ខ្មែរប៉ុស្ដិ៍ Close

    តើមានអ្នកប្រយុទ្ធបរទេសមកពីតំបន់អាស៊ី នៅក្នុងប្រទេសអ៊ុយក្រែនឬទេ?

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃសៅរ៍ ទី១៩ ខែមីនា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 1273
    តើមានអ្នកប្រយុទ្ធបរទេសមកពីតំបន់អាស៊ី នៅក្នុងប្រទេសអ៊ុយក្រែនឬទេ?អ្នកប្រយុទ្ធស្ម័គ្រចិត្តជនជាតិថៃ មកចុះឈ្មោះនៅស្ថានទូតអ៊ុយក្រែនប្រចាំនៅប្រទេសថៃ ដើម្បីសុំទៅជួយប្រយុទ្ធទល់នឹងរុស្ស៊ី

    ការអំពាវនាវរបស់ប្រទេសអ៊ុយក្រែន ក្នុងការស្នើសុំឱ្យអ្នកស្ម័គ្រចិត្ត អញ្ជើញមកចូលរួមនៅក្នុងកងពលអន្តរជាតិការពារ ប្រទេសអ៊ុយក្រែន (International Legion of the Defense of Ukraine) បានបង្កឱ្យមានមតិយោបល់ដ៏គួរឱ្យកត់សម្គាល់ជាច្រើន ហើយក៏បានបង្កឱ្យមានការប្រៀបធៀបអំពីប្រវត្តិសាស្រ្តនៃការកេណ្ឌទ័ពផងដែរ។

    ក្រៅពីគេហទំព័រ ដែលផ្តល់ព័ត៌មានលម្អិតអំពីរបៀបចុះឈ្មោះ ការអំពាវនាវរកអ្នកស្ម័គ្រចិត្តក៏បានលេចឡើងនៅលើទំព័រ Facebook របស់ស្ថានទូតអ៊ុយក្រែននៅទូទាំងពិភពលោកផងដែរ បូករួមទាំងនៅក្នុងតំបន់អាស៊ី។

    ទោះយ៉ាងណា ប្រតិកម្មរបស់រដ្ឋាភិបាលលោកខាងលិចចំពោះការអំពាវនាវនេះ មានលក្ខណៈខុសៗគ្នា។

    សហរដ្ឋអាមេរិកមិនបានលើកទឹកចិត្តពលរដ្ឋរបស់ខ្លួន ឱ្យធ្វើដំណើរទៅចូលរួមប្រយុទ្ធនៅប្រទេសអ៊ុយក្រែននោះទេ ខណៈនៅក្នុងចក្រភពអង់គ្លេស បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសបានបញ្ចេញមតិវិជ្ជមាននៅដំណាក់កាលដំបូង គឺនៅពេលឥឡូវនេះ រដ្ឋាភិបាលបានក្រឡាស់ពាក្យវិញ ជាមួយនឹងការលើកឡើងថា «សកម្មភាពបែបនេះអាចនឹងទទួលរងនូវការស៊ើបអង្កេត ហើយអាចប្រឈមមុខនឹងការកាត់ទោស»។

    បើទោះបីជាមានការព្រមានទាំងនេះក៏ដោយ ក៏ការកេណ្ឌគ្នីគ្នា និងការធ្វើដំណើរពីបណ្តាប្រទេសលោកខាងលិចនៅតែកើតមាន ដោយក្នុងនោះ ការវិភាគដែលអាចជឿទុកចិត្តបានបានបង្ហាញថា «មានមនុស្សរាប់រយនាក់ ដែលភាគច្រើនជាអតីតកងយោធា កំពុងធ្វើដំណើរទៅកាន់ប្រទេសអ៊ុយក្រែន ឬក៏បានទៅដល់ទីនោះរួចហើយ»។

    ការកេណ្ឌទ័ពនេះបានធ្វើឱ្យគេនឹកឃើញដល់អ្នកស្ម័គ្រចិត្តលោកខាងលិច ដែលបានចូលរួមជាមួយក្រុមប្រដាប់អាវុធជាច្រើននៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរី ជាពិសេសគឺកងជីវពលស៊ីរី Kurdish «YPG» (Yekîneyên Parastina Gel) នៅក្នុងជម្លោះប្រឆាំងនឹងរដ្ឋអ៊ីស្លាម (IS)។

    នៅក្នុងករណីបច្ចុប្បន្ននេះ ប្រព័ន្ធផ្សព្វផ្សាយភាគច្រើនបានពន្យល់អំពីហេតុផលដែលធ្វើឱ្យអ្នកស្ម័គ្រចិត្តលោកខាងលិចចូលរួមនៅក្នុងការប្រយុទ្ធនោះ ដែលវាគឺជា «ការលើកទឹកចិត្ត» ដែលមានលក្ខណៈដូចគ្នានឹងអ្វីដែលបានកើតឡើង នៅក្នុងជម្លោះប្រឆាំងនឹងពួក IS ដែរ។

    កត្តាជំរុញទឹកចិត្តរួមមានរូបភាព និងព័ត៌មាននៃការឈឺចាប់របស់កុមារ និងជនស៊ីវិលដោយសារការវាយប្រហាររបស់រុស្ស៊ី, គំនិតដែលថា គ្រប់គ្នាមិនអាចឈរអោបដៃមើលឡើយ, គំនិតការពារលទ្ធិប្រជាធិបតេយ្យ និងជាពិសេស អ្នកស្ម័គ្រចិត្តដែលមកពីប្រទេសជិតខាង យល់ថា ប្រទេសរបស់ពួកគេនឹងត្រូវប្រឈមមុខនឹងបញ្ហាដូចគ្នានេះ ប្រសិនបើ ប្រទេសអ៊ុយក្រែនដួលរលំ។

    ជាមួយនឹងជម្លោះប្រឆាំងនឹង IS ក្រុមអន្តរជាតិ រួមមានបុគ្គល មកពីលោកខាងលិច បូករួមទាំងសមាជិកនៃ ជនភៀសខ្លួន Kurdish ក៏ដូចជាក្រុមជនបរទេសដែល មកពីអាមេរិកខាងត្បូង, អឺរ៉ុបកណ្តាល និងអូស្ត្រាលី ហើយមានបុគ្គលតិចតួចណាស់ ដែលមានប្រភពមកពីតំបន់អាស៊ី។

    ស្ថានភាពកាលពីពេលនោះ អាចមានភាពខុសគ្នាបន្តិចពីស្ថានភាពនៅពេលនេះ។ បច្ចុប្បន្ននេះប្រជាជនអាស៊ី និងអាស៊ីអាគ្នេយ៍ភាគច្រើនដែលកំពុងរស់នៅ, ធ្វើការ ឬកំពុងសិក្សានៅក្នុងប្រទេសអ៊ុយក្រែន ត្រូវបានជម្លៀសចេញ។ ក៏ប៉ុន្តែនៅមានមនុស្សមួយចំនួនតូចប៉ុណ្ណោះ ដែលសម្រេចចិត្តបន្តស្នាក់នៅទីនោះ និងបានចូលរួមកាន់អាវុធដើម្បីប្រយុទ្ធ។

    នៅក្នុងតំបន់អាស៊ីផ្ទាល់ មនុស្សមួយចំនួនតូចប្រហែលជាបានធ្វើដំណើរទៅដល់ប្រទេសអ៊ុយក្រែនរួចបាត់ទៅហើយ។ អ្នកកាន់ Channel YouTube ដ៏ល្បីម្នាក់ ដែលជាជនជាតិកូរ៉េខាងត្បូង និងដែលជាអតីតទាហានមុជទឹក ក៏ទំនងជាបានធ្វើដំណើរទៅដល់ប្រទេសអ៊ុយក្រែនរួចហើយផងដែរ។

    លោកគឺជាជនជាតិកូរ៉េខាងត្បូងម្នាក់ក្នុងចំណោមប្រជាជនកូរ៉េខាងត្បូងប្រហែល ១០០ នាក់ ដែលបានបង្ហាញចំណាប់អារម្មណ៍ក្នុងការចាប់កាន់អាវុធដើម្បីប្រយុទ្ធ បើទោះបីជារដ្ឋាភិបាលរបស់ពួកគេ បានព្រមានប្រឆាំងនឹងការធ្វើដំណើរទៅកាន់ប្រទេសអ៊ុយក្រែនក៏ដោយ។

    មនុស្សរាប់សិបនាក់ផ្សេងទៀតនៅក្នុងប្រទេសជប៉ុន ក៏បានបង្ហាញចំណាប់អារម្មណ៍ស្រដៀងគ្នានេះដែរ ដោយក្នុងនោះ មនុស្សមួយចំនួនថែមទាំងបានលើកឡើងអំពីបទពិសោធន៍របស់ពួកគេនៅក្នុងកងកម្លាំងស្វ័យការពាររបស់ជប៉ុន ខណៈដែលមនុស្សមួយចំនួនតូច បានអះអាងអំពីបទពិសោធន៍ក្នុងការបម្រើការនៅក្នុងកងអាសាស្ម័គ្របរទេសបារាំង (French Foreign Legion)។

    ជាការឆ្លើយតប ទៅនឹងការដាក់សម្ពាធពីសំណាក់រដ្ឋាភិបាលមួយចំនួន ការអំពាវនាវរកអ្នកស្ម័គ្រចិត្តរបស់ស្ថានទូតអ៊ុយក្រែនមួយចំនួន ត្រូវបានកែប្រែ ឬលុបចោល។ ក្នុងករណីនៅប្រទេសជប៉ុនឥឡូវនេះ ការអំពាវនាវគឺផ្តោតលើបុគ្គល ដែលមានជំនាញផ្នែកវេជ្ជសាស្រ្ត, ព័ត៌មានវិទ្យា (IT), ទំនាក់ទំនង ឬបទពិសោធន៍ផ្នែកពន្លត់អគ្គិភ័យ។

    ហេតុផលមួយដែលនាំមកនូវការកែប្រែនេះ អាចដោយសារតែ «ការឆ្លើយតបទៅនឹងការជ្រើសរើសកងទ័ពបរទេសគឺជារឿងផ្ទុយនឹងច្បាប់របស់ប្រទេសជប៉ុន ដែលនឹងផ្តន្ទាទោសបុគ្គលទាំងឡាយណា ដែលចូលរួមធ្វើសង្គ្រាមនៅប្រទេសផ្សេង»។ ការជំទាស់ស្រដៀងគ្នានេះក៏បានកើតឡើង នៅក្នុងប្រទេសផ្សេងៗទៀតផងដែរ។

    ប្រតិកម្មជារួមទាំងផ្នែកការទូត និងនយោបាយពីសំណាក់ប្រទេសអាស៊ីអាគ្នេយ៍ ចំពោះការលុកលុយរបស់រុស្ស៊ី មានសភាពស្ងប់ស្ងាត់ លើកលែងតែប្រទេសសិង្ហបុរីមួយគត់ដែលបានចេញមុខប្រឆាំងយ៉ាងខ្លាំងចំពោះការឈ្លានពានរបស់រុស្ស៊ី។

    មូលហេតុទី១ អាចបណ្តាលមកពីការពិតដែលថា «តំបន់នេះស្ថិតនៅឆ្ងាយណាស់ពីប្រទេសអ៊ុយក្រែន»។ ខណៈពេលដែលពលរដ្ឋអាស៊ីអាគ្នេយ៍មួយចំនួនបានសម្តែងនូវការអាណិតអាសូរ និងសាមគ្គីភាពចំពោះវិបត្តិនេះ ពួកគេភាគច្រើននៅតែមានអារម្មណ៍មិនសូវជិតស្និទ្ធជាមួយពលរដ្ឋអ៊ុយក្រែនដែលស្ថិត នៅសែនឆ្ងាយ និងដែលភាគច្រើនជាគ្រឹស្តសាសនិក។

    ការលើកទឹកចិត្តឱ្យចូលរួមនៅក្នុងការប្រយុទ្ធអាចមានសភាពពុះកញ្រ្ចោល នៅពេលនិយាយដល់ការគាំទ្រសាសនារួមគ្នា ដោយក្នុងនោះជនជាតិម៉ាឡេស៊ីនិងឥណ្ឌូណេស៊ីរាប់រយនាក់ បានធ្វើដំណើរទៅកាន់ប្រទេសស៊ីរី និងអ៊ីរ៉ាក់ ដើម្បីចូលរួមជាមួយ IS នៅក្នុងកំឡុងឆ្នាំ ២០១៤-២០១៨។

    មូលហេតុទី២ អាចបណ្តាលមកពី «ប្រជាជននៅក្នុងប្រទេសមួយចំនួននៅក្នុងតំបន់កំពុងរវល់នឹងបញ្ហាក្នុងស្រុកដែលកាន់តែតានតឹងឡើងៗ»។ ការបោះឆ្នោតប្រធានាធិបតីនៅខែឧសភាខាងមុខនៅក្នុងប្រទេសហ្វីលីពីន គឺជាឧទាហរណ៍មួយ ខណៈដែលនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលកំពុងប្រឈមមុខ នឹងស្ថានការណ៍សង្គ្រាមស៊ីវិលកាន់តែធ្ងន់ធ្ងរឡើងៗ ប្រជាជន នៅក្នុងប្រទេសនេះបានត្រឹមសម្តែងការអាណិតអាសូរចំពោះប្រទេសអ៊ុយក្រែនតែប៉ុណ្ណោះ។

    កត្តារួមចំណែកមួយទៀតអាចបណ្តាលមកពី«ការគាំទ្ររបស់រុស្ស៊ីចំពោះរបបយោធាមីយ៉ាន់ម៉ា»។

    មូលហេតុទី៣ អាចមានជាប់ទាក់ទងនឹងសតិអារម្មណ៍នៅក្នុងប្រទេសដែលភាគច្រើនដែលកាន់សាសនាមូស្លីម ដូចជាឥណ្ឌូណេស៊ី និងម៉ាឡេស៊ី។ ការពិភាក្សាជាច្រើន បានបង្ហាញអំពីការប្រឆាំងនឹងលោកខាងលិច បូករួមនឹងជំហរប្រឆាំងនឹងអ៊ុយក្រែន ដោយសារប្រទេសអ៊ុយក្រែនត្រូវបានគេ មើលឃើញថាជាប្រទេសមួយដែល មាននិន្នាការគាំទ្រលោកខាងលិចនិងមានប្រធានាធិបតីជាជនជាតិជ្វីហ្វ ដែលជនជាតិមូស្លីម នៅក្នុងតំបន់អាស៊ីអាគ្នេយ៍មានការមិនពេញចិត្ត។

    នៅក្នុងប្រទេសឥណ្ឌូណេស៊ី មនុស្សជាច្រើនបានបង្ហាញអំពីអារម្មណ៍គាំទ្រខ្លាំងចំពោះលោក Putin ដោយពួកគេយល់ថា «លោកខាងលិចក៏មានពុតត្បុតខ្លាំងណាស់ដែរនៅក្នុងរឿងនេះ» «ជារឿយៗ បញ្ហាប៉ាឡេស្ទីនត្រូវបានគេលើកឡើងនៅក្នុងការពិភាក្សាអំពីសង្គ្រាមនៅពេលនេះ»។

    ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលស្ថានការណ៍បន្តវិវឌ្ឍទៅមុខ វាអាចទៅរួចដែលបុគ្គលមួយចំនួនតូចដែលមកពីសហគមន៍មូស្លីម អាចនឹងសម្រេចចូលរួមនៅក្នុងការប្រយុទ្ធនៅអ៊ុយក្រែន ជាពិសេសប្រសិនបើពួកគេបានឃើញជនមូស្លីមអ៊ុយក្រែនត្រូវរងទុក្ខកាន់តែខ្លាំង។

    ការអំពាវនាវនៅ ពេលថ្មីៗនេះរបស់ Mufti នៅក្នុងប្រទេសអ៊ុយក្រែន អំពីការឱ្យជនជាតិមូស្លីមនៅគ្រប់ទីកន្លែងទាំងអស់ចូលរួមធ្វើសកម្មភាពតាមដែលពួកគេអាចជួយបាន ហាក់ដូចជាមិនទទួល បានការចាប់អារម្មណ៍ ច្រើនទេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ក៏ប៉ុន្តែនៅទូទាំងពិភពលោក មនោគមវិជ្ជាមូស្លីមដ៏ មានឥទ្ធិពលអាចនឹង បង្កើតឱ្យមានគំនិតស្តីពីការការពារជនជាតិមូស្លីមនៅអ៊ុយក្រែន ហើយវាអាចនឹងក្លាយជាហេតុផលមួយដើម្បីចូលរួមនៅក្នុងជម្លោះ។

    ប្រទេសអាស៊ីអាគ្នេយ៍មួយចំនួនបានហាមឃាត់ពលរដ្ឋរបស់ពួកគេពីការចូលរួមប្រយុទ្ធនៅក្នុងប្រទេសអ៊ុយក្រែន ឬបានលើកឡើងអំពីច្បាប់ដែលមានស្រាប់ដែល មានចែងអំពីការហាមឃាត់ពួកគេពីការចូលរួមប្រយុទ្ធនៅក្នុងទឹកដីបរទេស។ នេះអាចដោយសារតែការពិតដែលថា «មនុស្សមួយចំនួនតូច នៅក្នុងប្រទេសសិង្ហបុរី, ថៃ និងវៀតណាម បានបង្ហាញអំពីចំណាប់អារម្មណ៍ ក្នុងការចាប់កាន់អាវុធ ដើម្បីប្រយុទ្ធនៅអ៊ុយក្រែន»។

    ប្រទេសមួយដែលគួរលើកយកមក ពិចារណាគឺប្រទេសថៃ។ របាយការណ៍នៅលើប្រព័ន្ធផ្សព្វផ្សាយបានបង្ហាញថា «បុគ្គលមួយចំនួន ដែលខ្លះជាអតីតយុទ្ធជន ឬធ្លាប់បានឆ្លងកាត់ការអនុវត្តកាតព្វកិច្ចយោធាបានព្យាយាមចុះឈ្មោះរបស់ពួកគេជាមួយស្ថានទូតអ៊ុយក្រែនប្រចាំនៅទីក្រុងបាងកក»។

    ពួកគេមួយចំនួន បានបង្ហោះសារនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមអំពីអារម្មណ៍ចង់ជួយអ៊ុយក្រែនឱ្យរួចផុតពីការគាបសង្កត់ និងបានបង្ហាញអំពីឆន្ទៈសុខចិត្តស្លាប់ក្នុងបុព្វហេតុនៃការគាំទ្រលទ្ធិប្រជាធិបតេយ្យ ហើយពួកគេទាំងនេះអាចមានជាប់ទាក់ទងនឹងសកម្ម​ភាពតវ៉ា និង​សកម្មភាព​ប្រឆាំង​នឹង​យោធា​ថៃ​ដែល​បាន​ដណ្តើម​អំណាច​ក្នុង​រដ្ឋប្រហារ​ឆ្នាំ ២០១៤។

    ការឆ្លើយតបដ៏ខ្លាំងក្លាពីសំណាក់ជនជាតិថៃ បានធ្វើឱ្យស្ថានទូតរុស្ស៊ីប្រចាំប្រទេសថៃចេញសេចក្តីព្រមានថា «ពួកគេមិនគួរចូលរួមនៅក្នុងជម្លោះនេះទេ ព្រោះពួកគេនឹងត្រូវបានចាត់ទុកជាទាហានស៊ីឈ្នួល ប្រសិនបើពួកគេនៅតែបន្តធ្វើវា»។

    មនុស្សមួយចំនួនបានបង្ហាញអំពីឆន្ទៈ ក៏ប៉ុន្តែពួកគេមិនមានមធ្យោបាយដើម្បីអាចធ្វើវាបានទេ។ អ្នក​ខ្លះ​បាននិយាយ​ថា «​បញ្ហាហិរញ្ញវត្ថុ​គឺជាឧបសគ្គរបស់​​ពួក​គេ​ បូករួម​ទាំង​ថ្លៃ​ចំណាយ​ក្នុង​ការធ្វើដំណើរ​ទៅកាន់ប្រទេសអ៊ុយក្រែន»។ ក្នុងករណីខ្លះ មនុស្សមួយចំនួនមានការភ័ន្តច្រលំចំពោះការលើកទឹកចិត្ត ដោយក្នុងនោះមនុស្សមួយចំនួនមកពីប្រទេសថៃបានលើកឡើងអំពីប្រាក់បៀវត្សរ៍ដ៏ច្រើនដែលពួកគេអាចទទួលបាន ឬពួកគេនឹងទទួលបានសញ្ជាតិសហភាពអឺរ៉ុប ប្រសិនបើពួកគេចូលរួមប្រយុទ្ធនៅអ៊ុយក្រែន។

    នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជនជាតិមូស្លីមនៅក្នុងតំបន់អាស៊ីអាគ្នេយ៍មួយចំនួនធំបានចាប់កាន់អាវុធ និងចូលរួមជាមួយ IS និងក្រុម Jihadist ផ្សេងទៀត។ ហេតុដូច្នេះ ប្រជាជនម៉ូស្លីម នៅក្នុងតំបន់នេះទំនងជាមិនមានការចាប់អារម្មណ៍ចំពោះជម្លោះនៅអ៊ុយក្រែននោះទេ ក៏ប៉ុន្តែ «លទ្ធភាពចំនួន ២ គួរតែត្រូវបានលើកយកមកពិចារណានៅទីនេះ»។

    លទ្ធភាពទី ១ គឺថា «ប្រសិនបើសង្រ្គាមនៅអ៊ុយក្រែនបន្តអូសបន្លាយពេលកាន់តែយូរ ហើយជនស៊ីវិលដែលបាត់បង់ជីវិតមានចំនួនកាន់តែច្រើន នោះប្រជាជនអាស៊ីអាគ្នេយ៍អាចនឹងព្យាយាមផ្តល់ជំនួយដោយផ្ទាល់ ឬចូលរួមនៅក្នុងកិច្ចខិតខំប្រឹងប្រែងផ្នែកមនុស្សធម៌ដើម្បីជួយអ៊ុយក្រែន»។

    រដ្ឋាភិបាល និងភ្នាក់ងារសន្តិសុខត្រូវតែតាមឃ្លាំមើលបញ្ហានេះ ពីព្រោះការចូលរួមជាមួយអង្គការមនុស្សធម៌នឹងផ្តល់នូវច្រកចូលទៅកាន់ប្រទេសអ៊ុយក្រែន ដល់មនុស្សជាច្រើន បូករួមទាំងជនជាតិមូស្លីមម៉ាឡេស៊ី និងឥណ្ឌូណេស៊ីដែលធ្លាប់បានអនុវត្តនូវវិធីនេះដើម្បីចូលរួមនៅក្នុងជម្លោះនៅស៊ីរី។

    លទ្ធភាពមួយទៀតគឺថា «មនុស្សដែលមិនមានទំនាក់ទំនងផ្នែកសាសនា ឬមនោគមវិជ្ជាណាមួយជាមួយអ៊ុយក្រែន ក៏ប៉ុន្តែអាចមានអារម្មណ៍ពុះកញ្ច្រោលក្នុងការចង់ការពារជនជាតិអ៊ុយក្រែន អាចនៅតែព្យាយាមធ្វើដំណើរទៅកាន់ប្រទេសអ៊ុយក្រែន បើទោះបីជាមានឧបសគ្គផ្នែកដឹកជញ្ជូន និងហិរញ្ញវត្ថុក៏ដោយ»។

    អារម្មណ៍នៃការចង់ជួយប្រជាជនដែលត្រូវបានគេជិះជាន់ បើទោះបីជាពួកគេស្ថិតនៅឆ្ងាយពីគ្នាក៏ដោយ បានដើរតួយ៉ាងសំខាន់នៅក្នុងការជំរុញឱ្យមនុស្សម្នាក់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលជាជនជាតិសិង្ហបុរីដើមកំណើតចិនព្យាយាមចូលរួមជាមួយកងជីវពល Kurdish ក្នុងឆ្នាំ ២០១៥ នៅក្នុងជម្លោះប្រឆាំងនឹងក្រុម IS ក៏ប៉ុន្តែការព្យាយាមរបស់លោកមិនទទួលបានជោគជ័យទេ។ ដូច្នេះ «ក្នុងករណីអ៊ុយក្រែន លទ្ធភាពទាំង២ នេះមិនអាចត្រូវបានគេមើលរំលងនោះឡើយ»។ The Diplomat

    អត្ថបទទាក់ទង