ខ្មែរប៉ុស្ដិ៍ Close

    ក្រុមអ្នកជំនាញការ អាដហុកអាយស៊ីស៊ី-អង្គរ ចុះពិនិត្យតាមការដ្ឋានជួសជុលនៅរមណីយដ្ឋានអង្គរ

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៧ ខែមីនា ឆ្នាំ២០២២ ព័ត៌មានទូទៅ 977
    ក្រុមអ្នកជំនាញការ អាដហុកអាយស៊ីស៊ី-អង្គរ ចុះពិនិត្យតាមការដ្ឋានជួសជុលនៅរមណីយដ្ឋានអង្គរក្រុមអ្នកជំនាញការ អាដហុកអាយស៊ីស៊ី-អង្គរ ចុះពិនិត្យតាមការដ្ឋានជួសជុលនៅរមណីយដ្ឋានអង្គរ

    នាថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ ក្រុមអ្នកជំនាញការចំពោះកិច្ចអាដហុកនៃគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍតំបន់រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ ហៅកាត់ថា អាយស៊ីស៊ី-អង្គរ (ICC-Angkor) បានចុះត្រួតពិនិត្យការងារជួសជុលតាមការដ្ឋានមួយចំនួនក្នុងរមណីយដ្ឋានអង្គរ។

    ការអញ្ជើញចុះត្រួតពិនិត្យនេះ មានការចូលរួមពីលេខាធិការដ្ឋានអាយស៊ីស៊ី-អង្គរ ថ្នាក់ដឹកនាំ និងមន្រ្តីអាជ្ញាធរជាតិអប្សរា នៅតាមការដ្ឋានមួយចំនួនរួមមាន ប្រាសាទព្រហ្មកិល ច្រាំងកសិន្ធុខាងជើង និងខាងត្បូងប្រាសាទអង្គរវត្ត ស្រះខាងជើងប្រាសាទអង្គរវត្ត និងគម្រោងស្ពានហាលប្រាសាទអង្គរវត្ត។

    ការចុះត្រួតពិនិត្យ ផ្លាស់ប្តូរយោបល់គឺជាសកម្មភាពចាប់ផ្តើមមុននឹងដំណើរការនៃកិច្ចប្រជុំអាយស៊ីស៊ី-អង្គរ ទាំងគម្រោងរបស់អាជ្ញាធរជាតិអប្សរា និងគម្រោងដៃគូអន្តរជាតិ ដើម្បីអ្នកជំនាញផ្តល់អនុសាសន៍ ចំណុចដែលត្រឹមត្រូវ ឬចំណុចត្រូវកែលម្អឱ្យការងារទាំងនោះដំណើរការល្អ និងស្របតាមលក្ខខណ្ឌនៃធម្មនុញ្ញអង្គរ។

    បន្ថែមពីនេះ ក្រុមអ្នកជំនាញនឹងរៀបចំជារបាយការណ៍នៃការចុះត្រួតពិនិត្យនេះ សម្រាប់ពិភាក្សា និងផ្តល់យោបល់បន្ថែម ក្នុងកិច្ចប្រជុំធំនៃគណៈកម្មាធិការអន្តរជាតិ អាយស៊ីស៊ី-អង្គរ។

    ការចុះតាមការដ្ឋាននេះ ធ្វើឡើងរយៈពេលមួយសប្ដាហ៍ តាមទីតាំងផ្សេងៗដូចជាប្រាសាទលលៃ ប្រាសាទបាគង ប្រាសាទបន្ទាយស្រី ប្រាសាទមេបុណ្យខាងលិច ប្រាសាទនាគព័ន្ធ ប្រាសាទព្រះខ័ន ប្រាសាទចៅសាយទេវតា ប្រាសាទធម្មនន្ទ ផ្លូវទស្សនាថ្មើរជើងលើកំពែងក្រុងអង្គរធំ។ល។

    សូមបញ្ជាក់ថា គណៈកម្មាធិការអន្តរជាតិអាយស៊ីស៊ី-អង្គរ នឹងរៀបចំកិច្ចប្រជុំបច្ចេកទេសលើកទី៣៥ និងកិច្ចប្រជុំពេញអង្គលើកទី២៨ នៅថ្ងៃទី២៤ និង២៥ ខែមីនា ឆ្នាំ២០២២ នៅសណ្ឋាគារ សូហ្វីតែល អង្គរភូគីត្រា ដែលមានសហប្រធានបារាំង និងជប៉ុន ក្រោមអធិបតីភាពលោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា៕

    អត្ថបទទាក់ទង