ខ្មែរប៉ុស្ដិ៍ Close

    វិបត្តិអ៊ុយក្រែនគឺជាបញ្ហាប្រឈមដ៏ធំមួយ សម្រាប់ប្រទេសចិន

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី៣ ខែមីនា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 1746
    វិបត្តិអ៊ុយក្រែនគឺជាបញ្ហាប្រឈមដ៏ធំមួយ សម្រាប់ប្រទេសចិនវិបត្តិអ៊ុយក្រែនគឺជាបញ្ហាប្រឈមដ៏ធំមួយ សម្រាប់ប្រទេសចិន

    វិបត្តិប្រទេសអ៊ុយក្រែន-រុស្ស៊ីកំពុងបង្កបញ្ហាប្រឈមដ៍ធំសម្រាប់ប្រទេសចិន នៅលើចំណុចជាច្រើន។ ទំនាក់ទំនងការទូតដ៏ជិតស្និទរវាងរុស្ស៊ីនិងចិនបានបង្ហាញឱ្យឃើញយ៉ាងច្បាស់នៅក្នុងព្រឹត្តិការណ៍កីឡារដូវរងារដោយលោក Putin បានធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំងក្នុងនាមជាមេដឹកនាំពិភព លោកមួយរូបដើម្បីចូលរួមក្នុងព្រឹត្តិការណ៍នេះ។

    អ្វីដែលសំខាន់នោះគឺ លោក Putin បានរង់ចាំរហូតដល់កីឡា នោះត្រូវបានបិទបញ្ចប់ ទើបលោកប្រកាស ទទួលស្គាល់តំបន់ផ្តាច់ខ្លួនទាំង២ នៅក្នុងប្រទេសអ៊ុយក្រែន និងបានបញ្ជូនទាហាន ដើម្បីទៅគាំទ្រពួកគេ។ នៅក្នុងការប្រកាសជាសាធារណៈរដ្ឋាភិបាលចិនបានជំរុញឱ្យភាគីទាំងអស់បន្ធូរបន្ថយភាពតានតឹងនៅក្នុងប្រទេសអ៊ុយក្រែន។

    ប៉ុន្តែឥឡូវនេះ ប្រទេសរុស្ស៊ីលែងមានការអត់ធ្មត់ទៀតហើយ ។ ដូចនេះ តើប្រទេសចិនត្រូវរក្សាជំហរដូចម្តេច ខណៈការប៉ះទង្គិចគ្នាកាន់តែកើនឡើងខ្លាំងនោះ? រដ្ឋាភិបាលចិនគិតថា ខ្លួនមិនអាចបង្ហាញឱ្យគេឃើញថា ចិនគាំទ្រសង្គ្រាមនៅអឺរ៉ុបនោះទេ ប៉ុន្តែក៏ប្រទេសចិនក៏ចង់ពង្រឹងទំនាក់ទំនងយោធា និងយុទ្ធសាស្ត្រជាមួយទីក្រុងម៉ូស្គូផងដែរ។

    ប្រទេសដែលជាដៃគូពាណិជ្ជកម្មធំទី១របស់ប្រទេសអ៊ុយក្រែនគឺប្រទេសចិន ហើយទីក្រុងប៉េកាំងចង់រក្សាទំនាក់ទំនងល្អជាមួយទីក្រុង Kyiv។ ប៉ុន្តែការធ្វើ បែបនេះអាចនឹងជួបប្រទះនឹងការលំបាក ខណៈដែលប្រទេសរុស្សីដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និតរបស់ប្រទេសចិនកំពុងបញ្ជូនទាហាន របស់ខ្លួនចូលទៅក្នុងទឹកដីអ៊ុយក្រែន។

    ក្រុមប្រទេសនៅអឺរ៉ុបខាងលិចក៏អាចនឹងធ្វើការវាយប្រហារមកលើវិស័យពាណិជ្ជកម្មរបស់ប្រទេសចិនផងដែរ ប្រសិនបើចិនបង្ហាញការគាំទ្រចំពោះការឈ្លានពានរបស់ប្រទេសរុស្ស៊ីនោះ។

    មេដឹកនាំចិនតែងតែបានប្រកាសជារឿយៗថា ចិនមិនជ្រៀតជ្រែកចូលក្នុងកិច្ចការផ្ទៃក្នុងរបស់អ្នកដទៃ ហើយប្រទេសផ្សេងទៀតក៏មិនគួរជ្រៀតជ្រែកចូលក្នុងកិច្ចការផ្ទៃក្នុងរបស់ចិនដែរ។ ប៉ុន្តែកាលពីសប្តាហ៍មុន នៅក្នុងចំណាត់ការដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ប្រទេសចិនមិនបានចូលរួមបោះឆ្នោតគាំទ្រដល់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UN) ដើម្បីធ្វើការថ្កោលទោសចំពោះការឈ្លានពានលើប្រទេសអ៊ុយក្រែននោះទេ។

    អ្នកវិភាគមួយចំនួនបានរំពឹងថា ទីក្រុងប៉េកាំងអាចនឹងចូលរួមជាមួយប្រទេសរុស្ស៊ីក្នុងការបោះឆ្នោតប្រឆាំងនឹងចលនានេះ។ ប៉ុន្តែការពិតគឺមិនមាននោះទេ ហើយសកម្មភាពរបស់ប្រទេសចិនមិនមែនជាសញ្ញាឈ្នះរបស់ប្រទេសលោកខាងលិចនោះទេ ហើយវាគ្រាន់តែជាការមិនជ្រៀតជ្រែកចូលកិច្ចការរបស់ប្រទេសដទៃរបស់ទីក្រុងប៉េកាំងតែប៉ុណ្ណោះ។

    ទោះជាយ៉ាងណាក៏ដោយ ប្រទេសចិនហាក់ដូចជាស្ថិតនៅឆ្ងាយពីការថ្កោលទោសចំពោះស្ថានការណ៍នេះ ដោយអ្នកនាំពាក្យក្រសួងការបរទេសចិនលោក Wang Wenbin មិនបានចាត់ទុកសកម្មភាពនៅក្នុងប្រទេសអ៊ុយក្រែនថាជា ការឈ្លានពាន នោះទេ។

    មានរបាយការណ៍មិនមានប្រភពច្បាស់មួយបានឱ្យដឹងផងដែរថា ទីក្រុងប៉េកាំងពិតជាបានដឹងអំពីស្ថានភាពនេះយ៉ាងច្បាស់ ហើយមាន ចេតនាធ្វើមិនដឹងមិនលឺ។

    យោងតាមរបាយការណ៍របស់សារព័ត៌មាន New York Times ដែលបានដកស្រង់សម្តីរបស់មន្ត្រីអាមេរិកម្នាក់ ដែលសុំមិនបញ្ចេញអត្តសញ្ញាណបានឱ្យដឹងថា «ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ អាមេរិកបានទទូចម្តងហើយម្តងទៀតឱ្យប្រទេសចិនធ្វើអន្តរាគមន៍ និងប្រាប់ទៅប្រទេសរុស្ស៊ីដើម្បីកុំឱ្យឈ្លានពានអ៊ុយក្រែន»។

    របាយការណ៍នោះបានបញ្ជាក់ទៀតថា «ក្រោយមកមន្ត្រីដដែលនោះបានរកឃើញថា ទីក្រុងប៉េកាំងបានដឹងអំពីព័ត៌មាននេះពីទីក្រុងម៉ូស្គូរួចទៅហើយ ហើយបានចោទអាមេរិកថាកំពុងតែព្យាយាមបង្កជម្លោះ ខណៈប្រទេសចិននឹង មិនព្យាយាមរារាំងផែនការរបស់រុស្ស៊ីនោះឡើយ»។

    សម្រាប់បក្សកុម្មុយនិស្ត អ្វីដែលគួរឲ្យព្រួយបារម្ភបំផុតនោះគឺទស្សនៈរបស់ប្រជាជនខ្លួននិងទស្សនរបស់ពិភពលោក។ សម្រាប់ហេតុផលនេះ ប្រទេសចិនបានរៀបចំនិងគ្រប់គ្រងយ៉ាងល្អទៅលើសារព័ត៌មាន និងបណ្តាញផ្សព្វផ្សាយសង្គមដែលបាននិយាយអំពីស្ថានភាព នៅក្នុងប្រទេសអ៊ុយក្រែន ។

    មិនយូរប៉ុន្មានទេ តៃវ៉ាន់នឹងត្រូវបានគេអូសទាញចូលទៅក្នុងភាពច្របូកច្របល់នេះ ខណៈកោះដែលមានរដ្ឋាភិបាលគ្រប់គ្រងដាច់ដោយឡែកមួយនេះ ត្រូវបានបក្សចិនចាត់ទុកថាជាខេត្តដ៏សែនអាក្រក់ ហើយត្រូវតែមានការបង្រួបបង្រួមជាមួយដីគោកឡើងវិញ។

    នៅលើបណ្តាញសង្គម Weibo អ្នកជាតិនិយមចិនបានប្រើប្រាស់ការឈ្លានពានរបស់រុស្ស៊ីមកលើអ៊ុយក្រែនដើម្បីអំពាវនាវឱ្យប្រជាជាតិរបស់ពួកគេយកគំរូតាម ព្រោះវាជាឱកាសដ៏ល្អបំផុតក្នុងការយកតៃវ៉ាន់មកវិញឥឡូវនេះ។

    នៅពេលដែលរដ្ឋាភិបាលចិនបានច្រានចោលការដាក់ទណ្ឌកម្មមកលើប្រទេសរុស្ស៊ីក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ប្រទេសចិនបានដឹងថា ខ្លួនអាចប្រឈមមុខនឹងបញ្ហាស្រដៀងគ្នានេះ ប្រសិនបើខ្លួននៅតែបន្តឆ្ពោះទៅរកការកាន់កាប់តៃវ៉ាន់តាមរយៈកម្លាំងកងទ័ព ឬការបង្ហូរឈាម។

    អ្នកនាំពាក្យក្រសួងការបរទេសចិនលោកស្រី Hua Chunying បានលើកឡើងនៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងប៉េកាំងថា ប្រទេសចិនមិនដែលគិតថា ការដាក់ទណ្ឌកម្មគឺជាមធ្យោបាយដ៏ល្អបំផុតក្នុងការដោះស្រាយបញ្ហានោះទេ។ ប៉ុន្តែប្រសិនបើពលរដ្ឋចិនចាប់ផ្តើមយល់អំពីមូលហេតុរបស់ប្រទេសរុស្ស៊ីក្នុងការឈ្លានពានអ៊ុយក្រែន និងបានយកវាមកផ្សាភ្ជាប់ជាមួយនឹងបញ្ហានៅ ក្នុងប្រទេសរបស់ពួកគេ វាអាចនឹងបញ្ចប់
    ការពន្យល់របស់រដ្ឋាភិបាលចិនទាំងស្រុងសម្រាប់បញ្ហាព្រំដែននៅពេលបច្ចុប្បន្នរបស់ខ្លួន។

    លោក Vladimir Putin បាននិយាយថា គាត់កំពុងរំដោះប្រជាជនដែលនិយាយភាសារុស្ស៊ីនៅក្នុងអ៊ុយក្រែន។ តើមានក្រុមជនជាតិភាគតិចម៉ុងហ្គោលី កូរ៉េ Kyrgyz និងជនជាតិណាខ្លះទៀតដែលស្ថិតនៅជាផ្នែកមួយរបស់ប្រទេសចិននោះ?

    នឹងមានរឿងកាន់តែធំសម្រាប់ទីក្រុងប៉េកាំង ប្រសិនបើជនជាតិទីបេ ឬ Uyghurs បន្តទាមទារស្វ័យភាព ឬទាមទារឯករាជ្យ។ រឿងដែលមិនអាចកើតឡើងទាំងនេះគឺពិតជាមានមានសារៈសំខាន់សម្រាប់រដ្ឋបាលរបស់លោក Xi Jinping ជាងអ្វីៗទាំងអស់។

    ការកត់សម្គាល់ទៅលើការបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ចិនបានបង្ហាញអំពីទិសដៅ ដែលប្រព័ន្ធផ្សព្វផ្សាយរបស់បក្សចិនបានដាក់ចេញដើម្បីជំរុញដល់ប្រជាជនរបស់ខ្លួន ទាក់ទងនឹងមូលហេតុនៃសកម្មភាពរបស់ លោក Putin នៅអឺរ៉ុបខាងកើត។

    កាលពីថ្ងៃចន្ទសារព័ត៌មាន Beijing Daily ដែលមានជាប់ទំនាក់ទំនងជាមួយរដ្ឋបានផ្សាយឡើងវិញនូវសេចក្តីថ្លែងការណ៍មួយរបស់ស្ថានទូតរុស្ស៊ីនៅទីក្រុងប៉េកាំង ដែលបានអំពាវនាវឱ្យពិភពលោកកុំលូកដៃជួយរដ្ឋាភិបាល neo-Nazi របស់ទីក្រុង Kyiv។

    នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមការបញ្ចេញមតិទៅ លើករណីប្រទេសអ៊ុយក្រែននិងរុស្ស៊ីក៏ត្រូវបានគេគ្រប់គ្រង យ៉ាងតឹងរ៉ឹងផងដែរ។ Comment ដែលត្រូវបានបង្ហោះជាសាធារណៈរួមមាន «Putin ពិតជាអស្ចារ្យមែន!» «ខ្ញុំគាំទ្ររុស្ស៊ី ប្រឆាំងអាមេរិក។ នោះហើយជាអ្វីដែលខ្ញុំចង់និយាយ» និង «អាមេរិកតែងតែចង់បង្កើតភាពរញ៉េរញ៉ៃនៅក្នុងពិភពលោក»

    ប្រទេសចិនបានធ្វើការផ្លាស់ប្តូរការ ណែនាំចំពោះប្រជាជនខ្លួនដែល ស្ថិតនៅក្នុងប្រទេសអ៊ុយក្រែនជាច្រើនដង។ បើតាមការប្រកាសកាលពីពេលដំបូងរបស់ស្ថានទូតចិននៅក្រុង Kyiv បានណែនាំឲ្យពលរដ្ឋចិនលើកទង់ជាតិចិនចងលើរថយន្តរបស់ពួកគេ និងជួយគ្នាទៅវិញទៅមកដើម្បីបង្ហាញអំពីភាពខ្លាំងរបស់ចិន»។

    ក្រោយមានការធ្វើសង្គ្រាមអស់រយៈពេល ២-៣ ថ្ងៃ ប្រទេសចិនបានផ្លាស់ប្តូរការណែនាំរបស់ខ្លួនវិញថា ប្រជាជនចិនមិនត្រូវបង្ហាញអត្តសញ្ញាណរបស់ខ្លួន ឬបង្ហាញសញ្ញាសម្គាល់អំពីអត្តសញ្ញាណរបស់ខ្លួននោះឡើយ។

    អ្នកខ្លះបានធ្វើការប៉ាន់ស្មានថា ការផ្លាស់ប្តូរនេះគឺដោយសារតែការភ័យខ្លាចថាប្រជាជនចិនអាចនឹងមានគ្រោះថ្នាក់ នៅ ពេលដែលព័ត៌មានដែលថា គណបក្សកុម្មុយនីស្តចិនគាំទ្រចំពោះសកម្មភាពរបស់លោក Putin បានផ្សាយទៅដល់អ៊ុយក្រែន។ ប៉ុន្តែក៏នៅមានបុគ្គល មួយចំនួនបានលើក ឡើងអំពីការរិះគន់ចំពោះសកម្មភាពរបស់លោក Putin ផងដែរ។

    កាលពីចុងសប្តាហ៍កន្លងទៅ អ្នកសិក្សាចិនល្បីៗចំនួន ៥ រូបបានសរសេរលិខិតចំហមួយដើម្បីថ្កោល ទោសចំពោះសកម្មភាពរបស់រុស្ស៊ី។ យោងតាមរបាយការណ៍របស់សារព័ត៌មាន Reuters អ្នកប្រវត្តិសាស្រ្ត Xu Guoqi បាននិយាយថា «សកម្មភាពនេះគឺជាការឈ្លានពាន។ ដូចពាក្យចិននិយាយថា អ្នកមិនអាចហៅសត្វក្តាន់ថាជាសេះបានទេ»។

    ប៉ុន្មានម៉ោងបន្ទាប់ពីលិខិតនេះត្រូវបានបង្ហោះ វាត្រូវបានគេដកចេញវិញដោយអ្នកត្រួតពិនិត្យការបង្ហោះតាមអ៊ីនធឺណិត។

    វាពិតជាការលំបាកក្នុងការដឹងថា តើមានមនុស្សប៉ុន្មាននាក់នៅក្នុងប្រទេសចិនកំពុងអំពាវនាវដើម្បីស្វែងរកសន្តិភាព ហើយក៏មិនច្បាស់ដែរថា តើការបង្ហោះដែលត្រូវបានគេដកចេញបែប នេះមានចំនួនប៉ុន្មាន ហើយការបង្ហោះរិះគន់អាមេរិកដែលត្រូវបានគេផ្សព្វផ្សាយបន្ថែមមានចំនួនប៉ុន្មាន។

    អ្នកប្រើបណ្ដាញសង្គមម្នាក់បានសរសេរថា «ខ្ញុំមិនយល់ថា ហេតុអ្វីបានជាមនុស្សជាច្រើនគាំទ្ររុស្ស៊ី និងលោក Putin? តើការឈ្លានពានជាអំពើយុត្តិធម៌ឬទេ? យើងគួរតែប្រឆាំងចំពោះសកម្មភាពគ្រប់ទម្រង់នៃសង្រ្គាម»។

    មានអ្នកផ្សេងម្នាក់ ទៀតក៏បានបង្ហោះសារថា «សកម្មភាពដែលលោក Putin ទទួលស្គាល់ឯករាជ្យ ភាពរបស់តំបន់ផ្តាច់ខ្លួននៅអ៊ុយក្រែនគឺជាការជ្រៀតជ្រែកចូលក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសមួយផ្សេងទៀត»។ សារដែលត្រូវបានគេបង្ហោះចុងក្រោយខាងលើ គឺជាសារដែលទីក្រុងប៉េកាំងមិនចង់ឱ្យប្រជាជន របស់ខ្លួនបានឃើញ នោះទេ។

    នៅពេលសួរថា តើអ្វីដែលកំពុងកើត ឡើងនៅក្នុងប្រទេសអ៊ុយក្រែនគឺជាការឈ្លានពានដែរឬទេ អ្នកនាំពាក្យក្រសួងការបរទេសលោកស្រី Hua Chunying បានប្រាប់ដល់សន្និសីទសារព័ត៌មានថា «បរិបទប្រវត្តិសាស្ត្រមានភាពស្មុគស្មាញ ហើយស្ថានភាពបច្ចុប្បន្នគឺបណ្តាលមកពីកត្តាជាច្រើន»។

    មានភាពចលាចលដ៏ធំដែលបានកើតឡើងនៅតំបន់អឺរ៉ុប ហើយលោក Xi Jinping មានជម្រើសធំៗមួយចំនួនដែលត្រូវធ្វើទាក់ទងនឹងរបៀបដែលប្រទេសចិនត្រូវឆ្លើយតបនឹងភាពចលាចលទាំងនោះ៕ The Asean Post

    អត្ថបទទាក់ទង