ខ្មែរប៉ុស្ដិ៍ Close

    ប្រទេសនៅអាស៊ីចាប់ផ្តើមជ្រើសរើសយកភាគីណាមួយនៅក្នុងសង្គ្រាមត្រជាក់រវាងអាមេរិក-រុស្ស៊ី

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី៧ ខែមេសា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 1840
    ប្រទេសនៅអាស៊ីចាប់ផ្តើមជ្រើសរើសយកភាគីណាមួយនៅក្នុងសង្គ្រាមត្រជាក់រវាងអាមេរិក-រុស្ស៊ីប្រទេសនៅអាស៊ីចាប់ផ្តើមជ្រើសរើសយកភាគីណាមួយនៅក្នុងសង្គ្រាមត្រជាក់រវាងអាមេរិក-រុស្ស៊ី

    កាលពីឆ្នាំមុន រដ្ឋការលោក បៃឌិន បានរៀបចំ «កិច្ចប្រជុំកំពូលសម្រាប់លទ្ធិប្រជាធិបតេយ្យ» ដែលជាសន្និសីទពិភពលោកមានការចូលរួមពីសំណាក់ប្រទេសចំនួន ១១០ មកពីជុំវិញពិភពលោក។ កិច្ចប្រជុំកំពូលនេះត្រូវបានរៀបចំឡើងដើម្បីបង្ហាញអំពីការប្តេជ្ញាចិត្តរបស់រដ្ឋការលោក បៃីន ចំពោះគោលនយោបាយការបរទេសដោយផ្អែកទៅលើគុណតម្លៃ។ ប៉ុន្តែដំណើរការនៃការជ្រើសរើសប្រទេសមកចូលរួម បានបង្កឱ្យមាន ភាពចម្រូងចម្រាស និងមានការបែកបាក់យ៉ាងខ្លាំង។

    ប្រទេសប្រជាធិបតេយ្យដែលមានភាពចាស់ទុំនៅអាស៊ី ដូចជា ជប៉ុន, កូរ៉េខាងត្បូង និង កោះតៃវ៉ាន់ ស្ថិតនៅក្នុងចំណោមប្រទេសដែលត្រូវបានគេអញ្ជើញឱ្យចូលរួម។ ស្របពេលជាមួយគ្នានេះ បើទោះបីជាកំពុងមាននិន្នាការឆ្ពោះទៅរកលទ្ធិប្រជានិយមផ្តាច់ការយ៉ាងណាក៏ដោយ ក៏ប្រទេសមួយចំនួនដូចជា ហ្វីលីពីន និង ឥណ្ឌា ក៏ស្ថិតនៅក្នុងចំណោមប្រទេសដែលត្រូវបានគេអញ្ជើញឱ្យចូលរួមផងដែរ។

    ទន្ទឹមគ្នានេះដែរ ប្រទេសសិង្ហបុរីដែលជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់របស់សហរដ្ឋអាមេរិកនៅអាស៊ី ហើយក៏ជាប្រទេសដែលមានរដ្ឋាភិបាលកើតឡើងតាមរយៈការឆ្នោតផងដែរនោះ បែរជាមិនត្រូវបានគេអញ្ជើញឱ្យចូលរួមទៅវិញ។

    ការឈ្លានពានរបស់ប្រទេសរុស្ស៊ីមកលើប្រទេសអ៊ុយក្រែន និងសកម្មភាពឆ្លើយតបភ្លាមៗរបស់ប្រទេសធំៗ នៅក្នុងតំបន់បានវិវត្តយ៉ាងរហ័ស និងបានបង្កអោយមានការរៀបចំចងក្រងសម្ព័ន្ធមិត្តជាយុទ្ធសាស្ត្រ នៅតំបន់អាស៊ីឡើងវិញ រហូតអ្នកខ្លះបានចាត់ទុកថា នេះគឺជាការចាប់ផ្តើមនៃសង្គ្រាមត្រជាក់ថ្មី។

    ថ្វីបើប្រទេសសិង្ហបុរីមានប្រវត្តិជាយូរមកហើយ ពាក់ព័ន្ធនឹងការរក្សាអព្យាក្រឹតភាពជាយុទ្ធសាស្ត្រក៏ដោយ ក៏ប្រទេសនេះបានចូលរួមជាមួយប្រទេសសំខាន់ៗនៅអាស៊ី ដូចជា ជប៉ុន, កូរ៉េខាងត្បូង និង កោះតៃវ៉ាន់ ក្នុងការដាក់ទណ្ឌកម្មដ៏ខ្លាំងក្លាប្រឆាំងនឹងទីក្រុងម៉ូស្គូ។

    ហើយប្រទេសនេះក៏បានចូលរួមគាំទ្រចំពោះសេចក្តីសម្រេច របស់មហាសន្និបាតអង្គការសហប្រជាជាតិ ដែលបានថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការឈ្លានពានរបស់រុស្ស៊ីប្រឆាំងនឹងប្រទេសដែលមានអធិបតេយ្យភាពមួយផងដែរ។

    ប្រទេសនៅអាស៊ី ដែលជាសម្ព័ន្ធមិត្តកំពូល និងយូរអង្វែងរបស់សហរដ្ឋអាមេរិកដូចជា ជប៉ុន និង កូរ៉េខាងត្បូង បានគាំទ្រយ៉ាងពេញទំហឹងចំពោះប្រទេសលោកខាងលិច។ ទីក្រុងតូក្យូ និង សេអ៊ូល មិនត្រឹមតែបានដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរ និងកំពុងតែធ្វើការពិចារណាឡើងវិញ ចំពោះការពឹងផ្អែកផ្នែកថាមពលរបស់ពួកគេលើប្រទេសរុស្ស៊ីប៉ុណ្ណោះទេ ពួកគេក៏កំពុងតែព្យាយាមបង្កើនទំនាក់ទំនងផ្នែកការពារជាតិឱ្យបានកាន់តែជិតស្និទ្ធជាមួយទីក្រុងវ៉ាស៊ីនតោន នៅក្នុងយុគសម័យថ្មីនៃភាពមិនប្រាកដប្រជាផ្នែកភូមិសាស្ត្រនយោបាយនេះថែមទៀតផង។

    កាលពីខែមុន អតីតនាយករដ្ឋមន្ត្រី ស៊ីនហ៊្យូ អាបេ បានអំពាវនាវឲ្យជប៉ុនរៀបចំទីតាំងដើម្បីដាក់អាវុធនុយក្លេអ៊ែររបស់អាមេរិក ក្នុងគោលបំណងដើម្បីទប់ស្កាត់ការឈ្លានពានដ៏ខ្លាំងក្លាពីសំណាក់ប្រទេសចិន ដែលជាគូប្រជែង។

    មិនតែប៉ុណ្ណោះ ប្រទេសជប៉ុនក៏បានបង្កើនថវិកាសម្រាប់ផ្នែកការពារជាតិរបស់ខ្លួនរហូតដល់ចំនួន ២៦៤ ពាន់លានដុល្លារបន្ថែមទៀត ខណៈពេលដែលប្រទេសរុស្ស៊ីនិងចិន កំពុងតែបង្ហាញចេតនាក្នុងការបំផ្លាញសណ្តាប់ធ្នាប់អន្តរជាតិ ដែលត្រូវបានបង្កើតឡើងក្រោយសង្គ្រាមលោកលើកទី២។

    ចំណែកលោក Yoon Suk-yeol ប្រធានាធិបតីជាប់ឆ្នោតរបស់ប្រទេសកូរ៉េខាងត្បូង ក៏បានបង្ហាញនូវការគាំទ្ររបស់គាត់ចំពោះការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិជាមួយសហរដ្ឋអាមេរិក ក៏ដូចជាបន្តរក្សាជំហរកាន់តែមឺងម៉ាត់ជាងមុនចំពោះប្រទេសចិនផងដែរ។

    មានការរំពឹងទុកទៀតថា នៅក្រោមការគ្រប់គ្រងរបស់ប្រធានាធិបតីអភិរក្ស-ជាតិនិយមថ្មី កូរ៉េខាងត្បូងអាចនឹងពង្រីកតួនាទីរបស់ខ្លួនចូលទៅក្នុងក្រុម «Quad-Plus» ជាមួយនឹងសហរដ្ឋអាមេរិក, អូស្ត្រាលី, ឥណ្ឌា និងជប៉ុន។

    អ្វីដែលជាចំណុចសំខាន់នោះគឺថា សូម្បីតែប្រទេសមហាអំណាចក្នុងតំបន់ដែលតែងតែរក្សាអព្យាក្រឹត្យភាព ក៏កំពុងតែគិតគូរឡើងវិញនូវយុទ្ធសាស្ត្ររបស់ពួកគេផងដែរ។

    កាលពីសប្តាហ៍មុន នាយករដ្ឋមន្ត្រីសិង្ហបុរី លី ស៊ានឡុង បានក្លាយជាមេដឹកនាំអាស៊ីដំបូងគេ ដែលបានធ្វើទស្សនកិច្ចនៅសេតវិមាននៅចំពេលដែលអឺរ៉ុបកំពុងតែមានការផ្ទុះឡើងនៃជម្លោះ ។

    ខណៈពេលដែលសហរដ្ឋអាមេរិក និងសិង្ហបុរី បានបង្ហាញនូវការរួបរួមគ្នាប្រឆាំងនឹងរុស្ស៊ី តាមរយៈការដាក់ទណ្ឌកម្មការទូត និងសេដ្ឋកិច្ចមកលើទីក្រុងម៉ូស្គូ ប្រទេសឥណ្ឌា បានងាកទៅពង្រឹងទំនាក់ទំនងយុទ្ធសាស្ត្រ និងសេដ្ឋកិច្ចជាមួយមហាអំណាចអឺរ៉ាស៊ីនេះទៅវិញ។

    សកម្មភាពនេះ គឺជាការធ្វើឱ្យភាពតានតឹងជាប្រវត្តិសាស្ត្ររវាងឥណ្ឌា និងលោកខាងលិច មានការកើតឡើងវិញ ហើយទីក្រុងវ៉ាស៊ីនតោនក៏បានជំរុញឱ្យទីក្រុងញូវ ដេលី ពិចារណាឡើងវិញចំពោះផែនការរបស់ខ្លួនក្នុងការជំរុញការនាំចូលថាមពល និងសម្ភារៈយោធាសំខាន់ៗប្រទេសរុស្ស៊ីផងដែរ។

    ការខ្វែងគំនិតគ្នាយ៉ាងខ្លាំងរវាងឥណ្ឌា និងអាមេរិកនៅលើបញ្ហាដែលថា «តើត្រូវដាក់ទណ្ឌកម្ម ឬត្រូវចូលរួមជាមួយរុស្ស៊ី» បានធ្វើឱ្យគេចោទជាសំណួរអំពីអនាគតនៃកិច្ចសន្ទនាសន្តិសុខ Quad ។

    សហរដ្ឋអាមេរិកកំពុងតែបង្ហាញការលើកទឹកចិត្តដល់ប្រទេសណាដែលបានចូលរួមជាមួយខ្លួនដើម្បីទប់ទល់នឹងរុស្ស៊ី។ ក្នុងរយៈពេលមួយខែ កន្លងមកនេះ លោក បៃឌិន បានធ្វើការលើកសរសើរជាសាធារណៈដល់ប្រទេសសិង្ហបុរី ដែលជាប្រទេសដែលមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយសហភាពអឺរ៉ាស៊ី ដែលដឹកនាំដោយប្រទេសរុស្ស៊ី ប៉ុន្តែបានចេញមកធ្វើការគាំទ្រដល់ប្រជាជនអ៊ុយក្រែន។

    លោក បៃឌិន បាននិយាយក្នុងអំឡុងពេលជួបពិភាក្សាជាមួយមេដឹកនាំសិង្ហបុរីថា «សឹង្ហបុរី និងសហរដ្ឋអាមេរិក បានរួបរួមគ្នាក្នុងការផ្ញើសារទៅគ្រប់ប្រជាជាតិទាំងអស់ថា ពួកគេមានសិទ្ធស្មើគ្នានៅលើឆាកអន្តរជាតិ ដោយមិនគិតអំពីទំហំទឹកដី ឬចំនួនប្រជាជននោះទេ។ ពួកគេមានសិទ្ធិចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដី និងមានសិទ្ធិក្នុងការកំណត់អនាគតរបស់ពួកគេដោយគ្មានការប្រើប្រាស់អំពើហិង្សា និងការបំភិតបំភ័យ»។

    លោក លី ដែលកំពុងធ្វើដំណើរទស្សនកិច្ចរយៈពេលមួយសប្តាហ៍នៅសហរដ្ឋអាមេរិកបានបញ្ជាក់សារជាថ្មី អំពីភាពជាដៃគូដ៏យូរអង្វែងនិងពហុភាគីរវាងសិង្ហបុរី និងសហរដ្ឋអាមេរិក ហើយក៏បានបង្ហាញអំពីការប្ដេជ្ញាចិត្តរួមក្នុងការគាំទ្រចំពោះសណ្តាប់ធ្នាប់ពិភពលោកដោយផ្អែកទៅលើច្បាប់ជាមូលដ្ឋាន។ ពួកគេក៏បានចេញនូវ សេចក្តីថ្លែងការណ៍រួមមួយ ដើម្បីជាការគូសបញ្ជាក់អំពីការប្តេជ្ញាចិត្តរួមគ្នារបស់ពួកគេក្នុងការបន្តដោះស្រាយជម្លោះដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិផងដែរ។

    ដោយគូសបញ្ជាក់អំពីសារៈសំខាន់របស់ប្រទេសសិង្ហបុរីនៅក្នុងយុទ្ធសាស្ត្រ «រារាំងរួមគ្នា» របស់រដ្ឋការលោក បៃឌិន នៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ភាគីទាំង២ ក៏បានអះអាងសារជាថ្មីនូវ «ការប្តេជ្ញាចិត្តរួមគ្នារបស់ពួកគេក្នុងការលើកកម្ពស់កំណើនសេដ្ឋកិច្ចដែលមានមូលដ្ឋានទូលំទូលាយនៅសហរដ្ឋអាមេរិក សិង្ហបុរី និងនៅប្រទេសនានានៅទូទាំងតំបន់»។

    បើទោះបីជាប្រទេសសិង្ហបុរីតែងតែប្រកាសអំពីការរក្សាភាពអព្យាក្រឹត្យ ប៉ុន្តែប្រទេសនេះតែងតែទទួលឱ្យកងទ័ពជើងទឹករបស់អាមេរិកចូលចតជាប្រចាំ ជាពិសេសចាប់តាំងពីកងទ័ពអាមេរិកបានចាកចេញ ពីមូលដ្ឋាននៅក្នុងប្រទេសហ្វីលីពីន។

    នៅទីក្រុងវ៉ាស៊ីនតោន ប្រទេសសិង្ហបុរីត្រូវបានចាត់ទុកថា ជាប្រទេសមិត្ត ប៉ុន្តែបានដើរតួរប្រៀបដូចជាសម្ព័ន្ធមិត្តរបស់អាមេរិក ដែលសកម្មភាពនេះមានភាពផ្ទុយស្រឡះពីប្រទេសដែលសម្ព័ន្ធមិត្តរបស់អាមេរិកដូចជាថៃ និងហ្វីលីពីន ដែលតែងតែបានងាកទៅរកប្រទេសចិននៅក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។

    ការឆ្លើយតបយ៉ាងមុតមាំរបស់សឹង្ហបុរីចំពោះការឈ្លានពានរបស់រុស្ស៊ី គឺជាការពង្រឹងយុទ្ធសាស្ត្រ និងការពង្រឹងការចងសម្ព័ន្ធមិត្តរវាងប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍មួយនេះ ជាមួយនឹងទីក្រុងវ៉ាស៊ីនតោន។

    ទំនាក់ទំនងរបស់អាមេរិកជាមួយឥណ្ឌា មានភាពរង្គោះរង្គើ ដោយសារតែការខ្វែងគំនិតគ្នាពាក់ព័ន្ធនឹងប្រទេសរុស្ស៊ីអស់រយៈពេលជាយូរមកហើយ។ បើតាមប្រវត្តិសាស្ត្រ ទីក្រុង ញូវ ដេលី បានពឹងផ្អែកទៅលើសព្វាវុធរបស់រុស្ស៊ី ដើម្បីពង្រឹងសមត្ថភាពការពារជាតិរបស់ខ្លួន ប្រឆាំងនឹងប្រទេសប៉ាគីស្ថានដែលជាសម្ព័ន្ធមិត្តដ៏សំខាន់របស់សហរដ្ឋអាមេរិកនៅចុងសតវត្សទី២០។

    ដោយសារតែការប្រកាន់អព្យាក្រឹតភាពរបស់លោកនាយករដ្ឋមន្ត្រី នេរុហ៍ និងការចង់រក្សាទំនាក់ទំនងសេដ្ឋកិច្ចឱ្យបានរឹងមាំជាមួយទីក្រុងប៉េកាំង ប្រទេសឥណ្ឌាបានបដិសេធម្តងហើយម្តងទៀត ចំពោះការចងសម្ព័ន្ធមិត្តហួសហេតុណាមួយជាមួយប្រទេសលោកខាងលិចដើម្បីប្រឆាំងនឹងប្រទេសចិន ។

    ប៉ុន្តែការកើនឡើង នៃភាពតានតឹងនៅតាមព្រំដែនជាមួយប្រទេសចិន បូកផ្សំនឹងការបង្កើនវត្តមានកងទ័ពជើងទឹករបស់ទីក្រុងប៉េកាំង នៅទូទាំងមហាសមុទ្រឥណ្ឌា បានជំរុញឱ្យប្រទេសឥណ្ឌាត្រូវពង្រឹងទំនាក់ទំនងផ្នែកការពារជាតិរបស់ខ្លួនជាបណ្តើរៗជាមួយលោកខាងលិច ជាពិសេសតាមរយៈកិច្ចសន្ទនា Quad។

    ខណៈពេលដែលការងើបឡើងរបស់ប្រទេសចិនបានជួយបង្រួបបង្រួមប្រទេសឥណ្ឌាជាមួយ នឹងប្រទេសលោកខាងលិចនៅក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ករណីនៃប្រទេសរុស្ស៊ីគឺជារឿងផ្សេងដែលផ្ទុយពីនេះ។ប្រទេសឥណ្ឌាបាន បោះឆ្នោតបដិសេធម្តងហើយម្តងទៀតចំពោះសេចក្តីសម្រេច របស់អង្គការសហប្រជាជាតិ ប្រឆាំងនឹងប្រទេសរុស្ស៊ីក្រោមហេតុផលនៃការរក្សាអព្យាក្រឹតភាពរបស់ខ្លួនជាយូរណាស់មកហើយ។

    ទីក្រុង ញូវ ដេលី កាលពីថ្មីៗនេះបានធ្វើជាម្ចាស់ផ្ទះដើម្បីទទួលរដ្ឋមន្ត្រីការបរទេសរុស្ស៊ី Sergei Lavrov ដែលឥឡូវនេះរូបលោកកំពុងត្រូវបានគេដាក់បញ្ចូលទៅក្នុងបញ្ជីនៃការដាក់ទណ្ឌកម្មរបស់ប្រទេសលោកខាងលិច ដើម្បីពិភាក្សាអំពីកិច្ចព្រមព្រៀងយុទ្ធសាស្ត្រ និងសេដ្ឋកិច្ចទ្រង់ទ្រាយធំ។

    ស្រដៀងគ្នានឹងប្រទេសចិនដែរ ប្រទេសឥណ្ឌាមានការជាប់ចិត្តជាមួយនឹងការទាក់ទាញរបស់ប្រទេសរុស្ស៊ីតាមរយៈការបញ្ចុះតម្លៃប្រេង និងការផ្តល់នូវអាវុធដ៏ទំនើបៗបំផុត ជាពិសេសគឺប្រព័ន្ធការពារមីស៊ីល S400។

    ជាការឆ្លើយតបនឹងបញ្ហានេះ មន្ត្រីកំពូលៗមកពីបណ្តាប្រទេសនៅក្នុងសម្ព័ន្ធប្រទេស Quad បានធ្វើការរិះគន់ជាសាធារណៈចំពោះអ្វីដែលពួកគេមើលឃើញថា ជាឱកាសនិយមផ្នែកយុទ្ធសាស្ត្ររបស់ឥណ្ឌានៅចំពេលកំពុងមានជម្លោះដ៏ឃោរឃៅនៅអឺរ៉ុប។

    ដោយបានបង្ហាញអំពីការខកចិត្តជាខ្លាំងនោះ រដ្ឋមន្ត្រីពាណិជ្ជកម្មអាមេរិកលោកស្រី Gina Raimondo បានលើកឡើងថា «ឥឡូវនេះ វាគឺជាពេលវេលាដែលប្រទេសនានាត្រូវងើបឈរជាមួយសហរដ្ឋអាមេរិក និងប្រទេសរាប់សិបផ្សេងទៀតដើម្បីគាំទ្រដល់សេរីភាព ប្រជាធិបតេយ្យ និងអធិបតេយ្យភាព ជាមួយប្រជាជនអ៊ុយក្រែន ហើយមិនត្រូវបន្តផ្តល់មូលនិធិ ដុតបញ្ឆេះ និងជួយដល់ការធ្វើសង្រ្គាមរបស់ប្រធានាធិបតី ពូទីន នោះទេ»។

    លោក Dan Tehan រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអូស្ត្រាលីបានអំពាវនាវឱ្យប្រទេសឥណ្ឌាងាកមកជួយលោកខាងលិចដើម្បីថែរក្សា «សណ្តាប់ធ្នាប់ផ្អែកទៅលើច្បាប់ដែលត្រូវបានបង្កើតឡើងតាំងពីក្រោយសង្គ្រាម លោកលើកទី២» ជាជាងជួយប្រទេសរុស្ស៊ីឱ្យគេចផុតពីទណ្ឌកម្មរបស់លោកខាងលិច។

    រដ្ឋបាលលោក បៃឌិន ថែមទាំងបានចាត់ឱ្យទីប្រឹក្សាសន្តិសុខជាតិ លោក Daleep Singh ដែលជាប្រធានក្រុមការងាររៀបចំការដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ីនៅពេលថ្មីៗនេះ ដើម្បីមកជួយរារាំងប្រទេសឥណ្ឌាពីការជួយឱ្យទីក្រុងម៉ូស្គូគេចផុតពីការដាក់ទណ្ឌកម្ម។

    មន្ត្រីកំពូលរបស់លោក បៃីន បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុង ញូវ ដេលី ថា «យើងមិនចង់ឃើញការបង្កើតនូវយន្តការទាំងឡាយណាដើម្បីផ្តល់ការគាំទ្រដល់ប្រាក់រូប, ធ្វើឱ្យខូចដល់ប្រព័ន្ធហិរញ្ញវត្ថុដែលពឹងផ្អែកទៅលើប្រាក់ដុល្លារ, និងអាចជួយឱ្យប្រទេសរុស្ស៊ីគេចផុតពីការដាក់ទណ្ឌកម្មហិរញ្ញវត្ថុរបស់ពួកយើងនោះទេ»។

    លោក Singh បានបន្ថែមថា «ហើយអ្វីដែលយើងមិនចង់ឃើញទៀតនោះគឺការបង្កើនល្បឿន យ៉ាងឆាប់រហ័សនៃការនាំចូលរបស់ឥណ្ឌាពីប្រទេសរុស្ស៊ី ទាក់ទងនឹងថាមពល ឬវត្ថុផ្សេងៗដែលបច្ចុប្បន្នកំពុងត្រូវបានហាមឃាត់ដោយសហរដ្ឋអាមេរិក និងហាមឃាត់ដោយការដាក់ទណ្ឌកម្មរបស់អន្តរជាតិ»។

    លោក Singh បានពណ៌នាអំពីប្រទេសរុស្ស៊ីថាជា «អ្នកផ្គត់ផ្គង់ដែលមិនអាចជឿទុកចិត្តបាន» ហើយរុស្ស៊ីក៏មិនអាចជួយទីក្រុង ញូវ ដេលី ដើម្បីប្រឆាំងនឹងទីក្រុងប៉េកាំងនៅក្នុងជម្លោះនាពេលអនាគតនោះដែរ៕ Asia Times

    អត្ថបទទាក់ទង