ខ្មែរប៉ុស្ដិ៍ Close

ពិភពលោកទាំងមូលនឹងក្លាយជាអ្នកចាញ់ ប្រសិនបើសង្រ្គាមនៅតែបន្ត

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី៩ ខែមីនា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 1173
ពិភពលោកទាំងមូលនឹងក្លាយជាអ្នកចាញ់ ប្រសិនបើសង្រ្គាមនៅតែបន្តពិភពលោកទាំងមូលនឹងក្លាយជាអ្នកចាញ់ ប្រសិនបើសង្រ្គាមនៅតែបន្ត

ជំងឺរាតត្បាតមិនមែនជារឿងអាក្រក់បំផុតចំពោះពិភពលោកនោះទេ ព្រោះចាប់ តាំងពីលោក Vladimir Putin បានចេញបញ្ជាឱ្យបើកប្រតិបត្តិការយោធាមួយនៅអ៊ុយក្រែនរួចមក គេស្ទើរតែពុំឃើញ
នរណាម្នាក់និយាយអំពីអត្រានៃការឆ្លង ឬថា តើមានមនុស្សប៉ុន្មាននាក់ត្រូវបានសម្រាកព្យាបាលនៅ មន្ទីរពេទ្យដោយសារកូវីដ-១៩ នោះ។

ហេតុផលនោះគឺសាមញ្ញណាស់ ពោលគឺវីរុសកូរ៉ូណាអាចសម្លាប់មនុស្សបានតិចជាងឆ្ងាយណាស់ បើធៀប ទៅនឹងគ្រាប់កាំភ្លើង។

គ្រប់គ្នាសុទ្ធតែយល់ថា ជម្លោះយោធាមិននាំមកនូវផលចំណេញអ្វីក្រៅអំពីការបាត់បង់ជីវិតមនុស្ស និងសេដ្ឋកិច្ចនោះទេ។ ទោះជាយ៉ាងណាក៏ដោយ ដូចអ្វីដែលលោកអតីតនាយករដ្ឋមន្រ្តីអង់គ្លេស Neville Chamberlain បាននិយាយកាលពីទសវត្សរ៍ឆ្នាំ ១៩៣០ ហើយថា សង្រ្គាមគឺជាការបង្ហាញអំពីភាព «ចាញ់-ចាញ់» បើទោះបីជា «អ្នកឈ្នះ» អាចងើបរួចពីគំនរផេះផង់នៅទីបញ្ចប់ក្ដី។

រហូតមកទល់ពេលនេះ ប្រទេសលោកខាងលិចកំពុងប្រឹងប្រែងយ៉ាងអស់ពីសមត្ថភាពដើម្បីបញ្ឈប់ជម្លោះដ៏សាហាវមួយនេះនៅអ៊ុយក្រែន។ ជាលទ្ធផល រុស្ស៊ីអាចប្រឈមមុខនឹងការកាត់បន្ថយភាពបត់បែនផ្នែកហិរញ្ញវត្ថុ, ការថយចុះនៃកំណើន GDP និងការបាត់បង់ទំនុកចិត្តយ៉ាងខ្លាំងខាងផ្នែកសេដ្ឋកិច្ចនៅក្នុងស្រុក។

ការដាក់ទណ្ឌកម្មកាន់តែធ្ងន់ធ្ងរនឹងកាត់បន្ថយសមត្ថភាពនៃវិស័យឯកជនរបស់រុស្ស៊ីក្នុងការសង បំណុលបរទេសរបស់ខ្លួន។ បន្ថែមពីលើនេះ ថវិការបស់រុស្សីនឹងរងផលប៉ះពាល់អវិជ្ជមានតាមរយៈការចុះទន់ខ្សោយនៃ
សកម្មភាពសេដ្ឋកិច្ច និងការចំណាយផ្នែកហិរញ្ញវត្ថុដោយផ្ទាល់នៅក្នុងជម្លោះនេះ។

ភាគច្រើន រុស្ស៊ីប្រហែលជានឹងងាកទៅរកប្រទេសចិនសម្រាប់តម្រូវការហិរញ្ញវត្ថុរបស់ខ្លួន។ ចាប់តាំងពីឆ្នាំ២០១៤ មក ភាគរយនៃការទូទាត់ជាប្រាក់ដុល្លារអាមេរិករវាងប្រទេសទាំងពីរ បានធ្លាក់ចុះពី ៩៧% មកនៅត្រឹមតែ ៣៣% ។

នៅអ៊ុយក្រែន ផលវិបាកខាងផ្នែកសេដ្ឋកិច្ចដែលបណ្ដាលមកពីសង្រ្គាមអាចនឹងមានកាន់តែច្រើន។ បើយោងតាម IMF កំពង់ផែសមុទ្រ និងព្រលានយន្តហោះរបស់ប្រទេសនេះត្រូវបានបិទ ឬត្រូវខូចខាត ហើយផ្លូវថ្នល់និងស្ពានជាច្រើនត្រូវខូចខាត ឬត្រូវបានបំផ្លាញ។ ប្រទេសនេះបានស្នើសុំហិរញ្ញប្បទានបន្ទាន់ចំនួន ១,៤ ពាន់លានដុល្លារអាមេរិករួចហើយ ក្រោមទម្រង់ហិរញ្ញប្បទានរហ័សរបស់ IMF ។

ក្នុងពេលជាមួយគ្នានេះ ចក្រភពអង់គ្លេសបានផ្ដល់ប្រាក់បន្ថែមចំនួន ១០០ លានដុល្លារដោយផ្ទាល់ ដល់រដ្ឋាភិបាលអ៊ុយក្រែនដើម្បីកាត់បន្ថយសម្ពាធផ្នែកហិរញ្ញវត្ថុ។

បើតាមអនុប្រធានទីមួយនៃធនាគារកណ្តាលរុស្ស៊ីលោក Sergey Aleksahenko បានឱ្យដឹងថា ការដកធនាគារធំៗបំផុតរបស់រុស្ស៊ីចេញពីប្រព័ន្ធ SWIFT អាចរំខានដល់លំហូរនៃទំនិញនិងឱនភាពនៃទីផ្សារអ្នកប្រើប្រាស់ ព្រមទាំងបង្កើនល្បឿននៃអតិផរណា ខណៈពេលដែលតម្លៃធនធានធម្មជាតិឡើងថ្លៃខ្ពស់។

ក្នុងរយៈពេល ៣ខែចុងក្រោយនេះ សន្ទស្សន៍ S&P GSCI ដែលជាឧបករណ៍វាស់ស្ទង់ដ៏ទូលំទូលាយមួយ សម្រាប់តម្លៃនៃវត្ថុធាតុដើមសកលបានហក់លោតឡើងខ្ពស់ជាង ៤៥%។

ប្រទេសរុស្ស៊ីនិងអ៊ុយក្រែនជាអ្នកនាំចេញស្រូវសាលីដ៏សំខាន់ ខណៈដែលរុស្ស៊ី និង Belarus ជាប្រទេសដែលសម្បូរទៅដោយរ៉ែប៉ូតាស្យូមសម្រាប់ធ្វើជីកសិកម្ម។ ដូច្នេះ បើសិនណាពិភពលោកមិនអាចស្វែងរកដំណោះស្រាយផ្សេងពីនេះបានទេ នោះអតិផរណានឹងបន្តកើនឡើង។

ការរឹតបន្តឹងគោលនយោបាយរូបិយវត្ថុជំនួសឱ្យធនាគារកណ្តាល អាចជួយឱ្យគេថ្លឹងថ្លែងអំពីកំណើនសេដ្ឋកិច្ចពិភពលោកបាន។ សេណារីយ៉ូដែលអាក្រក់បំផុតខាងផ្នែកសេដ្ឋកិច្ច គឺជាអ្វីដែលគេហៅថា «ការជាប់គាំង – stagflation» ពោលគឺជាពេលដែលអតិផរណាកើនខ្ពស់ ចំពេលដែលកំណើនសេដ្ឋកិច្ចនៅទ្រឹង៕ Asia Times

អត្ថបទទាក់ទង