ខ្មែរប៉ុស្ដិ៍ Close

វិបត្តិរុស្ស៊ី-អ៊ុយក្រែន គឺជាថ្នាំដ៏ល្វីងមួយគ្រាប់សម្រាប់អាស៊ាន

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី១ ខែមេសា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 1026
វិបត្តិរុស្ស៊ី-អ៊ុយក្រែន គឺជាថ្នាំដ៏ល្វីងមួយគ្រាប់សម្រាប់អាស៊ានវិបត្តិរុស្ស៊ី-អ៊ុយក្រែន គឺជាថ្នាំដ៏ល្វីងមួយគ្រាប់សម្រាប់អាស៊ាន

ជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែនបានបង្ហាញថា «សណ្តាប់ធ្នាប់នៅក្នុងតំបន់ ជាពិសេសនៅជុំវិញសមុទ្រចិនខាងត្បូង អាចនឹងមិនមានស្ថិរភាពនោះទេ ប្រសិនបើកិច្ចព្រមព្រៀងនានាត្រូវបានគេចាត់ទុកត្រឹមតែជាពាក្យដែលសរសេរនៅលើក្រដាស»។

នៅពេលដែលជម្លោះរវាងអ៊ុយក្រែន និងរុស្ស៊ីបានកើតឡើង ហើយសង្គ្រាមបាននិងកំពុងបង្កការគំរាមកំហែងមកលើទ្វីបអឺរ៉ុប ផលវិបាកនឹងមានទំហំធំធេងណាស់ហើយតំបន់អាស៊ានក៏មិនរួចខ្លួនដែរ។

ដោយសារអាស៊ានត្រូវបានគេចាត់ទុកជា «អង្គការថ្នាក់តំបន់ដ៏ជោគជ័យបំផុតមួយបន្ទាប់ពីសហភាពអឺរ៉ុប» ប្រតិកម្មរបស់ប្លុកនេះចំពោះវិបត្តិនានាតែងទទួលបានការយកចិត្តទុកដាក់ពីសំណាក់អន្តរជាតិ។ បើប្រៀបធៀបជាមួយសហភាពអឺរ៉ុប និងបណ្តាប្រទេសលោកខាងលិចផ្សេងទៀត បណ្ដារដ្ឋជាសមាជិកអាស៊ានបានសម្តែងនូវការព្រួយបារម្ភនៅក្នុងកម្រិតខុសៗគ្នា។

ដូចគ្នានេះដែរការបោះឆ្នោតនៅឯមហាសន្និបាតអង្គការសហប្រជាជាតិក្នុងអំឡុងសម័យប្រជុំបន្ទាន់មួយ ដើម្បីថ្កោលទោសលើការឈ្លានពានរបស់រុស្ស៊ី បានបង្ហាញអំពីការបែកបាក់គ្នានៅក្នុង ចំណោមប្រទេសអាស៊ាន ដោយក្នុងនោះមាន​តែ​ប្រទេស​វៀតណាមនិង​ឡាវ​ប៉ុណ្ណោះ ដែល​បាន​បោះឆ្នោតអនុប្បវាទ ខណៈដែលប្រទេសផ្សេងៗទៀតបាន​បោះឆ្នោតគាំទ្រសេចក្តីសម្រេច​នេះ។

សេចក្តីថ្លែងការណ៍រួមដំបូងរបស់អាស៊ាន បានគូសបញ្ជាក់អំពីសារៈសំខាន់នៃច្បាប់អន្តរជាតិ, សន្តិភាព និងសន្តិសុខដែលសុទ្ធតែជាធាតុដ៏សំខាន់ចំពោះអធិបតេយ្យភាពរបស់រដ្ឋមួយ។ សេចក្ដីថ្លែងការណ៍ ដែលបានចេញផ្សាយនៅប៉ុន្មានថ្ងៃបន្ទាប់ពីរុស្ស៊ីបានចាប់ផ្ដើមប្រតិបត្តិការយោធា នៅអ៊ុយក្រែនបានលើកឡើងថា «យើងសូមអំពាវនាវឱ្យភាគីពាក់ព័ន្ធទាំងអស់អនុវត្តការអត់ធ្មត់ជាអតិបរមា និងសូមខិតខំប្រឹងប្រែងឱ្យអស់ពី
សមត្ថភាពដើម្បីបន្តការសន្ទនាតាមគ្រប់មធ្យោបាយទាំងអស់ បូករួមទាំងមធ្យោបាយការទូតដើម្បីបន្ធូរបន្ថយស្ថានការណ៍ស្វែងរកដំណោះស្រាយដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិដែលមានដូចជាធម្មនុញ្ញរបស់
អង្គការសហប្រជាជាតិ និងសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការ នៅអាស៊ីអាគ្នេយ៍ជាដើម»។

វាជារឿងល្អក្នុងការវិភាគអំពីសន្ធិសញ្ញាមិត្តភាពនិងកិច្ចសហប្រតិបត្តិការ (TAC) ដែលជារូបមន្តក្នុងការស្វែងរកសន្តិភាពរបស់អាស៊ាន ដែលផ្តោតលើគោលការណ៍ជាមូលដ្ឋានមួយចំនួនដូចជា «ការដោះស្រាយភាពខុសគ្នា ឬជម្លោះនានាដោយសន្តិវិធី» និង «ការទប់ស្កាត់ការគំរាមកំហែង ឬការប្រើប្រាស់កម្លាំងទ័ព»។ ការ​គំរាម​កំហែង​ស្តីពីការជ្រៀតជ្រែក​ពីសំណាក់ខាង​ក្រៅ​ នៅតែ​ជា​ក្តីកង្វល់​ដ៏ចម្បងមួយ​របស់
បណ្ដាប្រទេសជា​សមាជិក​អាស៊ាន។

អាស៊ានត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៦៧ ជាមួយនឹងការប្តេជ្ញាចិត្តក្នុងការធ្វើឱ្យតំបន់អាស៊ីអាគ្នេយ៍ក្លាយជាតំបន់អព្យាក្រឹត។ សូម្បីតែនៅក្នុងដំណាក់កាលនៃការប្រកួតប្រជែងកាន់តែខ្លាំងរវាងសហរដ្ឋអាមេរិកនិងចិនដូចសព្វថ្ងៃនេះក៏ដោយ ក៏អាស៊ាននៅបន្តអះអាងថា «ខ្លួននៅតែអាចបន្តរក្សាបាននូវអព្យាក្រឹតភាពដដែល»។

រហូតមកទល់ពេលនេះ សន្ធិសញ្ញា TAC បានជួយឱ្យប្រទេសជាច្រើនអាចគ្រប់គ្រងជម្លោះ និងកាត់បន្ថយការមិនទុកចិត្តគ្នាទៅវិញទៅមកបាន។ ចាប់តាំងពីមានវត្តមាននៃសន្ធិសញ្ញា TAC គេមិនទាន់ឃើញមានឧបទ្ទវហេតុធ្ងន់ធ្ងរណាមួយបានកើតឡើងដែលបានបង្កការគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់នេះនៅឡើយទេ។

ប្រការនេះបានពន្យល់អំពីសន្តិភាព ឲនៅអាស៊ីបូព៌ាដែលសំដៅទៅលើបទពិសោធន៍នៃសន្តិភាពដែលតំបន់នេះបានជួបប្រទះចាប់តាំងពីទសវត្សរ៍ឆ្នាំ ១៩៨០ មក។ ប្រការនេះក៏ជាមូលហេតុមួយដែលធ្វើឱ្យសន្ធិសញ្ញា TAC ត្រូវបានចាត់ទុកជាឧបករណ៍ដ៏សមស្រប មួយដែលអាចត្រូវបាន ប្រើដើម្បីគ្រប់គ្រងទំនាក់ទំនងរវាងអាស៊ានជាមួយនឹងបណ្តាប្រទេសខាងក្រៅ មិនថាក្នុងនាមជាដៃគូសន្ទនា, ជាដៃគូអភិវឌ្ឍន៍ ឬក្នុងនាមជាអ្នកសង្កេតការណ៍នោះទេ។

បើទោះបីជាសន្ធិសញ្ញា TAC បានផ្តល់នូវមូលដ្ឋានគ្រឹះសម្រាប់សន្តិភាព ដែលបានជួយកាច់ចង្កូតតំបន់អាស៊ានឆ្ពោះទៅរកសន្តិភាព និងស្ថិរភាពនៅក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះក៏ដោយ ក៏ជម្លោះរវាងរុស្ស៊ីនិងអ៊ុយក្រែនបានលាតត្រដាងឱ្យឃើញអំពីដែនកំណត់នៃការថែរក្សាសណ្តាប់ធ្នាប់ទាំងនៅក្នុងតំបន់ ឬនៅក្រៅតំបន់។

អនុស្សរណៈទីក្រុង Budapest ឆ្នាំ ១៩៩៤ ដែលត្រូវបានអនុម័តដោយសហរដ្ឋអាមេរិក, រុស្ស៊ី និងចក្រភពអង់គ្លេស បានព្រមព្រៀងគ្នាថានឹងគោរពចំពោះ «ឯករាជ្យភាព និងអធិបតេយ្យភាពរបស់អ៊ុយក្រែន» បូករួមនឹងការជៀសវាងពីការគំរាមកំហែង ឬពីការប្រើប្រាស់កម្លាំងទ័ព។

ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលអ៊ុយក្រែនបានព្យាយាមចូលរួមជាមួយអង្គការ NATO លោក Putin បានដណ្តើមយកឧបទ្វីប Crimea នៅក្នុងឆ្នាំ ២០១៤ ហើយក្នុងពេលទន្ទឹមគ្នានោះ រុស្ស៊ីក៏បានផ្តល់ការគាំទ្រដល់ចលនាបំបែកខ្លួននៅ Luhansk និង Donetsk ផងដែរ។

ក្រោយមក កិច្ចព្រមព្រៀង Minsk ក៏ត្រូវបានបង្កើតឡើង ក្នុងនាមជាសន្ធិសញ្ញាសន្តិភាពដែលត្រូវបានចុះហត្ថលេខារវាងទីក្រុងគៀវនិងទីក្រុងមូស្គូនៅក្នុងឆ្នាំ ២០១៥ ក្នុងគោលបំណងបង្កើតឱ្យមានកិច្ចព្រមព្រៀងស្តីពីបទឈប់បាញ់។

ប៉ុន្តែនៅក្នុងពេលបច្ចុប្បន្ននេះ រុស្ស៊ីបែរជាបានចាត់វិធានការយោធា ហើយកងទ័ពរបស់រុស្ស៊ីក៏បាននិងកំពុងធ្វើដំណើរឆ្ពោះទៅកាន់រដ្ឋធានីរបស់អ៊ុយក្រែនផងដែរ។ ស្ថានភាព​បច្ចុប្បន្ន​នៅ​អ៊ុយក្រែនកំពុងលាតត្រដាងអំពីការពិត​ដែលពិបាកទទួលយក​សម្រាប់​អាស៊ាន។

សេចក្តីប្រកាស និងធម្មនុញ្ញរបស់អាស៊ានមានចែងអំពីគោលការណ៍មួយចំនួន ដូចជាការមិនប្រើប្រាស់កម្លាំងទ័ព និងការប្រើប្រាស់វិធីសាស្ត្រការទូតបែបការពារ តាមរយៈវេទិការសន្ទនា ក៏ប៉ុន្តែទាំងនេះនៅមិនទាន់គ្រប់គ្រាន់នៅឡើយទេ ជាពិសេសពាក់ព័ន្ធនឹងបញ្ហាសមុទ្រចិនខាងត្បូង។

ដោយសារសមុទ្រចិនខាងត្បូងគឺជាផ្លូវទឹកមួយដែលសម្បូរទៅដោយធនធានធម្មជាតិនិងសារៈសំខាន់ជាយុទ្ធសាស្ត្រ ក៏ប៉ុន្តែជាដែនទឹកត្រួតស៊ីគ្នា អាស៊ាននិងចិនបានចុះហត្ថលេខាលើសេចក្តីប្រកាសស្តីពីការប្រតិបត្តិរបស់ភាគី នានា (DOC) នៅក្នុងឆ្នាំ ២០០២។

គោលបំណងមួយនៅក្នុងសេចក្តីប្រកាស នោះគឺ «ការគ្រប់គ្រងភាពតានតឹងនៅក្នុងតំបន់ដែលមានជម្លោះ»។ ប៉ុន្តែសេចក្ដីប្រកាស នេះមានឥទ្ធិពលតិចតួចណាស់ចំពោះស្ថិរភាពទូទៅនៅសមុទ្រចិនខាងត្បូង។

ប្រទេសចិននៅតែបន្តកិច្ចខិតខំប្រឹងប្រែងផ្នែកយោធា ដោយបានប្រែក្លាយកោះសិប្បនិម្មិតមួយចំនួនទៅជាព្រលានយន្តហោះយោធា, ទីតាំងដំឡើងអាវុធប្រឆាំងមីស៊ីល និងជាទីតាំងយោធាផ្សេងៗទៀត។ បន្ថែមពីលើនេះ វត្តមានជាញឹកញាប់របស់កងទ័ពជើងទឹកនៃបណ្ដារដ្ឋទាមទារ ក៏បានកើតមាន រួមជាមួយនឹងការប៉ះទង្គិចគ្នារវាងនាវានិងនាវា ក៏ដូចជាការឈ្លានពានម្ដងហើយម្តងទៀតនៅក្នុងដែនទឹកដែលមានជម្លោះ។

បើទោះបីជាមានការពិភាក្សាគ្នាអស់រយៈពេលជាយូរមក ហើយអំពីក្រមប្រតិបត្តិនៅសមុទ្រចិនខាងត្បូង (COC) ក៏ដោយ ក៏កិច្ចពិភាក្សានៅតែបន្តជាប់គាំង ដោយសារតែការរាតត្បាតនៃវីរុសកូវីដ-១៩។ និយាយមួយបែបទៀត លទ្ធភាពនៃការកើតមានជម្លោះនៅតែស្ថិតក្នុងកម្រិតខ្ពស់ បើទោះបីជាមានសេចក្តីប្រកាសជាច្រើន, សេចក្តីថ្លែងការណ៍ជាច្រើន និងធម្មនុញ្ញរបស់អាស៊ានក៏ដោយ។

បើទោះបីជាអាស៊ាននៅតែបន្តមានសន្តិភាពក៏ដោយ ក៏ប្លុកនេះត្រូវតែមានការប្រុងប្រយ័ត្នចំពោះផលប៉ះពាល់ ដែលអាចនឹងកើតមានដោយសារសង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែន៕ TRT World

អត្ថបទទាក់ទង