ខ្មែរប៉ុស្ដិ៍ Close

ប្រវត្តិឈ្មោះភូមិ៖ «ព្រះដាក់» ឬ «ប្រដាក»?

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអាទិត្យ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២២ វប្បធម៌ & ប្រវត្តិសាស្រ្ដ 764
ប្រវត្តិឈ្មោះភូមិ៖ «ព្រះដាក់» ឬ «ប្រដាក»? ប្រវត្តិឈ្មោះភូមិ៖ «ព្រះដាក់» ឬ «ប្រដាក»?

«ព្រះដាក់»​ បច្ចុប្បន្ន​ ជាឈ្មោះ​​ភូមិ​​និង​ឃុំ​មួយ ឋិត​នៅក្នុងទឹកដី​​ខេត្ត​សៀម​រាប​។ កន្លែងសហគមន៍​នេះ ​ល្បីតៗគ្នា ថាមាន​នំបញ្ចុកឆ្ងាញ់។ អ្នក​ស្រុក​​និយាយ​សំនៀង​រដឺន យ៉ាងពីរោះ​រណ្តំ​ គួរឲ្យ​ចាប់ចិត្ត​ចង់​ស្តាប់​។​

ឈ្មោះតាម​រឿងប្រឌិតព្រេងនិទាន

មនុស្ស​ខ្មែរជាន់​ថ្មី មួយចំនួន​​ ​និទាន​​រឿង​​ ពីយូរលុងមក ​ថាមាន​គេ​សែង​ ស្តេច«​ព្រះ»​មួយ​អង្គ ដែល​ប្រឈួន​ធ្ងន់ ​មកដល់កន្លែងហ្នឹង អ្នក​សែង​ក៏«​ដាក់»​ទ្រង់​ចុះ ដ្បិត​ព្រះរោគា​​ដុនដាប់​​ខ្លាំង​។ ស្តេច​ព្រះអង្គនេះ​​សុគត​នៅ​ទីនោះ ហើយ​អ្នក​ភូមិ​ក៏​រៀប​ចំ​កិច្ចពិធីបូជា នៅ​ប្រាសាទមេបុណ្យ​ ដែល​មិន​ឆ្ងាយ​ប៉ុន្មាន​។ ទើប​គេហៅ​ទីនេះ ថា «ព្រះ​ដាក់»។

ស្រដៀងគ្នា​នេះដែរ ក្មេង​ជាន់ថ្មី​ខ្លះទៀត ពោល​ថា ​ធ្លាប់​​ឮ​គេ​និយាយ​តគ្នា ថា ​​តាម្នាក់​ ជាចោរ​ ​លួច​កាត់​ដៃ​រូបសំណាក់​​បដិមាពី​តំបន់​អង្គរ​ ហើយ​មកដល់​កន្លែង​នេះ ក៏​យកទៅ​មុខទៀត​លែង​រួច ​ទំនង​ជាអំណាច​​ស័ក្តិសិទ្ធ​ណាមួយ​មក​សណ្ឋិត​ ឲ្យ​ដៃបដិមានោះធ្ងន់​ ​ទើប​តា​ចោរក៏​​​ដាក់​ចុះ​ត្រង់​ហ្នឹងតែម្តង​។ ដូចនេះហើយ ទើប​គេ​ហៅថា «ព្រះដាក់» ជាប់​រហូត​ទៅ។

​រឿង​ដំណាល​មួយបែប​ទៀត បាន​ជ្រាប​ដល់​ត្រចៀក របស់​ចៅហ្វាយស្រុកវ័យក្មេង។ អភិបាល​ស្រុក​បន្ទាយ​ស្រី លោក ឃឹម ហ្វីណង់ រៀបរាប់ឡើងវិញ ថាភូមិ​«ព្រះដាក់» យក​តាម​វត្ត​មួយ​ឈ្មោះ «ព្រះដាក់»​។

រឿង​​​ដំណាលទាំង​​នេះ គឺ​គ្រាន់តែ​ជាព្រេង​​និទាន ដែល​មនុស្ស​ប្រឌិតឡើង ប៉ុន្មាន​ទសវត្សរ៍​ចុង​ក្រោយ​នេះតែប៉ុណ្ណោះ ប៉ុន្តែ​​វា​​មិន​ឆ្លុះ​បញ្ចាំង​ពី​ទិដ្ឋភាពប្រវត្តិសាស្ត្រ​​ និងភាសាសាស្ត្រ​ ពិត​នោះឡើយ។​ ​ចៅហ្វាយ​ស្រុក ឃឹម ហ្វីណង់ ​រំឮក​​ត្រួសៗ​ពី​ដំណើរ​ដើមទងនៃការ​ដាក់​ឈ្មោះថា «ព្រះដាក់» ដែលទើប​នឹង​ដាក់​ ក្រោយ​សម័យ​ខ្មែរក្រហម តែប៉ុណ្ណោះ​។

ឈ្មោះបុរាណពីដើម គឺ «ប្រដាក»

ចៅហ្វាយ​ស្រុក ឃឹម ហ្វីណង់ និង អ្នក​នាំពាក្យ​អាជ្ញាធរជាតិ​​អប្សរា​ លោក​ ឡុង កុសល ​​សុទ្ធតែ​ជ្រាប​ដូចគ្នា​ថា ឈ្មោះ​ភូមិនេះ​ពិត​ដែល​មាន​ពីបុរាណ គឺ «ប្រដាក» ​មិនមែន «ព្រះដាក់» ឡើយ។​

​ ចំពោះ​អ្ន​កស្រាវជ្រាវ​បុរាណ​វិទ្យា ភាសាវិទ្យា​ និងសិលាចារឹក គឺ​ឫសគល់​នៃ​ពាក្យ «ប្រដាក​» ​​អាច​មាន​ដំណើរ​វែង​ឆ្ងាយ​ជាងនេះ ។ ពោល​គឺជាពាក្យ​ខ្មែរ​បុរាណ មានចារលើថ្ម​​ផង​។​ ​​​គ្រូបង្រៀនផ្នែក​​សិលាចារឹក នៅ​សកល័យ​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ លោកគ្រូ ហ៊ុន ឈុន​តេង ​អះអាងថា ពាក្យ «ប្រដាក» ឬ «បដាក» គ្មានទាក់ទង​អ្វី​នឹង «ព្រះដាក់» ដែល​គេ​សរសេរ​សព្វថ្ងៃ​នេះទេ​ ​ដោយសារតែ​​ ភូមិសាស្ត្រ​ ​របស់​សហគម​«ប្រដាក»​ ឋិត​ក្នុង​ទីតាំងអតីត​បារាយណ៍​របស់​អតីត​ព្រះមហាក្សត្រ​សម័យ​អង្គរ។​

«ប្រដាក» សំដៅដល់ «បារាយណ៍ទឹក»

លោក ហ៊ុន ឈុនតេង ជាគ្រូបង្រៀន​ភាសាវិទ្យា និងជាអ្នកមាន​ជំនក់ចិត្ត​​ស្រាវជ្រាវសិលាចារឹក ​ពន្យល់ថា «ប្រដាក» គឺជា​ពាក្យ​សំដៅដល់ បារាយណ៍របស់​ព្រះបាទ​យសោវរ្ម័ន​ទី១ ដែល​ឈ្មោះថា «យសោធរតដាក»។ « តដាក » ជាភាសា​សំស្រ្កឹត មាន​ន័យថា «ស្រះទឹក» ឬខ្មែរហៅបារាយណ៍ ។​ ហេតុផល​របស់​លោក​ ហ៊ុន ឈុនតេង ​សំអាង​លើ​អក្សរថ្ម ខ្មែរ​បុរាណ​ ដែល​មាន​ចារ​ស្រេច​ស្រាប់​​ នៅប្រាសាទ​លាក់​នាង ក្បែរប្រាសាទ«ប្រេរូប»/«ប្រែរូប»/«ព្រះរូប»។ នោះគឺ​​សិលាចារឹក K.265 មហាសករាជ៨៨១​ ត្រូវ​នឹង​ឆ្នាំ​៩៥៩ នៃគ្រិស្កសរាជ គឺពាក់កណ្តាល​សតវត្សរ៍​ទី​១០។​ សិលាចារឹកនេះ នៅ​ខ្វោងទ្វារ​ប្រាសាទ​លាក់​នាងតែម្តង​។ ​

ស្របគ្នានឹងយោបល់​របស់​លោក​ ហ៊ុន ឈុនតេង ដែរ​ អ្នក​បង្រៀន​ភាសាវិទ្យាមួយរូបទៀត លោកគ្រូ វ៉ាន់ វី គឺសុទ្ធ​តែ​មូលមាត់​ថា បើតាម​ទ្រឹស្តីភាសាវិទ្យា «ត» មិនអាច​នឹង​ចេញសូរ​សំឡេង​ជា «ប» ឬ «ប្រ» បាន​ឡើយ ហើយ​«តដាក» លំបាក​នឹង​អាច​វិវត្តទៅ «បដាក« ឬ «ប្រដាក» ត្រង់តែម្តង​ដូច្នោះ​ទេ។ ហេតុនេះ «ប្រដាក» គួរតែ​ក្លាយមកពីពាក្យ​ «ព្រះ​តដាក / វ្រះតដាក»​។​

លោក​ វ៉ាន់ វី និង លោក​ ហ៊ុន ឈុនតេង ពន្យល់វែកញែកបន្ថែម​​ ​តាម​លក្ខណៈ​វិវត្ត​នៃភាសាវិទ្យា​ខ្មែរ។វ្រះ ឬ ព្រះ អាចក្លាយមកជា ប្រ ឬ ព្រ តួយ៉ាង ព្រះលិង្គ ទៅជា ព្រលឹង, ព្រះលាន ទៅជា ព្រលាន ជាដើម។​ ប្រ ឬ ព្រ ​អាច​កាត់សូរ​ខ្លីទៀត ជា ប ឬប៉ ដែរ។ តួយ៉ាង ព្រះពុទ្ធ អ្នក​ខ្លះ​និយាយថា ប្រពុទ្ធ ឬបពុទ្ធ ជាដើម​។

ទោះបី​យ៉ាងណាក្តី ក្នុង​រង្វង​អ្នក​ស្រាវជ្រាវ ទាំងចាស់ទាំងថ្មី​ គេនៅតែ​ប្រកាន់​យល់ឃើញស្រប​គ្នា ថា «ប្រដាក» គឺ​មកពី​ប្រភពពាក្យតែមួយ គឺ «តដាក» ហើយ​មួយ​ទៀត គឺ​ដាក់ពាក្យ​ «ព្រះ» ពីមុខ ទៅជា​ «ព្រះតដាក»។ គេ​អាច​មកពី​សម្មតិកម្ម​​​ពីរ​យ៉ាងដូច​ខាងក្រោម​។

ករណីទី១៖ តដាក > ប្រដាក / ប៉ដាក (ត [t] > ប [p] ? មានទីបន្លឺខុសគ្នា) ។ អ្នកស្រាវជ្រាវយល់ថាមកពី៖ តដាក < /span>យសោធរតដាក (វចនានុក្រម ១៩៦៧, អុក ជួន ១៩៩៣, ព្រាប ចាន់ម៉ារ៉ា ២០១២)។

ករណីទី២៖ ព្រះតដាក > ប្រដាក / ប៉ដាក (ព្រះ [prɛah] > ប្រ [prɘ] ឬ ប៉ [pɘ] គឺអាចទៅរួច​។ មានភូមិមួយនៅបាត់ដំបងឈ្មោះ «ប៉ដាក» នៅក្បែរបឹងប៉ដាក (ជាអតីតបារាយណ៍)។ សូរ ព្រះ [prɛah] > ប្រ [prɘ] ឬ ប៉ [pɘ] គឺដូចករណីពាក្យ ព្រះលាន ទៅជា ព្រលាន និង ព្រះលិង្គ ទៅជា ព្រលឹង ដែរ ដូច​ដែល​បាន​ពន្យល់​មុន​នឹង​បន្តិច​រួច​ហើយ​។

សំណួរ​ចោទ តើបាត់សូរ ត [t] ទៅណា? ​ ការ​បាត់​សូរ «ត» នៅក្នុង «​ព្រះ​តដាក» នៅពេល​ដែល​ក្លាយ​ទៅជា «ប្រដាក» លោក វ៉ាន់ វី លើកឧទាហរណ៍​ពន្យល់​បន្ថែមថា បារាយណ៍​មួយ​ទៀត នៅ​តំបន់​អង្គរ ក៏​ត្រូវ​ពលរដ្ឋ​អ្នកស្រុក និយាយ​ដោយ​បាត់​«ត» ដូចគ្នា​ដែរ។ វាលរាជដាក គឺបារាយណ៍នាគព័ន្ធ ដែលបុរាណហៅថា ជយតដាក (បារាយណ៍របស់ព្រះបាទជ័យវរ្ម័នទី៧)។

អាជ្ញាធរពាក់ព័ន្ធ​កំពុង​គិតថាគួរដូរដាក់ «ប្រដាក» ឬ«បដា» ឬក៏រក្សាទុក« ព្រះដាក់» ដដែល។

​​ជុំវិញ​រឿង​ ឈ្មោះ​ប្រវត្តិភូមិនិងឃុំ​ «ព្រះដាក់» តាម​អក្សររដ្ឋបាល ឬ «ប្រដាក»​ ឬក៏ «បដាក» តាម​មាត់​ហៅ​របស់​អ្នកភូមិស្រុក​ អភិបាល​ស្រុក​បន្ទាយ​ស្រី ​បាន​​​ប្រាប់​វិទ្យុ​បារាំងថ្មីៗនេះ ថា រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ កំពុងតែ​ជជែក​គ្នា​ជាមួយ​អាជ្ញាធរពាក់ព័ន្ធ ពិសេស​អាជ្ញាធរ​អប្សរា​ ដើម្បី​គិតថា តើ​គួរ​ទុក«ព្រះដាក់»​ដូច្នេះហើយ មិន​ចាំបាច់​កែប្រែទេ ដ្បិតថា ពាក្យ​​នេះ គេក៏​បាន​ប្រើ​ជាផ្លូវការ ​ប្រមាណ​ជា៣០-៤០ឆ្នាំមកហើយ​។ ឬមួយ ផ្ទុយទៅវិញ តើ​គេដូរ​​ឈ្មោះ «ព្រះដាក់» ទៅជា «បដាក» ឬ «ប្រដាក» ទើប​សមស្រប​តាម​ដានលំអាន​ចាស់​​បុរាណ​​។​

ករណីរឿង ​«ដូរឬមិនដូរ​» នេះ មន្ត្រីពាក់ព័ន្ធ​​កំពុងតែ​ថ្លឹងថ្លែង​៕​ ហេង ឧត្តម RFI / -សំឡេងឧបករណ៍​​ឯកតន្ត្រី ​ប្រគំដោយ​ :​ ហៀង​ ឈុនហេង​

អត្ថបទទាក់ទង