ខ្មែរប៉ុស្ដិ៍ Close

    RT ៖ លោក Vladimir Putin ប្រកាសធ្វើ ប្រតិបត្តិការយោធាពិសេសនៅក្នុងតំបន់ Donbass

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 1379
    RT ៖ លោក Vladimir Putin ប្រកាសធ្វើ ប្រតិបត្តិការយោធាពិសេសនៅក្នុងតំបន់ DonbassRT ៖ លោក Vladimir Putin ប្រកាសធ្វើ ប្រតិបត្តិការយោធាពិសេសនៅក្នុងតំបន់ Donbass

    ប្រធានាធិបតីរុស្ស៊ី Vladimir Putin បានប្រកាសថា «លោកបានបញ្ជាឱ្យកងកម្លាំងយោធារបស់លោក ធ្វើប្រតិបត្តិការ យោធាពិសេសមួយ នៅក្នុងតំបន់ Donbass បន្ទាប់ពីមេដឹកនាំនៃសាធារណរដ្ឋដែលបានបំបែកខ្លួនបានស្នើសុំឱ្យទីក្រុងម៉ូស្គូផ្តល់ជំនួយផ្នែកយោធាដើម្បីឆ្លើយ តបទៅនឹងការឈ្លានពានរបស់ប្រទេសអ៊ុយក្រែន»។

    លោក Putin បាននិយាយថា «សាធារណរដ្ឋប្រជាមានិត Donbass បានងាកមករករុស្ស៊ីជាមួយនឹងសំណើសុំជំនួយ។ ក្នុងន័យនេះ ដោយអនុលោមតាម មាត្រា ៥១ ផ្នែកទី ៧ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ
    ដោយមានការដាក់ទណ្ឌកម្មពីក្រុមប្រឹក្សាសហព័ន្ធ និងក្នុងការអនុវត្តតាមសន្ធិសញ្ញាមិត្តភាពដែលបានផ្តល់សច្ចាប័នដោយសភាសហព័ន្ធ និងការផ្តល់ជំនួយទៅវិញទៅមកជាមួយសាធារណរដ្ឋប្រជាមានិត Donetsk និង Lugansk ខ្ញុំបានសម្រេចចិត្តបើកប្រតិបត្តិការយោធាពិសេសមួយ»។

    លោក Putin បានថ្លែងបន្តថា «យើងមិនមានគម្រោងកាន់កាប់ទឹកដីអ៊ុយក្រែនទេ» ហើយនៅក្នុងអំឡុងពេលថ្លែងសុន្ទរកថារបស់លោក ការផ្ទុះជាបន្តបន្ទាប់ត្រូវបានរាយការណ៍នៅក្នុងទីក្រុងនានានៅទូទាំងប្រទេសអ៊ុយក្រែន ដោយក្នុងនោះ CNN ក៏បានរាយការណ៍អំពីការផ្ទុះនៅក្នុងរដ្ឋធានី Kiev ផងដែរ។

    រហូតមកដល់ពេលនេះ រុស្ស៊ីបានបន្តបដិសេធផែនការបើកការវាយប្រហារលើអ៊ុយក្រែន ហើយសកម្មភាពរបស់ខ្លួន នៅក្នុងតំបន់ Donbass គឺជាបេសកម្មថែរក្សាសន្តិភាព។

    សហរដ្ឋអាមេរិក និងបណ្តាដៃគូអឺរ៉ុប បានដាក់ទណ្ឌកម្មរួចហើយលើស្ថាប័នហិរញ្ញវត្ថុ, មន្ត្រី និងសមាជិកសភារុស្ស៊ី បន្ទាប់ពីរុស្ស៊ីបានប្រកាសទទួលស្គាល់រដ្ឋផ្តាច់ខ្លួន ហើយបណ្តាប្រទេសទាំង នោះបានប្តេជ្ញាថានឹងបន្តដាក់ទណ្ឌកម្មបន្ថែមទៀត ប្រសិនបើទីក្រុងម៉ូស្គូបង្កើនការឈ្លានពានអ៊ុយក្រែន។

    ប្រធានាធិបតីអាមេរិក Joe Biden បាននិយាយបន្ទាប់ពីការប្រកាសអំពី «ប្រតិបត្តិការយោធា ប្រឆាំងនឹងអ៊ុយក្រែន» ថា «ប្រទេសរុស្ស៊ីបាន ប្រកាសសង្រ្គាមដូច ដែលពួកគេបានគ្រោងទុកដែលនឹងបង្កជាមហន្តរាយដ៏ធ្ងន់ធ្ងរបំផុត បូករួមទាំងការបាត់បង់អាយុជីវិតរបស់មនុស្ស»។

    នៅក្នុងសេចក្តីថ្លែងការណ៍មួយដែល បានចេញផ្សាយកាលពីល្ងាចថ្ងៃពុធ លោក Biden បានអំពាវនាវឱ្យពិភពលោករួមគ្នាធ្វើឱ្យរុស្ស៊ីទទួលខុសត្រូវចំពោះ «ការស្លាប់និងការបំផ្លិចបំផ្លាញ» ដែលនឹងកើតឡើងដោយសារសង្គ្រាមនេះ។

    លោក Biden បន្ត​ថា «សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត និងបណ្តាប្រទេសជាដៃគូ នឹងឆ្លើយតបទៅនឹងបញ្ហានេះប្រកបដោយការឯកភាពគ្នា ហើយរុស្ស៊ីត្រូវតែទទួលខុសត្រូវចំពោះមុខពិភពលោក​ទាំងមូល»។

    មន្ត្រីសេតវិមានម្នាក់ បានឱ្យដឹងថា «នៅ រសៀលថ្ងៃព្រហស្បតិ៍នេះ លោក Biden នឹងបន្តប្រកាសអំពីវិធានការបន្ថែមទៀត ដែលសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត និង បណ្តាប្រទេសជាដៃគូ នឹងដាក់លើប្រទេសរុស្ស៊ីសម្រាប់ការវាយប្រហារដោយមិន ញញើតលើប្រទេសអ៊ុយក្រែន»៕ RT

    អត្ថបទទាក់ទង