ខ្មែរប៉ុស្ដិ៍ Close

The Diplomat ៖ តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក មិនគួរទាក់ទាញការយកចិត្តទុកដាក់ទាំងស្រុងពីសហរដ្ឋអាមេរិកឡើយ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី២១ ខែកុម្ភៈ ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 1090
The Diplomat ៖ តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក មិនគួរទាក់ទាញការយកចិត្តទុកដាក់ទាំងស្រុងពីសហរដ្ឋអាមេរិកឡើយលោក ម៉ៅ សេទុង (ឆ្វេង) និងលោក រីឆាដ និចសុន

នៅថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ១៩៧២ ប្រធានាធិបតីអាមេរិក រីឆាដ និចសុន បានចាប់ផ្តើមដំណើរទស្សនកិច្ចជាសម្ងាត់ទៅកាន់ទីក្រុងប៉េកាំង ដោយបានបិទបញ្ចប់រយៈពេល ២៥ ឆ្នាំនៃការមិនមានទំនាក់ទំនងបើកចំហវាងសហរដ្ឋអាមេរិក និងចិន។

នៅសប្តាហ៍ក្រោយ គឺជាខួបលើកទី៥០ នៃដំណើរទស្សនកិច្ចនេះ ហើយការឆ្លុះបញ្ចាំងអំពីសារៈសំខាន់នៃព្រឹត្តិការណ៍នេះ គឺមានលក្ខណៈកាន់តែច្បាស់លាស់នៅក្នុងពេលបច្ចុប្បន្ននេះ។ មនុស្សមួយចំនួនបានលើកឡើងថា «មេរៀនដែលទទួលបានពីឆ្នាំ១៩៧២ គឺថា សមរភូមិប្រយុទ្ធដ៏ធំផ្នែកភូមិសាស្ត្រនយោបាយនឹងជួបប្រទះនឹងការលំបាក ប្រសិនបើមានការ ប្រយុទ្ធ ២ ក្នុងពេលតែមួយ»។

តាមរយៈការធ្វើជាមិត្តជាមួយចិន សហរដ្ឋអាមេរិកបានដកទីក្រុងប៉េកាំងចេញពីបញ្ជីគូប្រជែងរបស់ខ្លួន និងថែមទាំងបានពង្រីកការបែកបាក់គ្នារវាងចិន និងសូវៀតទៀតផង។ ទីក្រុងវ៉ាស៊ីនតោនចង់បំបែកបំបាក់ចិន និងសូវៀតដើម្បីអាចឱ្យអាមេរិកដកខ្លួនចេញពីសង្រ្គាមវៀតណាម និងសមរភូមិជម្លោះផ្សេងៗទៀតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដូចជាសង្រ្គាមស៊ីវិលនៅកម្ពុជាជាដើម។

តើ​សហរដ្ឋ​អាមេរិក​បាន​ធ្វើ​អន្តរាគមន៍​នៅ​ទីកន្លែងណាទៀតនៅ​ក្រោយ​ឆ្នាំ ១៩៧២? ចម្លើយគឺ «នៅមជ្ឈិមបូព៌ា, តំបន់ Caribbean និងនៅតំបន់ Balkans នៅចុងទសវត្សរ៍ឆ្នាំ ១៩៩០» ហើយមិនមានការអន្តរាគមន៍នៅតំបន់អាស៊ីទេ។

មនុស្សមួយចំនួនអាចលើកឡើងថា «វាជាកំហុសមួយសម្រាប់សហរដ្ឋអាមេរិកក្នុងការចាកចេញពីតំបន់អាស៊ីអាគ្នេយ៍ក្នុងទសវត្សរ៍ឆ្នាំ១៩៧០ ដែលជារយៈពេលមួយដែលត្រូវបានគេចាត់ទុកជាឆ្នាំនៃការព្រងើយ កន្តើយ ហើយផែនការ របស់ប្រធានាធិបតី បារ៉ាក់ អូបាម៉ា ក្នុងការងាកឆ្ពោះមករក តំបន់អាស៊ីនៅដើមទសវត្សរ៍ឆ្នាំ ២០១០ ត្រូវបានគេចាត់ទុកជាការកែតម្រូវចំពោះកំហុសនេះ»។

កាលពីខែមុន ប្រមុខកងទ័ពជើងទឹកអាល្លឺម៉ង់ លោក Kay-Achim Schönbach បានលាលែងពីតំណែង បន្ទាប់ពីមានការរាយការណ៍ថា «លោកបានធ្វើការបញ្ចេញមតិដ៏គួរឱ្យចាប់អារម្មណ៍មួយចំនួន អំពីលោក វ៉្លាឌើមៀរ ពូទីន» ដោយក្នុងនោះលោក​ត្រូវ​បានគេ​រាយការណ៍ថា​ បាននិយាយថា «​ក្នុងនាមជា​ប្រទេស​ដ៏​ធំ​ បើទោះបី​មិន​មែន​ជា​ប្រទេសប្រជាធិបតេយ្យ​ក៏ដោយ ភាពជា​ដៃគូ​ទ្វេភាគី អាចនឹងធ្វើ​ឱ្យ​រុស្ស៊ីស្ថិត​នៅ​ឆ្ងាយ​ពី​ប្រទេស​ចិន​»។

ទស្សន: «Reverse Nixon» ដែលសំដៅលើគំនិតដែលលោកខាងលិចគួរតែបង្កើតមិត្តជាមួយរុស្ស៊ីដើម្បីធ្វើឱ្យទំនាក់ទំនងរវាងរុស្ស៊ីនិងចិនចុះខ្សោយ គឺជាទ្រឹស្ដីដែលពេញនិយមក្នុងចំណោមអ្នកយុទ្ធសាស្ត្រហើយវាក៏ជាគោលនយោបាយដែលលោក អូបាម៉ា បានអនុវត្តមួយរយៈពេលខ្លី​ផងដែរ នៅក្នុងអំឡុង​ពេលដែលលោក​កាន់​តំណែង​ជា​ប្រធានាធិបតី។

បើទោះ​បី​ជានៅពេលដែលមានលទ្ធភាពកាន់តែខ្ពស់ ដែលរុស្ស៊ីអាចនឹងធ្វើ​ការ​ឈ្លានពាន​លើប្រទេស​អ៊ុយក្រែន​ក៏​ដោយ ក៏​ទ្រឹស្តីនេះនៅតែទទួលបានការចាប់អារម្មណ៍ខ្លាំង។ អ្នកជំនាញផ្នែកកិច្ចការតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកមួយចំនួន (Indo-Pac’ers) យល់ថា «ការដកថយរបស់សហរដ្ឋអាមេរិកចេញពីផ្នែកផ្សេងទៀតនៃពិភពលោក គួរតែទទួលបានការគាំទ្រ ប្រសិនបើវាមានជាប់ពាក់ព័ន្ធនឹងការបន្តផ្តោតកាន់តែខ្លាំងមកលើតំបន់អាស៊ី»។

ឧទាហរណ៍ជាច្រើនបានគាំទ្រនូវអំណះអំណាងនេះ។ ក៏ប៉ុន្តែយើងនឹងលើកយកអត្ថបទរបស់លោក Elbridge Colby និងលោកស្រី Oriana Skylar Mastro ដែលបានចុះផ្សាយនៅក្នុងកាសែត «Wall Street Journal» នៅសប្តាហ៍នេះ ដែលមានចំណងជើងថា «បញ្ហាអ៊ុយក្រែនបានបង្វែរការចាប់អារម្មណ៍ចេញពីបញ្ហាតៃវ៉ាន់» «Ukraine Is a Distraction From Taiwan»។

មនុស្សមួយចំនួនបានលើកឡើង​ថា «សហរដ្ឋ​អាមេរិកមិន​មាន​លទ្ធភាពក្នុង​ការ​ដាក់ពង្រាយ​យោធា​របស់​ខ្លួននៅ​ជុំវិញ​ពិភពលោក​​បន្តទៀតនោះទេ» ដែលនេះក៏ដោយសារ «ចិនមានលក្ខណៈកាន់តែឈ្លានពានខ្លាំង»។ ទាហានអាមេរិកចំនួន ៦០០០ នាក់បន្ថែម ទៀតត្រូវបានបញ្ជូនទៅកាន់តំបន់អឺរ៉ុបខាងកើតនៅក្នុងខែនេះ ហើយពួកគេបាននិយាយថា «វាគឺជាកងកម្លាំងដែលត្រូវការជាចាំបាច់ដើម្បីការពារតៃវ៉ាន់»។

មនុស្សមួយចំនួនបានសន្និដ្ឋានថា «សហរដ្ឋអាមេរិកគ្មានសង្ឃឹមនៅក្នុងការប្រកួតប្រជែងជាមួយចិនឡើយ និងមិនអាចធានាបាននូវការការពារតៃវ៉ាន់ទេ ប្រសិនបើវារងនូវការរំខាននៅកន្លែងផ្សេងទៀត»។ វាគឺជាការបំភាន់ដែលគិតថា «សហរដ្ឋអាមេរិកអាចធ្វើរឿងទាំងនេះបាន»។

ជាការពិតណាស់ លោក Colby និងលោកស្រី Mastro បានលើកឡើងថា «ជនជាតិអឺរ៉ុបគួរតែអាចការពារទ្វីបរបស់ពួកគេបានដោយខ្លួនឯងប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី» ក៏ប៉ុន្តែពួកគេបែរជាមិនអាចធ្វើបានទៅវិញ។ អ្នកជំនាញផ្នែកកិច្ចការតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកបានអះអាងថា «សហរដ្ឋអាមេរិកនៅពេលបច្ចុប្បន្ននេះ ត្រូវតែដកថយពីអឺរ៉ុប និងមជ្ឈិមបូព៌ា (វាគឺជាដំណើរការមួយ ដែលបានចាប់ផ្ដើមហើយ) ហើយអាមេរិកគួរតែងាកមកផ្តោតលើតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកទាំងស្រុង ខណៈដែលការបង្កើតឱ្យមានសន្តិភាពជាមួយលោក វ៉្លាឌើមៀរ ពូទីន គឺជាមធ្យោបាយមួយ ដែលអាចជួយឱ្យអាមេរិកសម្រេចកិច្ចការនេះបាន»។

លោក Colby និងលោកស្រី Mastro បានសង្ខេបមតិរបស់មនុស្សជាច្រើន ដោយពួកគេបានសរសេរថា «ការរារាំងប្រទេសចិនពីការគ្រប់គ្រងតំបន់អាស៊ីគឺមានសារៈសំខាន់ជាងអ្វីដែលបាននិងកំពុងកើតឡើងនៅអឺរ៉ុប។ បើនិយាយដោយត្រង់ តៃវ៉ាន់មានសារៈសំខាន់ខ្លាំងជាងអ៊ុយក្រែន»។

ផលប្រយោជន៍របស់លោកខាងលិចនឹងរងនូវផលប៉ះពាល់ ប្រសិនបើលោក វ៉្លាឌើមៀរ ពូទីន បញ្ជាឱ្យក្បួនទ័ពរបស់លោកសម្រុកចូលអ៊ុយក្រែនដោយមិនមានការប្រឆាំងពីអាមេរិក ហើយ «តើ​វានឹងផ្ញើសារ​អ្វី​ខ្លះទៅ​កាន់លោក ស៊ី ជីនពីង»?

ចម្លើយដែលមិនសូវច្បាស់នោះគឺ «ការជជែកដេញដោលភាគច្រើនបានផ្តោតលើរបៀបដែលមនុស្សស្រមៃមើលអំពីការវាយប្រហាររបស់ចិនទៅលើតៃវ៉ាន់»។ ប្រសិនបើវាជាការវាយប្រហារដោយផ្ទាល់ដោយចិន
ដោយប្រើកងទ័ពចិន និងនាវាកងទ័ពជើងទឹករបស់ចិន នោះអ្វីដែលលោក Colby និងលោកស្រី Mastro បានលើកឡើង ពិតជារឿងត្រឹមត្រូវ ហើយសហរដ្ឋអាមេរិកនឹងត្រូវការធនធានទាំងអស់របស់ខ្លួនដើម្បីងាកមកផ្តោតលើព្រឹត្តិការណ៍នោះ។

បន្ទាប់មកទៀត បើទោះបីជាសហរដ្ឋអាមេរិកផ្តោតតែទៅលើបញ្ហាតៃវ៉ាន់ ដោយមិនអើពើនឹងបញ្ហាភូមិសាស្ត្រនយោបាយផ្សេងទៀតក៏ដោយ ក៏អាមេរិកនឹងនៅតែមិនអាចមានសមត្ថភាពគ្រប់គ្រាន់ផ្នែកយោធា ក្នុងការទប់ស្កាត់ការឈ្លានពានទាំងស្រុងរបស់ចិនដែរ។ គេក៏គួរពិចារណាផងដែរ អំពីភាពមិនអាចទៅរួចដែលអាមេរិកនឹងចេញមកប្រយុទ្ធជាមួយនឹងចិន លុះត្រាតែទាហានអាមេរិកណាម្នាក់បានរងរបួសដោយសារកងកម្លាំងរបស់ចិន។

គេមិនច្បាស់ទេថា «តើសាធារណជនអាមេរិកនឹងគាំទ្រការផ្តល់ការការពារផ្នែកយោធាដល់តៃវ៉ាន់ដែរឬទេ ប្រសិនបើចិនមិនបានបើកការឈ្លានពានដោយផ្ទាល់មុនមកលើសហរដ្ឋអាមេរិក»។ ទោះជាយ៉ាងណាក៏ដោយ ការវាយប្រហារដោយផ្ទាល់ ដោយចិនមកលើតៃវ៉ាន់ គឺជារឿងដែលមិនទាន់ប្រាកដប្រជានៅឡើយនោះទេ។

វាអាចទៅរួចជាង ដែលទីក្រុងប៉េកាំងនឹងព្យាយាមបង្កការរារាំង និងការរំខានដល់កងទ័ពជើងទឹករបស់តៃវ៉ាន់ បូករួមនឹងការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតដ៏ស្មុគស្មាញលើតៃវ៉ាន់ និងស្ថាប័នរបស់លោកខាងលិចដែលអាចរួមមានទាំងការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតលើប្រព័ន្ធហិរញ្ញវត្ថុរបស់សហរដ្ឋអាមេរិក។

ប្រសិនបើរឿងនេះពិតជានឹងកើតឡើងមែន នោះវាគឺជារឿងដ៏សមហេតុផលបំផុតសម្រាប់អាមេរិក ក្នុងការដកទ័ពរបស់ខ្លួនចេញពីអឺរ៉ុប, អាមេរិកឡាទីននិងមជ្ឈិមបូព៌ាដើម្បីងាកមកផ្តោតទាំងស្រុងលើតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។

ប្រសិនបើចិនព្យាយាមឡោមព័ទ្ធកោះតៃវ៉ាន់ តើវានឹងមានអ្វីកើតឡើងលើនាវាកងទ័ពជើងទឹកអាមេរិកទាំងអស់ដែលកំពុងឈរជើងនៅជិតកោះនេះ ហើយប្រសិនបើកងទ័ពអាមេរិករាប់ម៉ឺននាក់ដែលកំពុងឈរជើងនៅអឺរ៉ុបឥឡូវនេះ ត្រូវបានផ្លាស់ប្តូរទីតាំងទៅកាន់មូលដ្ឋាននៅក្នុងតំបន់អាស៊ីវិញ តើពួកគេអាចធ្វើអ្វីបានដើម្បីប្រឆាំងនឹងការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត?

ដំណើរទស្សនកិច្ចរបស់លោក និចសុន ទៅកាន់ទីក្រុងប៉េកាំងកាលពី ៥០ឆ្នាំមុន គឺជាឧទាហរណ៍មួយទៀតស្តីអំពីច្បាប់ប្រវត្តិសាស្រ្តដែលនិយាយអំពីផលវិបាកដែលមិនបានគ្រោងទុក។ តាមការសន្និដ្ឋាន «ប្រទេសចិនគឺជាអ្នកទទួលផលដ៏ធំបំផុតនៃសណ្តាប់ធ្នាប់អន្តរជាតិសេរី ដែលចិនបានទទួលការស្វាគមន៍ឱ្យចូលរួមនៅក្រោយឆ្នាំ ១៩៧២»។

សព្វថ្ងៃនេះ ប្រទេសចិនបានក្លាយជាការគំរាមកំហែងដ៏ធំបំផុតចំពោះសណ្តាប់ធ្នាប់នេះ។ ការគំរាមកំហែងផ្សេងទៀត ដូចជាពីសំណាក់ប្រទេសរុស្ស៊ីរបស់លោក ពូទីន នឹងក្លាយជាកត្តាជំរុញមួយទៀត ហើយអ៊ីរ៉ង់​អាចនឹងដណ្តើម​បាន​ការ​ត្រួតត្រា​នៅតំបន់​មជ្ឈិមបូព៌ា ខណៈដែលទ្វីបអាហ្រ្វិកអាចនឹងធ្លាក់ទៅក្នុងការត្រួតត្រាតាមបែបផ្តាច់ការ ហើយតំបន់អឺរ៉ុបនឹងបន្តក្លាយទៅជា«សារមន្ទីរ» ខណៈដែលប្រទេសជប៉ុននឹងក្លាយទៅជា «មណ្ឌលថែទាំមនុស្សចាស់»។

តើ​វានឹងមានផលប្រយោជន៍អ្វី ប្រសិន​បើ​ពិភព​លោក​ទាំងមូលត្រូវឆេះរោលរាល ​ខណៈ​ពេល​ដែល​សហរដ្ឋ​អាមេរិក​បន្តរង នូវការ​រំខាន​ពី​លទ្ធភាព​ដែលចិនអាចនឹងបើកការ​វាយ​ប្រហារ​លើ​កោះ​តៃវ៉ាន់ ​ដែលតាមពិតវាអាចនឹង​មិនកើត​ឡើងទាល់តែសោះនោះ? David Hutt/The Diplomat