ខ្មែរប៉ុស្ដិ៍ Close

    មេរៀនស្តីអំពី «សង្គ្រាមសេដ្ឋកិច្ចប្រឆាំងនឹងរុស្ស៊ី»

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី២១ ខែមីនា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 1513
    មេរៀនស្តីអំពី «សង្គ្រាមសេដ្ឋកិច្ចប្រឆាំងនឹងរុស្ស៊ី»មេរៀនស្តីអំពី «សង្គ្រាមសេដ្ឋកិច្ចប្រឆាំងនឹងរុស្ស៊ី»

    ទណ្ឌកម្មសេដ្ឋកិច្ចបែបសមូហភាពដែលបានដាក់ចេញ បន្ទាប់ពីការលុកលុយដ៏ឃោរឃៅរបស់រុស្ស៊ីលើអ៊ុយក្រែនបានបង្ហាញអំពីអត្ថប្រយោជន៍ផ្នែកសន្តិសុខដ៏ជ្រាលជ្រៅនៃសកលភាវូបនីយកម្ម។ ការពឹងពាក់គ្នាទៅ វិញទៅមកផ្នែកសេដ្ឋកិច្ចដែលមនុស្ស ជាច្រើនចាត់ទុកជាប្រភពនៃភាពទន់ខ្សោយ តាមពិតគឺជាភាពខ្លាំងដ៏សំខាន់មួយ។

    សហរដ្ឋ​អាមេរិក និងបណ្តា​សម្ព័ន្ធមិត្ត​បានបង្កនូវផលប៉ះពាល់ផ្នែកសេដ្ឋកិច្ច​យ៉ាងធ្ងន់ធ្ងរបំផុតលើប្រទេស​​រុស្ស៊ី ដោយ​មិន​ចាំបាច់ប្រើគ្រាប់សូម្បីតែ​មួយ​គ្រាប់។ ទណ្ឌកម្ម​បាន​វាយ​ប្រហារ​យ៉ាងខ្លាំងក្លាលើវិមាន​ក្រឹមឡាំង និង​អ្នក​កាន់អំណាចរុស្ស៊ី។

    ទុនបម្រុងរូបិយបណ្ណបរទេសរបស់រុស្ស៊ី ត្រូវបានជាប់គាំង ដែលជាហេតុធ្វើឱ្យធនាគារកណ្តាលមិនអាចបង្កើនការការពារប្រាក់ Rouble បាន ហើយធនាគារភាគច្រើនក៏ត្រូវបានជាប់គាំង បន្ទាប់ពីត្រូវបានកាត់ចេញពីប្រព័ន្ធទូទាត់ «SWIFT» ខណៈដែលបណ្តាសាជីវកម្មពហុជាតិក៏កំពុងប្រញាប់ប្រញាល់ចាកចេញពីប្រទេសនេះផងដែរ។

    ការ​ធ្លាក់​ចុះ​នៃ​ប្រាក់​ Rouble រហូតដល់​ជិត ៤០% ​បើធៀប​នឹង​ប្រាក់​ដុល្លារ​អាមេរិក បាន​និងកំពុងធ្វើឱ្យ ​អតិផរណាហក់ឡើងយ៉ាងខ្ពស់។ ធ្នើនានានៅតាមផ្សារទំនើប បានស្ថិតក្នុងសភាពទទេរ ខណៈទណ្ឌកម្មពាណិជ្ជកម្មកំពុងរួមរឹតប្រទេសរុស្ស៊ី។ ជាមួយនឹងការប្រឈមមុខនឹងការហូរចេញនូវមូលធន ធនាគារកណ្តាលរបស់រុស្ស៊ីបានដំឡើងអត្រាការប្រាក់ដល់កម្រិតមួយដែលនឹងធ្វើឱ្យក្រុមហ៊ុននៅក្នុងស្រុកត្រូវប្រឈមមុខ
    នឹងការក្ស័យធន។

    នៅពេលឥឡូវនេះ ការទូទាត់បំណុលជាប្រាក់ដុល្លារមានតម្លៃថ្លៃខ្លាំង ហើយបើសិនជារុស្ស៊ីនៅតែមិនមានសិទ្ធិចូលប្រើប្រាស់ទុនបំរុងជាប្រាក់ដុល្លារ នោះប្រទេសរុស្ស៊ីនឹងត្រូវជួបប្រទះនូវបញ្ហាស្តីពីការបង់សងបំណុល (Technical Default)។

    កេរ្តិ៍ឈ្មោះរបស់រុស្ស៊ី ក្នុងនាមជាប្រទេសដែលអាចគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ចប្រកបដោយស្ថិរភាព អាចនឹងរងនូវការបំផ្លាញ ហើយនឹងត្រូវចំណាយពេលជាច្រើនទសវត្សរ៍ ដើម្បីស្តារឡើងវិញ។

    ទោះជាយ៉ាងណាក៏ដោយ មនុស្សមួយចំនួនបានបង្ហាញនូវការតាំងចិត្តក្នុងការរៀនសូត្រពីបទពិសោធន៍ដ៏អាក្រក់ទាំងនេះ។ សម្រាប់ពួកគេ «ប្រសិទ្ធភាពនៃការដាក់ទណ្ឌកម្មបានបង្ហាញថា ទីផ្សារបើកចំហ នឹងនាំមកនូវភាពងាយរងគ្រោះ»។ វាជារឿងដ៏គួរឱ្យអស់សំណើចក្នុងការគិតថា «ពាណិជ្ជកម្មសេរីអាចបញ្ឈប់សង្គ្រាមបាន» ពីព្រោះប្រសិនបើវាដូច្នេះមែន វាច្បាស់ជាអាចបញ្ឈប់រុស្ស៊ីបានហើយ។

    តាមពិតទៅ គំនិតនេះគឺគ្រោះថ្នាក់ណាស់ និងមិនមានការពិតនោះទេ។ វានឹងនាំមកនូវជម្លោះកាន់តែច្រើននៅក្នុងពិភពមួយដែលមហាអំណាចទទួលបានការអនុញ្ញាតឱ្យធ្វើសកម្មភាពបានដោយ មិនចាំបាច់រងនូវការ
    ដាក់ទោសទណ្ឌ។

    ប្រវត្តិសាស្ត្រនៅក្នុងពេលថ្មីៗនេះបានផ្តល់ឧទាហរណ៍ជាច្រើនស្តីពីប្រទេសដែលបានព្យាយាមប្រើអាវុធសេដ្ឋកិច្ច ដើម្បីទាញយកសម្បទានភូមិសាស្ត្រនយោបាយ ក៏ប៉ុន្តែវាបែរជាត្រូវរងគ្រោះដោយសារអាវុធទាំងនោះវិញ។

    សេដ្ឋកិច្ចពិភពលោកមានទំហំធំ ហើយវាតែងតែមានជម្រើសអ្នកទិញ ឬអ្នកលក់ ជំនួសឱ្យជម្រើសមួយទៀត លុះត្រាតែការដាក់ទណ្ឌកម្មក្លាយជាកិច្ចខិតខំប្រឹងប្រែងជាសកល។ ការដាក់ទណ្ឌកម្មពាណិជ្ជកម្ឋរបស់ចិនលើប្រទេសអូស្ត្រាលី បានបង្កផលប៉ះពាល់តិចតួច និងមានលក្ខណៈបណ្តោះអាសន្នប៉ុណ្ណោះ ពីព្រោះទំនិញរបស់អូស្ត្រាលីបានរកឃើញនូវទីផ្សារជំនួសរួចហើយ។

    ជំនួសមកវិញ ទណ្ឌកម្មរបស់ចិនបានបង្កផលប៉ះពាល់យ៉ាងខ្លាំងលើប្រទេសចិន ដូចជាការបាត់បង់ការជឿទុកចិត្ត និងបានជំរុញឱ្យមានការពង្រឹងក្រុម Quad ក៏ដូចជាការដាក់ចេញ នូវវិធានការផ្សេងៗទៀត។ នៅពេលដែលប្រទេសមួយមានអំណាចផ្តាច់មុខលើទីផ្សារណាមួយ នោះវានឹងនាំមកនូវភាពមិនច្បាស់លាស់ និងការប្រកួតប្រជែង ដើម្បីស្វែងរកប្រភពជំនួស។

    ការរឹតបន្តឹងលើការនាំចេញរបស់ជប៉ុនដែលបានដាក់ លើប្រទេសកូរ៉េខាងត្បូងនៅក្នុងឆ្នាំ២០១៩ បានធ្វើឱ្យជប៉ុនបាត់បង់ចំណែកទីផ្សារ ហើយក្រុមហ៊ុនរបស់ជប៉ុនក៏បានផ្លាស់ប្តូរផលិតកម្មទៅកាន់ប្រទេសកូរ៉េខាង
    ត្បូង និងបណ្តាប្រទេសផ្សេងទៀត។

    ការរឹតបន្តឹងរបស់ចិនលើការនាំចេញរ៉ែកម្រទៅកាន់ប្រទេសជប៉ុនក្នុងឆ្នាំ ២០១០ បានបណ្តាលឱ្យប្រទេសចិនបាត់បង់ចំណែកទីផ្សារពិភពលោកយ៉ាងច្រើន ខណៈដែលការរឹតត្បិតរបស់សហរដ្ឋអាមេរិកលើការនាំ ចេញឧបករណ៍អេឡិចត្រូនិកទៅកាន់ក្រុមហ៊ុនចិន ក៏បានជំរុញឱ្យទីក្រុងប៉េកាំងបង្កើនការវិនិយោគយ៉ាងច្រើន នៅក្នុងការពង្រឹងវិស័យបច្ចេកវិទ្យា ដើម្បីកាត់បន្ថយការពឹងផ្អែកលើការផ្គត់ផ្គង់របស់អាមេរិក។

    ការដាក់ទណ្ឌកម្មអាចនឹងទទួលបានជោគជ័យ នៅពេលដែលវាទទួលបានការសម្របសម្រួលពីសហគមន៍អន្តរជាតិភាគច្រើន, មានការកំណត់គោលដៅច្បាស់លាស់ និងមិនអាចទទួលបានការលើកលែងទោសចំពោះការរំលោភបំពានច្បាប់អន្តរជាតិ ដូចជាសង្គ្រាមឈ្លានពានជាដើម។ សង្គ្រាមសេដ្ឋកិច្ចគឺមានភាពសមហេតុផល នៅក្នុងកាលៈទេសៈដ៏អាក្រក់ទាំងនេះ។

    ទោះជាយ៉ាងណាក៏ដោយ អ្នកដែលបានដាក់ចេញនូវទណ្ឌកម្មនៅតែអាចប្រឈមមុខនឹងហានិភ័យខ្ពស់ តួយ៉ាងការដាក់ទណ្ឌកម្មលើរុស្ស៊ីអាចនឹងធ្វើឱ្យតម្លៃថាមពល និងស្បៀងអាហារកើនឡើងខ្ពស់។ ជនជាតិចិនជាច្រើន កំពុងព្រមានប្រឆាំងនឹងការដែលចិនកំពុងបោះខ្សែសង្គ្រោះជីវិតដល់រុស្ស៊ី ដោយក្នុងនោះប្រទេសចិនអាចនឹងត្រូវជាប់ផុងនៅក្នុងការធ្លាក់ចុះនៃ សេដ្ឋកិច្ចដែលបង្កឡើងដោយលោកខាងលិច។

    «ភាពជាដៃគូគ្មានដែនកំណត់រវាងទីក្រុងប៉េកាំង និងទីក្រុងម៉ូស្គូ» អាចនឹងមានដែនកំណត់ពិតប្រាកដហើយនៅពេលនេះ ដោយផ្អែកលើហេតុផលសេដ្ឋកិច្ច។ ប្រទេសចិនមានអត្ថប្រយោជន៍ច្រើនជាងរុស្ស៊ីនៅក្នុង
    ប្រព័ន្ធពិភពលោក។ ប្រទេសចិនមានទុនបម្រុងប្តូរប្រាក់បរទេសចំនួន ៣,៥ ទ្រីលានដុល្លារអាមេរិក ហើយប្រទេសចិនក៏បានធ្វើសមាហរណកម្មកាន់តែខ្លាំងផងដែរទៅក្នុងទីផ្សារពិភពលោក។

    ការបណ្តេញចិនចេញពីសណ្តាប់ធ្នាប់សេដ្ឋកិច្ចដែលមានស្រាប់ នឹងបង្កនូវផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរទាំងសម្រាប់ប្រទេសចិន និងពិភពលោក។ វានឹងមិននាំមកនូវ​ផលប្រយោជន៍​សម្រាប់​សហរដ្ឋ​អាមេរិក ឬ​បណ្តាសម្ព័ន្ធមិត្ត​របស់​ខ្លួន នោះឡើយ។ មហាអំណាចធំៗមានការវិនិយោគធំៗ នៅបរទេសដែលអាចត្រូវបានរឹបអូសយកយ៉ាងងាយស្រួល។

    ការពឹងពាក់គ្នាទៅវិញទៅមកផ្នែកសេដ្ឋកិច្ចគឺជាឧបសគ្គដ៏មានឥទ្ធិពលសម្រាប់គ្រប់ភាគីទាំងអស់ និងជាអាវុធដ៏មានឥទ្ធិពលសម្រាប់ការធានាសន្តិភាព។ ការជ្រើសរើសយុទ្ធសាស្រ្តគោលនយោបាយ ដែលនាំមកនូវការផ្តាច់សេដ្ឋកិច្ចចេញពីគ្នាទៅវិញទៅមក នឹងក្លាយជាកំហុសយុទ្ធសាស្ត្រដ៏ធំមួយ។

    ការចូលរួមចំណែករបស់អូស្ត្រាលីគួរតែអាចផ្តល់នូវការពង្រឹងសណ្តាប់ធ្នាប់សេដ្ឋកិច្ចដែលមានស្រាប់ ដែល នោះគឺ «ការធានាថា សហរដ្ឋអាមេរិកនិងចិននឹងនៅតែស្ថិតនៅក្នុងប្រព័ន្ធពាណិជ្ជកម្មពិភពលោក»។ ក្របខណ្ឌសេដ្ឋកិច្ចឥណ្ឌូ-ប៉ាស៊ីហ្វិក (Indo-Pacific Economic Framework) របស់អាមេរិក មិនគួរដកប្រទេសចិនចេញទេ។

    ការដាក់ទណ្ឌកម្ម​លើ​ប្រទេស​ចិន​ នឹង​បង្កផលប៉ះពាល់ដល់ពិភពលោកទាំងមូល ធ្ងន់ធ្ងរជាង​ការ​ដាក់​ទណ្ឌកម្ម​លើ​រុស្ស៊ី។ សង្គ្រាមសេដ្ឋកិច្ចក៏ដូចជាជម្លោះដទៃទៀតដែរ ត្រូវការការប្រើយុទ្ធសាស្ត្រដើម្បីបញ្ចប់។

    ផលប៉ះពាល់នៃការដាក់ទណ្ឌកម្ម​លើ​រុស្ស៊ី​ នឹងបន្តកើន​ឡើង​ជា​រៀង​រាល់​ថ្ងៃ ខណៈពេលដែលពិភពលោកកំពុងព្យាយាមស្តារ​សេដ្ឋកិច្ច​ឡើងវិញ។ សហរដ្ឋអាមេរិកនិងអឺរ៉ុប ត្រូវតែកំណត់ច្រកចេញពីការដាក់ទណ្ឌកម្មឱ្យបានច្បាស់លាស់ ដែលនឹងជួយកសាងឡើងវិញទាំងប្រទេសអ៊ុយក្រែន និងរុស្ស៊ី។

    ពិភពលោកមិនត្រូវផ្តល់រង្វាន់ដល់ការឈ្លានពានឡើយ ក៏ប៉ុន្តែការគាំទ្រដ៏សប្បុរសបំផុតគឺ «ការរង់ចាំឱ្យរុស្ស៊ីដោះស្រាយបញ្ហាជាតិនិយមនិងភាពជ្រុលនិយម» ដើម្បីជៀសវាងការកកើតឡើងវិញនូវសោកនាដកម្ម «Versailles» ក្នុងឆ្នាំ ១៩១៩ នៅពេលដែលអាល្លឺម៉ង់ (បន្ទាប់ពីទទួលបរាជ័យ) បានរងនូវការផ្តន្ទាទោសយ៉ាងធ្ងន់ធ្ងរបំផុត រហូតឈានទៅដល់ការសងសឹក ជាជាងការកសាងទំនាក់ទំនងឡើងវិញជាមួយពិភពលោក៕ East Asia Forum