ខ្មែរប៉ុស្ដិ៍ Close

វិធីសាស្ត្រដែលក្រុមហ៊ុនផលិតអាវុធធំៗ អាចរកបានប្រាក់ចំណូលរាប់ពាន់លានយ៉ាងស្ងៀមស្ងាត់ ពីការធ្វើសង្គ្រាម

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី១១ ខែមីនា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 848

ការឈ្លានពានដោយកម្រោលរបស់ប្រទេសរុស្ស៊ីមកលើប្រទេសអ៊ុយក្រែន កំពុងត្រូវបានគេថ្កោលទោសយ៉ាងខ្លាំង ហើយគេក៏មានការព្រួយបារម្ភជាខ្លាំងផងដែរ អំពីការបង្កើតអាណាចក្ររុស្ស៊ីឡើងវិញ និងការបង្កើតឱ្យមានសង្គ្រាមលោកសារជាថ្មីទៀតផង។

ប៉ុន្តែអ្វីដែលគេមិនសូវបានលើកយកមកធ្វើការពិភាក្សាគ្នានោះ គឺការដែលឧស្សាហកម្មផលិតអាវុធបានផ្គត់ផ្គង់អាវុធទៅឱ្យភាគីទាំងពីរ ក្នុងទំហំទឹកប្រាក់ជាងកន្លះទ្រីលានដុល្លារ និងប្រាក់ចំណេញដ៏ច្រើនដែលឧស្សាហកម្មនោះទទួលបាន។

ជម្លោះនោះបានធ្វើឱ្យមានការកើនឡើងយ៉ាងសម្បើមក្នុងការចំណាយថវិកាទៅលើផ្នែកយោធា។ សហភាពអឺរ៉ុបបានប្រកាសថា ខ្លួននឹងផ្តល់នូវអាវុធ គិតជាទឹកប្រាក់ប្រមាណ ៤៥០លានអឺរ៉ូ ទៅឱ្យប្រទេសអ៊ុយក្រែន រីឯសហរដ្ឋអាមេរិកវិញ ក៏បានសន្យាផ្តល់ជំនួយយោធាជាទឹកប្រាក់ប្រមាណ ៣៥០ លានដុល្លារ បន្ថែមពីលើការផ្គត់ផ្គង់សម្ភារៈយោធាជាង ៩០តោន និងថវិកាជាង ៦៥០ លានដុល្លារនៅក្នុងរយៈពេលមួយឆ្នាំកន្លងទៅនេះ។

ជារួម គេបានមើលឃើញថា សហរដ្ឋអាមេរិកនិងណាតូ កំពុងបញ្ជូនអាវុធប្រឆាំងរថក្រោះចំនួន ១៧០០០ ដើម និងមីស៊ីលប្រឆាំងឧត្ថម្ភាគចក្រចម្បាំងម៉ាក Stinger ចំនួន ២០០០ ដើម ហើយក៏នៅមានប្រទេសជា ច្រើនទៀតដែលកំពុងតែបន្តផ្តល់អាវុធដល់កម្លាំងតស៊ូអ៊ុយក្រែនផងដែរ ដែលរួមមានទាំងអង់គ្លេស អូស្ត្រាលី ទួកគី និងកាណាដា។

កងម៉ារីនអាមេរិកកំពុងបាញ់កាំភ្លើងប្រឆាំងឧត្ថម្ភាគចក្រចម្បាំង ម៉ាក Stinger
កងម៉ារីនអាមេរិកកំពុងបាញ់កាំភ្លើងប្រឆាំងឧត្ថម្ភាគចក្រចម្បាំង ម៉ាក Stinger

នេះគឺជាសញ្ញាដ៏ល្អសម្រាប់ក្រុមហ៊ុនផលិតអាវុធធំៗបំផុតរបស់ពិភពលោក។ ជាក់ស្តែងគឺក្រុមហ៊ុន Raytheon ដែលជាក្រុមហ៊ុនផលិតមីស៊ីល Stinger និងក្រុមហ៊ុន Lockheed Martin ដែលបានផលិតមីស៊ីលប្រឆាំងរថក្រោះម៉ាក Javelin សម្រាប់ផ្គត់ផ្គង់ទៅឱ្យប្រទេសនានាដូចជា សហរដ្ឋអាមេរិកនិងអេស្តូនៀជាដើម។

ទាហ៊ានអ៊ុយក្រែនជាមួយនិងមីស៊ីលប្រឆាំងរថក្រោះម៉ាក Javelin
ទាហ៊ានអ៊ុយក្រែនជាមួយនិងមីស៊ីលប្រឆាំងរថក្រោះម៉ាក Javelin

ចាប់តាំងពីការឈ្លានពានបានចាប់ផ្តើម ភាគហ៊ុនរបស់ក្រុមហ៊ុនអាមេរិកទាំងពីរខាងលើនេះបានកើនឡើងយ៉ាងខ្លាំង ដោយក្រុមហ៊ុន Lockheed បានកើនឡើង ១៦% និងក្រុមហ៊ុន Raytheon បានកើនឡើង ៣% ។

ភាគហ៊ុនរបស់ក្រុមហ៊ុន BAE Systems ដែលជាតួអង្គដ៏ធំបំផុតមួយនៅអង់គ្លេសនិងអឺរ៉ុប ក៏បានកើនឡើង ២៦% ផងដែរ ហើយក្នុងចំណោមក្រុមហ៊ុនកំពូលៗចំនួន ៥ របស់ពិភពលោក មានតែក្រុមហ៊ុន Boeing តែមួយគត់ដែលមានការធ្លាក់ចុះប្រាក់ចំណូល ដោយសារតែក្រុមហ៊ុននោះត្រូវទទួលរងនូវផលប៉ះពាល់ដោយផ្ទាល់ជាមួយក្រុមហ៊ុនអាកាសចរណ៍ ។

នៅមុនពេលមានជម្លោះ ក្រុមហ៊ុនអាវុធធំៗរបស់លោកខាងលិចបានប្រាប់ដល់វិនិយោគិនអំពីលទ្ធភាពនៃការកើនឡើងនៃប្រាក់ចំណូលរបស់ពួកគេ។

លោក Gregory J. Hayes នាយកប្រតិបត្តិនៃក្រុមហ៊ុន Raytheon បានបញ្ជាក់កាលពីថ្ងៃទី ២៥ មករាថា «យើងគ្រាន់តែក្រឡេកមើលទៅព្រឹត្តិការណ៍ នៃការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកនៅប្រទេសអារ៉ាប់រួម UAE កាលពីសប្តាហ៍មុន ហើយជាការពិតណាស់ ភាពតានតឹងនៅអឺរ៉ុបខាងកើត ភាពតានតឹងនៅសមុទ្រចិនខាងត្បូង រឿងរ៉ាវទាំងអស់នេះកំពុងតែដាក់សម្ពាធឱ្យមានការបង្កើនការចំណាយលើវិស័យការពារជាតិមួយចំនួន។ ដូច្នេះ ខ្ញុំរំពឹងយ៉ាងពេញទំហឹងថាយើងនឹងទទួលបានអត្ថប្រយោជន៍ខ្លះពីភាពតានតឹងទាំងនេះ»។

សូម្បីតែនៅមុនពេលមានការឈ្លានពាន ឧស្សាហកម្មអាវុធលើពិភពលោកត្រូវគេព្យាករណ៍ថា នឹងមានការកើនឡើង ៧% នៅក្នុងឆ្នាំ២០២២ រួចទៅហើយ។ លោក Richard Aboulafia នាយកគ្រប់គ្រងក្រុមហ៊ុន AeroDynamic Advisory បានពន្យល់ថា «ហានិភ័យដ៏ធំបំផុតសម្រាប់វិនិយោគិននោះ គឺការដែលសកម្មភាពទាំងអស់របស់ប្រទេសរុស្សី អាចនឹងងាយដួលរលំ ហើយការគម្រាមកំហែងនានាក៏អាចនឹងរលាយបាត់»។

ដោយមើលឃើញថា ជម្លោះនេះមិនអាចងាយនឹងបញ្ចប់នោះ បណ្តាក្រុមហ៊ុនលក់អាវុធកំពុងតែទទួលបានប្រយោជន៍យ៉ាងច្រើន។ ក្រៅពីការលក់អាវុធដោយផ្ទាល់ទៅឱ្យភាគីជម្លោះ និងផ្គត់ផ្គង់ឱ្យប្រទេសផ្សេងៗដែលកំពុងផ្តល់អំណោយជាអាវុធទៅឱ្យអ៊ុយក្រែននោះពួកគេក៏បានមើលឃើញអំពីតម្រូវការបន្ថែម នូវអាវុធពីសំណាក់ប្រទេសផ្សេងៗទៀតដូចជា អាល្លឺម៉ង់ និងដាណឺម៉ាកជាដើម ដែលពួកគេទើបនឹងប្រកាសអំពីការបង្កើនការចំណាយរបស់ពួកគេទៅលើវិស័យយោធាផងដែរ។

សហរដ្ឋអាមេរិកគឺជាអ្នកនាំមុខគេក្នុងពិភពលោក ជាមួយនឹងការលក់អាវុធបានចំនួន ៣៧% ក្នុងចំណោមការលក់អាវុធទាំងអស់នៅចន្លោះឆ្នាំ២០១៦ និង ២០២០។ ប្រទេសបន្ទាប់មកគឺ ប្រទេសរុស្ស៊ី ដែលលក់បានចំនួន ២០% តាមពីក្រោយដោយប្រទេសបារាំង ៨% ប្រទេសអាល្លឺម៉ង់ ៦% និងប្រទេសចិន ៥%។

ក្រៅពីប្រទេសទាំង ៥ ខាងលើ ក៏នៅមានប្រទេសផ្សេងទៀតដែលអាចទទួលបានផលប្រយោជន៍ជាច្រើនពីសង្គ្រាមនេះផងដែរ។ ប្រទេសទួកគីមិនខ្វល់នឹងការព្រមានរបស់ប្រទេសរុស្ស៊ី ហើយនៅតែបន្តផ្គត់ផ្គង់អាវុធជាច្រើនទៅឱ្យអ៊ុយក្រែន ដែលរួមមានទាំងដ្រូនទំនើបៗផង ដែលនេះគឺជាការកើនឡើងនៃប្រាក់ចំណូលដ៏ធំសម្រាប់ឧស្សាហកម្មផលិតអាវុធរបស់ទួកគីដែលបានផ្គត់ផ្គង់ជាង ១% នៃទីផ្សារអាវុធពិភពលោក។

ប្រទេសអ៊ីស្រាអ៊ែលក៏ទទួលបានចំណែកប្រមាណ ៣% នៃការលក់អាវុធនៅក្នុងពិភពលោកនេះដែរ ហើយសារព័ត៌មានក្នុងស្រុកមួយបានបង្ហោះនូវអត្ថបទដោយភ្ជាប់ជាមួយនឹងចំណងជើងថា «អ្នកដែលឈ្នះដំបូងគេនៅក្នុងការឈ្លានពានរបស់រុស្ស៊ី គឺឧស្សាហកម្មអាវុធរបស់អ៊ីស្រាអ៊ែល»។

ចំណែកប្រទេសរុស្ស៊ីវិញ ពួកគេបាននិងកំពុងកសាងឧស្សាហកម្មផ្ទាល់ខ្លួន ដើម្បីជាការឆ្លើយតបទៅនឹងការដាក់ទណ្ឌកម្មរបស់បណ្តាប្រទេសលោកខាងលិចចាប់តាំងពីឆ្នាំ ២០១៤។ រដ្ឋាភិបាលរុស្សីបានបង្កើតនូវកម្មវិធីដ៏ធំមួយជំនួសឱ្យការនាំចូលអាវុធ ដើម្បីកាត់បន្ថយការពឹងផ្អែករបស់ខ្លួនទៅលើអាវុធ និងអ្នកជំនាញរបស់បរទេស ហើយក៏បានបង្កើនការលក់អាវុធទៅបរទេសផងដែរ។

មានករណីមួយចំនួននៃការបន្តអាជ្ញាបណ្ណក្នុងការផ្គត់ផ្គង់អាវុធផងដែរ ដូចជាករណីការផ្គត់ផ្គង់អាវុធពីចក្រភពអង់គ្លេសទៅឱ្យប្រទេសរុស្ស៊ីក្នុងតម្លៃប្រមាណ ៣,៧ លានផោន ប៉ុន្តែករណីនេះត្រូវបាន បញ្ចប់ហើយកាលពីឆ្នាំ ២០២១។

ក្នុងនាមជាអ្នកនាំអាវុធចេញធំជាងគេលំដាប់ទី២ ប្រទេសរុស្ស៊ីបានកំណត់គោលដៅលើអតិថិជនអន្តរជាតិមួយចំនួន។ ការនាំចេញអាវុធរបស់រុស្សីបានធ្លាក់ចុះ ២២% នៅចន្លោះឆ្នាំ២០១៦ និង២០២០ ប៉ុន្តែការធ្លាក់ចុះនេះ កើតឡើងដោយសារតែការកាត់បន្ថយការលក់អាវុធទៅឱ្យប្រទេសឥណ្ឌារហូតដល់ទៅ ៥៣% ។ ប្រទេសរុស្ស៊ីក៏បានបង្កើនការលក់អាវុធរបស់ខ្លួនយ៉ាងច្រើនទៅកាន់ប្រទេសមួយចំនួនដូចជា ប្រទេសចិន អាល់ហ្សឺរី និងអេហ្ស៊ីប ជាដើម។

យោងតាមរបាយការណ៍ស្តីពីការចំណាយរបស់សភាអាមេរិកបានឱ្យដឹងថា «គ្រឿងសព្វាវុធរុស្ស៊ីមានតម្លៃមិនសូវថ្លៃ និងងាយស្រួលប្រើប្រាស់និងថែរក្សាជាង បើធៀបនឹងអាវុធរបស់លោកខាងលិច។ ក្រុមហ៊ុនអាវុធធំៗរបស់រុស្ស៊ីរួមមានក្រុមហ៊ុនផលិតមីស៊ីល Almaz-Antey ដែលទទួលបានចំណូលពីការលក់ចំនួន ៦,៦ ពាន់លានដុល្លារ, ក្រុមហ៊ុន United Aircraft Corp ដែលទទួលបានចំណូលចំនួន ៤,៦ ពាន់លានដុល្លារ និងក្រុមហ៊ុន United Shipbuilding Corp ដែលទទួលបានចំណូលចំនួន ៤,៥ ពាន់លានដុល្លារ»។

នៅក្នុងអំឡុងពេលនៃការកាន់អំណាចរបស់លោក Putin វាស្ថិតនៅក្នុងភាពមានកម្រិតមួយចំពោះអ្វីដែលប្រទេសរុស្សីអាចសម្រេចបាន ហើយមានភាគរយតិចណាស់ដែលប្រទេសអ៊ុយក្រែននឹងរំលាយយោធារបស់ខ្លួនចោល ខណៈដែលខ្លួនកំពុងតែបន្តទទួលរងការគំរាមកំហែងពីសំណាក់ប្រទេសរុស្ស៊ីនោះ ។

មានការខិតខំប្រឹងប្រែងមួយចំនួនដែលអាចជួយកាត់បន្ថយកម្តៅនៃជម្លោះនេះបាន ដូចជាការប្រកាសរបស់ណាតូក្នុងការច្រានចោលជាសាធារណៈចំពោះសំណើររបស់ប្រធានាធិបតីអ៊ុយក្រែន ឱ្យបង្កើតតំបន់គ្មានការ ហោះហើរជាដើម។ ប៉ុន្តែការខិតខំប្រឹងប្រែងនេះកំពុងតែត្រូវបានបំផ្លាញ ដោយសារតែចំនួនថវិកាដ៏មហិមាដែលភាគីទាំងពីរ បានបង្កើនដើម្បីយកមកទិញគ្រឿងសព្វាវុធ។

អ្វីដែលលោកខាងលិច និងរុស្ស៊ីមានរួមគ្នានោះ គឺភាពស្មុគស្មាញនៃឧស្សាហកម្មអាវុធ ហើយពួកគេត្រូវពឹងផ្អែក និងទទួលរងឥទ្ធិពលពីសំណាក់ឧស្សាហកម្មអាវុធធំៗរបស់ពួកគេ។ ចំណុចនេះត្រូវបានបង្ហាញឱ្យឃើញកាន់តែច្បាស់បន្ថែមទៀតតាមរយៈបច្ចេកវិទ្យាទំនើបថ្មីៗដែលមានចាប់តាំងពីដ្រូន និងប្រព័ន្ធអាវុធទំនើបៗដែលបញ្ជាដោយបញ្ញាសិប្បនិម្មិត-AI។

ប្រសិនបើគោលដៅចុងក្រោយគឺជាការកាត់បន្ថយកម្តៅ និងការរក្សាសន្តិភាពឱ្យបានយូរអង្វែងនោះ គេត្រូវការចំណាត់ការឱ្យបានម៉ឹងម៉ាតដើម្បីវាយប្រហារទៅលើឬសគល់នៃបញ្ហាដែលបង្កឱ្យមានការវាយប្រហារដោយយោធា។

ខ្ញុំពិតជាស្វាគមន៍ចំពោះការប្រកាសកាលពីពេលថ្មីៗនេះរបស់លោក Joe Biden ដែលថា «អាមេរិកនិងដាក់ទណ្ឌកម្មទៅលើឧស្សាហកម្មយោធារបស់រុស្ស៊ីដោយផ្ទាល់ ដោយធ្វើឱ្យពួកគេកាន់តែលំបាកក្នុងការទទួលបានវត្ថុធាតុដើម និងពិបាកក្នុងការលក់គ្រឿងបន្លាស់របស់ពួកគេនៅលើឆាកអន្តរជាតិ។

នេះអាចជាការបង្កើតឱកាសពាណិជ្ជកម្មសម្រាប់ក្រុមហ៊ុនផលិតអាវុធរបស់ប្រទេសលោកខាងលិច ហើយវាក៏អាចជាការបង្កើតចន្លោះប្រហោងបណ្តោះអាសន្នសម្រាប់ក្រុមហ៊ុនរបស់អាមេរិក និងអឺរ៉ុប ដើម្បីអាចទទួលបានផលប្រយោជន៍កាន់តែមានច្រើនថែមទៀត។

ហើយវាក៏ជាការពង្រីកការប្រណាំងប្រជែងផ្នែកសព្វាវុធពិភពលោក និងជាការបង្កើតនូវឱកាសដើម្បីអាចទទួលបានផលប្រយោជន៍កាន់តែធំធេងបន្ថែមទៀតពីជម្លោះថ្មីៗនៅពេលខាងមុខ។

ក្រោយការបញ្ចប់ សង្គ្រាមនេះ យើងគួរតែរិះរកវិធីដើម្បីដាក់កម្រិតចំពោះអំណាច និងឥទ្ធិពលរបស់ឧស្សាហកម្មនេះ។ វិធីនោះអាចរួមបញ្ចូលទាំងការធ្វើកិច្ចព្រមព្រៀងអន្តរជាតិដើម្បីដាក់កម្រិតលើការលក់អាវុធប្រភេទណាមួយ, ការផ្តល់ការគាំទ្រពហុភាគីដល់បណ្តាប្រទេសណាដែលប្តេជ្ញាចិត្តក្នុងការកាត់បន្ថយការចំណាយលើឧស្សាហកម្មយោធារបស់ពួកគេ និងការដាក់ទណ្ឌកម្មលើក្រុមហ៊ុនផលិតអាវុធណាដែលកំពុងបញ្ចុះបញ្ចូលឱ្យមានការបង្កើនការចំណាយលើវិស័យយោធា។

អ្វីដែលកាន់តែសំខាន់ទៀតនោះ គឺការគាំទ្រដល់ចលនាទាំងឡាយណាដែលប្រឆាំងនឹងការបន្តការអភិវឌ្ឍបន្ថែមទៀតចំពោះសមត្ថភាពវិស័យយោធា។

ច្បាស់ណាស់ថា វាពិតជាគ្មានចម្លើយងាយស្រួលណាមួយនោះទេ ហើយវាក៏នឹងមិនអាចកើតមានឡើងក្នុងពេលឆាប់ៗនោះដែរ ប៉ុន្តែវាពិតជាមានសារៈសំខាន់សម្រាប់យើងក្នុងការទទួលស្គាល់ ក្នុងនាមជាសហគមន៍អន្តរជាតិថា «សន្តិភាពយូរអង្វែងមិនអាចទៅរួចទេ ប្រសិនបើគ្មានការលុបបំបាត់ការផលិត និងការលក់អាវុធ ដែលជាឧស្សាហកម្មសេដ្ឋកិច្ចដែលរកប្រាក់បានយ៉ាងច្រើនទេនោះ»៕  The Conversation

អត្ថបទទាក់ទង