ខ្មែរប៉ុស្ដិ៍ Close

ការវាយតម្លៃលើការឈ្លានពាន : តើសង្រ្គាមនៅអ៊ុយក្រែន នឹងជះឥទ្ធិពលយ៉ាងដូចម្តេចនៅក្នុងតំបន់អាស៊ីអាគ្នេយ៍?

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី១៨ ខែមីនា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 1150
ការវាយតម្លៃលើការឈ្លានពាន : តើសង្រ្គាមនៅអ៊ុយក្រែន នឹងជះឥទ្ធិពលយ៉ាងដូចម្តេចនៅក្នុងតំបន់អាស៊ីអាគ្នេយ៍?ការវាយតម្លៃលើការឈ្លានពាន : តើសង្រ្គាមនៅអ៊ុយក្រែន នឹងជះឥទ្ធិពលយ៉ាងដូចម្តេចនៅក្នុងតំបន់អាស៊ីអាគ្នេយ៍?

ប្រធានាធិបតីរុស្ស៊ី Vladimir Putin បានប្រកាសបើក «ប្រតិបត្តិការយោធាពិសេស» នៅក្នុងប្រទេសអ៊ុយក្រែននៅថ្ងៃទី ២៤ ខែកុម្ភៈ ហើយប្រតិបត្តិការនេះក៏បានរីករាលដាលទៅជាសង្គ្រាមទ្រង់ទ្រាយធំដែលរួមមានការវាយប្រហារដោយមីស៊ីល, កាំភ្លើងធំ, រថក្រោះបើកឆ្លងកាត់តាមច្រកទ្វារទីក្រុងយុទ្ធសាស្ត្រ និងការប្រើប្រាស់កងទ័ពឈ្លានពានឱ្យឡោមព័ទ្ធជុំវិញប្រទេសអ៊ុយក្រែន។

ការលុកលុយនេះបានធ្វើឱ្យមនុស្សជាង ៣ លាននាក់ ក្លាយជាជនភៀសខ្លួន ខណៈ ពេលដែលមនុស្ស ប្រមាណ ១,៥ លាននាក់ផ្សេងទៀតត្រូវរត់ផ្លាស់ទីលំនៅចេញពីផ្ទះសម្បែងរបស់ពួកគេ។ សង្គ្រាមនេះក៏បានធ្វើឱ្យបាត់បង់ជីវិតមនុស្សមួយចំនួនផងដែរ ដែលរួមមានទាំងជនស៊ីវិល និងទាហានដែលសាកសពរបស់ពួកគេត្រូវបានរុំដោយថង់ផ្លាស្ទិក និងកំរាលព្រំ ហើយត្រូវបានទម្លាក់ចូលទៅក្នុងផ្នូរដ៏ធំនៅក្នុងទីក្រុងកំពង់ផែ Mariupol។

បើទោះបីជាភាពឃោរឃៅនៃការលុកលុយរបស់រុស្ស៊ី បាននិងកំពុងកើតឡើងតែនៅក្នុងទឹកដីរបស់អ៊ុយក្រែនក៏ដោយ ក៏ទំនាក់ទំនងផ្នែកនយោបាយ និងពាណិជ្ជកម្មដ៏ស៊ីជម្រៅបានបង្កឱ្យមានការប្រតិកម្មយ៉ាងខ្លាំងក្លាហួសពីការរំពឹងទុក។

ការសន្ទនាជាមួយអ្នកជំនាញស្តីពីតំបន់អាស៊ីអាគ្នេយ៍បានបង្ហាញឱ្យឃើញថា «ជម្លោះនៅអឺរ៉ុបខាងកើតបានជះឥទ្ធិពលរួចស្រេចទៅហើយលើប្រទេសជាសមាជិកអាស៊ាន ហើយផលប៉ះពាល់បន្ថែមទៀតអាចនឹងកើតឡើងជាបន្តបន្ទាប់ទៀត»។

ការឆ្លើយតបជាផ្លូវការពីសំណាក់រដ្ឋាភិបាលអាស៊ីអាគ្នេយ៍មានលក្ខណៈខុសៗគ្នា។ ក្នុងរយៈពេល ៣៦ ម៉ោងដំបូងបន្ទាប់ពីការលុកលុយបានចាប់ផ្តើម ប្រទេសសិង្ហបុរីនិងឥណ្ឌូណេស៊ី បានថ្កោលទោសចំពោះការវាយប្រហាររបស់រុស្ស៊ី ខណៈដែលប្រទេសម៉ាឡេស៊ីបានសម្តែងនូវភាពសោកសៅចំពោះរឿងនេះ។ ប្រទេសថៃបានព្យាយាមធ្វើមាតុភូមិនិវត្តន៍ ពលរដ្ឋរបស់ខ្លួនមកកាន់ប្រទេសវិញ ខណៈដែលប្រទេស ហ្វីលីពីបានរិះគន់ខ្លាំងៗលើការឈ្លានពាននេះនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយនៅថ្ងៃទី២៨ ខែកុម្ភៈ។

មហាសន្និបាតអង្គការសហប្រជាជាតិ បានចេញសេចក្តីសម្រេចមួយកាលពីថ្ងៃទី ២ មីនា ដោយបានអំពាវនាវឱ្យរុស្ស៊ីបញ្ចប់ការវាយលុកលើប្រទេសអ៊ុយក្រែន និងត្រូវដកកងកម្លាំងរបស់ខ្លួនចេញពីប្រទេសនេះ។ ការបោះឆ្នោតលើសេចក្តីសម្រេចនេះ ទទួលបានការគាំទ្រពី ១៤១ ប្រទេស មានការប្រឆាំងពីប្រទេសចំនួន ៥ ហើយប្រទេសជាសមាជិកចំនួន ៣៥ បានបោះឆ្នោតអនុប្បវាទ ដោយក្នុងនោះ មានទាំងប្រទេសចិន, ឡាវ និងវៀតណាមផងដែរ។

ផលវិបាករយៈពេលខ្លីសម្រាប់តំបន់អាស៊ីអាគ្នេយ៍នៅមានភាពមិនច្បាស់លាស់នៅឡើយទេ។ លោក Thomas Daniel ដែលជាអ្នកជំនាញជាន់ខ្ពស់នៅវិទ្យាស្ថានសិក្សាយុទ្ធសាស្ត្រអន្តរជាតិ (ISIS) នៅប្រទេសម៉ាឡេស៊ី បានហៅការឆ្លើយតបរបស់អាស៊ានថាជា «ការឆ្លើយតបដែលមានលក្ខណៈចម្រុះនិងស្ងៀមស្ងាត់»។

ទំនាក់ទំនងការទូតជាមួយរុស្ស៊ីត្រូវបានគេរំពឹងថានឹងនៅតែបន្តដំណើរការទៅមុខ ក៏ប៉ុន្តែអាចនឹងមានល្បឿនយឺតជាងមុន ហើយការប៉ុនប៉ងផ្តាច់ខ្លួនពីប្រទេសឈ្លានពានមួយនេះ ក៏អាចនឹងកើតមានផងដែរ ប្រសិនបើការស្លាប់របស់ជនស៊ីវិល ឬការរំលោភបំពានផ្សេងៗទៀតនៅតែ បន្តកើតឡើង។

លោក Lucas Myers ដែលជាអ្នកសម្របសម្រួលកម្មវិធី និងជាសហការីផ្នែកកិច្ចការអាស៊ីអាគ្នេយ៍នៅមជ្ឈមណ្ឌល Wilson ដែលជាស្ថាប័នផ្តល់យោបល់មិនប្រកាន់បក្ខពួកនៅក្នុងទីក្រុង Washington DC ក៏បានសង្កេតឃើញនូវការឆ្លើយតបដ៏ស្ងាត់ស្ងៀមរបស់អាស៊ានផងដែរ ដែលនេះអាចបណ្តាលមកពីពួកគេមិនចង់ចេញមុខប្រឆាំងនឹងប្រទេសរុស្ស៊ី។

លោក Myers បាន បន្ថែមថា «មានតែរបបយោធាមីយ៉ាន់ម៉ាប៉ុណ្ណោះដែលបានផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់រុស្ស៊ី ហើយការបោះឆ្នោតអនុប្បវាទរបស់វៀតណាម និងឡាវ នៅឯមហាសន្និបាតអង្គការសហប្រជាជាតិ មិនបានបង្ហាញអំពីការគាំទ្រខ្លាំងក្លាដូចការ បោះឆ្នោតបដិសេធសេចក្តីសម្រេចនោះទេ»។

លោក Myers បាននិយាយថា «ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ី នឹងបង្កផលប៉ះពាល់ដល់ការវិនិយោគថាមពលនិងការលក់ សព្វាវុធនៅក្នុងបណ្តាប្រទេសអាស៊ីអាគ្នេយ៍មួយចំនួន ដូចជាវៀតណាម ហើយវាអាចនឹងជំរុញឱ្យបណ្តាប្រទេសទាំងនេះ ស្វែងរកប្រភពផ្គត់ផ្គង់អាវុធថ្មីជំនួសឱ្យរុស្ស៊ី។ ទោះជាយ៉ាងណាក៏ ដោយ ការផ្លាស់ប្តូរចេញពីការពឹងផ្អែកលើប្រភពអាវុធរបស់រុស្ស៊ីនឹងត្រូវចំណាយពេលរាប់ឆ្នាំ ហើយវាអាចនឹងមានភាពស្មុគស្មាញខ្លាំងសម្រាប់យោធានៅ ក្នុងតំបន់»។

លោក Gilang Kembara ដែលជាអ្នកស្រាវជ្រាវនៅមជ្ឈមណ្ឌលសម្រាប់ការសិក្សាយុទ្ធសាស្ត្រអន្តរជាតិ (CSIS) នៅទីក្រុងហ្សាការតា បាននិយាយថា «ប្រទេសឥណ្ឌូណេស៊ីហាក់ដូចជាស្ថិតក្នុងចំណោម ប្រទេសដែលមានការស្ទាក់ស្ទើរក្នុងការបង្កភាពល្អក់កករនៅក្នុងទំនាក់ទំនងរបស់ខ្លួនជាមួយរុស្ស៊ី»។

លោក Kembara បានបន្តថា «មតិយោបល់ក្នុងស្រុកបានបង្ហាញថា ការគាំទ្រណាមួយលើប្រទេសអ៊ុយក្រែននឹងបង្ហាញអំពីឆន្ទៈរបស់ប្រទេសឥណ្ឌូណេស៊ីក្នុងការយល់ស្របតាមការលើកឡើងរបស់លោកខាងលិច ឬបង្ហាញអំពីការគាំទ្រចំពោះលោកខាងលិច។ រហូតមកដល់ពេលនេះ ជំហរបែបនេះមិនទទួលបានការគាំទ្រខ្លាំងពីសាធារណជនទេ ដែលភាគច្រើនលើសលុបបានបង្ហាញនូវការគាំទ្រខ្លាំងចំពោះរុស្ស៊ី ជាពិសេសនៅក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គម»។

បណ្ឌិត Zachary Abuza ដែលជាសាស្ត្រាចារ្យផ្នែកយុទ្ធសាស្ត្រសន្តិសុខជាតិ និងជាអ្នកជំនាញផ្នែកកិច្ចការអាស៊ីអាគ្នេយ៍នៅមហាវិទ្យាល័យ «National War College»ក្នុងទីក្រុង Washington DC បាននិយាយថា «ប្រជាជាតិអាស៊ានភាគច្រើនហាក់ដូចជា មិនចង់ដាក់ទណ្ឌកម្មលើរុស្ស៊ីចំពោះសង្គ្រាមឈ្លានពានខុសច្បាប់របស់ពួកគេនោះទេ។ ប៉ុន្តែវិសាលភាពនៃសង្រ្គាមនិងទំហំនៃការបំផ្លិចបំផ្លាញដែល បាននិងកំពុងកើតមានលើជនស៊ីវិលនឹងក្លាយជាកត្តាកំណត់នៅក្នុងទំនាក់ទំនងការទូតនៅពេលអនាគត»។

លោក Abuza បានបន្តថា «អំណាចទន់របស់ប្រទេសរុស្ស៊ី គឺស្ថិតនៅកម្រិតសូន្យក្នុងចំណោមប្រទេសអាស៊ាន។ តំបន់អាស៊ីអាគ្នេយ៍មិនដែលត្រូវបានប្រទេសរុស្ស៊ីចាត់ទុកជាតំបន់អាទិភាពនោះទេ ក្រៅតែពីការលក់អាវុធ និងការទាញយកផលប្រយោជន៍ពីរដ្ឋប្រហារនៅក្នុងប្រទេសថៃ, មីយ៉ាន់ម៉ា និងពីការកើនឡើងនូវឥទ្ធិពលអំណាចរបស់ លោក Duterte នៅក្នុងប្រទេសហ្វីលីពីន។ ទោះបីជាយ៉ាងណាក៏ដោយ បណ្តាប្រទេសតូចៗនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ អាចនឹងមិនប្រកាន់ជំហររឹងមាំក្នុងនាមជាប្លុកការទូតឡើយ»។

លោក Abuza បានឱ្យដឹងទៀតថា សេចក្តីថ្លែងការណ៍របស់អាស៊ានទាំងពីរ (នៅថ្ងៃទី២៦ ខែកុម្ភៈ និងថ្ងៃទី៣ ខែមីនា) គឺជាសេចក្តីថ្លែងការណ៍ ដែលគ្មានន័យទាល់តែសោះ ពីព្រោះវាមិនបានហៅប្រទេសរុស្ស៊ីថាជា «អ្នកឈ្លានពាន» និងមិនមានប្រើពាក្យ «ឈ្លានពាន» នោះទេ។ រដ្ឋាភិបាលអាស៊ីអាគ្នេយ៍ភាគច្រើន ចង់រក្សាអព្យាក្រឹតភាព ក៏ប៉ុន្តែនេះគឺជាវិធីសាស្ត្រដ៏​ឆោតល្ងង់ និងគ្រោះថ្នាក់។

អ្នក​ត្រូវតែរើសរវាងការគាំទ្រ​ច្បាប់​អន្តរជាតិ ឬ​ការគាំទ្រប្រទេសដែលមិនអើពើចំពោះអធិបតេយ្យភាព និង​សិទ្ធិ​រស់​នៅ​របស់​ប្រទេសមួយទៀត។

បណ្ឌិត Chin Kok Fay ដែលជាសេដ្ឋវិទូនយោបាយនៅសកលវិទ្យាល័យជាតិម៉ាឡេស៊ី (National University of Malaysia) បាននិយាយថា «ប្រទេសម៉ាឡេស៊ីបានអនុវត្តវិធីសាស្រ្តប្រកបដោយការប្រុងប្រយ័ត្នផ្នែកការទូតដែលមានលក្ខណៈស្របតាមយុទ្ធសាស្ត្រការពាររបស់ប្រទេសដើម្បីបង្ការនូវការប៉ះពាល់មកលើផលប្រយោជន៍ជាតិរបស់ខ្លួន»។

បណ្ឌិត Marek Rutkowski ដែលជាសាស្ត្រាចារ្យសិក្សាសកលនៅសាកលវិទ្យាល័យ Monash ម៉ាឡេស៊ី (Monash University Malaysia) បាននិយាយថា «ការឆ្លើយតបរបស់ម៉ាឡេស៊ីនៅមានកម្រិត
ដោយសារតែម៉ាឡេស៊ីគឺជាអតិថិជនអាវុធរបស់រុស្ស៊ី និងដោយសារតែយុទ្ធសាស្ត្រនយោបាយរបស់ប្រទេស ដែលជាហេតុធ្វើឱ្យប្រទេសម៉ាឡេស៊ីបោះឆ្នោតគាំទ្រសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ ក៏ប៉ុន្តែបានប្រឆាំងនឹងការដាក់ទណ្ឌកម្មជា ឯកតោភាគី»។

លោកបានបន្តថា «ការឆ្លើយតបរបស់ម៉ាឡេស៊ីអាចនឹងមិនមានអ្វីច្រើននោះទេ ដោយសារតែជម្លោះនេះគឺស្ថិតនៅឆ្ងាយពីព្រំដែនម៉ាឡេស៊ីណាស់ ហើយការឆ្លើយតបតិចតួចអាចជាជម្រើសដ៏សមស្រប។ ទោះជាយ៉ាងណាក៏ដោយ ការឈ្លានពាននេះបានដើរផ្ទុយពីទស្សនវិជ្ជាស្នូលរបស់អាស៊ានដែលតែងតែ ប្រកាន់ខ្ជាប់នូវគោលការណ៍អធិបតេយ្យភាព, បូរណភាពទឹកដី, ការមិនជ្រៀតជ្រែកចូលក្នុងកិច្ចការផ្ទៃក្នុងរបស់រដ្ឋ និងការប្រកាន់ខ្ជាប់នូវច្បាប់អន្តរជាតិ»។

លោក Rutkowski បាន និយាយថា «គោលការណ៍ដ៏សំខាន់ទាំង នេះ ត្រូវបានរំលោភបំពានយ៉ាងធ្ងន់ធ្ងរដោយរុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន។ ជាមួយនឹងវត្តមានរបស់ប្រទេសជិតខាងដ៏ធំ និងដ៏មានអំណាច គឺប្រទេសចិនអាស៊ានអាចនឹងប្រឈមមុខនឹងគ្រោះថ្នាក់ ប្រសិនបើការឈ្លានពានរបស់រុស្ស៊ីមិនត្រូវបានទប់ស្កាត់»។

ឧបការីរដ្ឋមន្ត្រីការបរទេសចិនលោកស្រី Hua Chunying បានទម្លាក់កំហុសលើសហរដ្ឋអាមេរិកនិងអង្គការ NATO ចំពោះការឈ្លានពាននេះ ដោយលោកស្រីបាននិយាយថា «អ្នកដែលបានដើរតាមការដឹកនាំរបស់សហរដ្ឋអាមេរិកក្នុងការបញ្ឆេះកំហឹង ហើយបន្ទាប់មក បានបង្វែរការទម្លាក់កំហុសទៅលើអ្នកដ៏ទៃ គឺពិតជាមនុស្សដែលគ្មានការទទួល ខុសត្រូវ»។

រដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី ៧ មីនា ថា «ប្រទេសចិននឹងរក្សាការផ្តោតអារម្មណ៍ជាយុទ្ធសាស្ត្រ ហើយនឹងបន្តជំរុញការអភិវឌ្ឍនៃភាពជាដៃគូដ៏ទូលំទូលាយរវាងចិននិង រុស្ស៊ីនៅក្នុងយុគសម័យថ្មីនេះ»។

លោក Daniel ដែលមកពីវិទ្យាស្ថាន ISIS បាននិយាយថា «ជំហរគាំទ្ររបស់ចិនចំពោះការឈ្លានពានរបស់រុស្ស៊ី អាចជះឥទ្ធិពលលើរដ្ឋាភិបាលក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាពិសេសបណ្តាប្រទេសដែលមានជាប់ពាក់ព័ន្ធនឹងជម្លោះសមុទ្រចិនខាងត្បូង។ រឿងរ៉ាវនិងប្រវត្តិសាស្រ្ត មួយចំនួនរបស់រុស្ស៊ីជាមួយអ៊ុយក្រែនមានលក្ខណៈស្រដៀងគ្នាទៅនឹងមហិច្ឆតារបស់ចិននៅសមុទ្រចិនខាងត្បូង។ ដូច្នេះការគាំទ្រទាំងដោយផ្ទាល់ និងដោយប្រយោលរបស់ចិនចំពោះសកម្មភាពរបស់រុស្ស៊ី គួរតែជាក្តីកង្វល់របស់បណ្តាប្រទេសអាស៊ីអាគ្នេយ៍» ផងដែរ។

លោក Abuza បាននិយាយថា «ជំហររបស់ចិនគួរតែជាសញ្ញាក្រើន រំលឹកសម្រាប់តំបន់អាស៊ីអាគ្នេយ៍ទាំងមូល។ ប្រទេសចិននៅតែបន្តទម្លាក់ កំហុសលើសហរដ្ឋអាមេរិកនិងអង្គការ NATO ចំពោះសង្រ្គាមនេះ និងមិនបានទម្លាក់កំហុសលើការសម្រេចចិត្តជាឯកតោភាគីរបស់រុស្ស៊ី ក្នុងការបើកការឈ្លានពានលើប្រទេសអធិបតេយ្យមួយដែល មានកងទ័ពចំនួន ១៩ម៉ឺននាក់នោះទេ។ ចិនបានគាំទ្រក្តីកង្វល់សន្តិសុខរបស់រុស្ស៊ី ក៏ដូចជាគោលលទ្ធិអំពីអធិបតេយ្យភាពមានដែនកំណត់។

ប្រទេសចិនតែងតែនិយាយថា អធិបតេយ្យភាពគឺជាស្នូលនៃគោលនយោបាយការ បរទេសរបស់ខ្លួន។ ក៏ប៉ុន្តែសកម្មភាពជាក់ស្តែងរបស់ពួកគេ គឺមិនដូច្នេះទេ»។

លោក Myers បាននិយាយថា «សម្ព័ន្ធភាពរវាងបណ្តាប្រទេសធំៗប្រឆាំងនឹងសហរដ្ឋអាមេរិក អាចបង្ហាញ ទៅកាន់ប្រជាជាតិអាស៊ានថា ពួកគេមិនអាចពឹងផ្អែកលើរុស្ស៊ីបានទេ ប្រសិនបើការប្រឈមមុខដាក់គ្នាជាមួយចិនពិតជានឹងកើតមាននៅក្នុងតំបន់ ដូចជាជម្លោះនៅសមុទ្រចិនខាងត្បូងជាដើម។ ដូច្នេះ អាស៊ានត្រូវស្វែងរកដៃគូនយោបាយផ្សេងទៀត ទន្ទឹមនឹងការបន្តរក្សាទំនាក់ទំនងរយៈពេលវែងជាមួយរុស្ស៊ី»។

លោក Myers បានកត់សម្គាល់ទៀតថា «ប្រទេសអាស៊ានភាគច្រើនបានចូលរួមគាំទ្រសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិដែលអាចបណ្តាលមកពីពួកគេ មានការព្រួយបារម្ភចំពោះផលប៉ះពាល់ ដែលអាចកើតមានលើបណ្តាប្រទេសតូចៗ ខណៈពេលដែលឥទ្ធិពលរបស់ប្រទេសចិនកំពុងមាន ការកើនឡើង»។

លោកបានបន្ថែមថា «សម្រាប់រយៈពេលវែង មនុស្សជាច្រើននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ នឹងមិនចង់បោះបង់ចោលទំនាក់ទំនងដែលកំពុងរីកចម្រើនរបស់ពួកគេជាមួយរុស្ស៊ីនោះទេ ពីព្រោះរុស្ស៊ីត្រូវបានចាត់ទុកថាជា ដៃគូដ៏សំខាន់មួយ ដែលជួយបញ្ចៀសពីការពឹងផ្អែកខ្លាំងលើប្រទេសចិន។ «ការបោះឆ្នោតគាំទ្ររបស់កម្ពុជាចំពោះសេចក្តីសម្រេច នេះបានបង្ហាញអំពីស្វ័យភាពក្នុងការសម្រេចចិត្តរបស់កម្ពុជា បើទោះបីជាប្រទេសនេះកំពុងទទួលរងឥទ្ធិពលខ្លាំងពីប្រទេសចិនក៏ដោយ»។

បណ្ឌិត Chin Kok Fay បាននិយាយថា «ប្រជាជាតិអាស៊ីអាគ្នេយ៍មានការព្រួយបារម្ភយ៉ាងខ្លាំងជុំវិញបញ្ហានៅអ៊ុយក្រែន។ ក៏ប៉ុន្តែតំបន់នេះអាចនឹងប្រឈមមុខនឹងផលប៉ះពាល់រយៈពេលខ្លីតិចតួចប៉ុណ្ណោះ លើកលែងតែសម្រាប់សិង្ហបុរីដែលត្រូវបាន បញ្ចូលទៅក្នុងបញ្ជីរបស់រុស្ស៊ីស្តីអំពីរដ្ឋបរទេសដែលអមិត្ត»។

លោក អៀរ សុផល ដែលជាព្រឹទ្ធបុរសរងនៃសាលា «Thunderbird School of Global Management» នៃសាកលវិទ្យាល័យ «Arizona State University» បាននិយាយថា «សេចក្តីថ្លែងការណ៍របស់បណ្តាប្រទេសអាស៊ីអាគ្នេយ៍មិនសូវមានអ្វីគួរឱ្យចាប់អារម្មណ៍នោះទេ ដែលអាចមកពីការព្រួយបារម្ភចំពោះកម្មករនៅក្រៅប្រទេស, និស្សិតដែលកំពុងសិក្សានៅ ប្រទេសរុស្ស៊ី និងកិច្ចព្រមព្រៀងទិញលក់អាវុធ។ ពួកគេហាក់ដូចជាមិនចង់ប្រឡូកខ្លួនទៅក្នុងរឿងនេះទេ ហើយមានតែប្រទេសសិង្ហបុរីប៉ុណ្ណោះដែលបានចូលរួមនៅក្នុងការដាក់ទណ្ឌកម្ម»។

លោក Abuza ក៏បានយល់ស្របដែរថា «សិង្ហបុរីគឺជាប្រទេសតែមួយគត់ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលបានប្រកាន់ជំហររឹងមាំ និងជាគោលការណ៍ប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។ ពួកគេបានយល់អំពី
គំរូផ្លូវច្បាប់ដ៏គ្រោះថ្នាក់បំផុតជុំវិញការលុកលុយរបស់រុស្ស៊ី ដែលរួមមានការផ្លាស់ប្តូរព្រំដែនដោយការប្រើប្រាស់កម្លាំង, ការលុកលុយ និងការផ្តួលរំលំការដឹកនាំរបស់ប្រទេស និងការបន្សាបឥទ្ធិពល របស់រដ្ឋដោយប្រើអាវុធ។ សកម្មភាពរបស់រុស្ស៊ីបានបង្កើតនូវគំរូដ៏អាក្រក់មួយសម្រាប់រដ្ឋតូចៗ ហើយវាគឺជារឿងដ៏គួរឱ្យសោកស្ដាយបំផុត ដែលបណ្តារដ្ឋអាស៊ីអាគ្នេយ៍ភាគច្រើនមិនព្រមទទួលស្គាល់នូវរឿងនេះ»។

ផលប៉ះពាល់ផ្នែកហិរញ្ញវត្ថុសម្រាប់តំបន់អាស៊ីអាគ្នេយ៍អាចមានលក្ខណៈចម្រុះ ខណៈ ដែលអ្នកវិភាគបានយល់ស្របថា «ប្រតិបត្តិការយោធា និងតម្លៃប្រេងឥន្ធនៈមានទំនាក់ទំនងគ្នាយ៉ាងស្អិតរមួត»។ លោក Nguyen Khac Giang ដែលជាបេក្ខជនបណ្ឌិតដែលផ្តោតលើកិច្ចការវៀតណាម និងអាស៊ីនៅសាកលវិទ្យាល័យ«Victoria University of Wellington» បាននិយាយថា «វៀតណាមមានផលប្រយោជន៍
សេដ្ឋកិច្ចច្រើននៅក្នុងប្រទេសរុស្ស៊ីក្រៅតែពីការទិញ-លក់អាវុធ»។

លោកបានបន្តថា «ជនជាតិវៀតណាមជាច្រើនបាននិងកំពុងរស់នៅនិងធ្វើការនៅទីនោះ ខណៈពេលដែលការធ្លាក់ចុះនៃចំនួនអ្នកធ្វើដំណើរ ដែលជាជនជាតិរុស្ស៊ី នឹងបង្កផលប៉ះពាល់ដល់វិស័យទេសចរណ៍ នៅពេលដែលប្រទេសវៀតណាមបើកដំណើរការប្រទេសឡើងវិញ បន្ទាប់ពីវិបត្តិកូវីដ-១៩»។

លោក Daniel បានព្យាករណ៍អំពីផលប៉ះពាល់រយៈពេលខ្លី និងមធ្យមលើតម្លៃម្ហូបអាហារ នៅក្នុងប្រទេសម៉ាឡេស៊ី ដែលបានពឹងផ្អែកលើប្រទេសរុស្ស៊ីនិងអ៊ុយក្រែនក្នុងនាមជាប្រភពផ្គត់ផ្គង់ដ៏សំខាន់នូវស្រូវសាលី និងគ្រាប់ធញ្ញជាតិ

លោក Abuza ក៏បាននិយាយផងដែរថា «តម្លៃស្រូវសាលីក្នុងតំបន់អាចនឹងកើនឡើង ហើយអាចនឹងបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់ប្រទេសឥណ្ឌូណេស៊ី ខណៈដែលប្រទេសថៃអាចនឹងប្រឈមមុខនឹងការធ្លាក់ចុះនៅក្នុងវិស័យទេសចរណ៍»។

ជនជាតិរុស្ស៊ីប្រមាណ ១៧៦០០ នាក់បានធ្វើដំណើរទៅកាន់ប្រទេសថៃ នៅក្នុងខែកុម្ភៈដែល មានចំនួន ៨,៦% នៃ ភ្ញៀវទេសចរសរុប។ តួរលេខទាំងនេះបានធ្លាក់ចុះ បន្ទាប់ពីកើតមានការលុកលុយនៅថ្ងៃទី២៤ កុម្ភៈ ដែលមួយផ្នែកបណ្តាលមក ពីការដាក់ទណ្ឌកម្មពីសំណាក់ក្រុមហ៊ុនកាតឥណទាន និងក្រុមហ៊ុនអាកាសចរណ៍។

សារព័ត៌មាន Associated Press បានរាយការណ៍នៅថ្ងៃទី ១៣ ខែមីនាថា «អ្នកទេសចររុស្ស៊ីប្រហែល ៦៥០០ និងជនជាតិអ៊ុយក្រែន ចំនួន ១០០០ នាក់ បានបន្តស្ថិតនៅក្នុងប្រទេសថៃ ហើយពួកគេមួយចំនួនកំពុងជួបប្រទះនឹងបញ្ហាក្នុងការបង់ប្រាក់ ដោយសារពួកគេមិនអាចប្រើប្រាស់កាតឥណទានរបស់ពួកគេបាន»។

ប៉ុន្តែ លោក Abuza បានសង្កត់ធ្ងន់ថា «ការធ្វើពាណិជ្ជកម្មរវាងរុស្ស៊ី ឬអ៊ុយក្រែនជាមួយនឹងតំបន់អាស៊ីអាគ្នេយ៍ នៅមានកម្រិតតិចតួចណាស់ ហើយការ វិនិយោគរបស់រុស្ស៊ីក៏មានចំនួនទាបផងដែរ។ ប៉ុន្តែទីផ្សារពិភពលោកអាចប្រឈមមុខនឹងការឡើងថ្លៃថាមពល ហើយផលប៉ះពាល់ផ្នែកយោធា អាចនឹងកើតមានលើប្រទេសឡាវ, មីយ៉ាន់ម៉ា និងវៀតណាម ដែលមានការធ្វើពាណិជ្ជកម្មច្រើនជាមួយរុស្ស៊ី បើប្រៀបធៀបនឹងបណ្តាប្រទេសអាស៊ានផ្សេងទៀត»។

ប្រធានាធិបតី Joe Biden កាលពីថ្ងៃទី ៨ មីនាបានប្រកាសបញ្ឈប់ការនាំចូលប្រេងពីរុស្ស៊ី ក្នុងគោលបំណងបង្កការរារាំងដល់លំហូរសាច់ប្រាក់របស់រុស្ស៊ី និងដើម្បីបង្ខំឱ្យរុស្ស៊ីដកទ័ព។ សហរដ្ឋអាមេរិកបាន បង្កើនសម្ពាធនៅថ្ងៃទី ១១ ខែមីនា ដោយបានដកនូវឋានៈ ក្នុងនាមជាប្រទេសដែលទទួលបានការអនុគ្រោះបំផុត (The Most Favoured Nations) ពីប្រទេសរុស្ស៊ី និងបានហាមឃាត់ការនាំចូលគ្រឿងស្រវឹង, ពេជ្រ និងគ្រឿងសមុទ្រពីប្រទេសរុស្ស៊ី។

អ្នក​នាំពាក្យរបស់​វិមាន​ក្រឹមឡាំង​បាន​ចោទ​រដ្ឋាភិបាលអាមេរិក​ថា​ បាន​ចាប់​ផ្តើម​ «សង្រ្គាម​សេដ្ឋកិច្ច»​ ជាមួយ​រុស្ស៊ី។ បន្ថែមពីលើនេះ សហភាពអឺរ៉ុបបានដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើប្រទេសរុស្ស៊ី និងសម្ព័ន្ធមិត្តរបស់រុស្ស៊ី គឺបេឡារុស្ស ហើយក៏កំពុងពិចារណាលើសំណើរបស់អ៊ុយក្រែនក្នុងការពន្លឿនការស្នើសុំចូលជាសមាជិកសហភាពអឺរ៉ុបផងដែរ។

លោក Myers បាននិយាយថា «ការហាមឃាត់ការ នាំចូលប្រេងដោយសហរដ្ឋអាមេរិកនិងចក្រភពអង់គ្លេស ដែលគ្រោងនឹងបញ្ឈប់ការនាំចូលនៅត្រឹមចុងឆ្នាំនេះ ក៏អាចបង្កផលប៉ះពាល់ដល់សេដ្ឋកិច្ចរបស់តំបន់អាស៊ីអាគ្នេយ៍ផងដែរ ដោយសារតែតម្លៃថាមពលសកលខ្ពស់ នឹងនាំមកនូវការកាត់បន្ថយកំណើន ហើយនឹងបង្កើនតម្លៃទំនិញប្រើប្រាស់»។

លោក Kembara ដែលមកពីមជ្ឈមណ្ឌល CSIS បាននិយាយថា «អាស៊ានអាចទទួលបានអត្ថប្រយោជន៍ផ្នែកហិរញ្ញវត្ថុមួយចំនួន។ នៅពេលដែលបណ្តាប្រទេសលោកខាងលិចកាន់តែច្រើនដាក់ទណ្ឌកម្ម និងធ្វើពហិការលើផលិតផល និងទំនិញដែលផលិតដោយរុស្ស៊ី វានឹងជំរុញឱ្យបណ្តាប្រទេសទាំងនោះស្វែងរកទំនិញពីទីផ្សារថ្មីៗជំនួសវិញ ដែលអាចរួមមានទាំងពីទីផ្សារបស់ប្រទេសអាស៊ីអាគ្នេយ៍ផងដែរ»។

លោក អៀរ សុផលបាននិយាយថា «ប្រជាជនកម្ពុជាមួយចំនួនជឿថា ការឈ្លានពាននឹងនាំមកនូវការរំដោះ ដែលនេះផ្តើមចេញពីចលនារបស់វៀតណាមនៅ ក្នុងឆ្នាំ ១៩៧៩ ដែលបានចូលមកកាន់កាប់ប្រទេសកម្ពុជាដើម្បីកម្ចាត់ខ្មែរក្រហម ហើយព្រឹត្តិការណ៍នោះក៏ត្រូវបានបន្តប្រារព្ធរហូតមកដល់សព្វថ្ងៃ ថាជាថ្ងៃរំដោះ ឬជាទិវាជ័យជំនះ។ ប៉ុន្តែ ​អ៊ុយក្រែន​គឺជាករណីដាច់ដោយឡែកមួយ ពីព្រោះគ្មានរបបណាមួយ ដែលបានធ្វើទារុណកម្មប្រជាជន របស់ខ្លួន ដូចរបបខ្មែរក្រហមនោះទេ។ ដូច្នេះ វាគឺជា​ស្ថានភាព​ខុស​គ្នា​»៕ Southeast Asia Globe

អត្ថបទទាក់ទង