ខ្មែរប៉ុស្ដិ៍ Close

    Bangkok Post ៖ អាស៊ានឆ្លើយតបទៅនឹងការឈ្លានពានលើប្រទេសអ៊ុយក្រែន

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី១ ខែមីនា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 1439
    Bangkok Post ៖ អាស៊ានឆ្លើយតបទៅនឹងការឈ្លានពានលើប្រទេសអ៊ុយក្រែនBangkok Post ៖ អាស៊ានឆ្លើយតបទៅនឹងការឈ្លានពានលើប្រទេសអ៊ុយក្រែន

    ការឈ្លានពានរបស់ប្រទេសរុស្ស៊ីទៅលើប្រទេសអ៊ុយក្រែន ដែលបានចាប់ផ្តើមនៅថ្ងៃទី២៤ ខែកុម្ភៈ បានផ្តល់ជាមេរៀនដ៏មានតម្លៃដល់បណ្តាប្រទេសនៅក្នុងតំបន់អាស៊ាន ដែលជារឿយៗបានក្លាយទៅជាទីតាំងសមរភូមិភូមិសាស្ត្រ នយោបាយរបស់ប្រទេសមហាអំណាច។

    ចាប់ពីពេលនេះតទៅ មិនថាវិបត្តិនៅប្រទេសអ៊ុយក្រែននឹងបញ្ចប់ទៅដោយរបៀបណានោះទេ វានឹងបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់សន្តិសុខរបស់តំបន់អឺរ៉ុប ហើយអាចនឹងឈានទៅដល់ការកើតមានសណ្តាប់ធ្នាប់ថ្មីមួយដែលអាស៊ានត្រូវតែសម្របខ្លួនតាមឱ្យបានឆាប់រហ័ស។

    «សូមកោតសរសើរដល់ប្រធានអាស៊ាន គឺប្រទេសកម្ពុជាដែលបានផ្តួចផ្តើមដាក់ចេញនូវសេចក្តីថ្លែងការណ៍រួមមួយ នៅពេលដែលប្រទេសរុស្ស៊ីបានបើកការឈ្លានពានលើប្រទេសអ៊ុយក្រែនដោយបើកចំហ»។

    ក្នុងរយៈពេលត្រឹមតែ 36ម៉ោង សេចក្តីព្រាងនៃសេចក្តីថ្លែងការណ៍ដែលមានចំនួន ១៣០ពាក្យ ត្រូវបានត្រួតពិនិត្យនិងកែសម្រួលដោយប្រទេសជាសមាជិកទាំង១០។

    កាលពីខែមុន ពោលគឺនៅថ្ងៃទី២៤ ខែមករា ប្រធានអាស៊ានបានទទួលបរាជ័យក្នុងការព្យាយាមចេញសេចក្តីថ្លែងការណ៍រួមស្តីពីការកើនឡើងនូវភាពតានតឹងនៅតាមបណ្តោយព្រំដែនរុស្ស៊ី-អ៊ុយក្រែន ដោយសារតែកង្វះការឯកភាពគ្នា។ ទោះជាយ៉ាងណាក៏ដោយ កាលពីថ្ងៃសៅរ៍កន្លងទៅនេះ អាស៊ានបានចេញសេចក្តីថ្លែងការណ៍រួមមួយ ដោយបានបង្ហាញនូវជំហរយ៉ាងម៉ឺងម៉ាត់ចំពោះប្រទេសដែលជាដៃគូ យុទ្ធសាស្ត្ររបស់ខ្លួន តាមរយៈការលើក ឡើងថា «អាស៊ានមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះស្ថានភាពវិវឌ្ឍន៍ និងអរិភាពនៅក្នុងប្រទេសអ៊ុយក្រែន»។

    សេចក្តីថ្លែងការណ៍ នេះត្រូវបានចេញផ្សាយ បន្ទាប់ពីទាហានរុស្ស៊ីបានបើកការវាយលុកទៅលើទីក្រុងសំខាន់ៗរបស់អ៊ុយក្រែន។ ប្រទេសរុស្ស៊ីគឺជាដៃគូយុទ្ធសាស្ត្រមួយក្នុងចំណោមដៃគូយុទ្ធសាស្ត្រទាំង៩ របស់អាស៊ានដែលរួមមានប្រទេសចិន, ជប៉ុន, កូរ៉េខាងត្បូង, ឥណ្ឌា, អូស្ត្រាលី,នូវែលសេឡង់, សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប។

    សេចក្តីថ្លែងការណ៍ បានបន្តលើកឡើងទៀតថា «យើងអំពាវនាវឱ្យភាគីពាក់ព័ន្ធទាំងអស់អនុវត្តនូវការអត់ធ្មត់ជាអតិបរមា និងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីបន្តការសន្ទនាតាមរយៈគ្រប់បណ្តាញដែលមាន បូករួមទាំងតាមរយៈមធ្យោបាយការទូតដើម្បីកាត់ បន្ថយភាពតានតឹង និងស្វែងរកដំណោះស្រាយដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិនិងគោលការណ៍ដែលមានចែងនៅក្នុងធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ និងសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅតំបន់អាស៊ីអាគ្នេយ៍ (TAC)»។

    ក្រៅពីការប្រើប្រាស់គោលការណ៍ ដែលមានការទទួលស្គាល់ជាសកលដើម្បីឆ្លើយតបទៅនឹងការឈ្លានពានរបស់រុស្ស៊ីទៅលើប្រទេសអ៊ុយក្រែន អាស៊ានបានរំលឹកឡើងវិញនូវសន្ធិសញ្ញា TAC ដែលប្រទេសរុស្ស៊ីបានចូលរួមកាលពីខែវិច្ឆិកា ឆ្នាំ ២០០៤។

    សន្ធិសញ្ញា TAC បានអំពាវនាវមិនឱ្យមានការជ្រៀតជ្រែក, ឱ្យមានការគោរពអធិបតេយ្យភាពជាតិ និងការប្រើប្រាស់មធ្យោបាយសន្តិវិធី ដើម្បីដោះស្រាយជម្លោះ។

    ដោយមិនបានលើកឡើងចំឈ្មោះប្រទេសរុស្ស៊ី សេចក្តីថ្លែងការណ៍នោះបានបញ្ជាក់ថា «អាស៊ាននៅតែជឿជាក់ថា ឱកាសសម្រាប់ការសន្ទនាគ្នាដោយសន្តិវិធីនៅតែមាន។ ដើម្បីសន្តិភាព, សន្តិសុខនិងការរួមរស់ជាមួយគ្នាដោយសុខដុមរមនា វាគឺជាទំនួលខុសត្រូវរបស់គ្រប់ភាគីទាំងអស់ក្នុងការប្រកាន់ខ្ជាប់នូវគោលការណ៍ស្តីពីការគោរពគ្នាទៅវិញទៅមកចំពោះអធិបតេយ្យភាព, បូរណភាពទឹកដីនិងសិទ្ធិស្មើភាពគ្នានៃប្រជាជាតិទាំងអស់»។

    នៅមុនពេលត្រូវបានចេញផ្សាយសេចក្តីថ្លែងការណ៍នេះត្រូវបានត្រួតពិនិត្យដោយប្រទេសជាសមាជិកអាស៊ានទាំង១០ ដោយមានទាំងប្រទេសមីយ៉ាន់ម៉ាផងដែរ ហើយភាគីមីយ៉ាន់ម៉ាក៏មិនបានលើកឡើងនូវការជំទាស់អ្វីឡើយ។ ទោះជាយ៉ាងណាក៏ដោយ នៅមុនពេលគោលជំហររួមរបស់អាស៊ានត្រូវបានផ្សព្វផ្សាយជាសាធារណៈ ប្រទេសជាសមាជិកអាស៊ានសំខាន់ៗ បានបញ្ចេញទស្សនៈផ្ទាល់ខ្លួនរបស់ពួកគេរួចទៅ ហើយ ដោយក្នុងនោះ ប្រទេសឥណ្ឌូណេស៊ី និងសិង្ហបុរីបានធ្វើការថ្កោលទោសលើសកម្មភាពយោធារបស់រុស្ស៊ី ខណៈដែលបណ្តាប្រទេសជាសមាជិកផ្សេងទៀតបានសម្តែងនូវការព្រួយបារម្ភនៅក្នុងកម្រិតខុសៗគ្នា។

    នៅក្នុងសេចក្តីថ្លែងការណ៍ អ្នកនាំពាក្យរបស់ក្រសួងការបរទេសសិង្ហបុរីបានថ្កោលទោសយ៉ាងដាច់អហង្ការចំពោះ «ការឈ្លានពានដោយគ្មានមូលហេតុត្រឹមត្រូវទៅលើប្រទេសអធិបតេយ្យភាពមួយ»។ លោកបានបន្ថែមទៀតថា «ប្រទេសសិង្ហបុរីមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះប្រតិបត្តិការយោធាពិសេសរបស់រុស្ស៊ីនៅក្នុងតំបន់ Donbass ក៏ដូចជាចំពោះរបាយការណ៍អំពីការវាយប្រហារតាមផ្លូវគោក និងផ្លូវអាកាស ទៅលើគោលដៅជាច្រើននៅក្នុងប្រទេសអ៊ុយក្រែន។ យើងសូមបញ្ជាក់សារជាថ្មីថា អធិបតេយ្យភាព, ឯករាជ្យភាព និងបូរណភាពទឹកដីរបស់អ៊ុយក្រែនត្រូវតែទទួលបានការគោរព»។

    លោក Teuku Faizasyah ដែលជាអ្នកនាំពាក្យរបស់ក្រសួងការបរទេសឥណ្ឌូណេស៊ីបាននិយាយថា «ប្រទេសឥណ្ឌូណេស៊ីមានការព្រួយបារម្ភអំពីការកើនឡើងនៃជម្លោះប្រដាប់អាវុធនៅក្នុងប្រទេសអ៊ុយក្រែន ដែលបានបង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដល់សុវត្ថិភាពរបស់ប្រជាជន និងដល់សន្តិភាពរបស់តំបន់»។

    លោក Faizasyah បានបន្តថា «យើងសូមអះអាងថា ច្បាប់អន្តរជាតិនិងធម្មនុញ្ញរបស់អង្គការ សហប្រជាជាតិស្តីពីបូរណភាពទឹកដីត្រូវតែទទួលបាននូវការ គោរព ហើយយើងសូមធ្វើការថ្កោល ទោសចំពោះរាល់សកម្មភាពទាំងឡាយណាដែលបានរំលោភបំពានលើទឹកដី និងអធិបតេយ្យភាពរបស់ប្រទេសណាមួយ។ ប្រទេសឥណ្ឌូណេស៊ីនៅតែរំពឹងថា ភាគីទាំងអស់ នឹងផ្តល់អាទិភាពដល់ការចរចា និងការងារការទូតដើម្បីបញ្ឈប់ជម្លោះ និងដើម្បីអាចឈានទៅរកការដោះស្រាយបញ្ហាដោយសន្តិវិធី»។

    ក្រៅពីសេចក្តីថ្លែងការណ៍រួមរបស់អាស៊ាន ប្រទេសថៃបានបញ្ចេញមតិយោបល់ចំនួន ២ ចំណុចបន្ថែមទៀត ដោយទី១ គឺការលើកឡើងដ៏ខ្លីនៅក្នុងប្រទេស និងមួយទៀតគឺការរិះគន់ដែលត្រូវបានធ្វើឡើងនៅទីស្នាក់ការអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក។

    នៅក្នុងសុន្ទរកថា នៅក្នុងសម័យប្រជុំពេញអង្គលើកទី៧៦ របស់អង្គការសហប្រជាជាតិ លោក Suriya Chinadawongse ដែលជាអ្នកតំណាងរបស់ប្រទេសថៃប្រចាំនៅអង្គការសហប្រជាជាតិ បានសម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើងនៃភាពតានតឹង ដែលបង្កការគំរាមកំហែងដល់សន្តិភាព និងសន្តិសុខអន្តរជាតិ។ ប្រទេសថៃគាំទ្រកិច្ចខិតខំប្រឹងប្រែងដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី តាមរយៈការសន្ទនា ស្របតាមធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិដោយប្រកាន់ខ្ជាប់នូវការគោរពចំពោះគោលការណ៍អធិបតេយ្យភាព និងបូរណភាពទឹកដី។

    ប្រទេសថៃគាំទ្រចំពោះកិច្ចព្រមព្រៀងទីក្រុង Minsk ដែលជាកិច្ចព្រមព្រៀងស្តីពីបទឈប់បាញ់ដែលត្រូវបានចុះហត្ថលេខា នៅក្នុងឆ្នាំ ២០១៥ រវាងទីក្រុង Kyiv និងទីក្រុងម៉ូស្គូ ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងរបស់អង្គការសហប្រជាជាតិ និងយន្តការក្នុងតំបន់មួយចំនួនដែលរួមមានទាំង OSCE និង Normandy Format ហើយប្រទេសថៃក៏មានការព្រួយបារម្ភផងដែរ ចំពោះផលវិបាកផ្នែកមនុស្សធម៌ដែលអាចនឹងកើតមានឡើង នៅពេលខាងមុខ។

    សម្រាប់ប្រទេសមីយ៉ាន់ម៉ា លោក Zaw Min Tun ដែលជាអ្នកនាំពាក្យរបស់របបយោធាបាននិយាយថា «យោធារុស្ស៊ីបានចាត់វិធានការយ៉ាងសមហេតុផលសម្រាប់និរន្តរភាពនៃអធិបតេយ្យភាពនៃប្រទេសរបស់ពួកគេ និងបានបង្ហាញអំពីឋានៈរបស់ខ្លួនក្នុងនាមជាប្រទេសដ៏ មានឥទ្ធិពលសម្រាប់តុល្យភាពនៃសន្តិភាពពិភពលោក»។

    ចាប់តាំងពីរដ្ឋប្រហារកាលពីខែកុម្ភៈកន្លងទៅ ប្រទេសរុស្ស៊ីនិងរបបយោធាមីយ៉ាន់ម៉ាបានបន្តពង្រឹងទំនាក់ទំនងរបស់ពួកគេ ជាពិសេសនៅក្នុងកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខ ខណៈ ដែលប្រទេសរុស្ស៊ីគឺជាប្រទេសនាំចេញអាវុធយ៉ាងសំខាន់របស់មីយ៉ាន់ម៉ា។ វិទ្យាស្ថានស្រាវជ្រាវ សន្តិភាពអន្តរជាតិ Stockholm បានឱ្យដឹងថា «នៅចន្លោះឆ្នាំ ១៩៩៨ ដល់ឆ្នាំ២០០៨ ប្រទេសរុស្ស៊ីគឺជាអ្នកផ្គត់ផ្គង់អាវុធលំដាប់លេខ១ ដល់បណ្តាប្រទេសអាស៊ីអាគ្នេយ៍ទាំងអស់»។

    នៅចុងឆ្នាំនេះ ទំនាក់ទំនងរវាងប្រទេសរុស្ស៊ីជាមួយអាស៊ាន និងតំបន់អាស៊ីប៉ាស៊ីហ្វិក នឹងក្លាយជាការធ្វើតេស្តជាអន្តរជាតិ ខណៈដែលប្រធានាធិបតីរុស្ស៊ី Vladimir Putin ក៏ គ្រោងនឹងចូលរួមនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅទីក្រុងភ្នំពេញ និងកិច្ចប្រជុំថ្នាក់មេដឹកនាំសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិកនៅទីក្រុងបាងកកនៅក្នុងខែវិច្ឆិកា។ ព្រឹត្តិការណ៍ធំៗទាំង ២ នេះនឹងបង្ហាញអំពីប្រតិកម្មចំពោះតួនាទីរបស់ប្រទេសរុស្ស៊ី បន្ទាប់ពីកើតមានជម្លោះនៅអ៊ុយក្រែន។

    នៅមុនពេលកើត មានការដួលរលំនៃជញ្ជាំងទីក្រុងប៊ែរឡាំង អតីតសហភាពសូវៀត មានឥទិ្ធពលយ៉ាងខ្លាំងនៅក្នុងអតីតប្រទេសឥណ្ឌូចិននៅអាស៊ីអាគ្នេយ៍ដីគោក ទាំងនៅក្នុងផ្នែកសេដ្ឋកិច្ច និងសន្តិសុខ។ ចាប់តាំងពីការបែកបាក់នៃសហភាពសូវៀតមក ប្រទេសរុស្ស៊ីបានបន្តព្យាយាមពង្រឹងទំនាក់ទំនងនេះឡើងវិញជាមួយសមាជិកអាស៊ានតាមរយៈកិច្ចសហប្រតិបត្តិការលើសសរស្តម្ភទាំង៣ ដែលរួមមាន នយោបាយ/សន្តិសុខ, សេដ្ឋកិច្ច និងសង្គមវប្បធម៌។

    នៅឆ្នាំ ២០០៨ ប្រទេសរុស្ស៊ីបានក្លាយជាដៃគូសន្ទនាយុទ្ធសាស្ត្ររបស់អាស៊ាន បើទោះបីទំហំពាណិជ្ជកម្មរវាងអាស៊ានិងរុស្ស៊ីនៅមានទំហំតូច បើធៀបនឹងដៃគូសន្ទនាផ្សេងទៀតក៏ដោយ។ នៅមុនពេលកើតមានការផ្ទុះឡើងនៃវីរុសកូវីដ-១៩ ក្នុងឆ្នាំ ២០១៩ ពាណិជ្ជកម្មរួមរបស់ពួកគេមានចំនួនត្រឹមតែ ១២ ពាន់លានដុល្លារអាមេរិកតែប៉ុណ្ណោះ។

    សម្រាប់ប្រទេសថៃ ហានិភ័យគឺមានកម្រិតខ្ពស់ ខណៈពេលដែលប្រទេស នេះកំពុងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល Apec នៅក្នុងឆ្នាំនេះ។ អាជ្ញាធរពាក់ព័ន្ធកំពុងតែមានការព្រួយបារម្ភថា «ជម្លោះរវាងប្រទេសជាមហាអំណាចអាចនឹងលេចឡើងនៅវេទិកា Apec»។

    នៅមុនការប្រកាសជាផ្លូវការកាលពីថ្ងៃទី១១ ខែកុម្ភៈ ដែលថា «សហរដ្ឋអាមេរិកនឹងធ្វើជាម្ចាស់ផ្ទះនៃកម្មវិធី Apec នៅឆ្នាំ ក្រោយ» ឈុតឆាកនយោបាយមួយចំនួនកំពុងត្រូវបានគេរៀបចំឡើងដើម្បីរារាំងសហរដ្ឋអាមេរិកមិនឱ្យឡើងកាន់តំណែងជាប្រធាននៅឆ្នាំក្រោយ។

    មន្ត្រីរុស្ស៊ីបានលើកឡើងថា «ទីក្រុងវ៉ាស៊ីនតោនបានរឹតត្បិតលើទិដ្ឋាការរបស់មន្ត្រីរុស្ស៊ីដែលបម្រើការងារទាក់ទងនឹង Apec»។ បន្ទាប់ពីមានការផ្លាស់ប្តូរមតិគ្នាជាច្រើនដងនៅឯកិច្ចប្រជុំនៅខេត្តភូកេត មន្ត្រីជាន់ខ្ពស់របស់ Apec បានព្រមព្រៀងគ្នា នៅពេលដែលទីក្រុងវ៉ាស៊ីនតោនបានយល់ព្រមអនុញ្ញាតឱ្យមន្ត្រីរបស់រុស្សី ដែលមានការងារជាប់ពាក់ព័ន្ធនឹង Apec អាចចូលទៅកាន់សហរដ្ឋអាមេរិកបាននៅឆ្នាំក្រោយ។

    នៅពេលដែលប្រទេសថៃធ្វើជាប្រធាន Apec កាលពីឆ្នាំ២០០៣ ព្រះមហាក្សត្រ Bhumibol Adulyadej បានទទួលស្វាគមន៍ភ្ញៀវនៃរដ្ឋធំៗចំនួន ៣ គឺប្រធានាធិបតីអាមេរិក George W Bush, ប្រធានាធិបតីចិន Hu Jintao និងប្រធានាធិបតីរុស្ស៊ី Vladimir Putin ។

    ក្នុងចំណោមមេដឹកនាំទាំង៣រូប មានតែលោក Putin ប៉ុណ្ណោះ ដែលនៅតែបន្តកាន់អំណាចរហូតមកដល់ពេលនេះ ហើយលោកក៏ត្រូវបានគេរំពឹងថា នឹងមកចូលរួមនៅក្នុងកិច្ចប្រជុំកំពូល នៅទីក្រុងបាងកកនៅខែវិច្ឆិកានេះផងដែរ។

    ដោយសារនេះគឺជាឆ្នាំដំបូងដែលមេដឹកនាំមកពីប្រទេសសេដ្ឋកិច្ចទាំង២១ អាចជួបប្រជុំគ្នាដោយផ្ទាល់នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកដែលរួម មានទាំងសហរដ្ធអាមេរិក, រុស្ស៊ី និងចិនផងនោះ ប្រទេសថៃមានបំណងចង់ប្រើឱកាសនេះដើម្បីបង្ហាញអំពីគំរូអភិវឌ្ឍសេដ្ឋកិច្ចថ្មីឱ្យពិភពលោកបានឃើញ។

    ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើភាពតានតឹងនៅក្នុងប្រទេសអ៊ុយក្រែននៅតែបន្តដោយគ្មានដោះស្រាយ វាអាចនឹងបង្កផលប៉ះពាល់ដោយផ្ទាល់ដល់កិច្ចប្រជុំ Apec ដែលត្រូវបានកំណត់ពេលធ្វើឡើង នៅថ្ងៃទី ១៨-១៩ ខែវិច្ឆិកា។

    ប្រទេសថៃសង្ឃឹមថា «នៅពេលនោះស្ថានការណ៍ទាំងមូលអាចនឹងមានភាព ប្រសើរឡើងដើម្បីអាចអនុញ្ញាតឱ្យមេដឹកនាំទាំងអស់មកជួបជុំគ្នានៅក្នុងរាជធានី Krung Thep Maha Nakhon របស់ប្រទេសថៃ»៕ Bangkok Post