ខ្មែរប៉ុស្ដិ៍ Close

អភិបាលខេត្តកំពង់ចាម ៖ គោលការណ៍ ៤ចំណុច ជាទិសដៅការងារជូនដល់សមាគមសិស្ស និស្សិត បញ្ញវន្តក្មេងវត្តខេត្ត ឱ្យអនុវត្តការងារមានប្រសិទ្ធភាព

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី៣០ ខែមីនា ឆ្នាំ២០២២ ព័ត៌មានទូទៅ 589
អភិបាលខេត្តកំពង់ចាម ៖ គោលការណ៍ ៤ចំណុច ជាទិសដៅការងារជូនដល់សមាគមសិស្ស និស្សិត បញ្ញវន្តក្មេងវត្តខេត្ត ឱ្យអនុវត្តការងារមានប្រសិទ្ធភាព អភិបាលខេត្តកំពង់ចាម ៖ គោលការណ៍ ៤ចំណុច ជាទិសដៅការងារជូនដល់សមាគមសិស្ស និស្សិត បញ្ញវន្តក្មេងវត្តខេត្ត ឱ្យអនុវត្តការងារមានប្រសិទ្ធភាព

កំពង់ចាម៖ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់សាខាសមាគមសិស្ស និស្សិត បញ្ញវន្ត ក្មេងវត្តខេត្តកំពង់ចាម ឆ្នាំ២០២១ និងទិសដៅឆ្នាំ ២០២២ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានកិត្តិយសសាខាសមាគមសិស្ស និស្សិត បញ្ញវន្តក្មេងវត្តខេត្ត បានដាក់គោលការណ៍៤ចំណុចដល់សាខាសមាគម ដើម្បីអនុវត្តបន្ត ឆ្នាំ២០២២។

លោក អ៊ុន ចាន់ដា បានយកឱកាសនោះថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់បងប្អូន ដែលបានចូលរួមធ្វើសកម្មភាពមនុស្សធម៌ ជួយដល់សង្គមដោយបានចំណាយទាំងកម្លាំងកាយ ប្រាជ្ញាស្មារតី ធនធាន សម្ភារៈ ថវិកា ពេលវេលា សម្រេចបាននូវសកម្មភាពជាច្រើនសម្រាប់ឆ្នាំ២០២១ កន្លងមក ជាមួយនឹងការដាក់ចេញនូវទិសដៅសម្រាប់អនុវត្តបន្ត លោកសូមលើកទឹកចិត្តបន្តទៀត ដោយសូមធ្វើការផ្តាំផ្ញើកិច្ចការមួយចំនួន ចំពោះថ្នាក់ដឹកនាំសាខាសមាគមទាំងអស់ដូចខាងក្រោម៖

  1. បន្តពង្រឹង និងពង្រីករចនាសម្ព័ន្ធចាត់តាំងឱ្យកាន់តែល្អប្រសើរតាំងពីថ្នាក់ខេត្តរហូតដល់ថ្នាក់ក្រុង-ស្រុក
  2. បន្តធ្វើសកម្មភាពមនុស្សធម៌ជួយដល់សង្គម ពិសេសនៅតាមបណ្តាវត្តអារាម។
  3. សូមធ្វើការទំនាក់ទំនងសហការល្អជាមួយអង្គការសមាគមដ៏ទៃទៀតដូចជា៖ ក្រុមការងារយុវជនគណបក្សខេត្ត សសយក សមាគមនារី យុវជនស្រលាញ់សន្តិភាព ព្រះមេគណ ព្រះគ្រូ-អនុគណក្រុង/ស្រុក ព្រះចៅអធិការវត្ត ព្រះសង្ឃគ្រប់អង្គ និងអាជ្ញាធរមូលដ្ឋាន។
  4. សូមបន្តរក្សាសាមគ្គីភាពផ្ទៃក្នុងឱ្យកាន់តែរឹងមាំល្អប្រសើរថែមទៀត។

បើតាមអនុប្រធានសាខាសមាគមសិស្ស និស្សិត បញ្ញវន្តក្មេងវត្ត ខេត្តកំពង់ចាម លោក ជា ក្រូច បានឲ្យដឹងថា ក្នុងរយៈពេលកន្លងទៅនេះសាខាសមាគមបានជួបជាមួយសប្បុរសជនជាតិ,អន្តរជាតិ ចំនួន៨លើក និងបានដឹកនាំគ្រូពេទ្យស្ម័គ្រចិត្តចុះទៅពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺប្រគេន-ជូន ព្រះសង្ឃ យាយជី តាជី បងប្អូនប្រជាជនដោយឥតគិតថ្លៃចំនួន៤លើក បានចូលរួមសកម្មភាពមនុស្សធម៌ចំនួន៨៦លើក និងបានចុះទៅផ្សព្វផ្សាយទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ដល់ប្រជាពលរដ្ឋនិងនៅតាមវត្តអារាម។

ជាមួយគ្នានេះ សាខាសមាគម បាននាំយកនូវអំណោយដ៏ថ្លៃថ្លា ដែលជាមូលនិធិ លោក ហ៊ុន ម៉ានិត ប្រធានគណៈអចិន្ត្រៃយ៍សមាគម និងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ទៅប្រគេនព្រះសង្ឃ ដោយក្នុង១វត្តៗទទួលបានបច្ច័យចំនួន២០ម៉ឺនរៀល, អង្ករ ៥ការ៉ុង, មី២កេស, ទឹកត្រី ២យួរ,ទឹកស៊ីអីវ២យួរ, ត្រីខ២ឡូ, ម៉ាស់ ៥ប្រអប់, ទឹកអាកុល៥លីត្រ,និងទឹកសុទ្ធ ៥កេស ព្រមទាំងបានជូនថវិកាមួយចំនួនដល់លោកយាយ លោកតា ពុទ្ធបរិស័ទ ដែលបានចូលរួមក្នុងពិធីនេះផងដែរ៕

អត្ថបទទាក់ទង