ខ្មែរប៉ុស្ដិ៍ Close

ហេតុអ្វីបានជាឥណ្ឌាមិនព្រមចាកចេញពីរុស្ស៊ីដើម្បីងាកទៅរកអាមេរិក?

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី៣០ ខែមីនា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 721
ហេតុអ្វីបានជាឥណ្ឌាមិនព្រមចាកចេញពីរុស្ស៊ីដើម្បីងាកទៅរកអាមេរិក? ហេតុអ្វីបានជាឥណ្ឌាមិនព្រមចាកចេញពីរុស្ស៊ីដើម្បីងាកទៅរកអាមេរិក?

កិច្ចខិតខំប្រឹងប្រែងបាននិងកំពុងធ្វើឡើង ដើម្បីបញ្ចុះបញ្ចូលនិងដាក់សម្ពាធលើឥណ្ឌា ឱ្យចូលរួមជាមួយក្រុមលោកខាលិច ក៏ប៉ុន្តែវិធីសាស្ត្រគំរាមផង និងលើកទឹកចិត្តផង (Carrot-and-stick) ប្រសិនបើមិនលៃលកឱ្យបានប្រុងប្រយ័ត្នទេ នោះនឹងនាំមកនូវផលប៉ះពាល់ច្រើនជាងផលល្អដល់ទំនាក់ទំនងរវាងអាមេរិកនិងឥណ្ឌា។

ក្នុងពេលកន្លងមក ប្រទេសឥណ្ឌាបាន បោះឆ្នោតអនុប្បវាទចំនួន ៥ លើកនៅអង្គការសហប្រជាជាតិជុំវិញការថ្កោលទោស លើប្រតិបត្តិការយោធារុស្ស៊ីនៅអ៊ុយក្រែន។

ឆន្ទៈរបស់ឥណ្ឌាក្នុងការមិនចង់ប្រឆាំងជាចំហចំពោះការឈ្លានពានរបស់រុស្ស៊ី និងការបដិសេធរបស់ឥណ្ឌាក្នុងការចូលរួមនៅក្នុងការដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរក្នុងគោលបំណងបំបាក់សេដ្ឋកិច្ចរុស្ស៊ី ត្រូវបានប្រធានាធិបតី Joe Biden ចាត់ទុកជាការឆ្លើយតបដ៏មិនច្បាស់លាស់នៅក្នុងចំណោមប្រទេសដែលជាដៃគូសន្តិសុខរបស់អាមេរិក ខណៈពេលដែលសមាជិកគណៈកម្មការធិការទទួលបន្ទុកទំនាក់ទំនងអន្តរជាតិនៅព្រឹទ្ធសភាអាមេរិក ក៏បានសម្តែងនូវការមិនពេញចិត្តយ៉ាងខ្លាំងចំពោះជំហររបស់ឥណ្ឌាផងដែរ។

ជាមួយនឹងការប្រកាសថា «ប្រទេសរុស្ស៊ីនិងចិន បានឈានចូលដល់ទំនាក់ទំនងគ្មានដែនកំណត់» ស្ថានភាពវិវឌ្ឍនេះនឹងធ្វើឱ្យសហរដ្ឋអាមេរិក និងឥណ្ឌាប្រឈមមុខនឹងការលំបាកកាន់តែខ្លាំង។ ឥណ្ឌាមានទំនាក់ ទំនងយ៉ាងជិតស្និទ្ធជាមួយរុស្ស៊ីតាំងពីសម័យសង្គ្រាមត្រជាក់ ហើយឥណ្ឌាក៏បានប្រឈមមុខនឹងបញ្ហាជម្លោះព្រំដែនយ៉ាងហិង្សាជាមួយចិនអស់រយៈពេលជាយូរមកហើយផងដែរ។

ឥណ្ឌាបានពឹងផ្អែកលើរុស្ស៊ីនៅក្នុងវិស័យសំខាន់ចំនួន៣ ដែលរួមមានសព្វាវុធ, ថាមពល និងការគាំទ្រនៅលើឆាកអន្តរជាតិដើម្បីទប់ទល់នឹងគូប្រជែងដូចជាចិននិងប៉ាគីស្ថាន។ សហរដ្ឋអាមេរិកកំពុងព្យាយាមទាញ ប្រទេសឥណ្ឌាចេញពីការពឹងផ្អែកលើរុស្ស៊ីនៅក្នុងផ្នែកទាំងអស់នេះ ក៏ប៉ុន្តែការងាកចេញនេះក៏អាចនឹងបង្កភាពស្មុគស្មាញខ្លាំងផងដែរ ហើយទំនាក់ទំនងរវាងសហដ្ឋអាមេរិកនិងឥណ្ឌាដែលត្រូវបានពង្រឹងតាមរយៈសម្ព័ន្ធភាពសន្តិសុខ «Quad» អាចនឹងរងនូវភាពល្អក់កករកាន់តែធ្ងន់ធ្ងរ។

យោងតាមរបាយការណ៍មួយរបស់មជ្ឈមណ្ឌល Stimson Center «សម្ភារៈយោធារបស់ឥណ្ឌាចំនួន ៨៥%មាន ប្រភពមកពីរុស្ស៊ី»។ ឥណ្ឌាគឺជាអតិថិជនដ៏ធំបំផុតមួយរបស់ទីក្រុងម៉ូស្គូដែលតំណាងឱ្យជាង ២៣% នៃការលក់អាវុធទាំងអស់របស់រុស្ស៊ីនៅទូទាំងពិភពលោក។ កាន់តែសំខាន់ជាង នេះទៅទៀតនោះគឺ «កិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្ររវាងរុស្ស៊ី និងឥណ្ឌា មិនអាចយកប្រទេសណាមួយមកប្រៀបធៀបបាននោះទេ»។

រុស្ស៊ីគឺជាប្រទេសតែមួយគត់ដែលបានផ្តល់ឱ្យឥណ្ឌានូវប្រព័ន្ធអាវុធ និងបច្ចេកវិទ្យាយោធាទំនើបៗបំផុត។ ការពឹងផ្អែករបស់ឥណ្ឌាលើប្រព័ន្ធការពាររបស់រុស្ស៊ីមានលក្ខណៈជា្រលជ្រៅខ្លាំងណាស់ ហើយការបញ្ចូលសម្ភារៈយោធា ដែលមិនមែនជារបស់រុស្ស៊ីទៅក្នុងឃ្លាំងអាវុធរបស់ឥណ្ឌា មិនមែនជារឿងងាយស្រួលនោះទេ ហើយវាអាចនឹងតម្រូវឱ្យមានការរុះរើប្រព័ន្ធក្នុងទ្រង់ទ្រាយធំ។ ការជំនួសអាវុធរបស់រុស្ស៊ីអាចនឹងតម្រូវឱ្យមានការរៀបចំឡើងវិញទាំងស្រុងនូវឃ្លាំងអាវុធរបស់ឥណ្ឌា ដោយផ្តើមចេញពីចំណុចសូន្យ។

ជំនួយផ្នែកសន្តិសុខរបស់រុស្ស៊ីមានរាប់បញ្ចូលទាំងការផ្តល់នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ទៅឱ្យទ័ពជើងទឹកឥណ្ឌាថែមទៀតផង ហើយប្រទេសឥណ្ឌាក៏បានបញ្ជាទិញប្រព័ន្ធការពារដែនអាកាសម៉ាក «S-400» ចំនួន ៥ គ្រឿងពីប្រទេសរុស្ស៊ីផងដែរ ក្នុងទឹកប្រាក់ ៥,៤៣ ពាន់លានដុល្លារកាល ពីឆ្នាំ ២០១៨ ដែលនេះគឺជាប្រព័ន្ធការពារដែនអាកាសរយៈចម្ងាយឆ្ងាយ និងទំនើបបំផុតនៅក្នុងឃ្លាំងអាវុធរបស់រុស្ស៊ី។

ជាធម្មតា ការនាំចូល ប្រព័ន្ធការពារ «S-400» អាចនឹងត្រូវរងទណ្ឌកម្មរបស់អាមេរិកក្រោមច្បាប់ «Countering America’s Adversaries Through Sanctions Act» (CAATSA 2017)។ ក៏ប៉ុន្តែសហរដ្ឋអាមេរិកបានផ្តល់នូវការលើកលែងដល់ប្រទេសឥណ្ឌានៅក្នុងករណីនេះ។

ទោះជាយ៉ាងណាក៏ដោយ បញ្ហានេះអាចមានការប្រែប្រួល ដោយក្នុងនោះ លោក Donald Lu ដែលជាឧបការីរងក្រសួងការបរទេសអាមេរិកទទួលបន្ទុកលើកិច្ចការអាស៊ីកណ្តាលនិងអាស៊ីខាងត្បូងបាននិយាយថា «រដ្ឋបាលរបស់លោក Biden នឹងពិចារណាអំពីច្បាប់ CAATSA» ដែលនេះអាចជាសញ្ញាដែលបង្ហាញថា «អាមេរិកអាចពិចារណាឡើងវិញអំពីការដាក់ទណ្ឌកម្មលើប្រទេសឥណ្ឌា»។

ឥណ្ឌាក៏បានពឹងផ្អែកខ្លាំងលើប្រេង, ធ្យូងថ្ម និងឧស្ម័នរបស់រុស្ស៊ីផងដែរ។ យោងតាមសេចក្តីរាយការណ៍ «ប្រទេសឥណ្ឌានាំចូលប្រេងជិត ៨៥% ពីរុស្ស៊ី ហើយកាលពីឆ្នាំមុន ឥណ្ឌាបាននាំចូលធ្យូងថ្មចំនួន ១,៨ លានតោន និងប្រេងចំនួន ៤៣ ៤០០ បារ៉ែលក្នុងមួយថ្ងៃៗពីប្រទេសរុស្ស៊ី»។ ក្រុមហ៊ុន «Gas Authority of India Limited» បានចុះកិច្ចព្រមព្រៀងរយៈពេល ២០ ឆ្នាំជាមួយក្រុមហ៊ុនរដ្ឋរុស្ស៊ី «Gazprom» សម្រាប់ការផ្គត់ផ្គង់ឧស្ម័នធម្មជាតិចំនួន ២,៥ លានតោនក្នុងមួយឆ្នាំៗ។

តួលេខនេះមានការធ្លាក់ចុះបន្តិច បើធៀបនឹងឆ្នាំ២០២០ ដែលនេះអាចជាការបង្ហាញថា «ប្រទេសឥណ្ឌាក៏កំពុងព្យាយាមធ្វើពិពិធកម្មប្រភពនាំចូលថាមពលផងដែរ»។ ប៉ុន្តែ ស្ថិតក្រោមស្ថានភាពបច្ចុប្បន្ននេះ ឥណ្ឌានឹងមិនអាចផ្តាច់កិច្ចព្រមព្រៀងថាមពលជាមួយរុស្ស៊ីបាននោះទេនៅក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ។

សម្រាប់ផ្នែកការទូតវិញ រុស្ស៊ីបានផ្តល់ការគាំទ្រដល់ឥណ្ឌានៅលើឆាកអន្តរជាតិដើម្បីប្រឆាំងនឹងលោកខាងលិច ហើយថែមទាំងបានផ្តល់ការគាំទ្រដល់បញ្ហាផលប្រយោជន៍ជាតិសំខាន់ៗរបស់ឥណ្ឌាទៀតផង ដូចជាបញ្ហានៅតំបន់កាស្មៀរ, ប៉ាគីស្ថាន និងបង់ក្លាដែសជាដើម។ ការគាំទ្ររបស់រុស្ស៊ីរួមមានដូចជាការបោះឆ្នោត ឬការប្រើសិទ្ធិវេតូ ដើម្បីផ្តល់ការគាំទ្រដល់ឥណ្ឌានូវរាល់ការបោះឆ្នោតនៅក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិ ដោយគិតចាប់ តាំងពីឆ្នាំ១៩៥៧ ដល់ឆ្នាំ ២០១៩។

នៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសឥណ្ឌាក៏បានប្រើប្រាស់ឱកាសជាច្រើនដើម្បីតបស្នងសងគុណរុស្ស៊ីវិញផងដែរ ដែលរួមមានទាំងការបោះឆ្នោតអនុប្បវាទ ឬការចូលរួមជាមួយរុស្ស៊ីនៅក្នុងការបោះឆ្នោតនៅ
អង្គការសហប្រជាជាតិជុំវិញបញ្ហានៅតំបន់ Chechnya, Georgia និង Crimea ជាដើម។

ផ្អែកតាមប្រវត្តិសាស្ត្រ កងទ័ពជើងទឹករបស់ឥណ្ឌាបានទទួលការគាំទ្រយ៉ាងច្រើនពីរុស្ស៊ី នៅក្នុងសង្គ្រាមរវាងឥណ្ឌានិងប៉ាគីស្ថាននៅឆ្នាំ ១៩៧១ ដែលនៅពេលនោះ ប្រទេសឥណ្ឌាបានគាំទ្រឯករាជ្យភាពរបស់បង់ក្លាដែស ដែលសហរដ្ឋអាមេរិកបានប្រឆាំងដាច់ខាត។

កងទ័ពជើងទឹករបសអាមេរិកនិងអង់គ្លេសមានបំណងស្ទាក់ចាប់កងកម្លាំងរបស់ឥណ្ឌានៅប៉ាគីស្ថានខាងកើត (ដែលក្រោយមកបានក្លាយជាបង់ក្លាដែស) ក៏ប៉ុន្តែត្រូវបានជួយបានទាន់ពេល តាមរយៈការមកដល់នៃក្រុមប្រយុទ្ធនាវាមុជទឹករបស់សូវៀតដែលជាហេតុធ្វើឱ្យការវាយប្រហារត្រូវបានបញ្ចប់ ហើយនៅទីបំផុត ឥណ្ឌាក៏អាចសម្រេចតាមការចង់បានរបស់ខ្លួនដែល នោះគឺ «ការទទួលបានឯករាជ្យរបស់បង់ក្លាដែស»។

អ្នកជំនាញមួយចំនួនបានលើកឡើងថា «ប្រទេសឥណ្ឌាគាំទ្ររុស្ស៊ីដោយសារតែការគាំទ្រដ៏ខ្លាំងក្លា ដែលឥណ្ឌាធ្លាប់បានទទួលពីរុស្ស៊ីនៅក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះ»។ ទន្ទឹមគ្នានេះដែរ អ្នកធ្វើគោល នយោបាយឥណ្ឌានឹងមិនបានភ្លេចហេតុការណ៍ដែលអាមេរិកនិងអង់គ្លេស បានបើកការវាយប្រហារលើកងកម្លាំងប្រដាប់អាវុធរបស់ឥណ្ឌាបានទេ ហើយការបន្តរក្សាសម្ព័ន្ធភាព រវាងអាមេរិកនិងប៉ាគីស្ថាន ក៏ជារឿងមួយដែលបានបង្កការមិនពេញចិត្តសម្រាប់ប្រទេសឥណ្ឌាផងដែរ។

ជាក់ស្តែង រុស្ស៊ីនៅតែមានប្រជាប្រិយភាពក្នុងចំណោមពលរដ្ឋឥណ្ឌា ខណៈពេលដែលទំនុកចិត្តលើសហរដ្ឋអាមេរិកកំពុងស្ថិតក្នុងកម្រិតមួយដ៏ទាប។ ការមិនប្រឆាំងរុស្ស៊ីនៅអង្គការសហប្រជាជាតិ និងការមិនចូលរួមនៅក្នុងការដាក់ទណ្ឌកម្មគឺជាជម្រើសដ៏ល្អសម្រាប់ឥណ្ឌា ដោយសារការ ពឹងផ្អែកខ្លាំងផ្នែកសន្តិសុខនិងអារម្មណ៍ជិតស្និទ្ធជាមួយរុស្ស៊ី។

ជាងនេះទៅទៀត ការផ្តួចផ្តើមគំនិតដ៏ធំមួយដើម្បីជួយរុស្ស៊ីឱ្យគេចផុតពីការដាក់ទណ្ឌកម្មរបស់លោកខាងលិចអាចផ្លាស់ប្តូរយុទ្ធសាស្ត្រនៅក្នុងរបៀបជាច្រើន។ ស្ថានភាពវិវឌ្ឍនេះមានរួមបញ្ចូលនូវការដោះដូររូបិយវត្ថុរវាងប្រាក់ Ruble របស់រុស្ស៊ី និងប្រាក់ Rupee របស់ឥណ្ឌា ដែលនេះគឺជាកិច្ចព្រមព្រៀងមួយដែលមិនត្រឹមតែអាចជួយរក្សាសេដ្ឋកិច្ចរុស្ស៊ីឱ្យនៅរស់រានប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាចនឹងបង្កផលប៉ះពាល់ដល់ប្រព័ន្ធហិរញ្ញវត្ថុ និងពាណិជ្ជកម្មអន្តរជាតិ ដែលពឹងផ្អែកលើប្រាក់ដុល្លារអាមេរិកផងដែរ។

ដោយសារតែការពឹងផ្អែកដ៏ខ្លាំងក្លារបស់ឥណ្ឌាលើរុស្ស៊ី គេអាចស្មានដឹងមុនហើយថា «ឥណ្ឌានឹងមិនធ្វើតាមសម្ពាធរបស់លោកខាងលិចទេ ហើយច្បាស់ជានឹងមិនព្រមផ្តាច់ខ្លួនទាំងស្រុងចេញពីរុស្ស៊ីនៅក្នុងពេលដ៏
ខ្លីខាងមុខនេះទេ»។ ទន្ទឹមនឹងនោះដែរ ផែនការដោះដូររូបិយវត្ថុបានផ្ញើសារដ៏ច្បាស់លាស់ថា «ប្រទេសឥណ្ឌានឹងដើរតាមគោលនយោបាយការបរទេសឯករាជ្យ ដោយនឹងមិនទោរទន់តាមដៃគូសន្តិសុខដ៏មានអំណាចរបស់ខ្លួន នៅក្នុងក្រុម Quad ឬសម្ព័ន្ធមិត្តនៅអឺរ៉ុបឡើយ»។

អស់រយៈពេលជាយូរមកហើយ ឥណ្ឌាបានបញ្ជាក់យ៉ាងច្បាស់ទៅកាន់ពិភពលោកថា «ខ្លួននឹងផ្តោតលើផលប្រយោជន៍ផ្ទាល់ខ្លួនជាធំ តាមរយៈការបំពេញតាមតម្រូវការក្នុងស្រុក និងការការពារផលប្រយោជន៍សន្តិសុខជាតិ»។ សហរដ្ឋអាមេរិកក៏ទំនងជាបានដឹងដែរថា «ខ្លួនត្រូវសម្របខ្លួននៅក្នុងរឿងនេះ និងមិនអាចបន្តរុញច្រានឥណ្ឌាខ្លាំងពេកនោះទេ»។

សហរដ្ឋអាមេរិកបាននិងកំពុងប្រើប្រាស់ការដាក់ទណ្ឌកម្មផងនិងការផ្តល់ផលប្រយោជន៍ផងដើម្បីព្យាយាមបំបែកឥណ្ឌាចេញពីរុស្ស៊ី។ បន្ទាប់ពីបានជួបជា មួយសមាជិកសភាអាមេរិក និងបន្ទាប់ពីបានគំរាមឥណ្ឌាជា ប្រយោលអំពីការដាក់ ទណ្ឌកម្មក្រោមច្បាប់ «CAATSA» កាលពីសប្តាហ៍មុន លោក Donald Lu និងអ្នកការទូតជាន់ខ្ពស់អាមេរិក Victoria Nuland បានទៅបំពេញទស្សនកិច្ចនៅ ឥណ្ឌា និងបានជួបជាមួយរដ្ឋមន្ត្រីការបរទេសឥណ្ឌា លោក S Jaishankar និងលោក Harsh Vardhan Shringla ដើម្បីសម្តែងនូវក្តីកង្វល់របស់អាមេរិក។

ដោយបានដឹងថា «គោលនយោបាយ និងវោហាសាស្ត្ររបស់អាមេរិកអាចបង្កភាពល្អក់កករជាមួយឥណ្ឌា» មន្ត្រីការទូតជាន់ខ្ពស់របស់អាមេរិកទាំង២ បានផ្តល់នូវការលើកទឹកចិត្តដល់ឥណ្ឌា តាមរយៈការផ្តល់នូវជម្រើសជំនួសសម្រាប់ «ជំនួយសឹងគ្រប់មុខទាំងអស់» ដែលឥណ្ឌាទទួលបាន ពីរុស្ស៊ី។

សេចក្តីលម្អិតពាក់ព័ន្ធនឹងអ្វីដែលសហរដ្ឋអាមេរិកចង់ផ្តល់ជូននៅមានភាពមិនច្បាស់នៅឡើយទេ ក៏ប៉ុន្តែការផ្តួចផ្តើមគំនិតទាំងនេះអាចនឹងលេចចេញជារូបរាងយ៉ាងច្បាស់នៅក្នុងប៉ុន្មានខែ ឬប៉ុន្មានឆ្នាំខាងមុខនេះ។

កិច្ចខិតខំប្រឹងប្រែងទាំងនេះទទួលបានការគាំទ្រពីសំណាក់សម្ព័ន្ធមិត្ត និងបណ្តាដៃគូសន្តិសុខរបស់អាមេរិក បូករួមទាំងពីសំណាក់ ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida ទៅកាន់ប្រទេសឥណ្ឌាដើម្បីជួបជាមួយ លោក Narendra Modi។

ជំនួបនោះបាននាំមកនូវការប្រកាសអំពីការវិនិយោគថ្មីៗរបស់ជប៉ុនដែលមានតម្លៃ ៤២ ពាន់លានដុល្លារនៅក្នុងប្រទេសឥណ្ឌាសម្រាប់រយៈពេល ៥ ឆ្នាំក្នុងគោលបំណងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។ នៅពេលថ្មីៗនេះ នាយករដ្ឋមន្ត្រីអង់គ្លេស Boris Johnson និងនាយករដ្ឋមន្ត្រីអូស្ត្រាលី Scott Morrison ក៏បានជួបសន្ទនាតាមទូរសព្ទ និងបានជួបប្រជុំតាមប្រព័ន្ធអនឡាញជា មួយលោក Modi ផងដែរ។

ឥណ្ឌាគឺជាសមាជិករបស់ក្រុម Quad ដែលជាក្រុមមួយដែលចិនចាត់ទុកជា «យន្តការដ៏កម្រោល» ដែលត្រូវបានបង្កើតឡើងដើម្បីទប់ទល់ជាមួយខ្លួន ហើយកាលពីពេលថ្មីៗនេះ ចិនថែមទាំងបានហៅក្រុមនេះថាជា «NATO នៅអាស៊ី» ទៀតផង។ ឥណ្ឌានៅតែមានការខ្វែងគំនិតគ្នាច្រើនជាមួយនឹងសមាជិកនៃក្រុម Quad ចំនួន ៣ ទៀត ដែលរួមមានអាមេរិក, ជប៉ុន និងអូស្ត្រាលី។

ក្រៅពីការពឹងផ្អែករបស់ខ្លួនលើសព្វាវុធ និងធនធានថាមពលរបស់រុស្ស៊ី ឥណ្ឌាបានសម្លឹងឃើញនូវភាពចាំបាច់ក្នុងការរក្សាទំនាក់ទំនងល្អជាមួយរុស្ស៊ី ដោយសារមូលហេតុយុទ្ធសាស្ត្រមួយទៀតដែលនោះគឺ «អនុភាព»។

សហរដ្ឋអាមេរិកសឹងតែគ្មានសមត្ថភាពផ្នែកការទូតទាល់តែសោះក្នុងការជះឥទ្ធិពលទៅលើសកម្មភាពរបស់ចិន ខណៈដែលរុស្ស៊ីត្រូវបានឥណ្ឌាមើលឃើញថាជា «ដៃគូដ៏សំខាន់ដែលអាចជួយកាត់បន្ថយការគំរាម កំហែងណាមួយពីសំណាក់ប្រទេសចិន»។

រដ្ឋមន្ត្រីការបរទេសចិន Wang Yi បានមកដល់ប្រទេសឥណ្ឌាកាលពីថ្ងៃសុក្រ សម្រាប់កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីដែលជាកិច្ចប្រជុំកម្រិតខ្ពស់បំផុតរវាងប្រទេសទាំង2 ចាប់តាំងពីការ ប៉ះទង្គិចគ្នាដ៏ហិង្សានៅឆ្នាំ២០២០ នៅតាមបណ្តោយព្រំដែន ដែលបណ្តាលឱ្យទាហានចិន ៤ នាក់ និងទាហានឥណ្ឌា ២០ នាក់បានស្លាប់បាត់បង់ជីវិត។

លោក Wang បានជួបជាមួយលោក S Jaishankar និងទីប្រឹក្សាសន្តិសុខជាតិ លោក Ajit Doval នៅក្នុងជំនួបរយៈពេល ៣ ម៉ោង ដោយបានពិភាក្សាគ្នាអំពីប្រធានបទទាក់ទងនឹងជម្លោះនៅតាមព្រំដែន បញ្ហាអាហ្វហ្គានីស្ថាន និងអ៊ុយក្រែន។ ខណៈដែលភាពខ្វែងគំនិតគ្នារវាងអាមេរិក និងឥណ្ឌាជុំវិញបញ្ហាអ៊ុយក្រែនបានបង្កភាពល្អក់កករដល់ទំនាក់ទំនង ប្រទេសចិននិងឥណ្ឌាបានប្រកាន់ជំហរស្រដៀងគ្នាចំពោះការឈ្លានពានរបស់រុស្ស៊ី។

មនុស្សមួយចំនួនបានចាត់ទុករឿងនេះជា «ការបើកចំហយុទ្ធសាស្ត្រ» រវាងប្រទេសពីរដែលមានប្រជាជនច្រើនជាងគេបំផុតនៅក្នុងពិភពលោក ដើម្បីបន្ធូរភាពតានតឹងរវាងគ្នា និងដើម្បីងាកទៅរកទំនាក់ទំនងជាធម្មតាឡើងវិញ។ ទោះជាយ៉ាងណាក៏ ដោយ ដំណើរទស្សនកិច្ចនេះបានបង្កើតជាសញ្ញាប្របូកច្របល់មួយចំនួននៅទីក្រុងញ៉ូវដេលី ដោយក្នុងនោះ ភាគីចិនបានលើកឡើងថា «ស្ថានភាពជម្លោះព្រំដែនត្រូវបានឥណ្ឌានិយាយបំប៉ោងខ្លាំងហួសហេតុពេក» ខណៈដែលឥណ្ឌាបានទទូចថា «ដំណោះស្រាយចំពោះបញ្ហានេះគឺជារឿងដ៏ចាំបាច់បំផុតមុនឈានទៅរកការធ្វើទំនាក់ទំនងជាធម្មតាឡើងវិញ»។

លោក Wang បានមកទីក្រុងញ៉ូវដេលី បន្ទាប់ពីទៅបំពេញទស្សនកិច្ចនៅប្រទេសប៉ាគីស្ថាន ដែលជាទីដែលលោកបានលើកឡើងនូវការគាំទ្រជាចំហចំពោះជំហររបស់ប៉ាគីស្ថាន នៅក្នុងកិច្ចប្រជុំរបស់អង្គការកិច្ចសហប្រតិបត្តិការអ៊ីស្លាម (Organization of Islamic Cooperation-OIC) ស្តីពីស្ថានភាពរបស់តំបន់កាស្មៀរ។

បញ្ហានេះបានធ្វើឱ្យអ្នកធ្វើគោលនយោបាយឥណ្ឌាមានការមិនពេញចិត្ត ដែលជាហេតុបង្កឱ្យមានបរិយាកាសអវិជ្ជមានសម្រាប់ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសចិន ដោយក្នុងនោះ មនុស្សមួយចំនួនថែមទាំងបានអំពាវនាវឱ្យឥណ្ឌាបញ្ចប់គោលនយោបាយស្ងប់ស្ងៀមរបស់ខ្លួនលើកិច្ចការផ្ទៃក្នុងដ៏ចម្រូងចម្រាសរបស់ចិន ដូចជាបញ្ហា Tibet, Xinjiang និងតៃវ៉ាន់ទៀតផង។

ប្រទេសចិនទំនងជាចង់បង្កើតឱ្យមានបរិយាកាសប្រកបដោយភាពវិជ្ជមាននៅក្នុងកិច្ចប្រជុំកំពូល BRICS (Brazil-Russia-India-China-South Africa) នៅទីក្រុងប៉េកាំងដែលគ្រោងនឹងធ្វើនៅចុងឆ្នាំនេះ ដោយក្នុងនោះ ប្រធានាធិបតីរុស្ស៊ី Vladimir Putin ក៏ត្រូវបានគេរំពឹងថានឹងអញ្ជើញមកចូលរួមផងដែរ។

ទំនាក់ទំនងទ្វេភាគី ដ៏តានតឹងរវាងសមាជិក BRICS (ចិន និងឥណ្ឌា) អាចបង្កើតបរិយាកាសដ៏អាប់អួរ ដែលអាចធ្វើឱ្យកិច្ចប្រជុំកំពូលប្រឈមមុខនឹងការបរាជ័យ។ ទោះជាយ៉ាងណាក៏ដោយ បញ្ហាដ៏ច្បាស់លាស់បំផុតគឺ «នៅក្នុងការប្រកួតប្រជែងគ្នាកាន់តែខ្លាំងរវាងអាមេរិកនិងចិន ប្រទេសឥណ្ឌាគឺជាប្រទេសដ៏សំខាន់មួយ ដែលប្រទេសទាំងពីរ ចាំបាច់ត្រូវធ្វើការទាក់ទាញយកមកឱ្យបានប្រកបដោយការប្រុងប្រយ័ត្នបំផុត»៕ Asia Times

អត្ថបទទាក់ទង