ខ្មែរប៉ុស្ដិ៍ Close

    តើការឈ្លានពានលើប្រទេសអ៊ុយក្រែន មានអត្ថន័យយ៉ាងដូចម្តេចសម្រាប់ផែនការខ្សែក្រវ៉ាត់ និងផ្លូវរបស់ចិន?

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី២២ ខែមីនា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 1438
    តើការឈ្លានពានលើប្រទេសអ៊ុយក្រែន មានអត្ថន័យយ៉ាងដូចម្តេចសម្រាប់ផែនការខ្សែក្រវ៉ាត់ និងផ្លូវរបស់ចិន?តើការឈ្លានពានលើប្រទេសអ៊ុយក្រែន មានអត្ថន័យយ៉ាងដូចម្តេចសម្រាប់ផែនការខ្សែក្រវ៉ាត់ និងផ្លូវរបស់ចិន?

    នៅពេលការឈ្លានពានរបស់ប្រទេសរុស្ស៊ីលើប្រទេសអ៊ុយក្រែនបានក្លាយជាព្រឹត្តិការណ៍ភូមិសាស្ត្រនយោបាយដ៏សំខាន់ ព្រឹត្តិការណ៍នេះក៏នឹងធ្វើការកំណត់ឡើងវិញនូវភូមិសាស្ត្រសេដ្ឋកិច្ចរបស់ពិភពលោកផងដែរ។ «ភូមិសាស្ត្រ សេដ្ឋកិច្ចនៅពេលនេះគឺសំដៅទៅលើការប្រទាក់ក្រឡាគ្នាទៅវិញទៅមករវាងសេដ្ឋកិច្ច និងភូមិសាស្ត្រ»។

    ឧទាហរណ៍នៃភូមិសាស្ត្រសេដ្ឋកិច្ចរួមមាន គម្រោងតភ្ជាប់ដែលផ្តោតទៅលើប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ដូចជាផែនការខ្សែក្រវ៉ាត់និងផ្លូវរបស់ ចិន (BRI), ផែនការច្រកទ្វាពិភពលោករបស់សហភាពអឺរ៉ុប (Global Gateway), ផែនការ «Blue Dot Network» របស់អាមេរិក, ផែនការកសាងពិភពលោកឱ្យមានភាពប្រសើរឡើងវិញរបស់ក្រុមប្រទេស G7 (B3W), ផែនការវិនិយោគហេដ្ឋារចនាសម្ព័ន្ធប្រកបដោយគុណភាពរបស់ជប៉ុន (Quality Infrastructure Investment), ផែនការ «Eurasia Economic Union» (EAEU) របស់រុស្ស៊ី និងផែនការច្រករបៀងដឹកជញ្ជូនជើង-ត្បូងអន្តរជាតិ «International North-South Transport Corridor» ដែលដឹកនាំដោយរុស្ស៊ី, អ៊ីរ៉ង់ និងឥណ្ឌា។

    ជាមួយនឹងការផ្តោតសំខាន់ទៅលើភូមិសាស្ត្រទ្វីបអាហ្វ្រិក-អឺរ៉ាស៊ី ផែនការ BRI របស់ចិនគឺជាផែនការភូមិសាស្ត្រសេដ្ឋកិច្ចដ៏ធំជាងគេដែលមាន ប្រទេសចំនួន ១៤០ កំពុងចូលរួម។ ក៏ប៉ុន្តែផែនការនេះអាចនឹងត្រូវការការកែសម្រួលឡើងវិញដោយសារព្រឹត្តិការណ៍សង្គ្រាមនេះ។

    សម្រាប់ចិន ទឹកដីដ៏ធំល្វឹងល្វើយរបស់រុស្ស៊ីគឺជាច្រកផ្លូវគោក មួយដ៏គួរឱ្យទុកចិត្តក្នុងការដឹកជញ្ជូនទំនិញចូលទៅកាន់ទីផ្សារសហភាពអឺរ៉ុប ខណៈដែលប្រទេសរុស្ស៊ី, អ៊ុយក្រែន, ប៉ូឡូញ និងបេឡារ៉ុស ក៏តែងតែមានក្តីសង្ឃឹមថា «ពួកគេនឹងអាចចូលរួមនៅក្នុងផែនការស្ពានផ្លូវគោកថ្មីនៅតំបន់អឺរ៉ាស៊ី (New Eurasian Land Bridge)»។ ប៉ុន្តែក្តីសុបិន្តនៃការតភ្ជាប់ផ្លូវគោកទាំងនេះកំពុងរងនូវការបំផ្លាញ ដោយសារតែសង្គ្រាមរបស់លោក Putin ហើយវាក៏កំពុងតែបង្កភាពស្មុគស្មាញខ្លាំងដល់ប្រទេសចិនផងដែរ។

    វេទិការ «១៧+១» ដែលជាវេទិការកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរបស់ផែនការ BRI រវាងប្រទេសចិន ជាមួយនឹងប្រទេសចំនួន ១៧ ផ្សេងទៀត នៅក្នុងតំបន់អឺរ៉ុបកណ្តាល និងអឺរ៉ុបខាងកើត កំពុងតែទទួលរងនូវគ្រោះរួចស្រេចទៅ ហើយដោយសារតែជម្លោះពាណិជ្ជកម្មរវាងចិននិងអាមេរិក ហើយការផ្តាច់ទំនាក់ទំនងរវាងប្រទេសលោកខាងលិចចេញពីប្រទេសរុស្ស៊ី និងបេឡារ៉ុស រួមនឹងការបំផ្លាញប្រព័ន្ធហេដ្ឋា រចនាសម័្ពន្ធនៅក្នុងប្រទេសអ៊ុយក្រែនក៏នឹងបង្កការបំផ្លាញដល់គោលដៅរយៈ ពេលខ្លីនិងមធ្យមនៃវេទិកា ១៧+១ ដ៏រស់រវើកនេះផងដែរ។

    សម្រាប់រយៈពេលខ្លី ការតភ្ជាប់រវាងប្រទេសចិននិងសហភាពអឺរ៉ុប នឹងត្រូវពឹងផ្អែកកាន់តែខ្លាំងលើផ្លូវសមុទ្រ។ គេគួរតែរំលឹកផងដែរថា «ការធ្វើពាណិជ្ជកម្មពិភពលោកជាង ៨០% នៅតែបន្តប្រព្រឹត្តិទៅនៅតាមផ្លូវសមុទ្រ»។ ការព្យាយាមបង្កើនការតភ្ជាប់តាមផ្លូវដែករបស់ប្រទេសចិនបានជាប់គាំងហើយនៅក្នុងពេលនេះ។ ជាងនេះទៅទៀត ប្រទេសចិននឹងត្រូវតែដើរវាងចេញពីភូមិសាស្ត្ររបស់ប្រទេសរុស្ស៊ី-បេឡារ៉ុស ក៏ដូចជារបស់អ៊ុយក្រែន។

    ច្រកផ្សេងមួយទៀត របស់ផែនការ BRI នឹងផ្តល់ភាពលេចធ្លោរ សម្រាប់ការតភ្ជាប់រវាងប្រទេសចិននិងសហភាពអឺរ៉ុប។ ច្រកផ្លូវអាស៊ីកណ្តាលនិងអាស៊ីខាងលិច (Central Asia-West Asia-CAWA) ទំនងជានឹងក្លាយជាច្រកដ៏សំខាន់របស់ប្រទេសចិន។ តាមរយៈការងាកមកឆ្លងកាត់តាមបណ្តាប្រទេសអាស៊ីកណ្តាល, តំបន់ Caspian, ប្រទេសអ៊ីរ៉ង់ និងទួកគី ផែនការ BRI អាចធ្វើ ដំណើរទៅកាន់ទ្វីប អឺរ៉ុបបានដោយមិន
    ចាំបាច់ឆ្លងកាត់ប្រទេសរុស្ស៊ីឡើយ។

    ការរៀបចំកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឡើងវិញ និងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងរយៈពេល ២៥ ឆ្នាំរវាងប្រទេសចិននិងអ៊ីរ៉ង់ នឹងដើរតួនាទីក្នុងការលើកកម្ពស់ច្រក CAWA។ សង្គ្រាមរបស់លោក Putin នឹងធ្វើឱ្យផែនការក្នុងការរៀបចំច្រកនេះដំណើរការបានលឿនជាងមុន ហើយក៏នឹងជួយពង្រឹងសារៈសំខាន់របស់ច្រកមួយនេះផងដែរ។ សារៈសំខាន់នៃភូមិសាស្ត្ររបស់អ៊ីរ៉ង់សម្រាប់ប្រទេសចិន និងការរួចពីទណ្ឌកម្មរបស់អឺរ៉ុបនៅក្នុងវិស័យឧស្ម័ននិងប្រេង នឹងជួយពង្រឹងភូមិសាស្ត្រសេដ្ឋកិច្ចរបស់អ៊ីរ៉ង់នៅក្នុងកាលៈទេសៈបច្ចុប្បន្ននេះ។

    ជម្រើសផ្សេងទៀត របស់ប្រទេសចិនគឺការពឹងផ្អែកកាន់តែខ្លាំងលើច្រករបៀងសេដ្ឋកិច្ចចិន-ប៉ាគីស្ថាន (China-Pakistan Economic Corridor-CPEC) ដើម្បីតភ្ជាប់ទៅកាន់មហាសមុទ្រឥណ្ឌា។ ច្រកនេះក៏មានការតភ្ជាប់ទៅកាន់ប្រទេសអ៊ីរ៉ង់ និងទួកគីផងដែរ ហើយអាចនឹងត្រូវពង្រីកដល់ទ្វីបអឺរ៉ុបទៀត តាមរយៈផ្លូវគោកនិងផ្លូវដែក។ ដូច្នេះ ប្រទេសចិនអាចបង្កើនការធ្វើសមាហរណកម្មរវាងច្រក CPEC និង CAWA បូករួមនឹងការពង្រឹងការតភ្ជាប់រវាងប្រទេសចិន ប៉ាគីស្ថាន និងអ៊ីរ៉ង់ដើម្បីអាចធ្វើដំណើរចូលទៅកាន់ទ្វីបអឺរ៉ុបតាមរយៈដីគោកបាន។

    ប្រសិនបើពិតជាត្រូវជៀសវាងពីការធ្វើដំណើរឆ្លងកាត់ប្រទេសរុស្ស៊ីនិងអ៊ីរ៉ង់មែន នោះផែនការ BRI របស់ប្រទេសចិនក៏អាចត្រូវបានតភ្ជាប់ជាមួយច្រករបៀងកណ្តាល «Middle Corridor» របស់ទួកគីផងដែរ ដែលជាផែនការភូមិសាស្ត្រ សេដ្ឋកិច្ចមួយដែលមានរួមបញ្ចូលទាំងតំបន់ Caspian និងបណ្តាប្រទេសនៅអាស៊ីកណ្តាលមួយចំនួន។ អ្នកធ្វើគោលនយោបាយទួកគីតែងតែព្យាយាមលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងផែនការផ្តួចផ្តើមគំនិតរបស់ពួកគេជាមួយនឹងផែនការ BRI របស់ប្រទេសចិន។

    សម្រាប់រយៈពេលវែង ប្រទេសរុស្ស៊ីទំនងជានឹងត្រូវពង្រឹងផែនការភូមិសាស្ត្រសេដ្ឋកិច្ចរបស់ខ្លួន គឺ «ផែនការ EAEU» ដើម្បីបង្កើនឥទ្ធិពលរបស់ខ្លួននៅក្នុងបណ្តារដ្ឋអតីតសហភាពសូវៀតឱ្យបានកាន់តែច្រើនតាមដែលអាចធ្វើទៅបាន។ «ផែនការ EAEU មាន រួមបញ្ចូលនូវប្រទេសរុស្ស៊ី, បេឡារ៉ុស, កាហ្សាស្ថាន អាមេនៀ និងគីហ្សីស្ថាន ហើយប្រទេសជាដៃគូរបស់រុស្ស៊ីទាំងនេះទំនងជានឹងមិនអនុវត្តការដាក់ទណ្ឌកម្មលើរុស្ស៊ីទេ»។

    «ផែនការ EAEU អាចនឹងត្រូវពឹងផ្អែកទៅលើការធ្វើពាណិជ្ជកម្មដោយយកប្រាក់ Ruble ជាគោល ហើយរុស្ស៊ីទំនងជានឹងជំរុញឱ្យមានការបង្កើតសហភាពរូបិយវត្ថុមួយនៅក្នុងតំបន់នេះដែលជាគំនិតមួយដែល លោក Putin, លោក Alexander Lukashenko របស់បេឡារ៉ុស និងមេដឹកនាំផ្សេងៗទៀត ចង់បានជាយូរណាស់ មកហើយ»។

    ផែនការ EAEU ក៏អាចនឹងពង្រីកកិច្ចសហប្រតិបត្តិការនិងការធ្វើពាណិជ្ជកម្មជាមួយបណ្តាប្រទេសផ្សេងៗទៀតផងដែរ ដែលនៅតែចាប់អារម្មណ៍ក្នុងការធ្វើការជាមួយប្រទេសរុស្ស៊ី។ ប្រទេសអ៊ីរ៉ង់អាចជាជម្រើសមួយ ដោយ សារផែនការងាកឆ្ពោះមករកតំបន់អាស៊ី ក្រោមការជំរុញរបស់ប្រធានាធិបតីថ្មី គឺលោក Ebrahim Raisi និងកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយផែនការ EAEU។ ប្រទេសអ៊ីរ៉ង់ក៏សង្ឃឹមផងដែរថា «ខ្លួននឹងអាចបង្វែរកិច្ចព្រមព្រៀងនេះឱ្យទៅជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី»។

    ប្រទេសឥណ្ឌា ដែលជាប្រទេសដែលមានសេដ្ឋកិច្ចដ៏ធំ និងបានបន្តរក្សាភាពស្ងៀមស្ងាត់ចំពោះការឈ្លានពានរបស់លោក Putin ក៏អាចជាជម្រើសមួយទៀតផងដែរ។ ប្រទេសឥណ្ឌាកំពុងតែចង់ទាញយកផល ពីប្រេងរបស់រុស្ស៊ី ដែលកំពុងតែលក់បញ្ចុះតម្លៃ ហើយក៏កំពុងព្យាយាមរិះរកវិធីទូទាត់ប្រាក់ផ្សេងទៀតដើម្បីអាចឱ្យខ្លួនគេចចេញពីទណ្ឌកម្មរបស់លោកខាងលិច ដែលបានដាក់លើប្រទេសរុស្ស៊ីផងដែរ។

    ប្រទេសទាំង ៣ នេះមានចំណុចប្រសព្វគ្នានៅត្រង់ច្រករបៀងដឹកជញ្ជូនអន្តរជាតិ «International North-South Transport Corridor» (INSTC) ដែលពួកគេបាននិងកំពុងអភិវឌ្ឍអស់រយៈពេលជាង ២ទសវត្សរ៍កន្លងមកនេះ។ ភាពអន្ទះសាររបស់ប្រទេសអ៊ីរ៉ង់ក្នុងការចង់បានការតភ្ជាប់, ការចង់បន្តរស់រានមានជីវិតផ្នែកសេដ្ឋកិច្ច ខណៈដែលប្រទេសរុស្ស៊ីកំពុងទទួលរងទណ្ឌកម្ម បូករួមនឹងប្រទេសឥណ្ឌាដែល មានភូមិសាស្ត្រជាប់នឹងប្រទេសប៉ាគីស្ថាន និងចិន ហើយកំពុងតែអន្ទះសារចង់ឱ្យមានការតភ្ជាប់ផ្លូវគោកជាមួយតំបន់អឺរ៉ាស៊ី តាមរយៈកំពង់ផែ Chabahar របស់អ៊ីរ៉ង់ នឹងក្លាយទៅជាកត្តាជំរុញល្បឿននៃការអភិវឌ្ឍច្រកដឹកជញ្ជូន INSTC។

    ការផ្តួចផ្តើមគំនិតនេះ ក៏មានជាប់ពាក់ព័ន្ធជាមួយនឹងបណ្តាប្រទេសនៅតំបន់អាស៊ីកណ្តាលផងដែរដែលចង់ភ្ជាប់ខ្លួនទៅកាន់ដែនសមុទ្រអន្តរជាតិ តាមរយៈផ្ទៃដីដ៏ធំរបស់អ៊ីរ៉ង់។ តាមរយៈច្រករបៀងដឹកជញ្ជូន INSTC ប្រទេសរុស្ស៊ីអាចពង្រឹងការតភ្ជាប់របស់ខ្លួនទៅកាន់តំបន់ Caspian, តំបន់មជ្ឈឹមបូព៌ា, អាស៊ី និងអាហ្វ្រិក។

    ប្រទេសជាច្រើន នៅក្នុងតំបន់ទាំងនេះមិនបានធ្វើការឆ្លើយតបទៅនឹងការធ្វើសង្គ្រាមរបស់លោក Putin នោះទេ ដែលមានន័យថា «ពួកគេនៅតែរក្សាទ្វារបើកចំហក្នុងការធ្វើពាណិជ្ជកម្មជាមួយរុស្ស៊ី»។ អាស៊ានក៏មិនបានថ្កោលទោសរុស្ស៊ីដែរ ដោយសារតែពួកគេកំពុងចង់រៀបចំឱ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជា មួយផែនការ EAEU។

    សម្រាប់រយៈពេលខ្លីនេះ ស្ថាប័ន និងសេវាកម្មសេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់ប្រទេសចិន គឺជាជម្រើសដ៏គួរឱ្យទុកចិត្តតែមួយគត់សម្រាប់ប្រទេសរុស្ស៊ី ក្នុងការគេចចេញពីការដាក់ទណ្ឌកម្ម។ ក្រោយក្រុមហ៊ុន MasterCard និង Visa Card បានចាកចេញពីប្រទេសរុស្ស៊ី ក្រុមហ៊ុន UnionPay របស់ចិនមានគម្រោងចូលទៅជំនួស ហើយនេះគឺជាសញ្ញាណតែមួយគត់ នៃកិច្ចព្រមព្រៀង «យុគសម័យថ្មី» ដែលប្រទេសចិន
    និងរុស្ស៊ីបានចុះហត្ថលេខា និងបានលើកកម្ពស់កាលពីពេលថ្មីៗ នេះ នៅមុនពេលរុស្ស៊ីបានបើកការឈ្លាន ពានលើប្រទេសអ៊ុយក្រែន។

    សម្រាប់រយៈពេលវែង សក្តានុពលភូមិសាស្ត្រនិងសេដ្ឋកិច្ចរបស់រុស្ស៊ី និងរបស់ផែនការ EAEU អាចត្រូវបានកាត់បន្ថយដោយសារសេដ្ឋកិច្ចរបស់ចិន និងភូមិសាស្ត្ររបស់ផែនការ BRI។ ប្រសិនបើមិនមានដំណោះស្រាយទេ ផលវិបាកនៃការកាត់ផ្តាច់ទំនាក់ទំនងរវាងរុស្ស៊ីនិងប្រទេសលោកខាងលិចនឹងបង្កភាពស្មុគស្មាញផ្នែកយុទ្ធសាស្ត្រដល់លោកខាងលិចយ៉ាងធ្ងន់ធ្ងរសម្រាប់រយៈពេលវែង។

    ប្រទេសចិន ឬតំបន់អាស៊ីបូព៌ា គឺជាចំណុចសំខាន់នៃការវិភាគខាងផ្នែកយុទ្ធសាស្ត្រជុំវិញវិបត្តិបច្ចុប្បន្ននៅក្នុងតំបន់អឺរ៉ុប។ នៅពេលនេះការបែកបាក់រវាងមហាអំណាចភូមិសាស្ត្រនយោបាយលោកខាងលិច (សហរដ្ឋអាមេរិក) និងមហាអំណាចភូមិសាស្ត្រសេដ្ឋកិច្ចអាស៊ី បូព៌ា (ចិន) ក៏បាននិងកំពុងកើតមានផងដែរ។

    ដូចនេះ ការឆ្លើយតបផ្នែកគោលនយោបាយរបស់អាមេរិក សហភាពអឺរ៉ុប និងបណ្តាប្រទេសជាសម្ព័ន្ធមិត្តផ្សេងទៀតទៅលើការឈ្លានពានរបស់រុស្ស៊ីត្រូវតែពិចារណាអំពីការបែកបាក់ខាង លើដើម្បីចៀសវាង ឬកាត់បន្ថយផលវិបាកអវិជ្ជមានណាមួយ។ ភាពស្មុគស្មាញមួយទៀត ដែលគួរពិចារណាផងដែរនោះ គឺភាពខុសគ្នារវាងវិស័យសេដ្ឋកិច្ច (ពាណិជ្ជកម្ម, ហិរញ្ញវត្ថុ, ទណ្ឌកម្ម) និងវិស័យភូមិសាស្ត្រ សេដ្ឋកិច្ច(វិស័យសេដ្ឋកិច្ចបូកនឹងភូមិសាស្ត្រ)។

    អ្នកធ្វើអត្ថាធិប្បាយខ្លះបានចាត់ទុកទំហំ សេដ្ឋកិច្ចរបស់រុស្ស៊ីជា ចំណែកតូចមួយដែល មានប្រមាណ ២% ឬ ៣% តែប៉ុណ្ណោះនៃ សេដ្ឋកិច្ចពិភពលោក។ ទោះជាយ៉ាងនេះក្តី ពួកគេបានភ្លេចថា «អំណាចភូមិសាស្ត្រ សេដ្ឋកិច្ចរបស់រុស្ស៊ីមានសារៈសំខាន់ជាងអំណាចសេដ្ឋកិច្ចទៅទៀត»។

    គេមិនអាចព្រងើយកន្តើយចំពោះភូមិសាស្ត្រដ៏ធំល្វឹងល្វើយរបស់រុស្ស៊ី នោះឡើយ។ វាមានភាពងាយស្រួលក្នុងការដាក់ទណ្ឌកម្មលើសេដ្ឋកិច្ច ជាជាងការដាក់ទណ្ឌកម្មលើភូមិសាស្ត្រសេដ្ឋកិច្ច។ ភូមិសាស្ត្រសេដ្ឋកិច្ចគឺជាការគិតគូផ្នែកយុទ្ធសាស្ត្ររយៈពេលវែង ខណៈការដាក់ទណ្ឌកម្មគឺជាវិធានការ យុទ្ធសាស្ត្ររយៈពេលខ្លី។

    ការដាក់ទណ្ឌកម្មកំពុងតែបង្កនូវផលប៉ះពាល់ដល់ប្រទេសរុស្ស៊ីយ៉ាងខ្លាំងនៅពេលនេះ ក៏ប៉ុន្តែវាមិនអាចដោះស្រាយបញ្ហាយុទ្ធសាស្ត្ររយៈពេលវែងបាននោះទេ ហើយវាក៏អាចនឹងនាំមកនូវផលអាក្រក់ត្រលប់មកវិញផងដែរ ជាក់ស្តែងដូចអ្វីដែលគេបានឃើញនៅក្នុងការចរចារវាងចិននិង ប្រទេសអារ៉ាប៊ីសាអូឌីតក្នុងការប្រើ ប្រាស់ប្រាក់យ័នជំនួសឱ្យប្រាក់ដុល្លារ។

    មហាអំណាចលោកខាងលិចបានចាត់ទុកប្រទេសចិនជាដៃគូប្រកួតប្រជែងជាប្រព័ន្ធដ៏ធំបំផុតរបស់ពួកគេ ហើយពួកគេក៏កំពុងតែផ្តាច់ប្រទេសរុស្ស៊ីចេញទាំងស្រុងពីប្រព័ន្ធសេដ្ឋកិច្ច, ហិរញ្ញវត្ថុ និងភូមិសាស្ត្ររបស់ប្រទេសលោកខាង លិចផងដែរ ដែលការធ្វើយ៉ាងដូចនេះ គឺជាការរុញឱ្យប្រទេសរុស្ស៊ីងាកទៅចូលរួមនៅក្នុងភូមិសាស្ត្រ សេដ្ឋកិច្ចរបស់ចិន។

    ការធ្វើបែបនេះអាចបង្កភាពស្មុគស្មាញរយៈពេលខ្លីដល់ប្រទេសចិន ក៏ប៉ុន្តែសម្រាប់រយៈពេលវែង វានឹងធ្វើឱ្យប្រទេសចិនក្លាយទៅជាគូប្រជែងកាន់តែធំរបស់លោកខាងលិចនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក នៅពេលដែលប្រទេសចិនអាចស្រូបយកភាពខ្លាំងផ្នែកភូមិសាស្ត្រ និងសេដ្ឋកិច្ចភាគច្រើនពីរុស្ស៊ី។

    ភាពខុសគ្នារវាងសេដ្ឋកិច្ច និងភូមិសាស្ត្រសេដ្ឋកិច្ច មិនសូវទទួលបានការអើពើទេ នៅក្នុងចំណោមអ្នកធ្វើគោលនយោបាយរបស់បណ្តាប្រទេសលោកខាងលិច។ ផែនការហេដ្ឋារចនាសម្ព័ន្ធលោកខាងលិចចំនួន ៤ ដែលរួមមានផែនការច្រកទ្វារពិភពលោករបស់សហភាពអឺរ៉ុប, ផែនការបណ្តាញ Blue Dot របស់អាមេរិក, ផែនការ QII របស់ជប៉ុន ឬផែនការ B3W របស់ G7 នៅមិនទាន់អាចបង្កើតអនុភាពភូមិសាស្ត្រសេដ្ឋកិច្ចឱ្យបានគ្រប់គ្រាន់នៅទូទាំងពិភពលោកដើម្បីទប់ទល់ជាមួយផែនការ BRI នៅឡើយទេ។

    សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបមិន បានអើពើចំពោះភូមិសាស្ត្រសេដ្ឋកិច្ចទេ ហើយបញ្ហានេះនឹងបង្កការខូចខាតដល់ផលប្រយោជន៍ផ្ទាល់របស់ពួកគេ។ ទោះជាយ៉ាងណាក៏ដោយ លោកខាងលិចបានយកឈ្នះនៅក្នុងសង្គ្រាមត្រជាក់តាមរយៈការប្រើប្រាស់មធ្យោបាយភូមិសាស្ត្រសេដ្ឋកិច្ច ដូចជាតាមរយៈស្ថាប័ន Marshall Plan និង Breton Woods ជាដើម។

    សម្រាប់ពេលអនាគត ពួកគេត្រូវពង្រឹងឡើងវិញនូវផែនការទាំង៤ ខាងលើ បង្កើតថាមពលឱ្យបានខ្លាំងក្លាដល់ផែនការទាំងនេះ និងត្រូវអនុវត្តផែនការទាំងនេះដោយប្រើគំនិតយុទ្ធសាស្ត្រដ៏ល្អិតរមួតរួមតែមួយ ដើម្បីប្រកួតប្រជែងជាមួយផែនការ BRI។ ផែនការទាំងនេះត្រូវតែមានលក្ខណៈ ពហុមុខព្រួញ និងមិនគួរផ្តោតតែទៅលើមនោគមវិជ្ជាស្តីពីសមរភូមិរវាងលទ្ធិប្រជាធិបតេយ្យនិងរបបផ្តាច់ការនោះទេ។

    ការផ្តោតទៅលើមុខព្រួញតែមួយនេះនឹងធ្វើឱ្យលោកខាង លិចបាត់បង់បណ្តាប្រទេសសម្ព័ន្ធមិត្ត និងប្រទេសជាដៃគូធំៗជាច្រើន។

    ប្រសិនបើភូមិសាស្ត្រសេដ្ឋកិច្ចរបស់រុស្ស៊ីនិងផែនការ EAEU ត្រូវបានគេរួមបញ្ចូលជាមួយផែនការ BRI របស់ចិន នោះលោកខាងលិចនឹងត្រូវប្រឈមមុខនឹងបញ្ហាកាន់តែធំ។ វាគឺជាចំណុចរបត់ដ៏សំខាន់មួយនៅក្នុង
    ប្រវត្តិសាស្ត្រ ហើយ «ការសម្រេចចិត្តជាយុទ្ធសាស្ត្ររយៈពេលវែង អាចបង្កើត ឬបំផ្លាញតួអង្គមួយ ឬ ប្រព័ន្ធមួយបាន»៕ The Diplomat

    អត្ថបទទាក់ទង