ខ្មែរប៉ុស្ដិ៍ Close

    AFF U23 បើកការប្រកួតនៅល្ងាចនេះ ខណៈកម្ពុជា ប៉ះប្រ៊ុយណេ ម៉ោង ៧យប់ នៅពហុកីឡដ្ឋានជាតិមរតកតេជោ

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ កីឡា - សុខភាព 1986
    AFF U23 បើកការប្រកួតនៅល្ងាចនេះ ខណៈកម្ពុជា ប៉ះប្រ៊ុយណេ ម៉ោង ៧យប់ នៅពហុកីឡដ្ឋានជាតិមរតកតេជោAFF U23 បើកការប្រកួតនៅល្ងាចនេះ ខណៈកម្ពុជា ប៉ះប្រ៊ុយណេ ម៉ោង ៧យប់ នៅពហុកីឡដ្ឋានជាតិមរតកតេជោ

    ការប្រកួតបាល់ទាត់ជើងឯកអាស៊ីអាគ្នេយ៍យុវជនអាយុក្រោម ២៣ឆ្នាំ AFF U23 Championship 2022 នឹងចាប់ផ្ដើមការប្រកួតនៅថ្ងៃទី១៤ ខែកុម្ភៈនេះហើយ ត្រូវនឹងថ្ងៃទិវានៃក្តីស្រឡាញ់ផងដែរ ដោយមាន ២គូ ត្រូវប្រកួតនៅពហុកីឡដ្ឋានជាតិមរតកតេជោ ខណៈក្រុមម្ចាស់ផ្ទះកម្ពុជា នឹងត្រូវជួបក្រុម U23 ប្រ៊ុយណេមុនគេ ក្នុងពូលនៃយុទ្ធនាការនេះ។

    សម្រាប់ ២ប្រកួតដែលត្រូវបើកទំព័រព្រឹត្តិការណ៍ថ្នាក់តំបន់ ដែលរៀបចំនៅរាជធានីភ្នំពេញក្នុងបរិបទកូវីដ-១៩ គឺទីម័រខាងកើត ត្រូវបើកប្រកួតឆាកជាមួយហ្វីលីពីននាវេលាម៉ោង ៤ល្ងាច ហើយក្រោយបញ្ចប់ការប្រកួតនេះ ទើបឈានដល់ជំនួបរវាងក្រុមគោព្រៃជំទង់កម្ពុជា និងប្រ៊ុយណេ ដែលនឹងចាប់ផ្ដើមការប្រកួតនាម៉ោង ៧យប់។

    អ្នកគាំទ្រជាច្រើន កំពុងចាប់អារម្មណ៍ជុំវិញព្រឹត្តិការណ៍នេះ ពិសេសការប្រកួតរបស់ក្រុមជម្រើសជាតិ U23 កម្ពុជា ដ្បិតជាច្រើនឆ្នាំមកហើយ ដែលពួកគេខកខានឃើញសកម្មភាពរបស់ក្រុមជម្រើសជាតិកម្ពុជាក្នុងស្រុក បន្ទាប់ពីជំងឺរាតត្បាតជាសកលកូវីដ-១៩ ដែលនាំឲ្យសំបុត្រចូលទស្សនាយុទ្ធនាការនេះលក់ដាច់គួរឲ្យកត់សម្គាល់។

    យ៉ាងណាក្ដីមុនការប្រកួតចាប់ផ្ដើម គេឃើញលោក Keisuke Honda អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា បានបង្ហោះសារមួយដោយលោក និងកីឡាករ សង្ឃឹមថា នឹងមានការគាំទ្រច្រើនចូលរួមទស្សនាការប្រកួតដ៏សំខាន់ខាងលើ ទោះបីលោកដឹងថា ស្ថានភាពបច្ចុប្បន្នមិនមែនជារឿងងាយស្រួល តែកីឡាករលោក និងលោក ពិតជាត្រូវការអ្នកគាំទ្រ។

    គួរដឹងថា នេះគឺជាព្រឹត្តិការណ៍ប្រកួតកីឡាផ្លូវការ និងជាព្រឹត្តិការណ៍អន្ដរជាតិលើកដំបូង ដែលរៀបចំឡើង នៅវិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិមរតកតេជោ ជាសមិទ្ធផលប្រវត្តិសាស្ដ្រដ៏អស្ចារ្យរបស់កម្ពុជា ដែលទើបបញ្ចប់ការសាងសង់កាលពីខែសីហា និងសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវការកាលពីចុងខែធ្នូ ឆ្នាំ២០២១ ក្រោមអធិបតីតភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។

    វិមានកីឡដ្ឋាន ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលចិន និងប្រជាជនចិននេះ គឺជាសំណង់ស្ដង់ដារ និងធំអស្ចារ្យមួយនៅអាស៊ី ដែលកំពុងបង្ហាញពីសក្ដានុពលជាតិ និងវិស័យកីឡាជាតិ ទៅលើឆាកអន្ដរជាតិ ហើយមានប្រជាជនបណ្ដាប្រទេសអាស៊ានជាច្រើន បានចាប់អារម្មណ៍ និងកោតសរសើរ ចំពោះសមិទ្ធផលដ៏មហិមារបស់កម្ពុជា ដែលកំពុងត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទព្រឹត្តិការណ៍ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នេះផងដែរ។

    ក្រឡេកទៅចាប់អារម្មណ៍យុទ្ធនាការប្រកួត AFF U23 Championship 2022 នៅកម្ពុជាវិញ គឺចាប់ផ្ដើមការប្រកួតពីថ្ងៃទី១៤-២៦ ខែកុម្ភៈ ឆ្នាំ២០២២ ដោយប្រើប្រាស់ទីលានប្រកួត ២ គឺពហុកីឡដ្ឋានជាតិមរតកតេជោ និងកីឡដ្ឋានព្រីនស៍។ យុទ្ធនាការនេះ ក្រុមគោព្រៃជំទង់កម្ពុជា ស្ថិតក្នុងពូល A ជាមួយហ្វីលីពីន ទីម័រខាងកើត និងប្រ៊ុយណេ ខណៈពូល B នៅសល់ ៣ក្រុមប៉ុណ្ណោះ ក្រោយឥណ្ឌូណេស៊ីដកខ្លួន រួមមានម៉ាឡេស៊ី មីយ៉ាន់ម៉ា និងឡាវ។ រីឯពូល C មានថៃ វៀតណាម និងសិង្ហបុរី៕ Fresh News Plus

    អត្ថបទទាក់ទង