ខ្មែរប៉ុស្ដិ៍ Close

    SCMP ៖ ការកើនឡើងនៃប្រាក់យន់ឌីជីថល នឹងប្រឈមមុខជាមួយការត្រួតត្រានៃប្រាក់ដុល្លារអាមេរិក

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី៧ ខែកុម្ភៈ ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 1217
    SCMP ៖ ការកើនឡើងនៃប្រាក់យន់ឌីជីថល នឹងប្រឈមមុខជាមួយការត្រួតត្រានៃប្រាក់ដុល្លារអាមេរិករូបភាព៖ Asia Times

    រដ្ឋអធិបតេយ្យនីមួយៗតែងតែចង់មានការគ្រប់គ្រងពេញលេញ លើរូបិយបណ្ណរបស់ខ្លួន។ ប៉ុន្តែការកើនឡើងមួយរយៈនៃ រូបិយបណ្ណឌីជីថលឯកជន បានទៅគំរាមដកអំណាចនេះចេញពីរដ្ឋាភិបាល និងពីធនាគារកណ្តាលរបស់ពួកគេ។

    បច្ចុប្បន្ននេះ ប្រទេសចិនបានឈានកាន់តែជិតដល់ការដោះស្រាយបញ្ហាប្រឈមនោះ តាមរយៈការដាក់ឱ្យប្រើប្រាស់នូវរូបិយបណ្ណឌីជីថលអធិបតេយ្យរបស់ខ្លួន។

    ប្រាក់យន់ឌីជីថលនឹងមានតម្លៃដូចគ្នាទៅនឹងក្រដាសប្រាក់ដែលនៅក្នុងដៃរបស់អ្នកដែរ។ តាមរយៈការធ្វើឌីជីថលូបនីយកម្មលើប្រាក់យន់ រដ្ឋាភិបាលកណ្តាលរបស់ចិននឹងទទួលបានអត្ថប្រយោជន៍ជាច្រើន រួមជាមួយនឹងផលប៉ះពាល់ដ៏ធំសម្បើមទៅលើគោលនយោបាយហិរញ្ញវត្ថុ, ពាណិជ្ជកម្ម និងគោលនយោបាយការបរទេសរបស់ខ្លួន ព្រមទាំងប៉ះពាល់ទៅដល់អ្នកប្រើប្រាស់ក្នុងស្រុក និងអ្នកនៅបរទេសក្នុងពេលបច្ចុប្បន្នផងដែរ។

    តាមរយៈការធ្វើឱ្យប្រាក់យន់ត្រូវបានទទួលស្គាល់ជាអន្តរជាតិពីសំណាក់ដៃគូពាណិជ្ជកម្មនានា ដើម្បីគេចចេញពីទណ្ឌកម្មជាឯកតោភាគីណាមួយដែលដាក់ដោយសហរដ្ឋអាមេរិក ប្រទេសចិនអាចទទួលបាននូវ
    សេរីភាពហិរញ្ញវត្ថុច្រើនជាងមុន នៅចំពោះមុខប្រាក់ដុល្លារអាមេរិកដែលមានថាមពលខ្លាំង។

    ច្បាស់ណាស់ថា ប្រាក់យន់ឌីជីថលកំពុងត្រូវបានឃ្លាំមើល និងត្រួតពិនិត្យយ៉ាងដិតដល់ដោយរដ្ឋាភិបាលបរទេសនានា។

    ការសាកល្បងដាក់ឱ្យប្រើប្រាស់នូវប្រាក់យន់ឌីជីថលនេះ នឹងចាប់ផ្តើមធ្វើឡើងនៅតាមបណ្ដាទីក្រុងដែលមានប្រជាជនច្រើន ដូចជា Suzhou, Xiongan, Chengdu, Hainan, Changsha, Xian, Qingdao និង Dalian ។

    វិទ្យាស្ថានស្រាវជ្រាវរូបិយបណ្ណឌីជីថល ដែលជានាយកដ្ឋានមួយរបស់ធនាគារប្រជាជនចិន បានដាក់ឱ្យដំណើរការនូវគម្រោងសាកល្បងមួយនៅទីក្រុង Shenzhen, ទីក្រុងសៀងហៃ និងទីក្រុងប៉េកាំងកាលពីឆ្នាំមុន ចំណែកឯទីក្រុងហុងកុងវិញ គឺគេនៅរង់ចាំតែពេលវេលាប៉ុណ្ណោះ។

    បើទោះបីជាមិនមានការកំណត់ពេលវេលាជាក់លាក់ណាមួយក្នុងការប្រកាសដាក់ឱ្យប្រើប្រាស់នៅទូទាំងប្រទេសក្ដី ក៏ល្បឿនរបស់វានឹងធ្វើឱ្យប្រាក់យន់ឌីជីថលក្លាយជារូបិយបណ្ណដំបូងគេរបស់ពិភពលោកដែលត្រូវបានបង្កើតឡើងដោយធនាគារកណ្តាល សម្រាប់ការប្រើប្រាស់ជាទូទៅ។

    ប្រាក់យន់ឌីជីថលនេះត្រូវបានបង្កើតឡើងបន្ទាប់ពីការបង្ក្រាបរបស់រដ្ឋចិន ទៅលើរូបិយបណ្ណឌីជីថលមួយចំនួន ដូចជា Bitcoin ជាដើម រួមទាំងទៅលើការជីកយករ៉ែ (Mining) របស់រូបិយបណ្ណឌីជីថលនេះផងដែរ។

    ដើម្បីឱ្យប្រាក់យន់ឌីជីថលនេះមានអ្នកប្រើប្រាស់កាន់តែច្រើន ធនាគារធំៗរបស់ចិន ក៏ដូចជាក្រុមហ៊ុន Alipay និង WeChat Pay ជាដើម នឹងត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់រូបិយបណ្ណនេះ។

    ជាមួយនឹងបណ្តាញហិរញ្ញវត្ថុ និងបណ្ដាញអាជីវកម្មដ៏ទូលំទូលាយរបស់ក្រុមហ៊ុនទាំងនេះ ប្រាក់យន់ឌីជីថលអាចត្រូវបានចែកចាយនៅក្នុងប្រព័ន្ធហិរញ្ញវត្ថុ និងធនាគារក្នុងទម្រង់ដូចជារូបិយបណ្ណធម្មតាដែរ។

    ប្រទេសចិនគឺជាអ្នកនាំមុខគេនៅក្នុងនិន្នាការសកលលោកក្នុងពេលបច្ចុប្បន្ននេះ ខណៈពេលដែលរដ្ឋាភិបាលនៅជុំវិញពិភពលោកកំពុងប្រណាំងប្រជែងគ្នា ក្នុងការប្រែក្លាយរូបិយបណ្ណរបស់ពួកគេឱ្យទៅជាឌីជីថល។

    យ៉ាងហោចណាស់ មានប្រទេសចំនួន ៣៩ ហើយដែលកំពុងស្ថិតក្នុងដំណាក់កាលអភិវឌ្ឍន៍, សាកល្បង, និង/ឬការចាប់ផ្តើមដាក់ឱ្យប្រើប្រាស់ជាជំហានៗនៃរូបិយបណ្ណឌីជីថលរបស់ពួកគេ។

    ផលវិបាកមួយគឺថា ការផ្ទេរប្រាក់ ក៏ដូចជាការទូទាត់ប្រាក់ជាអន្តរជាតិ នឹងឈប់ពឹងផ្អែកលើប្រព័ន្ធ SWIFT ដែលជាប្រព័ន្ធផ្ទេរប្រាក់សកល និងដែលសហរដ្ឋអាមេរិកមានការគ្រប់គ្រងលើសលប់ ដែលអនុញ្ញាតឱ្យមហាអំណាចមួយនេះអាចអនុវត្តទណ្ឌកម្មហិរញ្ញវត្ថុប្រឆាំងនឹងរដ្ឋ ឬបុគ្គលបរទេសណាមួយបាន។

    ការប្រើប្រាស់ប្រព័ន្ធនេះដោយបំពានពីសំណាក់ទីក្រុងវ៉ាស៊ីនតោន បានធ្វើឱ្យប្រទេសជាច្រើនមាន ការអាក់អន់ចិត្តជាខ្លាំង រួមទាំងសម្ព័ន្ធមិត្តរបស់អាមេរិកមួយចំនួនទៀតផង។

    ប្រាក់យន់ឌីជីថលអាចជួយប្រទេសចិនក្នុងការ «បាញ់ព្រួញមួយបានសត្វពីរ» ពោលគឺ ជួយលើកកម្ពស់ការប្រើប្រាស់ប្រាក់យន់ជាអន្តរជាតិដោយមិនពិបាកក្នុងការគ្រប់គ្រង និងជួយរំដោះរូបិយបណ្ណនេះចេញពីការគ្រប់គ្រងរបស់ប្រព័ន្ធហិរញ្ញវត្ថុអាមេរិក៕ South China Morning Post

    អត្ថបទទាក់ទង