ខ្មែរប៉ុស្ដិ៍ Close

    មហាអំណាចនានានៅ​អាស៊ី​ ទំនង​ជា​មិន​អាចជួយ​បន្ធូរបន្ថយវិបត្តិ​សេដ្ឋកិច្ច​របស់​រុស្ស៊ី​បានទេ

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី១៨ ខែមីនា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 1290
    មហាអំណាចនានានៅ​អាស៊ី​ ទំនង​ជា​មិន​អាចជួយ​បន្ធូរបន្ថយវិបត្តិ​សេដ្ឋកិច្ច​របស់​រុស្ស៊ី​បានទេមហាអំណាចនានានៅ​អាស៊ី​ ទំនង​ជា​មិន​អាចជួយ​បន្ធូរបន្ថយវិបត្តិ​សេដ្ឋកិច្ច​របស់​រុស្ស៊ី​បានទេ

    ពេលមួយនោះ លោក ម៉ៅ សេទុង ដែលជាបីតាស្ថាបនិករបស់ចិនកុម្មុយនិស្ត បាននិយាយថា «ទីណាដែលសត្រូវរបស់យើងរុលទៅមុខ យើងនឹងដកថយ ហើយទីណាដែលសត្រូវរបស់យើងដកថយ យើងនឹងដេញតាម»។ ពាក្យសម្ដីនេះ គឺជាការគូសបញ្ជាក់អំពីសារៈសំខាន់នៃថាមវន្តយុទ្ធសាស្ត្រនៅក្នុងអំឡុងពេលមានវិបត្តិ។

    បន្ទាប់ពីបានចាប់ផ្តើមធ្វើការលុកលុយយ៉ាងពេញបន្ទុកទៅលើអ៊ុយក្រែន ដែលបានបង្កឱ្យមានរលកនៃការដាក់ទណ្ឌកម្មពីសំណាក់ លោកខាងលិច និងដែលបានធ្វើឱ្យសេដ្ឋកិច្ចរបស់ខ្លួនត្រូវត្រដរខ្យល់រួចមក ឥឡូវនេះគេរំពឹងថា ប្រទេសរុស្ស៊ីនឹងយកគម្រូតាមលោក ម៉ៅ សេទុង ហើយនឹងស្វែងរកឱកាសថ្មីៗ នៅទិសខាងកើតទៀតផង។

    ទោះជាយ៉ាងណា បញ្ហាគឺថា ការឈ្លានពានដោយមិនញញើតដៃរបស់រុស្ស៊ីនៅក្នុងទ្វីបអឺរ៉ុបអាចនឹងបំផ្លាញឱកាសដ៏កម្រមានតែមួយគត់របស់ខ្លួន ក្នុងការក្លាយជាចំណុចស្នូលដ៏ជោគជ័យមួយ ឆ្ពោះទៅកាន់ទីផ្សារដែលប្រកបដោយប្រាក់ចំណេញនៅតំបន់អាស៊ី។

    ជាការពិតណាស់ ខណៈពេលដែល ប្រទេសចិនបានផ្តល់ការគាំទ្រផ្នែកការទូត និងសេដ្ឋកិច្ចមួយចំនួនដល់ប្រទេសរុស្ស៊ីចាប់តាំងពីមានការលុកលុយនោះមក ប្រទេសដែលមានសេដ្ឋកិច្ចធំៗមួយចំនួន បានចេញមកបញ្ជាក់យ៉ាងច្បាស់ថា ពួកគេមានការភ័យរន្ធត់ចំពោះសកម្មភាពដ៏ឃោរឃៅរបស់ប្រធានាធិបតីរុស្ស៊ី Vladimir Putin។

    បណ្តាប្រទេសឧស្សាហកម្មធំៗជាងគេនៅអាស៊ី ដែលមានដូចជា: ជប៉ុន កូរ៉េខាងត្បូង តៃវ៉ាន់ និងសិង្ហបុរី បានដាក់ទណ្ឌកម្មយ៉ាងចាស់ដៃលើរុស្ស៊ី។ សមាជិកភាគច្រើនរបស់អាស៊ានបានគាំទ្រសេចក្តីសម្រេចរបស់មហាសន្និបាតអង្គការសហប្រជាជាតិ ដែលបានថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការឈ្លានពានប្រដាប់អាវុធរបស់រុស្ស៊ី ប្រឆាំងនឹងប្រទេសជិតខាងដែលជាប្រទេសអធិបតេយ្យមួយ។

    អ្វីដែលសំខាន់បំផុតនោះ សូម្បីតែប្រទេសដែលគាំទ្រទីក្រុងមូស្គូជាយូរមកហើយ តួយ៉ាងដូចជាប្រទេសវៀតណាមជាដើម ក៏កំពុងជួបបញ្ហាក្នុងការធ្វើពាណិជ្ជកម្មជាមួយរុស្ស៊ី ចំពេលដែលមានការដាក់ទណ្ឌកម្មជា
    អន្តរជាតិយ៉ាងទូលំទូលាយ ដែលឥឡូវនេះបានពង្រីកទៅដល់វិស័យដឹកជញ្ជូនជាសកល និងទៅដល់ស្ថាប័នហិរញ្ញវត្ថុថែមទៀតផង។

    ដូច្នេះហើយ ក្រោយពីត្រូវបានដកចេញពីទីផ្សាររបស់លោកខាងលិចទាំងស្រុង ទីក្រុងមូស្គូទំនងជាមិនអាចស្វែងរកជម្រកថ្មីនៅអាស៊ីបានទេ។

    អស់ពេលជាច្រើនសតវត្សមកហើយ ដែលនិមិត្តសញ្ញាឥន្ទ្រីក្បាល២ បានផ្សារភ្ជាប់យ៉ាងស្អិតរមួតជាមួយប្រទេសរុស្ស៊ី និងដែលតំណាងឱ្យបំណងប្រាថ្នារបស់ចក្រភពដ៏ខ្លាំងក្លាមួយនេះក្នុងការពង្រីកឥទ្ធិពលរបស់ខ្លួន
    ទាំងទៅទិសខាងលិចផង និងខាងកើតផង។

    ទោះជាយ៉ាងណាក៏ដោយ នៅមុនការ បង្កើតសហភាពសូវៀត និងនៅការចាប់ផ្តើមនៃសង្រ្គាមត្រជាក់ ប្រទេសរុស្ស៊ី ដែលជាបេះដូងរបស់សហភាពនេះ ពិតជាបានចាប់ផ្តើមគូសវាសដែនឥទ្ធិពលរបស់ខ្លួន នៅទូទាំងតំបន់អាស៊ី ដែលរួមមានទាំងមួយភាគធំនៃតំបន់ឥណ្ឌូចិនថែមទៀតផង។

    ជាពិសេស ទីក្រុងមូស្គូគឺជាសម្ព័ន្ធមិត្តដ៏សំខាន់របស់កងកម្លាំងកុម្មុយនិស្តនៅវៀតណាមដែលបានព្យាយាមកម្ចាត់បារាំង សហរដ្ឋអាមេរិក និងចិននៅទីបំផុត។

    ទោះជាយ៉ាងណាក៏ដោយ ការដួលរលំនៃសហភាពសូវៀត នៅដើមទសវត្សរ៍ឆ្នាំ ១៩៩០ បានធ្វើឱ្យរុស្ស៊ីអវត្តមានពីកិច្ចការយុទ្ធសាស្ត្រនៅតំបន់អាស៊ីបូព៌ាអស់រយៈពេលដ៏យូរ។ ដោយសារការញាំញីពីវិបត្តិសេដ្ឋកិច្ចនៅក្នុងស្រុក ព្រមទាំងពីការពង្រីកដែនឥទ្ធិពលរបស់ NATO នៅទូទាំងអឺរ៉ុបកណ្តាល និងអឺរ៉ុបខាងកើតផង នៅពេលនោះ អ្វីដែលរុស្ស៊ីបានធ្វើភាគច្រើនគឺការការពារខ្លួន និងមិនចាប់អារម្មណ៍ចំពោះតំបន់អាស៊ីបូព៌ានោះទេ ដែលបន្តរហូតមកដល់ទសវត្សរ៍ដំបូង នៃសតវត្សទី ២១ នេះ។

    ប៉ុន្តែនៅមួយទស្សវត្សរ៍ចុងក្រោយនេះ មហាអំណាចអឺរ៉ាស៊ីមួយនេះបានចាប់ផ្តើមកំណត់ការផ្តោតជាយុទ្ធសាស្ត្ររបស់ខ្លួនជាថ្មីឡើងវិញ។ ជាក់ស្ដែង កាលពីឆ្នាំ២០១២ រុស្ស៊ីបានចំណាយទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ ចំនួន ២១ ពាន់លានដុល្លារទៅលើទីក្រុងធំមួយនៅភាគខាងកើតបំផុតរបស់ខ្លួន គឺទីក្រុង Vladivostok ដើម្បីត្រៀមសម្រាប់កិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) ដែលនឹងប្រព្រឹត្តទៅនៅទីនោះ។

    ក្នុងឆ្នាំបន្ទាប់ នៅឯវេទិកាសេដ្ឋកិច្ចអន្តរជាតិក្នុងទីក្រុង St. Petersburg ជាកន្លែងដែលលោក Putin បានប្តេជ្ញាថា នឹងធ្វើឱ្យមានដំណើរការឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធសាធារណៈនៅក្នុងតំបន់ស៊ីបេរី ក៏ដូចជា ស្វែងរកឱកាសថ្មីៗនៅក្នុងទីផ្សារអាស៊ីផងនោះ លោកប្រធានាធិបតី Putin បានគូសបញ្ជាក់សារជាថ្មីនូវគោលបំណងស្នូលរបស់រុស្ស៊ីក្នុងការឆ្ពោះទៅកាន់ទិសខាងកើត។

    មិនយូរប៉ុន្មាន ប្រទេសរុស្ស៊ីសម្រេចបាននូវកិច្ចព្រមព្រៀងថាមពលដ៏ធំមួយដែល មានរយៈពេល៣០ ឆ្នាំជាមួយប្រទេសចិន ក្នុងតម្លៃ ៤០០ ពាន់លានដុល្លារ ដែលជាការបង្កើតសករាជថ្មីមួយនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ជាមួយប្រទេសមហាអំណាចសេដ្ឋកិច្ចឈានមុខគេរបស់ទ្វីបអាស៊ី។

    កាលពីឆ្នាំ ២០១៦ លោក Putin បានទៅធ្វើទស្សនកិច្ចផ្ទាល់ខ្លួននៅប្រទេសជប៉ុនដើម្បីកែលម្អទំនាក់ទំនងយុទ្ធសាស្ត្រ និងសេដ្ឋកិច្ចជាមួយប្រទេសដែលមានសេដ្ឋកិច្ចធំលំដាប់ទី៣ របស់ពិភពលោកមួយនេះ។

    ជាការឆ្លើយតបទៅនឹងការស្នើរបស់ប្រទេសជិតខាងកូរ៉េខាងត្បូងដែលជាប្រទេសប្រកបទៅដោយថាមវ័ន្តសេដ្ឋកិច្ចផងនោះ ប្រទេសរុស្ស៊ីក៏បានផ្តល់បច្ចេកវិទ្យាអវកាស ព្រមទាំងធនធានថាមពល តាមរយៈបំពង់បង្ហូរប្រេងឆ្លងកាត់ឧបទ្វីបកូរ៉េទៀតផង។ ជាថ្នូរទៅនឹងសមិទ្ធផលទាំងនេះ ប្រទេសរុស្ស៊ីបានស្វាគមន៍ចំពោះទំនិញ ប្រើប្រាស់ក៏ដូចជាការវិនិយោគខាងវិស័យផលិតកម្មពីទ្វីបអាស៊ីផងដែរ។

    ជាពិសេស ចាប់តាំងពីការកាត់បញ្ចូលឧបទ្វីបគ្រីមេ កាលពីឆ្នាំ ២០១៤ ដែលបានបង្កឱ្យមានការដាក់ទណ្ឌកម្មពីសំណាក់លោកខាងលិច និងការកើតមានវិបត្តិសេដ្ឋកិច្ចជាបន្តបន្ទាប់រួចមក ប្រទេសរុស្ស៊ីបាននិងកំពុងផ្តោតការយកចិត្តទុកដាក់មកលើទីផ្សារនៅទិសខាងកើត ដែលផ្ដល់ប្រាក់ចំណេញខ្ពស់ជាជំនួសវិញ។

    គេមិនមានការភ្ញាក់ផ្អើលនោះទេ ដែលថា តំបន់អាស៊ីអាគ្នេយ៍គឺជាទីដែលរុស្ស៊ីមើលឃើញពីឱកាសទីផ្សារដ៏ជោគជ័យបំផុត។ យ៉ាងណាមិញ តំបន់នេះគឺជាទីតាំងរបស់សម្ព័ន្ធមិត្តដ៏យូរលង់របស់រុស្ស៊ីមួយចំនួនដូចជា វៀតណាម ឡាវ និងមីយ៉ាន់ម៉ា ដែលបើតាមប្រវត្តិសាស្ត្រ ប្រទេសទាំង នេះធ្លាប់ពឹងផ្អែកលើអាវុធរបស់រុស្ស៊ី និងការហ្វឹកហ្វឺនផ្នែកយោធាដើម្បីពង្រឹងវិស័យការពារជាតិរបស់ពួកគេ។

    នៅចន្លោះឆ្នាំ ១៩៩៥ និង ២០១៩ ប្រទេសវៀតណាមតែមួយ បានទិញសព្វាវុធរបស់រុស្ស៊ីក្នុងតម្លៃ ៧,៤ ពាន់លានដុល្លារ ដែលក្នុងនោះ ក៏មានផងដែរនាវាមុជទឹកចំពេលដែលមានការកើនឡើងនូវភាពតានតឹងផ្នែកដែនដី និងដែនទឹកជាមួយប្រទេសចិន។

    កាលពីឆ្នាំ ២០១៩ ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ក៏បានចុះហត្ថលេខាលើកិច្ចសន្យាតម្លៃ ៣៥០ លានដុល្លារផងដែរ ដើម្បីទទួលបានយន្តហោះសម្រាប់ហ្វឹកហ្វឺនពីទីក្រុងម៉ូស្គូ។

    ក្នុងរយៈពេល ២ ទស្សវត្សរ៍កន្លងមកនេះ រុស្ស៊ីបាននាំចេញសម្ភារៈយោធាចំនួន ១០,៧ ពាន់លានដុល្លារ ទៅកាន់តំបន់អាស៊ីអាគ្នេយ៍ដែលជាការកាត់បន្ថយទំហំនាំចេញរបស់ប្រទេសចិន (ចំនួន ២,៦ ពាន់លានដុល្លារ) និងសហរដ្ឋអាមេរិក (ចំនួន ៨,២ ពាន់លាន ដុល្លារ)។

    អ្វីដែលសំខាន់នោះ គឺការកើនឡើងនូវប្រជាប្រិយភាពនៃបុរសខ្លាំងក្នុងរដ្ឋធំៗចំនួន២ នៅអាស៊ីអាគ្នេយ៍ គឺឥណ្ឌូណេស៊ី និងហ្វ៊ីលីពីន ដែលជាការបង្ហាញអំពីឱកាសមាសសម្រាប់ប្រទេសរុស្ស៊ី។

    ភ្លាមៗ បន្ទាប់ពីបានឡើងកាន់អំណាច ប្រធានាធិបតីហ្វីលីពីន Rodrigo Duterte បានហៅប្រធានាធិបតីរុស្ស៊ីថាជា «វីរៈបុរស សំណព្វចិត្តរបស់គាត់» ដែលជាការចាប់ផ្តើមសករាជថ្មី នៃកិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគី រវាងទីក្រុងម៉ានីល និងទីក្រុងម៉ូស្គូ។

    មិនយូរប៉ុន្មាន រុស្សីបានចាប់ផ្តើមបញ្ជូននាវាចម្បាំងជាប្រចាំទៅកាន់ដែនទឹករបស់ហ្វ៊ីលីពីន ដើម្បីបំពេញទស្សនកិច្ចសុច្ឆន្ទៈ។ ទីក្រុងមូស្គូក៏បានចាត់តាំងអនុព័ន្ធយោធារបស់ខ្លួនម្នាក់ឱ្យប្រចាំការនៅប្រទេសហ្វីលីពីនផង ដែរ ដើម្បីជំរុញឱ្យមានកិច្ចព្រមព្រៀងការពារជាតិក្នុងទម្រង់ធំៗ ដែលនោះគឺជាលើកទី១ ហើយ នៅក្នុងប្រវត្តិសាស្រ្តនៃទំនាក់ទំនងរបស់ប្រទេសទាំងពីរ។

    ទន្ទឹមនឹងនេះរដ្ឋមន្ត្រីការពារជាតិឥណ្ឌូណេស៊ី លោក Prabowo Subianto ដែលជាអតីតឧត្តមសេនីយ៍ដ៏ល្បីល្បាញមួយរូប និងដែលនិយមយកគម្រូតាមអាកប្បកិរិយារបស់លោក Putin បានចាប់ផ្តើមបន្តកិច្ចព្រមព្រៀងអាវុធដ៏ធំៗជាច្រើនជាមួយរុស្ស៊ី ដើម្បីធ្វើទំនើបកម្មកងកម្លាំងការពារជាតិរបស់ខ្លួន។

    បណ្តាប្រទេសអាស៊ីអាគ្នេយ៍ជាច្រើន ក៏បានអញ្ជើញក្រុមហ៊ុនថាមពលធំៗរបស់រុស្ស៊ីឱ្យធ្វើការវិនិយោគលើធនធានថាមពលឯនាយសមុទ្ររបស់ពួកគេ នៅទូទាំងសមុទ្រចិនខាងត្បូង និងនៅដែនទឹក Natuna របស់ប្រទេសឥណ្ឌូណេស៊ីទៀតផង។

    នៅពេលដែលជំងឺរាតត្បាតបានវាយប្រហារទ្វីបអាស៊ី ប្រទេសរុស្ស៊ីក៏បានក្លាយជាមហាអំណាច ដំបូងគេដែលបានផ្តល់វ៉ាក់សាំងបង្ការកូវីដ-១៩ ដល់តំបន់អាស៊ីអាគ្នេយ៍ ហើយថែមទាំងបានបណ្តាក់ទុនផលិត
    វ៉ាក់សាំងរួមគ្នាជាមួយវៀតណាម និងឥណ្ឌូណេស៊ីទៀតផង។

    សរុបមក ប្រទេសរុស្ស៊ីទទួលបានជោគជ័យក្នុងការបង្ហាញថា ខ្លួនជាជម្រើស «ទី៣» នៅចំពោះមុខការនៃការកើនឡើងនូវការប្រកួតប្រជែងរវាងចិន-អាមេរិកនៅទូទាំងតំបន់។

    ទោះជាយ៉ាងណា តាមរយៈការឈ្លានពានទៅលើអ៊ុយក្រែន ប្រទេសរុស្ស៊ីបានធ្វើឱ្យធនធានយុទ្ធសាស្ត្រនៅទ្វីបអាស៊ីដែលខ្លួនខំរកបានយ៉ាងលំបាក ត្រូវស្ថិតក្នុងគ្រោះថ្នាក់។

    រហូតមកទល់ពេលនេះ មានតែកូរ៉េខាងជើងមួយគត់ដែលបានគាំទ្រជាបន្តបន្ទាប់ និងជាសាធារណៈ ចំពោះទង្វើនាពេលថ្មីៗនេះរបស់ទីក្រុងមូស្គូ ចំណែកឯនៅក្នុងចំណោមប្រជាជាតិអាស៊ានវិញ មានតែប្រទេសឡាវនិងវៀតណាមប៉ុណ្ណោះ ដែលបានបោះឆ្នោតអនុប្បវាទលើដំណោះស្រាយរបស់មហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) ដែលថ្កោលទោសការឈ្លានពាននេះ។

    ក្នុងនាមជាប្រទេសដែលធ្លាប់រងគ្រោះដោយសារអាណានិគមនិយមប្រទេសភាគច្រើន នៅទ្វីបអាស៊ី មានការអាក់អន់ចិត្តជាខ្លាំងចំពោះការឈ្លានពានដោយមិនញញើតដៃរបស់រុស្ស៊ីទៅលើប្រទេសជិតខាងខ្លួន ដែលជាប្រទេសអធិបតេយ្យមួយ។

    រដ្ឋមន្ត្រីការបរទេសសិង្ហបុរី លោក Vivian Balakrishnan បានថ្កោលទោស «ទង្វើបង្កសង្រ្គាម» របស់រុស្ស៊ីមួយនេះ និងបានពិពណ៌នាថា ជាកង្វល់ «ដែលមានជាយូរមកហើយ» សម្រាប់ប្រទេសរបស់លោក។

    នៅក្នុងការបោះ ជំហានដ៏កម្រមួយ ប្រទេសដែលបម្រើការជាមជ្ឈមណ្ឌលហិរញ្ញវត្ថុរបស់ពិភពលោកមួយនេះ បានចូលរួមជាមួយបណ្ដាប្រទេសដែលមានសេដ្ឋកិច្ចធំៗក្នុងតំបន់ ដូចជា ជប៉ុន កូរ៉េខាងត្បូង និងតៃវ៉ាន់ក្នុងការដាក់ទណ្ឌកម្មយ៉ាងចាស់ដៃទៅលើប្រទេសរុស្ស៊ី។

    សូម្បីតែនៅមុនការឈ្លានពានមកលើអ៊ុយក្រែន ក៏ប្រទេសរុស្ស៊ីបានជួបបញ្ហាក្នុងការពង្រីកទំហំពាណិជ្ជកម្មនិងការវិនិយោគរបស់ខ្លួននៅក្នុងតំបន់នេះរួចទៅហើយ ដោយសារតែទណ្ឌកម្មរបស់លោកខាងលិច។

    កាលពីឆ្នាំ២០១៩ ទំហំពាណិជ្ជកម្មទ្វេភាគីរុស្ស៊ី-អាស៊ាន មានត្រឹមតែ ១៨,២ ពាន់លានដុល្លារប៉ុណ្ណោះ ដែលជាទំហំមួយតូចបំផុត បើធៀបនឹងចិន (៦៤៤ ពាន់លានដុល្លារ) និងអាមេរិក (២៩២,៤ ពាន់លានដុល្លារ)។

    ប្រទេសជប៉ុន កូរ៉េខាងត្បូង និងតៃវ៉ាន់ ក៏បានបញ្ជាក់រួចហើយថា ពួកគេមិនសូវពឹងផ្អែកលើការនាំចូលប្រេង និងឧស្ម័នពីរុស្ស៊ីនោះទេ។ ផ្ទុយទៅវិញ ពួកគេសុខចិត្តជ្រើសយកប្រទេសអ្នកផលិតប្រេងនៅមជ្ឈិមបូព៌ាជំនួសវិញ។

    នៅចំពេលដែលមានការដាក់ទណ្ឌកម្មយ៉ាងចាស់ដៃថ្មីមួយទៀត ដែលកំណត់គោលដៅទៅលើវិស័យសំខាន់ៗនៃសេដ្ឋកិច្ចរបស់រុស្ស៊ី នោះវានឹងកាន់តែធ្វើឱ្យប្រទេសនេះជួបការលំបាកជាងមុនទៅទៀតក្នុងការ
    ពង្រីកការនាំចេញថាមពលរបស់ខ្លួនទៅកាន់បណ្ដាប្រទេសឧស្សាហកម្មធំៗនៅអាស៊ី ឬក៏ក្នុងការអនុវត្តឱ្យបានពេញលេញនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលខ្លួនបានព្រមព្រៀងជាមួយសិង្ហបុរី និងវៀតណាមកាលពីពេលថ្មីៗនេះ។

    សំខាន់ជាងនេះ​ទៅ​ទៀត ការ​នាំ​ចេញ​សម្ភារៈការពារ​ជាតិរបស់ទីក្រុងមូស្គូទំនង​ជា​នឹង​​រង​ការ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង។ អស់រយៈពេលជា ច្រើនឆ្នាំមកហើយ ដែលទណ្ឌកម្មរបស់សហរដ្ឋអាមេរិកបានរាំងខ្ទប់ប្រទេសធំៗ
    នៅអាស៊ីអាគ្នេយ៍មិនឱ្យទិញអាវុធពីរុស្ស៊ីក្នុងទ្រង់ទ្រាយធំបាន ហើយមិនតែប៉ុណ្ណោះ បន្ទាប់​ពី​ព្រឹត្តិការណ៍​ដែលបានកើតឡើងអស់រយៈពេល ៣សប្តាហ៍​មកនេះ ប្រទេសទាំងនោះ​ទំនង​ជា​នឹងមាន​ការ​ស្ទាក់ស្ទើរ​កាន់​តែ​ខ្លាំងជាងមុនក្នុង​ការ​ទិញអាវុធពី​រុស្ស៊ី។

    កាលពីដើមឆ្នាំនេះ ប្រទេសឥណ្ឌូណេស៊ី បានលុបចោលនូវកិច្ចព្រមព្រៀងការពារជាតិដែលមានតម្លៃរាប់ពាន់លានដុល្លារជាមួយទីក្រុងមូស្គូ ដោយប្ដូរមកចុះកិច្ចព្រមព្រៀងជាមួយប្រទេសបារាំង និងសហរដ្ឋអាមេរិកវិញ ដែលមួយផ្នែកគឺដោយសារតែការព្រួយបារម្ភលើទណ្ឌកម្មរបស់លោកខាងលិច។

    តាមរយៈការរឹតបន្តឹងកាន់តែខ្លាំងពីសំណាក់ទីក្រុងវ៉ាស៊ីនតោនមកលើឧស្សាហកម្មយោធារបស់រុស្ស៊ីដោយសារវិបត្តិនៅអ៊ុយក្រែន បណ្ដារដ្ឋកាន់តែច្រើននៅក្នុងតំបន់ ជាពិសេសគឺសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក តួយ៉ាងដូចជាហ្វីលីពីនជាដើម ត្រូវបានគេរំពឹងថា នឹងពិចារណាឡើងវិញក្នុងការទិញអាវុធពីទីក្រុងមូស្គូក្នុងទ្រង់ទ្រាយធំៗណាមួយ។

    ប្រទេសរុស្ស៊ីដែលរងទណ្ឌកម្មយ៉ាងដំណំនិងដែលគ្មានអ្នករាប់រកនៅទ្វីបអឺរ៉ុបរួចទៅហើយនោះ ក៏ប្រហែលជានឹងជួបការលំបាកក្នុងការស្វែងរកសេចក្ដីស្រឡាញ់នៅទ្វីបអាស៊ីផងដែរ៕ Al Jazeera