ខ្មែរប៉ុស្ដិ៍ Close

    លិខិតចំហជូនចំពោះ បុគ្គលិកណាហ្គាវើល៖ «យើងត្រូវធ្វើការនៅកន្លែងណាដែលគេត្រូវការយើង!»

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី១ ខែមេសា ឆ្នាំ២០២២ ទស្សនៈ - នយោបាយ 936
    លិខិតចំហជូនចំពោះ បុគ្គលិកណាហ្គាវើល៖ «យើងត្រូវធ្វើការនៅកន្លែងណាដែលគេត្រូវការយើង!»លិខិតចំហជូនចំពោះ បុគ្គលិកណាហ្គាវើល៖ «យើងត្រូវធ្វើការនៅកន្លែងណាដែលគេត្រូវការយើង!»

    ក្រោយពីបានតាមដានបញ្ហាបងប្អូនកម្មករណាហ្គាវើលអស់ជាច្រើនខែមកនេះ ក្នុងនាមជា ជាងអគ្គិសនីម្នាក់ ខ្ញុំចង់ចូលរួមមតិយោបល់មួយចំនួនចំពោះបងប្អូន។

    បច្ចុប្បន្ន ខ្ញុំមានអាយុជិ ៥០ឆ្នាំហើយ និងបានប្រឡូកក្នុងការងារជិត ៣០ឆ្នាំ។ ខ្ញុំធ្លាប់បានផ្លាស់ប្តូរការងារជាច្រើនកន្លែងតែមិនមែន ដោយការបណ្តេញចេញនោះទេ គឺដោយសារខ្ញុំមានទីផ្សារការងារ ច្រើនដែលត្រូវការខ្ញុំ។ ខ្ញុំពិតជាគ្មានអ្វីបន្ទោសបងប្អូនបុគ្គលិកណាហ្គាវើលទេ ហើយខ្ញុំគោរព សិទ្ធិទាមទាររបស់បងប្អូន។

    ប៉ុន្តែ អ្វីដែលបានកើតមកជាច្រើនខែមកនេះ ខ្ញុំយល់ឃើញថាគឺជារឿងខាតពេលវេលាខាតប្រយោជន៍ទាំងសងខាង ទាំងក្រុមហ៊ុន ទាំងបុគ្គលិក និងទាំងអាជ្ញាធរមានសមត្ថកិច្ច។ តាមការយល់ឃើញរបស់ខ្ញុំ គឺយើងត្រូវធ្វើការនៅកន្លែងដែលគេត្រូវការយើងនិងផ្តល់តម្លៃដល់ខ្លួនយើង។ យើងមិនត្រូវធ្វើការនៅកន្លែងដែលគេមិនត្រូវការយើងនោះទេ ហើយខ្ញុំនឹងលាឈប់ភ្លាមប្រសិនបើកន្លែងធ្វើការមិនឲ្យតម្លៃខ្ញុំដោយមិនចាំបាច់ឲ្យគេបញ្ឈប់ឡើយ។ បងប្អូនអ្នកធ្វើការទាំងឡាយគួរ យល់ថា ធម្មតាយើងធ្វើការពឹងលើចំណេះជំនាញដែលយើងមានជាថ្នូរនឹងប្រាក់ខែដែលថៅកែឲ្យយើងតាមការ ព្រមព្រៀងគ្នា។ ចំណែកថៅកែជួលបុគ្គលិក កម្មករដើម្បីប្រើប្រាស់សមត្ថភាព ចំណេះជំនាញ របស់ពួកគេដើម្បីជាប្រយោជន៍ក្រុមហ៊ុន។

    ពេលព្រមព្រៀងគ្នា ភាគីទាំងពីរត្រូវចុះកិច្ចសន្យាការងារជាមួយគ្នា។ ក្នុងកិច្ចសន្យា គ្មានប្រការណាចែងថា យើងមិនអាចឈប់ពីការងារនៅពេលដែលយើងចង់ឈប់នោះទេ។ ជាទូទៅគេគ្រាន់តែបញ្ជាក់ថា មុននឹងលាឈប់ត្រូវជូនដំណឹងមួយខែ, ២ខែ ឬ៣ខែមុន ឬខ្លីជាងនេះទៅតាមភាពចាំបាច់នៃមុខនាទីរបស់យើង។

    ដូចគ្នានេះដែរ គ្មានប្រការណាដែលចែងថា ថៅកែត្រូវទទួល យកបុគ្គលិកឲ្យធ្វើការងារអស់មួយជីវិតដោយមិនអាចបញ្ឈប់ បាននោះដែរ។ អ្វីដែលច្បាប់ចែងគឺ ពេលបញ្ឈប់បុគ្គលិក ថៅកែត្រូវគិតគូរដោះស្រាយអត្ថប្រយោជន៍ជូនពួកគេតាមច្បាប់កំណត់។ នេះជាចំណុច សំខាន់ដែលត្រូវផ្តោតការយកចិត្តទុកដាក់។

    ងាកមកនិយាយពីបុគ្គលិកណាហ្គាវើលវីញ! បើតាមអ្វីដែលខ្ញុំបានតាមដាន បញ្ហាចម្បងដែលជាឧបសគ្គដោះស្រាយមិនចេញគឺ បុគ្គលិកដែលថៅកែបញ្ឈប់ទាមទារឲ្យថៅកែយកទៅធ្វើការវិញ ប៉ុន្តែថៅកែមិនព្រមយកវិញឡើយ។ត្រង់ចំណុចនេះ ខ្ញុំមិនដឹងបងប្អូនសហជីព និងកម្មករណាហ្គាវើល យល់យ៉ាងម៉េចទេ ប៉ុន្តែតាមធម្មតា ថៅកែជួលកម្មករបុគ្គលិក ដើម្បីធ្វើការឲ្យគេ ហើយថៅកែតែងពេញចិត្តហើយចង់រក្សាទុក បុគ្គលិកណាដែលល្អ ដែលពូកែ ដោយដំឡើងប្រាក់ខែឲ្យទៀត ផង។ ផ្ទុយទៅវិញ បុគ្គលិក កម្មករណាដែលថៅកែមិនពេញចិត្ត មុននិងក្រោយគេនឹងបញ្ឈប់ពីការងារហើយ។ ក្នុងករណីដែលក្រុមហ៊ុនជួបវិបត្តិដូចជាកូវីដ-១៩ ជាដើម ហើយដែលតម្រូវឲ្យក្រុមហ៊ុនកាត់បន្ថយបុគ្គលិក និយោជកច្បាស់ជាបញ្ឈប់អ្នកដែលមិនសូវសំខាន់មុនគេហើយ។ ចំណែកឯអ្នកសំខាន់ៗគេព្យាយាមរក្សាទុកដល់ទីបំផុត។

    ក្នុងន័យនេះ ខ្ញុំសូមផ្តល់មតិយោបល់ដល់បុគ្គលិក កម្មករទាំងអស់ថា យើងគួរតែខិតខំបង្កើនសមត្ថភាពការងារឲ្យបានកាន់តែល្អពីមួយថ្ងៃទៅមួយថ្ងៃដើម្បីធ្វើឲ្យខ្លួនយើងមានតម្លៃកាន់តែខ្លាំងនៅក្នុងក្រុមហ៊ុនទើបជាតម្លៃពិតប្រាកដ។ បើយើងអាចធ្វើដូច្នេះបានប្រាក់ខែយើងកាន់តែខ្ពស់ហើយកន្លែងណាក៏ត្រូវការយើងដែរ។ ដូច្នេះ យើងមិនចាំបាច់ទៅធ្វើបាតុកម្មទាមទារឲ្យគេយកយើងទៅធ្វើការវិញ នោះទេ ពីព្រោះការងារច្រើនណាស់នៅរង់ចាំមនុស្សដែលមានសត្ថភាព ដោយមិនចាំបាច់ចំណាយពេលតវ៉ាឲ្យថៅកែដែលបញ្ឈប់យើងពីការងារហើយយកយើងទៅធ្វើការវិញ ទេ។

    ម្យ៉ាងវិញទៀត ដូចបងប្អូនបបាន ដឹងស្រាប់ហើយថា វិបត្តិកូវីដ-១៩ ប៉ុន្មានឆ្នាំនេះបានធ្វើឲ្យមនុស្សរាប់រយលាននាក់បាត់បង់ការងារ នៅលើពិភពលោកដោយសារក្រុមហ៊ុនខាតបង់និងត្រូវកាត់ បន្ថយបុគ្គលិក។ តើបុគ្គលិកណាចង់បាត់បង់ការងារ ប៉ុន្តែក៏ គ្មាននរណាមានសិទ្ធិទាមទារ មិនឲ្យថៅកែបញ្ឈប់កិច្ចសន្យាការងារបានដែរ។ បើពិភពលោក ទាំងមូលធ្វើបាន កម្ពុជាក៏មិនខុសពីគេដែរ។ ក្នុងករណីនេះ ខ្ញុំចង់ឲ្យបងប្អូនងាកទៅគិតពីការគិតគូរទូទាត់ប្រាក់សំណងតាមច្បាប់ការងារវិញទើបជាហេតុផលសមរម្យក្នុងការទាមទារ។

    នៅលើលោកនេះ គ្មានថៅកែណាយកបុគ្គលិកដែលគេមិនពេញចិត្តទៅធ្វើការទេ។ ដូច្នេះ ដំណោះស្រាយគឺ បើគេមិនពេញចិត្ត យើងឈប់ធ្វើការហើយជជែករឿងផលប្រយោជន៍តាមច្បាប់កំណត់។ ការទាមទារឲ្យថៅកែយកយើងចូលធ្វើការវិញគឺមានន័យស្មើនឹងការទាមទារអ្វីដែលគេមិនឲ្យ។ លទ្ធផលគឺខាតពេលឥតប្រយោជន៍ និងធ្វើឲ្យមានបញ្ហារ៉ាំរ៉ៃក្នុងសង្គម។

    សូមបងប្អូនបុគ្គលិក កម្មករ គ្រប់ទីកន្លែង គិតគូរអំពីការពង្រឹងសមត្ថភាពខ្លួនឲ្យបានរឹងមាំឲ្យពូកែដើម្បីឲ្យការងាររត់មករកយើង។ ការទៅអង្គុយទាមទារ រាប់ខែឲ្យថៅកែយកទៅធ្វើការវិញ ជាការទាមទារដែលមិនសមហេតុផលឡើយទាំងសីលធម៌និងផ្លូវច្បាប់៕

    ពីខ្ញុំ សាន គុនយ៉ាន ជាងអគ្គិសនី

    អត្ថបទទាក់ទង