ខ្មែរប៉ុស្ដិ៍ Close

អាជ្ញាធរជាតិអប្សរាបើកវគ្គបណ្តុះបណ្តាល​ពង្រឹងជំនាញ​បដិសណ្ឋារកិច្ច​​សម្រាប់​ភ្នាក់ងារ​ទេស​ចរណ៍

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី១០ ខែកុម្ភៈ ឆ្នាំ២០២២ ផ្ទះហ្វេសប៊ុក 1085
អាជ្ញាធរជាតិអប្សរាបើកវគ្គបណ្តុះបណ្តាល​ពង្រឹងជំនាញ​បដិសណ្ឋារកិច្ច​​សម្រាប់​ភ្នាក់ងារ​ទេស​ចរណ៍អាជ្ញាធរជាតិអប្សរាបើកវគ្គបណ្តុះបណ្តាល​ពង្រឹងជំនាញ​បដិសណ្ឋារកិច្ច​​សម្រាប់​ភ្នាក់ងារ​ទេស​ចរណ៍

មជ្ឍមណ្ឌលបណ្តុះបណ្តាលអង្គរ និងនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរនៃអាជ្ញាជាតិ​អប្សរា​បាន​បើកវគ្គបណ្តុះបណ្តាលជំនាញ​ស្តីពី ការពង្រឹងបដិសណ្ឋារកិច្ច​ដល់មន្ត្រី​ និងបុគ្គលិក​ដែលកំពុងបម្រើការ​ជា​ភ្នាក់ងារ​ទេសចរណ៍ ចំនួន១០០នាក់ ក្រោមអធិបតីភាព លោក ឡុង កុ​សល អគ្គនាយករង និងជាអ្នកនាំពាក្យ និងជាតំណាងដ៏ខ្ពង់ខ្ពស់​របស់ លោក អគ្គនាយក ហង់ ពៅ នៅ​ថ្ងៃទី០៨ ខែ​កុម្ភៈ ឆ្នាំ២០២២។

វគ្គបណ្តុះបណ្តាល​ជំនាញ​បដិសណ្ឋារកិច្ច​ភ្ញៀវ​ទេសចរ ដែលធ្វើឡើងនៅ​សាល​សន្និសីទអង្គរ​នេះ​រៀបចំឡើងក្នុងគោលបំណង ផ្ដល់ជំនាញយ៉ាងត្រឹមត្រូវ​ដល់ភ្នាក់ងារ​ទេសចរណ៍​របស់អាជ្ញាធរអប្សរា ទាំងការស្វាគមន៍ និងបម្រើសេវាយ៉ាងកក់ក្ដៅ ​ក្នុងដំណើរការ​គ្រប់​គ្រងតំបន់រមណីយដ្ឋានអង្គរ ដើម្បី​រួម​ចំណែកការលើកតម្លៃ​សម្បត្តិ​បេតិកភណ្ឌរបស់​ពិភពលោក។

ការបណ្តុះបណ្តាល​បាន​ផ្តោតទៅលើខ្លឹមសារ៤ចំណុចរួមមាន៖

  1. របៀបបដិសណ្ឋារកិច្ចសម្រាប់ភ្នាក់ងារទេសចរណ៍
  2. បទប្បញ្ញត្តិនៃការទស្សនាប្រាសាទ និងរម​ណី​យដ្ឋានអង្គរ
  3. ដំណោះស្រាយលើបញ្ហាប្រឈមនានានៅតាមប្រាសាទ
  4. បំប៉នជំនាញ​ភា​សាអង់គ្លេស​​សម្រាប់ប្រើប្រាស់ក្នុងវិជ្ជាជីវៈ។

លោក ឡុង កុសល អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា មានប្រសាសន៍​ក្នុងឱកាសនោះ​​ថា វគ្គ​បណ្តុះ​បណ្តាលជំនាញ​បដិសណ្ឋារកិច្ច គឺពិតជាមានសារសំខាន់ណាស់ សម្រាប់មន្ត្រី និងភ្នាក់ងារ​ទេស​ចរណ៍នៃអាជ្ញាធរជាតិអប្សរា ​ដែលកំពុងបម្រើសេវាកម្មទេសចរណ៍ ដោយ​ត្រូវគិតគូរទាំងគុណ​ភាព​នៃសេវាកម្មទេសចរណ៍ និងគិតគូរពីផលប៉ះពាល់នៃភ្ញៀវទេសចរដែល​មកលើប្រាសាទ​បុរា​ណ​។​ «យើងត្រូវតែសិក្សាបន្ថែមសមត្ថភាពរបស់យើង ក្នុងន័យធ្វើយ៉ាងណាឱ្យភ្ញៀវទេសចរដែល​មក​ទស្ស​នាអង្គរ អាចទទួលបានបទពិសោធន៍ដ៏ល្អបំផុត ហើយផ្តល់ផលប៉ះពាល់ដ៏តិច​បំផុតដល់​តំ​បន់​រមណីយ​ដ្ឋាន​អង្គរ»។

លោក ឡុង កុសល​ មានប្រសាសន៍បន្ថែមទៀតថា អាជ្ញាធរជាតិអប្សរាតែងយកចិត្ត​ទុកដាក់​ចំពោះ​ការបណ្តុះបណ្តាលធនធានមនុស្សជាច្រើនជំនាញដល់មន្ត្រី បុគ្គលិកដើម្បីអភិវឌ្ឍន៍​សមត្ថ​ភាព និង​ចំណេះដឹង៕

អត្ថបទ៖ កញ្ញា ឆាយ ផាន់នី
រូបភាព៖ លោក ហ៊ុំ រិទ្ធី/ លោក ហាប់ គឹមឣាន

អត្ថបទទាក់ទង