហ្វីលីពីនបាននិយាយថា «ករណីភាគច្រើនគឺជាករណីស្រាល» ហើយកាលពីថ្ងៃព្រហស្បតិ៍ ករណីឆ្លងប្រចាំថ្ងៃបានធ្លាក់ចុះមកនៅត្រឹម ៨.៧០០ ករណី។ ប្រទេស​ហ្វីលីពីន​គ្រោង​នឹង​ចាប់ផ្តើម​ចាក់​វ៉ាក់សាំង​ដល់​កុមារដែលមាន​អាយុចាប់​ពី​ ៥ ​ឆ្នាំ​ដល់​ ១១ ឆ្នាំ​ នៅ​ថ្ងៃ​ចន្ទខាងមុខនេះ។

«ជាមួយនឹងការដើរតាមគន្លងរបស់កម្ពុជា» ប្រទេសហ្វីលីពីននឹងចាប់ផ្តើមទទួលស្វាគមន៍ភ្ញៀវទេសចរបរទេស ដែលបានចាក់វ៉ាក់សាំងពេញលេញពី ១៥៧ ប្រទេស ចាប់ពីថ្ងៃព្រហស្បតិ៍សប្តាហ៍ក្រោយតទៅ ដោយមិនបានលើកឡើងអំពីរយៈពេលនៃការធ្វើចត្តាឡីស័កឡើយ។

ដោយផ្អែកលើចំណាត់ថ្នាក់ខ្ពស់របស់ពួកគេនៅក្នុងសន្ទស្សន៍នេះ បណ្តាប្រទេសអាស៊ីប៉ាស៊ីហ្វិកផ្សេងទៀត ក៏បាននឹងកំពុងត្រៀមខ្លួនដើម្បីចាត់វិធានការស្រដៀងគ្នានេះដែរ ដោយក្នុងនោះ ប្រទេស​ថៃ​ដែល​កាល​ពី​ថ្ងៃ​អង្គារ​បាន​ចាប់​ផ្តើម​អនុញ្ញាតឡើង​វិញ​ ឱ្យមានការចូលមកក្នុងប្រទេសដោយមិនចាំបាច់ធ្វើចត្តាឡីស័ក បាន​កើនឡើង​ចំណាត់ថ្នាក់ពីលេខ ១១ ដល់​លេខ ១៩ ខណៈដែលប្រទេសនូវែលសេឡង់ ដែលស្ថិតនៅលេខរៀងទី ១២ ក៏បានប្រកាសពីការបើកឡើងវិញជាដំណាក់កាលផងដែរកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ។

ប្រទេសវៀតណាមដែលនៅតែប្រឈមមុខនឹងករណីឆ្លងដ៏ខ្ពស់ កំពុងចាប់ផ្តើមងើបឡើងវិញ ដោយបានស្ថិតនៅ លេខរៀងទី ៩០ ហើយប្រទេសនេះក៏កំពុងឆ្ពោះទៅរកការរៀនរស់នៅជាមួយវីរុសផងដែរ បន្ទាប់ពី បានបន្ធូរបន្ថយច្បាប់រឹតបន្តឹងសម្រាប់ជនបរទេស និងពលករបរទេសកាលពីចុងខែមុន។

កោះតៃវ៉ាន់បានឡើងដល់ចំណាត់ថ្នាក់កំពូលជាមួយនឹងពិន្ទុសរុប ៨២ ក្នុងចំណោម ពិន្ទុ ១០០។ កោះតៃវ៉ាន់បានបាត់បង់ ៦ ពិន្ទុនៅក្នុងសកម្មភាពហោះហើរ ដោយក្នុងនោះ ចំនួនភ្ញៀវអន្តរជាតិនៅតែបន្តធ្លាក់ចុះ ៨០% នៅក្នុងខែមករា បើប្រៀបធៀបទៅនឹងកម្រិតមុនពេលកើតមានការរាតត្បាតនៃវីរុស។

ប្រទេស​ចិន​បាន​ស្ថិតនៅ​លេខ​រៀងទី៤ ខណៈ​ដែល​ប្រទេសនេះបាននិងកំពុងរៀបចំកីឡា​អូឡាំពិក​រដូវរងា​ ដែល​បាន​ចាប់​ផ្តើម​កាលពី​ថ្ងៃ​សុក្រ។ ការផ្ទុះឡើងនូវករណីឆ្លងក្នុងសហគមន៍ ដែលបានកើតឡើង នៅក្នុងខេត្តមួយចំនួន បូករួមនឹងការមកដល់នៃវីរុសទម្រង់អូមីក្រុង បានធ្វើឱ្យប្រទេសចិនប្រឈមមុខនឹងការលំបាកកាន់តែខ្លាំងក្នុងការបន្តអនុវត្តវិធីសាស្រ្ត «Zero-COVID» ដ៏តឹងរ៉ឹងរបស់ខ្លួន។

ប្រទេសជប៉ុនបាន​ធ្លាក់​ពីចំណាត់ទី៥៥ មក​នៅ​លេខរៀងទី ៦៧ បន្ទាប់ពីករណីឆ្លងប្រចាំថ្ងៃបានកើនលើស ១០ម៉ឺនករណីជាលើកដំបូងកាលពីថ្ងៃព្រហស្បតិ៍ ខណៈ ពេលដែលដំណើរការចាក់វ៉ាក់សាំងបង្ការនៅតែមានសភាពយឺតយ៉ាវ។

ទីក្រុងតូក្យូតែមួយ បានរាយការណ៍ពីករណីឆ្លងជាង ២០.០០០ ករណីក្នុងរយៈពេល ២ ថ្ងៃជាប់ៗគ្នា។ ក៏ប៉ុន្តែរដ្ឋាភិបាលជប៉ុន នៅមិនទាន់បានដាក់ចេញនូវស្ថានភាពអាសន្នពេញលេញ នៅដំណាក់កាលនេះទេ ដោយសារតែហានិភ័យទាបនៃការចេញរោគសញ្ញាធ្ងន់ធ្ងរ ដែលបង្កឡើងដោយវីរុសទម្រង់អីមីក្រុង៕ Nikkei Asia

អត្ថបទទាក់ទង