ខ្មែរប៉ុស្ដិ៍ Close

    SCMP ៖ ប្រាក់ដុល្លារអាមេរិកលែងមានសារៈសំខាន់ទៀតហើយ ខណៈអាស៊ានទទួលយកការផ្លាស់ប្តូររូបិយបណ្ណ

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី៨ ខែមីនា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 2021
    SCMP ៖ ប្រាក់ដុល្លារអាមេរិកលែងមានសារៈសំខាន់ទៀតហើយ ខណៈអាស៊ានទទួលយកការផ្លាស់ប្តូររូបិយបណ្ណSCMP ៖ ប្រាក់ដុល្លារអាមេរិកលែងមានសារៈសំខាន់ទៀតហើយ ខណៈអាស៊ានទទួលយកការផ្លាស់ប្តូររូបិយបណ្ណ

    ប្រទេសចិនបានខិតខំប្រឹងប្រែងធ្វើការជាមួយនឹងប្រទេសជិតខាងនៅតំបន់អាស៊ីរបស់ខ្លួន ក្នុងការលើកកម្ពស់ការប្រើប្រាស់រូបិយបណ្ណក្នុងស្រុក នៅក្នុងការធ្វើពាណិជ្ជកម្មនិងការវិនិយោគនៅក្នុងតំបន់។ ការផ្លាស់ប្តូរ
    រូបិយបណ្ណទ្វេភាគីបែបនេះនឹងជួយពង្រឹងការធ្វើសមាហរណកម្មសេដ្ឋកិច្ចរបស់ពួកគេ ជាពិសេសក្នុងចំណោមរដ្ឋជាសមាជិកអាស៊ាន និងផ្តល់ជាបណ្តាញហិរញ្ញវត្ថុដែលមានសុវត្ថិភាពដ៏ល្អប្រសើរនៅក្នុងតំបន់ ដើម្បី
    ប្រឆាំងនឹងការប៉ះទង្គិចពីខាងក្រៅ។

    ការផ្លាស់ប្តូរនេះក៏ជាការវិវត្តបែបធម្មជាតិនៅពេលដែលគេកំពុងតែងាកចេញពីប្រព័ន្ធពាណិជ្ជកម្ម និងហិរញ្ញវត្ថុដែលគ្រប់គ្រងដោយប្រាក់ដុល្លាររបស់អាមេរិក ដើម្បីឆ្ពោះមកកាន់តំបន់អាស៊ីដែលកំពុងតែមានសេដ្ឋកិច្ច កើនឡើង ។

    នៅក្នុងកិច្ចប្រជុំកាលពីពេលថ្មីៗនេះរបស់ក្រុមប្រទេស G20 លោក Yi Gang ទេសាភិបាលធនាគារកណ្តាលរបស់ប្រទេសចិន បានសាទរចំពោះការពឹងផ្អែកគ្នាទៅវិញទៅមកកាន់តែជិតស្និតរបស់សេដ្ឋកិច្ចតំបន់អាស៊ី ។

    ការផ្លាស់ប្តូររូបិយបណ្ណនៅក្នុងតំបន់ក៏ជាការវិវឌ្ឍដ៏សំខាន់ផងដែរ នៅពេលដែលប្រាក់យន់កំពុងត្រូវបានគេទទួលស្គាល់កាន់តែច្រើននៅក្នុងប្រព័ន្ធពាណិជ្ជកម្មតំបន់អាស៊ាន ហើយទីក្រុងប៉េកាំងកំពុងតែធ្វើដំណើរឆ្ពោះទៅរកការធ្វើឱ្យប្រាក់យន់ក្លាយជារូបិយបណ្ណអន្តរជាតិ ។

    ទន្ទឹមនឹងនេះទីក្រុងម៉ូស្គូនិងទីក្រុងប៉េកាំងបានព្រមព្រៀងគ្នាលើកិច្ចសន្យារយៈពេល ៣០ ឆ្នាំដើម្បីផ្គត់ផ្គង់ឧស្ម័នដល់ប្រទេសចិនតាមរយៈបំពង់បង្ហូរប្រេងថ្មី ហើយនឹងធ្វើការទូទាត់ប្រាក់តាមរយៈប្រាក់អឺរ៉ូ ដែលនេះគឺជាការជំរុញឱ្យមានសម្ព័ន្ធភាពជាយុទ្ធសាស្ត្រ ខណៈដែលប្រទេសទាំង២ កំពុងតែមានទំនាក់ទំនងកាន់តែតានតឹងជាមួយអាមេរិក និងប្រទេសជាសម្ព័ន្ធមិត្តលោកខាងលិច។

    គេបានចាត់ទុកសកម្មភាពនេះថាជាល្បែងដែលយកឈ្នះចាញ់ដាច់ខាត (zero-sum game) ហើយការវិវឌ្ឍនេះនឹងកាត់បន្ថយការប្រើប្រាស់ប្រាក់ដុល្លារអាមេរិក, ធ្វើឱ្យអនុត្តរភាពហិរញ្ញវត្ថុរបស់អាមេរិកចុះខ្សោយនិងកាត់បន្ថយឥទ្ធិពលនៃគោលនយោបាយរូបិយវត្ថុអាមេរិកនៅក្នុងតំបន់អាស៊ី។

    ប្រទេសឥណ្ឌូណេស៊ី ដែលកំពុងកាន់តំណែងជាប្រធាននៃបណ្តាប្រទេសសេដ្ឋកិច្ចធំៗ G20 សម្រាប់ឆ្នាំនេះ ហើយក៏ជាមហាអំណាចមួយនៅក្នុងអាស៊ានបានកាត់បន្ថយការប្រើប្រាស់ប្រាក់ដុល្លារអាមេរិកចំនួន ២,៥៣ពាន់លានដុល្លារកាលពីឆ្នាំមុន ហើយគ្រោងនឹងបង្កើនឱ្យបាន ១០% បន្ថែមទៀតសម្រាប់ឆ្នាំនេះ។

    សម្រាប់សេដ្ឋកិច្ចក្នុងតំបន់ ការផ្លាស់ប្តូររូបិយបណ្ណនេះគឺជារឿងសមហេតុផលទាំងសម្រាប់រយៈពេលខ្លី និងរយៈពេលវែង។ បច្ចុប្បន្ននេះ ពួកគេកំពុងតែប្រឈមមុខនឹងហានិភ័យធ្ងន់ធ្ងរនៃលំហូរចេញមូលធន ដោយសារតែគេបានរំពឺងថា អាមេរិកនឹងធ្វើការរឹតបន្តឹងគោលនយោបាយរូបិយវត្ថុ។

    ដោយសារតែការគំរាមកំហែងនៃជំងឺរាតត្បាតកូវីដ-១៩ បានថយចុះ ពួកគេត្រូវតែត្រៀមរៀបចំសេដ្ឋកិច្ចដើម្បីដោះស្រាយជាមួយនឹងបញ្ហាប្រឈមដែលអាចកើតមានឡើងនៅពេលខាងមុខ។ ការផ្លាស់ប្តូររូបិយបណ្ណក្នុងស្រុកនៅក្នុងតំបន់អាស៊ាន ជាមួយនឹងប្រទេស ចិន ជប៉ុន និងកូរ៉េខាងត្បូង ត្រូវបានគេប៉ាន់ស្មានថា នឹងអាចមានទំហំដល់ទៅ ៣៨០ ពាន់លានដុល្លារក្នុងមួយឆ្នាំ។

    ខណៈពេលដែលទីក្រុងវ៉ាស៊ីនតោនព្យាយាមបង្រួបបង្រួមប្រទេសនៅអាស៊ានទៅក្នុងយុទ្ធសាស្ត្រតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិករបស់ខ្លួនដើម្បីទប់ស្កាត់ប្រទេសចិន ទីក្រុងប៉េកាំងបានងាកមកផ្តោតទៅលើការវិនិយោគ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មវិញ។

    ភាពជោគជ័យនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) និងការកើនឡើងនៃសកម្មភាពពាណិជ្ជកម្មចិន-អាស៊ាន បានធ្វើឱ្យការផ្លាស់ប្តូរពាណិជ្ជកម្ម និងការវិនិយោគរបស់អាមេរិក-អាស៊ានមានការធ្លាក់ចុះ។

    ពាណិជ្ជកម្មរវាងចិន និងបណ្តាប្រទេសនៅអាស៊ាននៅក្នុងឆ្នាំ ២០២០ មានចំនួនសរុប ៦៨៥,២៨ ពាន់លានដុល្លារ ធៀបនឹងទំហំពាណិជ្ជកម្មអាមេរិក-អាស៊ានដែលមានត្រឹមតែ ៣៦២,២ ពាន់លានដុល្លារ។

    មិនថាពួកគេកំពុងតែមានជម្លោះដែនដី និងដែនសមុទ្របែបណាជាមួយចិននោះទេ មេដឹកនាំអាស៊ានបានដឹងយ៉ាងច្បាស់ថា វិធីដើម្បីបង្កើនទ្រព្យសម្បត្តិជាតិ និងការអភិវឌ្ឍសេដ្ឋកិច្ច ត្រូវធ្វើឡើងតាមរយៈការធ្វើពាណិជ្ជកម្ម និងការវិនិយោគ មិនមែនតាមរយៈការឈ្លោះប្រកែកគ្នានោះឡើយ។

    ដោយមានជម្រើស «រវាងនំបុ័ងនិងគ្រាប់កាំភ្លើង» ពីសំណាក់ប្រទេសចិន និងសហរដ្ឋអាមេរិក មេដឹកនាំអាស៊ីភាគច្រើនពិតជាបានដឹងច្បាស់អំពីជម្រើសដែលល្អសម្រាប់ខ្លួនស្រាប់ហើយ៕ South China Morning Post

    អត្ថបទទាក់ទង