ខ្មែរប៉ុស្ដិ៍ Close

    ពលរដ្ឋថៃកំពុងមានការខ្វែងគំនិតគ្នា ជុំវិញបញ្ហាជម្លោះនៅអ៊ុយក្រែន

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី១៦ ខែមីនា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 935
    ពលរដ្ឋថៃកំពុងមានការខ្វែងគំនិតគ្នា ជុំវិញបញ្ហាជម្លោះនៅអ៊ុយក្រែនBangkok Post

    សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បានធ្វើឱ្យមានការខ្វែងគំនិតគ្នានៅក្នុងចំណោមសាធារណជនថៃ ជាមួយនឹងទស្សនវិស័យចំនួន ៣ខុសៗគ្នា ចំពោះវិបត្តិនេះ ដោយក្នុងនោះរួមមាន ការថ្កោលទោសយ៉ាងខ្លាំង, ការមិនកាន់ជើងខាងភាគីណាមួយ និងការគាំទ្រចំពោះធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ។

    ជាលើកដំបូងចាប់តាំងពីការកើតមានជម្លោះនៅកម្ពុជាកាលពី ៤ទស្សវត្សរ៍មុន សកម្មភាពយោធារបស់រុស្ស៊ីបានបង្កឱ្យមានការជជែកវែកញែកគ្នារវាងបញ្ញវន្ត, អ្នកការទូត និងបុគ្គលិកប្រព័ន្ធផ្សព្វផ្សាយនៅក្នុងប្រទេសថៃ អំពីជំហររបស់ប្រទេសលើបញ្ហានេះ ដោយអ្នក​ខ្លះ​បាន​ចោទ​សួរអំ​ពី​ប្រសិទ្ធភាព​នៃ​គោល​នយោបាយ​ការ​បរទេស​ដ៏​យូរ​លង់របស់​ថៃដែល​ត្រូវ​បាន​ពិពណ៌នា​ជា​ញឹក​ញាប់​ថា​ជា «ការ​រក្សាជំហរនៅកណ្តាល»

    របាយការណ៍និងការជជែកដេញដោលមួយចំនួនអំពីសង្គ្រាមនៅក្នុងប្រព័ន្ធផ្សព្វផ្សាយ មានលក្ខណៈរំជើបរំជួល និងទទួលបានការចាប់អារម្មណ៍ខ្លាំង។ ទន្ទឹមនឹងនេះដែរ ជំហររបស់សមាជិកអាស៊ានផ្សេងៗទៀត នៅអង្គការសហប្រជាជាតិ ឬនៅក្នុងប្រទេសរៀងៗខ្លួនចំពោះជម្លោះនេះ មិនបានរងនូវការចោទសួរពីសំណាក់សាធារណជនរបស់ពួកគេឡើយ។

    ក្រៅពីប្រទេសវៀតណាម និង ឡាវ ដែលបានបោះឆ្នោតអនុប្បវាទ ប្រទេសអាស៊ានដទៃទៀតសុទ្ធតែបានបោះឆ្នោតគាំទ្រសេចក្តីសម្រេចរបស់មហាសន្និបាតអង្គការសហប្រជាជាតិ (UNGA)កាលពីថ្ងៃទី ៣ មីនា ជាមួយនឹងការថ្កោលទោសលើការឈ្លានពានរបស់រុស្ស៊ី។

    ករណីនៅប្រទេសមីយ៉ាន់ម៉ាគឺជារឿងដ៏ចម្លែកមួយ ខណៈដែលតំណាងអចិន្ត្រៃយ៍របស់មីយ៉ាន់ម៉ាប្រចាំនៅអង្គការសហប្រជាជាតិ នៅតែបន្តស្ថិតក្នុងដៃរបស់បេសកជនជើងចាស់ គឺលោក Kyaw Moe Tun ដែលត្រូវបានតែងតាំងដោយអតីតរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ (NLD)។

    លោក Kyaw Moe Tun បានបោះឆ្នោតគាំទ្រសេចក្តីសម្រេចរបស់ UN ខណៈដែលរបបយោធាមីយ៉ាន់ម៉ាបានសម្តែងនូវការគាំទ្រចំពោះសកម្មភាពរបស់រុស្ស៊ី។ «មាន​តែ​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ​ដែល​បាន​ចាត់វិធានការខ្លាំងក្លាជាង​សមាជិកអាស៊ានដទៃទៀត តាមរយៈការចូលរួមផ្តួចផ្តើមធ្វើសេចក្តីសម្រេចនេះ (Co-sponsoring) ដែលជាវិធានការការទូតប្រកបដោយការគិតគូររបស់លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន»

    «ប្រព័ន្ធផ្សព្វផ្សាយកម្ពុជាបានសរសើរការគិតគូរជាយុទ្ធសាស្ត្ររបស់លោក និងបានធ្វើឱ្យបណ្តាប្រទេសជាមិត្តមាន ការភ្ញាក់ផ្អើលយ៉ាងខ្លាំង»

    កម្ពុជា​គឺ​ជា​ផ្នែក​មួយ​នៃ​ក្រុមប្រទេសឥណ្ឌូចិនដែល​រួម​មាន​វៀតណាមនិង​ឡាវ ហើយអតីតសហភាពសូវៀតធ្លាប់បានរក្សាសន្តិសុខ និងទំនាក់ទំនងសេដ្ឋកិច្ចយ៉ាងរឹងមាំជាមួយក្រុមនេះ។

    ប្រទេស​ថៃ​បាន​បោះឆ្នោត​គាំទ្រ​សេចក្តីសម្រេចនេះ ​ដោយ​បានចូលរួម​ជាមួយ​សមាជិក​ចំនួន ១៤០ ផ្សេងទៀត។ លោកបណ្ឌិត Suriya Chindawongse ដែលជាតំណាងអចិន្ត្រៃយ៍របស់ប្រទេសថៃប្រចាំនៅអង្គការសហប្រជាជាតិ បានលើកឡើងនូវចំណុចសំខាន់ៗចំនួន ៣ ដើម្បីបង្ហាញអំពីភាពត្រឹមត្រូវនៃការគាំទ្ររបស់ប្រទេសថៃចំពោះសេចក្តីសម្រេចនេះ។

    ដូចគ្នានឹងបណ្តាសមាជិកអង្គការសហប្រជាជាតិចំនួន ១៤០ ផ្សេងទៀត ប្រទេសថៃយកចិត្តទុកដាក់លើគោលការណ៍ដែលមានចែងនៅក្នុងធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិដែលគោរពអធិបតេយ្យភាព, បូរណភាពទឹកដី និងការមិនប្រើប្រាស់កម្លាំងប្រឆាំងនឹងប្រទេសណាមួយ។

    លើសពីនេះទៅទៀត ប្រទេសថៃបានគូសបញ្ជាក់អំពីការព្រួយបារម្ភយ៉ាងជ្រាលជ្រៅរបស់ខ្លួនចំពោះស្ថានភាពរបស់ជនស៊ីវិលដែលកំពុងរងនូវផលប៉ះពាល់ បូករួមនឹងវិបត្តិមនុស្សធម៌ដែលនឹងកើតមានជាបន្តបន្ទាប់ទៀត។ ប្រទេសថៃ​បាន​អំពាវនាវឱ្យគ្រប់​ភាគី​ទាំងអស់ប្រកាន់ខ្ជាប់ឱ្យ​បាន​ពេញលេញនូវច្បាប់​មនុស្សធម៌​អន្តរជាតិ។

    ជា​ចុងក្រោយ ប្រទេស​ថៃបាន​អំពាវនាវ​ឱ្យ​គ្រប់​ភាគី​ទាំងអស់បង្កើន​ការសន្ទនាគ្នាដើម្បី​ដោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី។ ប្រទេស​ថៃ​ក៏​បាន​សម្តែងនូវ​ការ​ព្រួយ​បារម្ភ​ផងដែរ ចំពោះ​ផល​វិបាក​រយៈពេល​វែង​ដែល​អាចនឹង​កើតមាន​មកលើសណ្តាប់ធ្នាប់​អន្តរជាតិ។

    បើទោះបីជាជំហររបស់ប្រទេសថៃនៅឯអង្គការសហប្រជាជាតិ ទទួលបានការស្វាគមន៍ក៏ដោយ ក៏អ្នកធ្វើគោលនយោបាយការបរទេសថៃមួយចំនួន បានសម្តែងនូវការមិនសប្បាយចិត្ត។ ពួកគេ​ចង់​ឃើញ​ជំហរ​កាន់​តែ​ម៉ឺងម៉ាត់ជាងនេះពី​រដ្ឋាភិបាល​ថៃ តាមរយៈការហៅ​​រុស្ស៊ី​ថា​ជា​ «អ្នក​ឈ្លានពាន»។

    យុវជន និង​អ្នកនយោបាយ​វ័យក្មេង​ថៃ បាន​ថ្កោលទោស​រុស្ស៊ី​យ៉ាងខ្លាំង និងបានសម្តែងនូវការគាំទ្រ​ចំពោះប្រទេសអ៊ុយក្រែន។ សម្រាប់ពួកគេ វាគឺការប្រយុទ្ធគ្នារវាងលទ្ធិប្រជាធិបតេយ្យ និងរបបផ្តាច់ការ។ អ៊ុយក្រែនគឺជាប្រទេសឯករាជ្យ និងប្រជាធិបតេយ្យ ហើយអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់អ៊ុយក្រែន មិនគួរត្រូវបានរំលោភបំពាននោះឡើយ។

    ទោះជាយ៉ាងណាក៏ដោយ ពួកគេនៅខ្វះចំណេះដឹងជាមូលដ្ឋានស្តីអំពីប្រវត្តិសាស្រ្តដ៏ស្មុគស្មាញនៅក្នុងទំនាក់ទំនងរវាងរុស្ស៊ី និងអ៊ុយក្រែន។ ក្នុងចំណោមប្រជាជនថៃដែលធ្វើការនៅក្នុងឧស្សាហកម្មទេសចរណ៍ ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយភ្ញៀវទេសចររុស្ស៊ី ជាពិសេសអ្នកដែលអាចបែងចែកភាពខុសគ្នារវាងរុស្ស៊ីនិងអ៊ុយក្រែន នឹងអាចដឹងបានថា «តើប្រជាជននៃប្រទេសទាំងពីរមានភាពស្និទ្ធស្នាលជាមួយគ្នាកម្រិតប៉ុណ្ណា»។

    សម្រាប់ប្រជាជនថៃ ជនជាតិរុស្សីគឺជាអ្នកមាន ហើយស្ត្រីរុស្ស៊ីគឺស្រស់ស្អាត។ នៅមុនពេលកើតមានការផ្ទុះឡើងនៃវីរុសកូវីដ-១៩ ភ្ញៀវទេសចរមកពីប្រទេសរុស្ស៊ីប្រមាណ ១,៥៦ លាននាក់បានមកទស្សនាកំសាន្តនៅ
    ក្នុងប្រទេសថៃ។ ហើយកាលពីពេលថ្មីៗនេះ ជាមួយនឹងការបើកកោះភូកេតឡើងវិញ ភ្ញៀវទេសចររុស្ស៊ីក៏មានគម្រោងធ្វើដំណើរមកកាន់កោះនេះផងដែរ។

    ប៉ុន្តែ ជាមួយនឹងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចយ៉ាងខ្លាំងពីសំណាក់លោកខាងលិច ការផ្ទេរប្រាក់តាមរយៈប្រព័ន្ធ Swift ត្រូវបានផ្អាក ហើយការកក់ទុករាប់ពាន់ក៏ត្រូវបានលុបចោលជាបន្តបន្ទាប់។ នៅពេលនេះ អ្នកទេសចររុស្ស៊ី និងអ៊ុយក្រែនយ៉ាងតិច ៧០០០ នាក់ ដែលបានមកកំសាន្តនៅភូកេត មិនអាចប្រើកាតឥណទានដើម្បីទូទាត់វិក្កយបត្ររបស់ពួកគេបានទេ។ ភាគីពាក់ព័ន្ធទាំងអស់កំពុងស្វែងរកវិធីដើម្បីដោះស្រាយបញ្ហា
    រាំងស្ទះទាំងនេះ។

    ថ្នាក់ដឹកនាំថៃ​មាន​ការ​យល់​ដឹង​​ច្បាស់​អំពី​រុស្ស៊ី ​ដោយ​សារ​ទំនាក់ទំនង​ជា​ប្រវត្តិសាស្ត្រដ៏​ជិតស្និទ្ធ​រវាងពួកគេ ហើយចំណុចនេះអាចជាមូលហេតុដែលធ្វើឱ្យប្រទេសថៃចេញសេចក្តីថ្លែងការណ៍បែបទន់ភ្លន់នៅដើមជម្លោះ ដែលមានលើកឡើងតែ ៣២ពាក្យ និងមិនបាននិយាយអ្វីច្រើនទេ ក្រៅតែការបង្ហាញអំពីការព្រួយបារម្ភ និងការអំពាវនាវឱ្យមានការសន្ទនាគ្នា។

    ដើម្បីស្វែងយល់អំពីជំហររបស់ថៃ យើងត្រូវងាកត្រឡប់ទៅមើល នៅពេលដែលសៀមគឺជាគោលដៅនៃការដាក់អាណានិគមពីសំណាក់លោកខាងលិច និងរបៀបដែលប្រទេសនេះអាចបន្តរក្សាឯករាជ្យរហូត
    មកដល់សព្វថ្ងៃនេះ។

    ដូចនេះការប្រកាន់ ជំហររបស់ថៃគឺមិនមែនជារឿងធម្មតានោះទេ។ វាកើតចេញពីទំនាក់ទំនងជាប្រវត្តិសាស្ត្រ រវាងសៀម-រុស្ស៊ី ដោយក្នុងនោះ ព្រះបាទ​ជូឡាឡុងកនធ្លាប់​បាន​យាង​ទៅកាន់​ប្រទេស​រុស្សី​ក្នុង​ឆ្នាំ​ ១៩៨៧ និង​បាន​ជួប​ជាមួយស្តេច Tsar Nicholas II។ ដំណើរទស្សនកិច្ចរបស់ទ្រង់ត្រូវបានចុះផ្សាយនៅលើទំព័រមុខនៃសារព័ត៌មាននៅអឺរ៉ុប ហើយការ​ជួប​គ្នា​របស់​ពួក​គេ​ បាន​ដើរ​តួនាទី​ដ៏​មាន​ឥទ្ធិពលនៅ​ក្នុង​ការ​រក្សា​ឯករាជ្យ​ភាពរបស់​សៀម។

    វានៅមានរឿងជាច្រើនទៀតពាក់ព័ន្ធនឹងខ្សែរាជវង្សសៀម និងរុស្ស៊ីដែលបានបន្តមានសារៈសំខាន់នៅក្នុងទំនាក់ទំនងរវាងថៃនិងរុស្ស៊ី។ នៅឆ្នាំនេះ ប្រទេសទាំងពីរ នឹងប្រារព្ធខួបលើកទី១២៥ នៃចំណងមិត្តភាពរបស់ពួកគេ ហើយកត្តានេះបានជំរុញឱ្យមានការពិភាក្សាគ្នាអំពីអ្វីដែលជាគុណសម្បត្តិនិងគុណវិបត្តិ ប្រសិនបើប្រទេសថៃជ្រើសរើសបោះឆ្នោតអនុប្បវាទដូចប្រទេសចិន, ឥណ្ឌា, វៀតណាម និងឡាវ។

    មេដឹកនាំរុស្ស៊ី Vladimir Putin មានចំណេះដឹងជ្រៅជ្រះអំពីប្រទេសថៃ និងអំពីឥស្សរជនថៃ ទាំងអ្នកជំនួញនិងអ្នកនយោបាយ។ ទំនាក់ទំនងទាំងនេះ បានកើតឡើងនៅក្នុងទសវត្សរ៍ឆ្នាំ ១៩៩០ នៅពេលដែលលោក Putin នៅធ្វើការនៅការិយាល័យអភិបាលក្រុង St Petersburg ក្នុងនាមជាប្រធានគណៈកម្មាធិការសម្រាប់ទំនាក់ទំនងការបរទេស។

    លោក Putin គឺជាអ្នកដែលបានណែនាំលោក Yuri Valentinovich Kovalchuk ឱ្យធ្វើជាកុងស៊ុលកិត្តិយសរបស់ថៃនៅ St Peterburg។ ចាប់​តាំង​ពី​ពេល​នោះ​មក ទំនាក់​ទំនង​របស់​លោក Putin​ នៅ​ក្នុង​ប្រទេស​ថៃក៏ ទទួលបានការ​រីក​ចម្រើន​កាន់តែខ្លាំង​ឡើងៗ។

    យោងតាមប្រភពមួយ «លោក Putin បានប្តេជ្ញាថានឹងចូលរួមនៅក្នុងកិច្ចប្រជុំថ្នាក់មេដឹកនាំអាស៊ីប៉ាស៊ីហ្វិកនៅទីក្រុងបាងកកនៅថ្ងៃទី ១៨-១៩ ខែវិច្ឆិកាខាងមុខនេះ»។

    ប៉ុន្តែ​ទំនាក់ទំនង​សេដ្ឋកិច្ច​រវាង​ប្រទេស​ថៃនិង​រុស្ស៊ី​មាន​ចំនួន​តិចតួចណាស់។ កាលពីឆ្នាំមុន ពាណិជ្ជកម្មទ្វេភាគីមានចំនួនត្រឹមតែប្រហែល ១ពាន់លានដុល្លារអាមេរិកប៉ុណ្ណោះ ដែលជាទំហំដ៏តិចតួច បើធៀបទៅនឹងប្រទេសមហាអំណាចផ្សេងទៀត។

    ប៉ុន្តែប្រទេសថៃ ក៏ដូចជាសមាជិកអាស៊ានផ្សេងទៀតដែរ បានផ្តល់តម្លៃដល់ប្រទេសរុស្ស៊ី ក៏ដូចជាទម្ងន់យុទ្ធសាស្ត្ររបស់ប្រទេសនេះ ដើម្បីប្រឆាំងនឹងមហាអំណាចផ្សេងទៀត។ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុង​ក្រោយ​នេះ ទំនាក់ទំនង​យោធា​ដ៏ជិតស្និទ្ធ​រវាង​រុស្ស៊ី​ ជាមួយនឹង​របប​យោធា​នៅ​ទីក្រុង Nay Pyi Taw បាន​ក្លាយ​ជា​ប្រធានបទ​នៃ​ការ​ពិភាក្សានៅក្នុង​ចំណោម​មេដឹកនាំ​អាស៊ាន។

    ការជជែកវែកញែកជុំវិញបញ្ហាសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន បានបង្ហាញឱ្យឃើញអំពីការយកចិត្តទុកដាក់របស់សាធារណជនចំពោះវិបត្តិនេះ។ ក្មេងៗជំនាន់ក្រោយ តាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម អាចភ្ជាប់ទំនាក់ទំនងបានភ្លាមៗជាមួយនឹងបញ្ហាក្នុងតំបន់និងអន្តរជាតិ។

    វាមិនមែនជារឿងដ៏គួរឱ្យភ្ញាក់ផ្អើលទេ ដែលការជជែកដេញដោលប្រភេទនេះនឹងបន្តកើតមាន ហើយអាចនឹងមានលក្ខណៈកាន់តែទូលំទូលាយ ដោយអាចនឹងផ្តោតលើបញ្ហាគោលនយោបាយការបរទេសសំខាន់ៗ ដែលអាចមានទំនាក់ទំនងជាមួយនឹងបញ្ហានៅក្នុងស្រុក៕ ដោយ Kavi Chongkittavorn/Bangkok Post

    អត្ថបទទាក់ទង