ខ្មែរប៉ុស្ដិ៍ Close

    ផលវិបាកខាងផ្នែកសេដ្ឋកិច្ចដែលបណ្ដាលមកពីការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី២២ ខែមីនា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 2644
    ផលវិបាកខាងផ្នែកសេដ្ឋកិច្ចដែលបណ្ដាលមកពីការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនផលវិបាកខាងផ្នែកសេដ្ឋកិច្ចដែលបណ្ដាលមកពីការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន

    ការដួលរលំទាំងស្រុងនៃវិស័យមនុស្សធម៌, សេដ្ឋកិច្ច, ភូមិសាស្ត្រនយោបាយ និងយុទ្ធសាស្ត្រជាសកល ដែលបណ្ដាលមកពីការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន នឹងត្រូវការពេលវេលាដើម្បីស្វែងយល់ឱ្យបានកាន់តែច្បាស់ នៅពេលដែលជម្លោះបានបញ្ចប់។ ក៏ប៉ុន្តែនៅពេលនេះ ផលវិបាកទាំងនេះបាននិងកំពុងលេចរូបរាងដោយផ្ទាល់នៅតាមប្រព័ន្ធអនឡាញរួចទៅហើយនៅក្នុងយុគសម័យប្រព័ន្ធផ្សព្វផ្សាយសង្គម។

    អ្វីដែលគេបានរំពឹងហួសហេតុនោះគឺ «អត្ថប្រយោជន៍ដែលបានមកពីការវាយលុកដ៏ហួសសម័យខាងផ្នែកយោធា» ហើយអ្វីដែលគ្រប់គ្នាបានមើលស្រាលនោះគឺ «លក្ខណៈសម្បត្តិការពារនៃសេដ្ឋកិច្ចសកល»។ សង្រ្គាមសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែលបាននិងកំពុងអនុវត្តដោយអាមេរិកនិងបណ្តាសម្ព័ន្ធមិត្ត ប្រឆាំងនឹងរុស្ស៊ី គឺជារឿងដែលមិនធ្លាប់មាននោះទេនៅក្នុងយុគសម័យទំនើបនេះ។

    កំណើនសេដ្ឋកិច្ចរបស់រុស្ស៊ីចាប់តាំងពីសម័យកំណែទម្រង់ «Perestroika» នៅចុងទសវត្សរ៍ឆ្នាំ ១៩៨០ មក បានបង្កើនការពឹងផ្អែកគ្នាទៅវិញទៅមកកាន់តែខ្លាំងជាមួយនឹងបណ្តាប្រទេសនានានៅទូទាំងពិភពលោក។ ដូចនេះ ការ​ដក​ខ្លួន​ចេញ​ពីការពឹងផ្អែកគ្នាទៅវិញទៅមកនេះនឹង​បង្កនូវផលប៉ះពាល់ដល់​រុស្ស៊ី​ក្នុងកម្រិតដ៏​ធំ។

    ការប៉ាន់ប្រមាណមួយចំនួនបានបង្ហាញថា «ការកើនឡើងនៃប្រាក់ចំណូលរបស់ប្រទេសរុស្ស៊ីចាប់តាំងពីឆ្នាំ ១៩៨៩ មក នឹងត្រូវរលាយបាត់ទៅវិញ ប្រសិនបើសង្រ្គាមនេះបន្តអូសបន្លាយរហូតដល់ឆ្នាំក្រោយ»។ ប្រការនេះនឹងធ្វើឱ្យរុស្ស៊ីវិលត្រឡប់ទៅរកសម័យកាលសហភាពសូវៀតវិញ នៅពេលដែលប្លុកខាងកើតបានរួចផុតពី «ការគាបសង្កត់» ពីសំណាក់លោកខាងលិច ក៏ប៉ុន្តែក៏បានបាត់បង់នូវភាពរុងរឿងដែលលោកខាងលិចនឹងនាំមកជាមួយផងដែរ។

    ហានិភ័យចំពោះអធិបតេយ្យភាពតែងកើតមានព្រមជាមួយគ្នានឹងការវិនិយោគពីបរទេស។ ប៉ុន្តែនៅពេលនេះ វាបានបង្ហាញយ៉ាងច្បាស់ថា «ហានិភ័យចំពោះអធិបតេយ្យភាពក៏មានរួមបញ្ចូលទាំងហានិភ័យដែលរដ្ឋាភិបាលរបស់អ្នក បន្តគោរពតាមបទដ្ឋានអន្តរជាតិផងដែរ»។

    ប្រទេស​ដែល​មាន​ប្រជាជន​ច្រើន​បំផុត​នៅលើ​ពិភពលោក​ចំនួន​ ២ គឺ​ចិននិង​ឥណ្ឌា កំពុង​ធ្វើមិនដឹងមិនលឺ​ចំពោះការ​ឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។ ឥណ្ឌា​កំពុងត្រៀម​ទិញ​ឧស្ម័នពី​រុស្ស៊ី ដែលកំពុងដាក់លក់ឡៃឡុង ខណៈចិនមានការស្ទាក់ស្ទើរ និងកំពុងព្យាយាមស្ថិតនៅឱ្យឆ្ងាយពីវិបត្តិនេះ ហើយនៅទីបំផុត ការបង្កើតជា «ក្រុមយុទ្ធសាស្ត្រ» អាចនឹងមានភាពធន់តិចជាងការបង្កើត «ក្រុមសេដ្ឋកិច្ច»។

    នាយករដ្ឋមន្ត្រីអូស្ត្រាលី Scott Morrison បានកំណត់លក្ខណៈនៃបញ្ហាប្រឈមជាយុទ្ធសាស្ត្រ ជុំវិញវិបត្តិនៅអ៊ុយក្រែននៅក្នុងលក្ខខណ្ឌនៃការក្រោកឈរឡើងរួមគ្នា ដើម្បីប្រឆាំងនឹងការជាន់ឈ្លីពីសំណាក់របបផ្ដាច់ការ។ ប្រទេសនៅតំបន់អាស៊ីបូព៌ាភាគច្រើនសំបូរទៅដោយ «របបផ្ដាច់ការ» ដែលមិនចង់ចូលខ្លួនពាក់ព័ន្ធនឹងការឈ្លានពានរបស់រុស្ស៊ីនោះទេ។

    ប្រទេសឥណ្ឌូណេស៊ីដែលជាប្រទេសប្រជាធិបតេយ្យដែលមានប្រជាជនចំនួន ២៧៣ លាននាក់ គឺជាប្រទេសមួយផ្សេងទៀតដែលបានប្រកាន់ជំហរដូចប្រទេសឥណ្ឌាប្រជាធិបតេយ្យដែរ គឺមិនបានរិះគន់រុស្ស៊ីនោះទេ។ ប្រទេសឥណ្ឌូណេស៊ីអាចនឹងអនុវត្តការអត់ធ្មត់ចំពោះរុស្ស៊ី ដោយសារប្រទេសនេះនឹងធ្វើជាប្រធាននៃកិច្ចប្រជុំ G20 នៅឆ្នាំនេះ។

    ការអញ្ជើញលោក Vladimir Putin ឱ្យចូលរួមនៅក្នុងកិច្ចប្រជុំកំពូល G20 នៅឆ្នាំ ២០២២ នេះ អាចប្រឈមមុខនឹងការធ្វើពហិការពីសំណាក់ក្រុមប្រទេស G7 ។ ការប្ដូរពី G20 ទៅជា G19 (ដោយដករុស្ស៊ីចេញ) ដោយផ្អែកលើគំរូនៃការបណ្តេញរុស្ស៊ីចេញពីក្រុមប្រទេស G8 បន្ទាប់ពីការឈ្លានពានតំបន់គ្រីមៀ អាចជាជម្រើសដែលអាចទៅរួច ហើយសម្ពាធពីសាធារណៈមតិអន្តរជាតិ អាចនឹងមិនធ្វើឱ្យទីក្រុងប៉េកាំង និងទីក្រុងញូវដេលី បោះឆ្នោតវេតូលើសេចក្ដីសម្រេចនេះទេ។

    ប៉ុន្តែ ប្រទេសឥណ្ឌូណេស៊ីនឹងត្រូវចាត់ចែងការផ្អាករាល់ការចូលរួមរបស់រុស្សីនៅក្នុងកិច្ចប្រជុំ G20 នៅឆ្នាំនេះប្រកប ដោយការប្រុងប្រយ័ត្នខ្ពស់ តាមរយៈមធ្យោបាយការទូត និងកិច្ចខិតខំប្រឹងប្រែងរួម។ សម្រាប់ប្រទេសមួយចំនួន ​វិបត្តិ​ក្នុងពេលបច្ចុប្បន្ន​នេះ ហាក់​ដូច​ជា​កំពុង​ពង្រឹង​ឡើងវិញនូវគំនិត​ដែល​ថា​ «ភាព​ឯករាជ្យនៃសេដ្ឋកិច្ចមានន័យស្មើ​នឹង​សន្តិសុខ»។

    ពិភពលោកគឺជាកន្លែងដ៏គ្រោះថ្នាក់មួយ ហើយនៅពេលដែលសង្គ្រាមកើតឡើង វាមានតែការ «ការពឹងផ្អែកលើខ្លួនឯង» ឬការកាត់បន្ថយការពឹងពាក់គ្នាទៅវិញទៅមកជាមួយសម្ព័ន្ធមិត្តទេ ទើបអាចឱ្យប្រទេសមួយការពារខ្លួនពួកគេបានពីការក្លាយជាជនរងគ្រោះនៃការគាបសង្កត់ផ្នែកសេដ្ឋកិច្ច។

    តាមពិត ការពឹងពាក់គ្នាទៅវិញទៅមកខាងផ្នែកសេដ្ឋកិច្ចឱ្យបានកាន់តែស៊ីជម្រៅគឺជាមាគ៌ាមួយឆ្ពោះ ទៅកាន់វិបុលភាព និងសន្តិសុខ។ គ្មានអ្វីអាចបញ្ឈប់អ្នកដឹកនាំអគតិពីការបង្កើតជម្រើសដ៏គួរឱ្យភ័យខ្លាចនោះទេ ក៏ប៉ុន្តែការធ្វើពាណិជ្ជកម្មរវាងគ្នា ពិតជាអាចកាត់បន្ថយឱកាសនៃការកើតមានជម្លោះ។

    អាវុធសេដ្ឋកិច្ចដែលត្រូវបានដាក់ជាសមូហភាពនៅក្នុងកាលៈទេសៈដ៏អាក្រក់ដូចពេលនេះ អាចជួយពង្រឹងសណ្តាប់ធ្នាប់សេដ្ឋកិច្ចសេរីដែលមានស្រាប់ ខណៈដែលការប្រើប្រាស់អានុភាពសេដ្ឋកិច្ចជាឯកតោភាគី គឺប្រៀបដូចជាការដុតផ្ទះខ្លួនឯង ជាមួយនឹងក្តីសង្ឃឹមថា «ភ្លើងនឹងបន្តឆេះរាលដាលទៅដល់ផ្ទះរបស់សត្រូវ»។

    ទោះជាយ៉ាងណាក៏ដោយ លោក Armstrong និងលោក Westland បានពន្យល់ថា «ការដាក់ទណ្ឌកម្មជាឯកតោភាគីអាចនឹងនាំមកនូវផលវិបាកត្រឡប់មកវិញ» ពីព្រោះថា «សេដ្ឋកិច្ចពិភពលោកមានទំហំធំណាស់ ហើយវាតែងតែមានជម្រើសអ្នកទិញ ឬអ្នកលក់ ជំនួសឱ្យជម្រើសមួយទៀតជានិច្ច»។ ទណ្ឌកម្ម​អាចមាន​ប្រសិទ្ធភាពនិង​សមហេតុផលទៅបាន ​លុះត្រាតែវាទទួលបានការព្រមព្រៀងគ្នាជាសមូហភាព និងក្លាយជាកិច្ចខិតខំប្រឹងប្រែងជាសកល។

    ផលវិបាកនៃសន្តិភាពនៅក្រោយសង្គ្រាមលោកលើកទី១ បានបង្ហាញអំពីមេរៀនសំខាន់ៗក្នុងការកសាងឡើងវិញ បន្ទាប់ពីជម្លោះបច្ចុប្បន្នត្រូវបានបិទបញ្ចប់។ លោកArmstrong និងលោក Westland បាននិយាយថា «មិនខុសពីសង្គ្រាមផ្សេងៗទៀតនោះទេ សង្គ្រាមសេដ្ឋកិច្ចចាំបាច់ត្រូវការយុទ្ធសាស្ត្រដែលមានលក្ខណៈច្បាស់លាស់ និងគួរឱ្យទុកចិត្តបាន ដើម្បីរកច្រកចេញពីការដាក់ទណ្ឌកម្ម និងដើម្បីឈានទៅរក
    ការកសាងប្រទេសឡើងវិញទាំងសម្រាប់អ៊ុយក្រែន និងរុស្ស៊ី»។

    ពួកគេបានព្រមានថា «ពិភពលោកមិនត្រូវផ្តល់រង្វាន់ដល់ការឈ្លានពានឡើយ» ក៏ប៉ុន្តែការគាំទ្រដ៏សប្បុរសបំផុតគឺ «ការរង់ចាំឱ្យរុស្ស៊ីដោះស្រាយបញ្ហាជាតិនិយមនិងភាពជ្រុលនិយម» ដើម្បីជៀសវាងការកកើតឡើងវិញនូវសោកនាដកម្ម «Versailles» ក្នុងឆ្នាំ ១៩១៩ នៅពេលដែលអាល្លឺម៉ង់ (បន្ទាប់ពីទទួលបរាជ័យ) បានរងនូវការផ្តន្ទាទោស យ៉ាងធ្ងន់ធ្ងរបំផុតរហូតឈានទៅដល់ការសងសឹក ជាជាងការកសាងទំនាក់ទំនងឡើងវិញជាមួយពិភពលោក។

    ជំនួបកំពូលតាមប្រព័ន្ធអនឡាញរវាងលោក Biden និងលោក Xi កាលពីចុងសប្តាហ៍មុន គឺជាសញ្ញាមួយដែលបានបង្ហាញថា «សហរដ្ឋអាមេរិកកំពុងផ្តោតលើការបញ្ចូលទីក្រុងប៉េកាំងទៅក្នុងសង្រ្គាមប្រឆាំងនឹងរុស្ស៊ី»។ ប្រសិនបើចិនបំពានទណ្ឌកម្មជាអន្តរជាតិ ដែលបានដាក់លើរុស្ស៊ី នោះកិច្ចខិតខំប្រឹងប្រែងក្នុងការដាក់ទណ្ឌកម្មនឹងរងនូវផលប៉ះពាល់យ៉ាងខ្លាំង។ ក៏ប៉ុន្តែ រហូតមកដល់ពេលនេះ ទីក្រុងប៉េកាំងនៅមិនទាន់បានបង្ហាញអំពីបំណងក្នុងការធ្វើបែបនេះទេ។

    ប្រសិនបើប្រទេសចិនត្រូវរងនូវភាពឯកោខាងផ្នែកសេដ្ឋកិច្ចមែននោះ ប្រទេសនេះនឹងជួបប្រទះនូវជោគវាសនាអាក្រក់ជាងប្រទេសរុស្ស៊ីទៅទៀត ដោយសារតែការធ្វើសមាហរណកម្មកាន់តែខ្លាំងរបស់ចិនទៅក្នុងសេដ្ឋកិច្ចពិភពលោក។ សហរដ្ឋ​អាមេរិកនិងបណ្តា​សម្ព័ន្ធមិត្ត​កំពុង​ដាក់​សម្ពាធ​លើ​លោក​ប្រធានាធិបតី Xi ឱ្យទៅបញ្ចុះបញ្ចូល​លោក Putin ឱ្យ​ដក​ថយ។

    ប៉ុន្តែ វាក៏មានហានិភ័យខ្ពស់ផងដែរ សម្រាប់ប្រទេសចិន ក្នុងការសម្របសម្រួលលើកិច្ចការនេះ ដោយក្នុងនោះ ប្រទេសចិនអាចនឹងជាប់ផុងនៅក្នុងការដោះស្រាយបញ្ហាដែលអាចនៅតែបន្តជាប់គាំង ហើយភាពរឹងក្បាលរបស់លោក Putin អាចនឹងនៅតែជាឆ្អឹងទទឹងក នៅក្នុងទំនាក់ទំនងរវាងអាមេរិកនិងចិន។

    ប្រសិនបើគ្មាន​ការ​យល់​ដឹង​រួម​អំពី​ផល​វិបាក​ខាងផ្នែកសេដ្ឋកិច្ច ក្នុងករណីមិនអាចបង្កើតឱ្យមានកិច្ចព្រមព្រៀងសន្តិភាព​នៅ​អឺរ៉ុប នោះសហរដ្ឋអាមេរិក និងចិននឹង​មិនអាចស្វែងយល់ពីគ្នាបានទេ ហើយក៏មិនអាច និយាយគ្នាដឹងរឿងនោះដែរ៕ East Asia Forum

    អត្ថបទទាក់ទង