ខ្មែរប៉ុស្ដិ៍ Close

    ការលុកលុយនឹង មិនបញ្ចប់ទៅយ៉ាង ល្អនោះទេទាំងសម្រាប់អ៊ុយក្រែន និងរុស្ស៊ី

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី២ ខែមីនា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 1009
    ការលុកលុយនឹង មិនបញ្ចប់ទៅយ៉ាង ល្អនោះទេទាំងសម្រាប់អ៊ុយក្រែន និងរុស្ស៊ីការលុកលុយនឹង មិនបញ្ចប់ទៅយ៉ាង ល្អនោះទេទាំងសម្រាប់អ៊ុយក្រែន និងរុស្ស៊ី

    បទពិសោធន៍របស់អ៊ុយក្រែននៅក្នុងវិបត្តិនេះគឺជាមេរៀនដ៏សោកសៅមួយនៅក្នុងរឿងនយោបាយ។ ជាមួយនឹងភូមិសាស្ត្រនៅជាប់នឹងប្រទេសមហាអំណាច ដែលតែងមានចេតនា បង្ខំឱ្យគេគោរពតាមខ្លួន បូករួមនឹងកង្វះការការពារដែលផ្តល់ដោយសម្ព័ន្ធសន្តិសុខផ្លូវការ ប្រទេសអ៊ុយក្រែនតែងតែស្ថិត នៅឯកោរ ក្នុងការប្រឈមមុខនឹងការឈ្លានពានរបស់រុស្ស៊ី។

    ខណៈពេលដែលបានត្រៀមខ្លួនរួចជា ស្រេចក្នុងការផ្តល់ជំនួយជាសម្ភារៈនិងការគាំទ្រខាងផ្នែកសីលធម៌ដល់ប្រទេសអ៊ុយក្រែនបណ្តាប្រទេសលោកខាងលិចមិនបានបង្ហាញអំពីចេតនាចង់ចូលរួមនៅក្នុងជម្លោះ
    ដ៏ខ្លាំងក្លាជាមួយប្រទេសរុស្ស៊ីដែលជា ប្រទេសមានអាវុធនុយក្លេអ៊ែរឡើយ បើទោះបីជាមានការបង្ហាញនូវការខឹងសម្បារនៅតាមប្រព័ន្ធផ្សព្វផ្សាយនិងការប៉ះទង្គិចគ្នាមួយចំនួនផ្នែកនយោបាយក៏ដោយ។

    ទោះជាយ៉ាងណាក៏ ដោយនៅពេលឥឡូវនេះ ការបង្កើនការផ្គត់ផ្គង់របស់លោកខាង លិចនូវឧបករណ៍យោធាដល់ប្រទេសអ៊ុយក្រែនអាចត្រូវបានចាត់ទុកជាទង្វើអរិភាពដែលអាចបង្កើតឱ្យមានហានិភ័យកាន់តែធ្ងន់ធ្ងរ។

    ជោគវាសនារបស់អ៊ុយក្រែនបានលាតត្រដាងឱ្យឃើញអំពីហេតុផលដែលបណ្តារដ្ឋនៅតំបន់អឺរ៉ុបកណ្តាលនិងខាងកើត បានព្យាយាមយ៉ាងខ្លាំងក្នុងការទទួលបានខែលការពារដែលផ្តល់ដោយអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ ការត្រៀមខ្លួនរបស់រុស្សីក្នុងការធ្វើសង្រ្គាមដើម្បីដណ្តើមយកភាពជាអ្នកដឹកនាំរដ្ឋ បានធ្វើឱ្យមនុស្សជាច្រើនមានការភ្ញាក់ផ្អើល។

    ប្រទេសរុស្ស៊ីដែលជាសមាជិកអចិន្ត្រៃយ៍របស់ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិដែលជាស្ថាប័នដែលទទួលខុសត្រូវលើការរក្សាសន្តិភាពនិងសន្តិសុខអន្តរជាតិ បានបើកការឈ្លានពានដោយបើកចំហប្រឆាំងនឹងប្រទេសជិតខាងដ៏ទន់ខ្សោយដោយបានបំពានលើគោលការណ៍ជាមូលដ្ឋាននៃការគោរពអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី និងបានបង្ហាញឱ្យឃើញយ៉ាងច្បាស់នូវដែនកំណត់របស់
    ប្រព័ន្ធដែលពឹងផ្អែកលើច្បាប់អន្តរជាតិ។

    នៅពេលនេះ អង្គការសហប្រជាជាតិ នឹងលែងមានអំណាច ទៀតហើយ។ អំណាចវេតូរបស់រុស្ស៊ីនៅក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិបានរារាំងស្ថាប័នពិភពលោកនេះពីការចាត់វិធានការប្រកបដោយប្រសិទ្ធភាពដើម្បីដោះស្រាយបញ្ហានេះ។ វាបានបង្កឱ្យមានការ ព្រួយបារម្ភកាន់តែខ្លាំង ជាពិសេសក្នុងចំណោមរដ្ឋតូចៗ ដែលពឹងផ្អែកលើច្បាប់អន្តរជាតិនិងប្រព័ន្ធច្បាប់របស់អង្គការសហប្រជាជាតិដើម្បីការពារសន្តិសុខនិងផលប្រយោជន៍សេដ្ឋកិច្ចរបស់ពួកគេ។

    មហាអំណាចនុយក្លេអ៊ែរដ៏ធំមួយបានត្រៀមប្រើប្រាស់កងកម្លាំងយោធាដ៏ច្រើនសន្ធឹកសន្ធាប់ ដើម្បីសម្រេចនូវគោលដៅសំខាន់ៗរបស់ខ្លួន ដោយមិនអើពើនឹងមតិយោបល់របស់ពិភពលោក និងផលប៉ះពាល់ដែលបង្ក ឡើងដោយទណ្ឌកម្មសេដ្ឋកិច្ច។

    ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើអនាគតរបស់ប្រទេសអ៊ុយក្រែនមានភាពស្រពិចស្រពិល នោះវាក៏នឹងមិនល្អដូចគ្នាដែរសម្រាប់រុស្ស៊ី។ ជាការពិតណាស់ លោក Putin ទំនងជាកំពុងប្រឈមមុខនឹងបញ្ហា ហើយការលុកលុយលើប្រទេសជិតខាងនឹងរងនូវការ ប្រឆាំងទាំងនៅក្រៅប្រទេសនិងក្នុងប្រទេស។

    បើទោះបីជារុស្សីអាចនឹងទទួលបានជោគជ័យក្នុងការដាក់ពង្រាយកងកម្លាំងយោធា និងអនុវត្តសកម្មភាពយោធានៅក្នុងប្រទេសអ៊ុយក្រែនក៏ដោយ ក៏វាអាចនឹងមានការលំបាកសម្រាប់លោក Putin ក្នុងការប្រែក្លាយភាពជោគជ័យនេះទៅជាផលប្រយោជន៍នយោបាយ និងយុទ្ធសាស្ត្ររយៈពេលវែងដែរ។

    ពាក់ព័ន្ធនឹងរឿងនយោបាយ ប្រទេសរុស្ស៊ីអាចដណ្តើមបានការកាន់កាប់ទីក្រុង Kyiv ហើយអាចនឹងលើកបន្តុបរបបរណបណាមួយដែលគាំទ្ររុស្ស៊ីឱ្យឡើងកាន់អំណាចបន្ត។ ប៉ុន្តែប្រឈមមុខនឹងការតស៊ូពីសំណាក់ជនស៊ីវិលរបស់អ៊ុយក្រែន និងការបះបោរប្រដាប់អាវុធ ដែលកំពុងកើតមានរដ្ឋាភិបាលអាយ៉ងបែបនេះអាចនឹងបន្តរស់បាន លុះត្រាណា តែមានការគាំទ្រផ្នែកយោធាយ៉ាងខ្លាំងក្លា និងឥតឈប់ឈរពីប្រទេសរុស្ស៊ី។

    ទន្ទឹមគ្នានេះដែរ ការឈ្លានពានរបស់រុស្ស៊ីនឹងធ្វើឱ្យប្រទេសអ៊ុយក្រែនកាន់តែឃ្លាតចេញឆ្ងាយពីរុស្ស៊ី ហើយវានឹងជំរុញឱ្យប្រជាជនអ៊ុយក្រែនកាន់តែងាកខិតទៅជិតអឺរ៉ុប។ ស្រដៀងគ្នានេះដែរ បទពិសោធន៍នៃការឈ្លានពានរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន នឹងជួយពង្រឹងភាពស្អិតរមួត, សមត្ថភាពដោះស្រាយបញ្ហានិងគោលបំណងរួមរបស់អង្គការ NATO។

    ការគំរាមកំហែងថ្មីនេះនឹងធ្វើឱ្យសហរដ្ឋអាមេរិកនិងបណ្តាដៃគូអឺរ៉ុបខាងលិចមានភាពស្និទ្ធស្នាលកាន់តែខ្លាំងឡើង ហើយអង្គការ NATO ទំនងជានឹងបញ្ជូនកងកម្លាំងយោធាកាន់តែ ច្រើនទៅកាន់បណ្តារដ្ឋជាសមាជិកនៅតំបន់ភាគខាងកើតដូចជាប៉ូឡូញ, រូម៉ានី និងសាធារណរដ្ឋបាល់ទីកដើម្បីបង្កើនការការពារដល់ពួកគេ។

    ទណ្ឌកម្មដ៏ធ្ងន់ធ្ងររបស់លោកខាងលិច ដែលបានប្រកាសនៅ ពេលនេះ បើទោះបីជា វាមិនអាចរារាំងលោក Putin ពីការចាត់វិធានការផ្នែកនយោបាយក៏ដោយ ក៏វានឹងបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ចរបស់រុស្ស៊ី ក៏ដូចជាដល់ជីវភាពរស់នៅរបស់ប្រជាជន រុស្សីដែលកំពុងតែប្រឈមមុខនឹងការកើនឡើងអតិផរណា និងប្រាក់ចំណូលធ្លាក់ចុះ។

    ប្រទេសរុស្សីនិងប្រជាជនរុស្សី នឹងត្រូវជួបប្រទះនឹងភាពក្រីក្រកាន់តែខ្លាំង។ រុស្ស៊ីអាចនឹងបង្កើនការគ្រប់គ្រងកាន់តែតឹងរ៉ឹងជាងមុន ខណៈ ពេលដែលការមិនសប្បាយចិត្តរបស់ប្រជាជនអាចនឹងបង្កការគំរាមកំហែងដល់ ការកាន់អំណាចរបស់ លោក Putin ហើយបញ្ហានេះនឹងបង្កើតឱ្យមានបរិយាកាសសង្គម ដែលមានលក្ខណៈកាន់តែគាបសង្កត់។ ចង់ឬមិនចង់ វិបត្តិនេះនឹងជំរុញឱ្យមនុស្សវ័យក្មេងរបស់រុស្ស៊ីកាន់តែ ច្រើនចាកចេញទៅកាន់លោកខាងលិច។

    ច្បាស់ណាស់នៅពេលនេះ ប្រទេសរុស្ស៊ីនឹងត្រូវពឹងផ្អែកលើប្រទេសចិនទាំងផ្នែកនយោបាយនិងសេដ្ឋកិច្ច។ ប្រទេសចិនអាចផ្តល់នូវទីផ្សារជំនួសដ៏សំខាន់មួយដល់ការនាំចេញប្រេង, ឧស្ម័ន, ធ្យូងថ្ម និងគ្រាប់ធញ្ញជាតិរបស់រុស្ស៊ី ហើយចិនក៏ជា មធ្យោបាយមួយផងដែរដែលរុស្ស៊ីអាចប្រើបានដើម្បីដោះស្រាយបញ្ហាស្តីពីការដាក់ទណ្ឌកម្មផ្នែកបច្ចេកវិទ្យា។

    ប្រទេសចិនអាចជួយរុស្ស៊ីឱ្យរួចផុតពីការលំបាកដែលបណ្តាលមកពីការដកចេញពីប្រព័ន្ធទូទាត់អន្តរជាតិ «SWIFT»។ក៏ប៉ុន្តែការជួយទាំងនេះ គឺជាអាវុធមុខ២ ដោយក្នុងនោះ វានឹងធ្វើឱ្យរុស្ស៊ីផុងខ្លួនកាន់តែជ្រៅទៅក្នុងការពឹង ផ្អែកលើប្រទេសចិន។ រុស្ស៊ីមិនសប្បាយចិត្តនឹងរឿងនេះទេ ក៏ប៉ុន្តែនៅក្នុងកាលៈទេសៈ នេះ រុស្ស៊ីមិនមានជម្រើសអ្វីផ្សេងក្រៅពីនេះឡើយ។

    ទាំងអស់នេះ​មិន​មែន​ជារឿងដ៏គួរឱ្យភ្ញាក់​ផ្អើលនោះទេ​សម្រាប់​អ្នក​វិភាគ​ ដែលមានការគិតគូរល្អិតល្អន់។ ក៏ប៉ុន្តែ អ្វីដែលគួរឱ្យព្រួយបារម្ភ នោះគឺ «លោក Putin ហាក់ដូចជាកំពុងចាត់ទុកខ្លួនឯងជាអ្នកកំណត់ជោគវាសនានៃបេសកកម្មមួយ» ដែលនោះគឺ «ការស្ដារឡើងវិញនូវភាពអស្ចារ្យរបស់រុស្ស៊ី, បុព្វហេតុប្រវត្តិសាស្ត្រ, អំណាចនិងឥទ្ធិពលអន្តរជាតិរបស់រុស្ស៊ី ទោះជាក្នុងតម្លៃណាក៏ដោយ»។

    អ្វីដែលជាសោកនាដកម្មនោះគឺ «ប្រជាពលរដ្ឋសាមញ្ញរុស្ស៊ី និងអ៊ុយក្រែននឹងត្រូវទទួលរងនូវផលប៉ះពាល់ពីភាពអំនួតជ្រុលហួសហេតុរបស់លោកPutin»៕ Channel News Asia