ខ្មែរប៉ុស្ដិ៍ Close

    ធនាគារពិភពលោក ទម្លាក់ការព្យាកណ៍កំណើនសេដ្ឋកិច្ចរបស់តំបន់អាស៊ីសម្រាប់ឆ្នាំ២០២២ ដោយសារសង្គ្រាមនៅអ៊ុយក្រែន

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី៦ ខែមេសា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 1184
    ធនាគារពិភពលោក ទម្លាក់ការព្យាកណ៍កំណើនសេដ្ឋកិច្ចរបស់តំបន់អាស៊ីសម្រាប់ឆ្នាំ២០២២ ដោយសារសង្គ្រាមនៅអ៊ុយក្រែនធនាគារពិភពលោក ទម្លាក់ការព្យាកណ៍កំណើនសេដ្ឋកិច្ចរបស់តំបន់អាស៊ីសម្រាប់ឆ្នាំ២០២២ ដោយសារសង្គ្រាមនៅអ៊ុយក្រែន

    ធនាគារពិភពលោក បានទម្លាក់ការព្យាករណ៍កំណើនសេដ្ឋកិច្ចរបស់ខ្លួនសម្រាប់តំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ដោយបន្ទោសទៅលើសង្រ្គាមនៅអ៊ុយក្រែន, ការកើនឡើងនៃអតិផរណានៅសហរដ្ឋអាមេរិក និងការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ចនៅក្នុងប្រទេសចិន ដែលជាហានិភ័យដល់កំណើនសេដ្ឋកិច្ចនៅក្នុងតំបន់។

    ធនាគារពិភពលោកបាននិយាយនៅក្នុងរបាយការណ៍មួយដែលបានចេញផ្សាយកាលពីថ្ងៃអង្គារថា តំបន់អាស៊ីនឹងមានកំណើនសេដ្ឋកិច្ចចំនួន ៥% នៅឆ្នាំ២០២២នេះ ដោយធ្លាក់ចុះពីចំនួន ៥,៤% ដែលជាការព្យាករណ៍កាលពីខែតុលា។

    ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិមួយនេះបាននិយាយថា ប៉ុន្តែកំណើននេះអាចបន្តធ្លាក់ចុះមកនៅត្រឹម ៤% ប៉ុណ្ណោះ ប្រសិនបើស្ថានភាពកាន់តែអាក្រក់ជាងនេះ បូករួមនឹងការឆ្លើយតបរបស់រដ្ឋាភិបាលតាមដោយនយោបាយមិនមានប្រសិទ្ធភាព និងបានអំពាវនាវឱ្យមាន «កំណែទម្រង់ស៊ីជម្រៅលើគោលនយោបាយសារពើពន្ធ, ធានារ៉ាប់រ៉ង, ពាណិជ្ជកម្ម និងនវានុវត្តន៍»។

    អនុប្រធានធនាគារពិភពលោកប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក លោក Manuela Ferro បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «មិនខុសពីសេដ្ឋកិច្ចរបស់តំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វិកដែលបាននិងកំពុងងើបឡើងវិញពីវិបត្តិដែលបណ្តាលមកពីជំងឺរាតត្បាតនោះទេ សង្គ្រាមនៅអ៊ុយក្រែនក៏កំពុងបង្អាក់ដល់សន្ទុះនៃកំណើនសេដ្ឋកិច្ចផងដែរ»។

    «គោលការណ៍ជាមូលដ្ឋានគ្រឹះដ៏រឹងមាំ និងគោលនយោបាយដ៏ច្បាស់លាស់របស់តំបន់ គួរតែអាចជួយក្នុងការទប់ទល់នឹងវិបត្តិទាំងនេះបាន»។

    បើតាមរបាយការណ៍ ប្រទេសចិនត្រូវបានគេព្យាករណ៍ថា នឹងមានកំណើនសេដ្ឋកិច្ចចំនួន ៥% នៅឆ្នាំនេះ ដោយធ្លាក់ចុះពី ៥,៤% ដែលជាការកត់សម្គាល់អំពីសមត្ថភាពរបស់រដ្ឋាភិបាលចិនក្នុងការផ្តល់កញ្ចប់ថវិកាសង្គ្រោះដើម្បីប៉ះប៉ូវដល់ផលប៉ះពាល់អវិជ្ជមាននានា។

    ប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតលំដាប់ទី២ របស់ពិភពលោកមួយនេះ កំពុងថយចុះកំណើន ដោយសារការបិទខ្ទប់ដ៏តឹងរ៉ឹងបំផុតក្នុងគោលបំណងដើម្បីទប់ស្កាត់ការរាតត្បាតដ៏អាក្រក់នៃមេរោគកូវីដ-១៩ ចាប់តាំងពីពេលចាប់ផ្តើមមក និងដែលបានធ្វើឱ្យប៉ះពាល់ដល់ផលិតកម្មនិងតម្រូវការយ៉ាងធ្ងន់ធ្ងរ។

    បើដកប្រទេសចិនមួយចេញ គេរំពឹងថា តំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក នឹងមានកំណើនចំនួន ៤,៨% ដោយធ្លាក់ចុះពី ៥,២%។ នៅអាស៊ីអាគ្នេយ៍ ហ្វីលីពីនគឺជាប្រទេសដែលមានអត្រាកំណើនដ៏រឹងមាំបំផុតមួយ ពោលគឺនឹងមាន ប្រមាណ ៥,៧% ហើយបន្ទាប់មកគឺម៉ាឡេស៊ី វៀតណាម និងឥណ្ឌូណេស៊ី។

    លោក Carlos Casanova សេដ្ឋវិទូជាន់ខ្ពស់សម្រាប់តំបន់អាស៊ីនៅធនាគារ UBP ក្នុងទីក្រុងហុងកុងបានឱ្យដឹងថា ការទម្លាក់ការព្យាករណ៍កំណើនសេដ្ឋកិច្ចរបស់ធនាគារពិភពលោក គឺបានឆ្លុះបញ្ចាំងអំពីការធ្លាក់ចុះនៃតម្រូវការនៅក្នុងប្រទេសចិន និងការកើនឡើងនូវតម្លៃថាមពល។

    លោក Casanova បាននិយាយថា «ពេលវេលានេះគឺឆាប់ពេកក្នុងការកំណត់ថា ការរំខានដល់ខ្សែច្រវ៉ាក់ផ្គត់ផ្គង់សកលនឹងបន្តទៅមុខ ប៉ុន្តែវាជាពេលវេលាសមស្របមួយក្នុងការសន្មត់ថា អតិផរណានឹងនៅតែខ្ពស់ជាងគោលដៅដែលបានកំណត់នៅក្នុងបណ្ដាប្រទេសភាគច្រើននៅអាស៊ីក្នុងឆ្នាំ២០២២ នេះ មុននឹងធ្លាក់ចុះមក វិញនៅឆ្នាំ២០២៣។

    សម្រាប់ប្រទេសចិន ខែដែលមានកំណើនខ្សោយបំផុតនៅតែបន្តមាន ប៉ុន្តែយើងរំពឹងថា នឹងមានចំណុចរបត់មួយនៅក្នុងសកម្មភាពសេដ្ឋកិច្ចក្នុងខែមិថុនាខាងមុខ នៅពេលដែលគោលនយោបាយផ្ដល់កញ្ចប់ថវិកាសង្គ្រោះចូលជាធរមាន»។

    លោក Tim Harcourt ប្រធានសេដ្ឋវិទូនៅវិទ្យាស្ថានសម្រាប់គោលនយោបាយសាធារណៈ និងអភិបាលកិច្ច នៃសាកលវិទ្យាល័យបច្ចេកវិទ្យាស៊ីដនីបានឱ្យដឹងថា ទន្ទឹមនោះ វាក៏មានសញ្ញាលើកទឹកចិត្តខាងសេដ្ឋកិច្ចមួយចំនួនផងដែរ។

    លោក Harcourt បាននិយាយថា «មានសញ្ញាមួយចំនួននៃការសម្រួលដល់ការលំបាកក្នុងការដឹកជញ្ជូន, តម្លៃទំនិញមានស្ថិរភាពល្អ។ ដូច្នេះ នោះ​គឺជា​ហេតុផល​ដ៏​ល្អ ក្នុង​ការ​ទុក​ចិត្ត​លើ​ការ​ព្យាករណ៍​របស់​ធនាគារ​ពិភពលោក។ ប៉ុន្តែការកើនឡើងនៃជម្លោះរវាងរុស្ស៊ី-អ៊ុយក្រែន និងសម្ពាធពីអតិផរណា នឹងអាចនាំឱ្យមានការព្យាករណ៍ឡើងវិញនៅពេលខាងមុខ»៕ Al Jazeera

    អត្ថបទទាក់ទង