ខ្មែរប៉ុស្ដិ៍ Close

អ្នកឈ្នះនិងអ្នកចាញ់ក្នុងសង្គ្រាមរបស់លោក Putin

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី១ ខែមេសា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 1489
អ្នកឈ្នះនិងអ្នកចាញ់ក្នុងសង្គ្រាមរបស់លោក Putinអ្នកឈ្នះនិងអ្នកចាញ់ក្នុងសង្គ្រាមរបស់លោក Putin

ការសម្រេចចិត្តរបស់លោក Vladimir Putin ក្នុងការឈ្លានពានលើប្រទេសអ៊ុយក្រែន មិនបាននាំមកនូវសង្គ្រាមតែមួយទេ ក៏ប៉ុន្តែវាបាននាំមកនូវសង្គ្រាមរហូតដល់ទៅ២ ដែល ទី១ គឺ «សង្រ្គាមរបស់រុស្ស៊ីប្រឆាំងនឹងទីក្រុង និងប្រជាជនស៊ីវិលរបស់អ៊ុយក្រែន» និងទី២ គឺ «សង្រ្គាមរវាងកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនជាមួយនឹងកងទ័ពរុស្ស៊ី»។

រុស្ស៊ីបានឈ្នះសង្គ្រាមទី១ ខណៈដែលអ៊ុយក្រែនបានឈ្នះសង្គ្រាមទី២។

ជាទូទៅ ការចរចានឹងនាំមកនូវបទឈប់បាញ់គ្នានិងដំណោះស្រាយរយៈពេលវែង។ ក៏ប៉ុន្តែជម្លោះនៅពេលនេះ អាចនឹងបន្តអូសបន្លាយពេល ជាពិសេសប្រសិនបើលោក Putin សម្រេចចិត្តបន្តអនុវត្តយុទ្ធសាស្ត្រប្រយុទ្ធ និងបដិសេធលើលក្ខខណ្ឌនានាដែលរដ្ឋាភិបាលអ៊ុយក្រែនអាចទទួលយកបាន។

«តើអ្នកណានឹងក្លាយជាអ្នកឈ្នះ និងអ្នកចាញ់នៅក្នុងសេណារីយ៉ូបែបនេះ?»

ច្បាស់ណាស់អ្នកចាញ់ដ៏ធំបំផុតគឺ «រុស្ស៊ី»។ នៅពេលនេះ លោក Putin នឹងមិនអាចសម្រេចបាននូវគោលបំណងនយោបាយដែលលោកចង់បាននោះទេ ដែលនោះគឺ «ការដើរទៅកាន់ទីក្រុង Kyiv និងការលើកបន្តុបរដ្ឋាភិបាលថ្មីដែលជិតស្និទ្ធនឹងរុស្ស៊ី ជំនួសឱ្យរដ្ឋាភិបាលរបស់ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky។

សង្រ្គាមរបស់លោក Putin បានបង្កការបំផ្លាញយ៉ាងធ្ងន់ធ្ងរលើហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសអ៊ុយក្រែន។ ក៏ប៉ុន្តែការដាក់ទណ្ឌកម្មដែលមិនធ្លាប់មានពីមុនមកនិងភាពឯកោផ្នែកសេដ្ឋកិច្ចបាននិងកំពុងបង្កការបំផ្លាញសេដ្ឋកិច្ចរបស់រុស្ស៊ីយ៉ាងធ្ងន់ធ្ងរ។

លើសពីនេះជនជាតិរុស្ស៊ីដែលមានទេពកោសល្យជាច្រើននាក់បានសម្រេចចិត្តចាកចេញពីប្រទេស ខណៈដែលក្នុងមួយខែ កងទ័ពរបស់រុស្ស៊ីប្រមាណ ១៥០០០ នាក់អាចនឹងត្រូវស្លាប់បាត់បង់ជីវិត ហើយកងកម្លាំង Potemkin អាចនឹងត្រូវចំណាយពេលជាច្រើនឆ្នាំ ដើម្បីធ្វើការពង្រឹងឡើងវិញ។

ការវាយតម្លៃមានលក្ខណៈកាន់តែស្មុគស្មាញនៅពេលនិយាយដល់ប្រទេសអ៊ុយក្រែន។ ភាពធន់របស់មេដឹកនាំ, សង្គម និងកងកម្លាំងប្រដាប់អាវុធរបស់អ៊ុយក្រែន គឺជារឿងដ៏អស្ចារ្យ។ អត្តសញ្ញាណជាតិរបស់អ៊ុយក្រែនមានភាពរឹងមាំខ្លាំងជាងពេលណាៗទាំងអស់ ហើយការតស៊ូដ៏ស្វិតស្វាញរបស់អ៊ុយក្រែន បានជួយពង្រឹងលទ្ធិប្រជាធិបតេយ្យដ៏ក្មេងខ្ចីរបស់ប្រទេស នេះផងដែរ។

ប៉ុន្តែភាពរឹងមាំទាំងនេះបាននាំមកនូវផលប៉ះពាល់យ៉ាងធំធេង។ យោងតាមការប៉ាន់ស្មាន «ប្រជាជនអ៊ុយក្រែនប្រមាណ ១១ លាននាក់ (១/៤ នៃចំនួនប្រជាជនសរុប) បានផ្លាស់ទីលំនៅទាំងនៅខាងក្នុង ឬទៅខាងក្រៅប្រទេស»។ សេដ្ឋកិច្ចរបស់អ៊ុយក្រែនបានរងនូវការបំផ្លាញ ហើយការសាងសង់ឡើងវិញនឹងត្រូវចំណាយពេល និងប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់។

រហូតមកទល់ពេលនេះ អង្គការ NATO គឺជាអ្នកឈ្នះដ៏ធំមួយ។ អង្គការនេះមានភាពកាន់តែរួបរួម និងរឹងមាំជាងមុន ដោយសារតែការឈ្លានពានរបស់រុស្ស៊ី។ អង្គការ NATO ក៏ទទួលបានផលប្រយោជន៍ផងដែរ ពីអសមត្ថភាពរបស់កងកម្លាំងប្រដាប់អាវុធរុស្ស៊ីដែលមិនអាចប្រៀបជាមួយបាននឹងសម្ព័ន្ធភាពរបស់លោកខាងលិច។ អង្គការ NATO ក៏ទទួលបានការជឿជាក់កាន់តែខ្លាំងពីប្រធានាធិបតីអាមេរិកផងដែរ។

ប្រទេសអាល្លឺម៉ង់, រដ្ឋាភិបាលថ្មីរបស់អាល្លឺម៉ង់ និងអធិការបតីរបស់ប្រទេសនេះ គឺជាអ្នកឈ្នះដ៏ធំមួយទៀត។ ភាពជាក់ស្តែងនៅក្នុងការឆ្លើយតបរបស់រដ្ឋាភិបាលរបស់អធិការបតី Olaf Scholz បានបង្ហាញឱ្យឃើញថា «កេរ្តិ៍ដំណែលដែលលោក ស្រីAngela Merkel បានបន្សល់ទុក គឺមានលក្ខណៈច្របូកច្របល់នៅពេលនេះ ដែលនេះក៏ដោយសារតែលោកស្រីបានធ្វើឱ្យប្រទេសអាល្លឺម៉ង់ពឹងផ្អែកខ្លាំងលើថាមពលរបស់រុស្ស៊ី»។

ការសម្រេចចិត្តរបស់លោក Scholz ក្នុងការលុបចោលផែនការបំពង់បង្ហូរឧស្ម័ន «Nord Stream 2» បូករួមនឹងការប្តេជ្ញាចិត្តរបស់លោកក្នុងការបង្កើនការចំណាយលើវិស័យការពារជាតិឱ្យកើនទ្វេដង និងឆន្ទៈក្នុងការបញ្ជូនអាវុធទៅឱ្យអ៊ុយក្រែនបានបង្ហាញអំពីការផ្លាស់ប្តូរដ៏សំខាន់ និងគួរឱ្យកត់សម្គាល់។ រឿងដ៏គួរឱ្យខកចិត្តតែមួយគត់គឺ «សេដ្ឋកិច្ចរបស់អាល្លឺម៉ង់នឹងត្រូវចំណាយពេលជាច្រើនឆ្នាំដើម្បីដកខ្លួនចេញពីការពឹងផ្អែកលើឧស្ម័នរបស់រុស្ស៊ី»។

ប្រធានាធិបតីអាមេរិក Joe Biden ក៏ជាអ្នកឈ្នះម្នាក់ផងដែរ។ លោកបានអនុវត្តយ៉ាងប៉ិនប្រសប់នូវគោលនយោបាយក្នុងការផ្តល់ការគាំទ្រដល់អ៊ុយក្រែន, ការដាក់ទណ្ឌកម្មលើរុស្ស៊ី និងការបដិសេធចំពោះការអំពាវនាវឱ្យមានការបញ្ជូនកងទ័ព ឬការបង្កើតឱ្យមានតំបន់គ្មានការហោះហើរ ហើយលោកអាចធ្វើកិច្ចការទាំងនេះបាន ដោយមិនបាននាំមកនូវហានិភ័យនៃការកើតមានសង្គ្រាមលោកលើកទី៣ ទេ។

លោក Biden ក៏បានបង្រួបបង្រួមសម្ព័ន្ធមិត្តរបស់អាមេរិកឡើងវិញផងដែរ ដែលនេះគឺជារឿងចាំបាច់ខ្លាំងណាស់ ជាពិសេសបន្ទាប់ពីការដឹកនាំរបស់លោក Trump អស់រយៈពេល ៤ ឆ្នាំ និងការដកទ័ពរបស់សហរដ្ឋអាមេរិកយ៉ាងខុសឆ្គងចេញពីអាហ្វហ្គានីស្ថាន។

ប៉ុន្តែកំហុសដ៏ធំមួយរបស់លោកគឺការហៅលោក Putin ថាជា «ឧក្រិដ្ឋជនសង្រ្គាម» និងការបង្ហើបអំពីផែនការផ្លាស់ប្តូររបប។ គោលដៅនៃគោលនយោបាយរបស់សហរដ្ឋអាមេរិកគួរតែផ្តោតទៅលើ «ការធ្វើឱ្យលោក Putin បញ្ឈប់សង្រ្គាម និងការជៀសវាងនូវការបង្កើតឱ្យមានភាពតានតឹង»។

ប្រទេសចិននិងប្រធានាធិបតីចិន គឺ លោក Xi Jinping បាននិងកំពុងស្ថិតក្នុងទីតាំងយុទ្ធសាស្ត្រដ៏អាក្រក់មួយបើប្រៀបធៀបទៅនឹងកាលពីមួយខែមុន។ តាមរយៈការភ្ជាប់ទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយលោក Putin លោក Xi បានធ្វើឱ្យខ្លួនលោកត្រូវរងនូវការរិះគន់ និងបានបង្កនូវផលប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់ប្រទេសចិន ហើយវាក៏បានធ្វើឱ្យប្រទេសចិនប្រឈមមុខនឹងហានិភ័យនៃការដាក់ទណ្ឌកម្មផងដែរ។

ប្រទេសចិនបានព្យាយាមបំបែកបំបាក់លោកខាងលិចអស់រយៈពេលជាយូរណាស់មកហើយ។ ក៏ប៉ុន្តែការចូលរួមរបស់ចិនជាមួយរុស្ស៊ី បានដើរផ្ទុយពីគោលដៅខាងលើ ដោយក្នុងនោះ វាបានធ្វើឱ្យតំបន់អឺរ៉ុបខាង លិចផ្តាច់ខ្លួនចេញពីប្រទេសចិន។

វាអាចនឹងធ្វើឱ្យគោលនយោបាយរបស់សហរដ្ឋអាមេរិកចំពោះប្រទេសចិនមានលក្ខណៈកាន់តែតឹងតែង ហើយក៏បានលាតត្រដាងឱ្យឃើញផងដែរអំពីផលប៉ះពាល់ដែលចិនត្រូវជួបប្រទះ ប្រសិនបើចិនហ៊ានចាត់វិធានការ យោធាប្រឆាំងនឹងកោះតៃវ៉ាន់។

នៅក្នុងសង្រ្គាមនេះ អ្នកចាញ់នឹងមានចំនួនច្រើនជាងអ្នកឈ្នះ។ អង្គការសហប្រជាជាតិ ជាពិសេសក្រុមប្រឹក្សាសន្តិសុខបានក្លាយជាតួអង្គដែលគ្មានបានការ។ សង្រ្គាមនឹងបង្កផលអាក្រក់ដល់កិច្ចខិតខំប្រឹងប្រែងជាសកល ក្នុងការកាត់បន្ថយការរីករាលដាលនៃអាវុធនុយក្លេអ៊ែរ។

ប្រទេសអ៊ុយក្រែនបានបោះបង់ចោលឃ្លាំងស្តុកអាវុធរបស់ខ្លួនកាលពី ២៨ឆ្នាំមុន ជាថ្នូរនឹងការធានានូវបូរណភាពទឹកដីរបស់ប្រទេស ក៏ប៉ុន្តែបែរជាត្រូវរងនូវការឈ្លានពានចំនួន ២ដង ដោយគិតចាប់តាំងពីឆ្នាំ ២០១៤ មក។

វិបត្តិនេះក៏ផ្តល់ផលអាក្រក់ផងដែរដល់កិច្ចខិតខំប្រឹងប្រែងក្នុងការប្រយុទ្ធប្រឆាំងនឹងបញ្ហាស្តីពីការប្រែប្រួលអាកាសធាតុ។

សង្គ្រាមនេះក៏ជាវិបត្តិដ៏អាក្រក់មួយផង ដែរសម្រាប់អ្នកដែលតែងតែអះអាងថា «ការដណ្តើមយកទឹកដី និងសង្រ្គាមរវាងប្រទេសនានា គឺជារឿងអតីតកាល» និងសម្រាប់អ្នកដែលបានអះអាងនៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះថា «ស្ថានភាពមិនដែលមានភាពប្រសើរជាងមុននោះទេ»។

ព្រឹត្តិការណ៍នេះក៏បានបង្ហាញនូវភាពខុសឆ្គងផងដែរចំពោះអំណះអំណាងដែលថា «គ្រោះថ្នាក់ដ៏ធំបំផុតចំពោះសន្តិសុខអន្តរជាតិ គឺការឈ្លានពានរបស់អាមេរិក»។

ចុងក្រោយ បញ្ហាដ៏សំខាន់គឺថា «តើជម្លោះនេះនឹងមានន័យយ៉ាងណាចំពោះសណ្តាប់ធ្នាប់ពិភពលោក»។ ការឈ្លានពានរបស់រុស្ស៊ីបានរំលោភលើគោលការណ៍មូលដ្ឋានស្តីពីស្ថិរភាពពិភពលោក ដែលនោះគឺ «ព្រំដែនមិនអាចត្រូវបានផ្លាស់ប្តូរដោយការគំរាមកំហែង ឬការប្រើប្រាស់កម្លាំងឡើយ»។

មនុស្សភាគច្រើន នឹងផ្តោតចំណាប់អារម្មណ៍លើបញ្ហាថា «តើលោក Putin អាចរួចខ្លួនពីល្បែងរបស់លោកដែរឬអត់» ឬ «តើផលប៉ះពាល់ ដែលលោកត្រូវទទួលរងនឹងមានចំនួនច្រើនជាងផលចំណេញដែរឬទេ?»

បញ្ហានេះនឹងក្លាយជាការវិនិច្ឆ័យចុងក្រោយទាក់ទងនឹងអ្នកឈ្នះ និងអ្នកចាញ់នៅក្នុងសង្គ្រាមរបស់លោក Putin៕ Project Syndicate

អត្ថបទទាក់ទង