ខ្មែរប៉ុស្ដិ៍ Close

ទស្សនៈពលរដ្ឋ៖ «ការទាមទារដ៏គួរឲ្យអស់សំណើចរបស់អតីត បុគ្គលិកណាហ្គាវើលដ៏»

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសៅរ៍ ទី៩ ខែមេសា ឆ្នាំ២០២២ ទស្សនៈ - នយោបាយ 1562
ទស្សនៈពលរដ្ឋ៖ «ការទាមទារដ៏គួរឲ្យអស់សំណើចរបស់អតីត បុគ្គលិកណាហ្គាវើលដ៏»ទស្សនៈពលរដ្ឋ៖ «ការទាមទារដ៏គួរឲ្យអស់សំណើចរបស់អតីត បុគ្គលិកណាហ្គាវើលដ៏»

ក្រុមអតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៏ បាននាំគ្នាធ្វើបាតុកម្មប្រឆាំងនឹងម្ចាស់ក្រុមហ៊ុនដោយចោទក្រុមហ៊ុននេះថា ជាក្រុមហ៊ុនបរទេសដែលកេងប្រវ័ញ្ចលើបុគ្គលិកជនជាតិខ្មែរ។ ពួកគេបានស្រែកបរិហារក្រុមហ៊ុននេះសព្វបែបយ៉ាង។ ប៉ុន្តែ នៅពេលដែលគេបញ្ឈប់ចេញពីការងារ ដោយបើកប្រាក់សំណងឲ្យដល់បុគ្គលិកគ្រប់គ្នាស្របតាមច្បាប់ការងារ បែរជានាំគ្នាទាមទារឲ្យថៅកែយកចូលធ្វើការវិញ។

សំណួរសួរថា៖បើក្រុមហ៊ុននេះកេងប្រវ័ញ្ច ធ្វើបាបកម្មករ ម្តេចក៏ទាមទារទៅបន្តធ្វើការនៅកន្លែងដែលគេកេងប្រវ័ញ្ច និងធ្វើបាបទៅវិញ? ម្តេចមិនទៅរកកន្លែងធ្វើការដែលល្អដែលខ្លួនពេញចិត្តទៅ?

សំណួរនេះមិនពិបាកឆ្លើយទេ៖

ទី១៖ គឺមកពីពួកគេមានបំណងផ្សេងពីវិវាទការងារ ពោលគឺពួកគេទំនងជាចង់កកូរសភាពការណ៍ឲ្យមានសភាពរញ៉េរញ៉ៃ បាត់សណ្តាប់ធ្នាប់ខណៈដែលកម្ពុជាកំពុងធ្វើប្រធានអាស៊ានប្តូរវេន និងជាពិសេសកម្ពុជាកំពុងរៀបចំការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់។ គោលដៅនេះ ទំនងជាមិនមែនកើតចេញពីបុគ្គលិកទាំងអស់នោះទេ ប៉ុន្តែទំនងជាមានអ្នកនៅពីក្រោយខ្នង ចំណែកអតីតបុគ្គលិកមួយក្តាប់តូចនោះ គ្រាន់តែជាឈ្នាន់របស់គេតែប៉ុណ្ណោះ។

ទី២៖ ពួកអតីតបុគ្គលិកមួយក្តាប់តូចដែលនៅបន្តធ្វើជាឈ្នាន់ឲ្យគេនោះ ទំនងសុទ្ធសឹងជាមនុស្សខ្វះសមត្ថភាព និងពូកែតែខាងបង្ករឿងដែលពិបាករកការងារធ្វើ។ ប្រសិនបើឈប់ពីណាហ្គាវើលដ៏ ពួកគេមិនដឹងទៅរកការងារអ្វីធ្វើបានទេ ពីព្រោះគ្មានក្រុមហ៊ុនណាត្រូវការមនុស្សខ្វះសមត្ថភាពការងារ ហើយពូកែតែស៊ីឈ្នួលបាតដៃទី៣ នោះឡើយ។

សូមមើលចុះបុគ្គលិកផ្សេងៗទៀតជាង ១ ២០០ នាក់ ដែលត្រូវបានក្រុមហ៊ុនបញ្ឈប់ពីការងារ ពួកគេព្រមទទួលយកសំណង និងចេញទៅរកការងារថ្មីអស់ហើយ នៅឡើយតែក្រុមមួយក្តាប់តូចនេះប៉ុណ្ណោះដែលនៅបន្តការតវ៉ាខុសច្បាប់ និងខុសទំនង។

«ជាធម្មតា គេចង់ធ្វើការតែកន្លែងល្អៗដែលគេពេញចិត្ត»។ ប្រសិនបើកន្លែងធ្វើការណាមានថៅកែធ្វើបាបបុគ្គលិក គេមិនចង់ធ្វើការទេ គឺលាឈប់តែម្តង ដោយមិនចាំបាច់ដល់ថ្នាក់គេបណ្តេញចេញឡើយ ពីព្រោះគេប្រញាប់ទៅរកកន្លែងធ្វើការងារថ្មី។ ប៉ុន្តែ ក្រុមអតីតបុគ្គលិកណាហ្គាវើលដ៏មួយក្រុមនេះ បែរជាត្មះតិះដៀលក្រុមហ៊ុនគ្រប់បែបយ៉ាង ប៉ុន្តែនៅពេលគេបញ្ឈប់ពីការងារដោយផ្តល់សំណងគ្រប់យ៉ាងតាមច្បាប់ការងារទៀត បែរជាមិនព្រមឈប់ ហើយទាមទារឲ្យថៅកែយកចូលធ្វើការវិញ? នេះពិតជារឿងគួរឲ្យអស់សំណើចណាស់។

រឿងដែលគួរឲ្យអស់សំណើចមួយទៀត គឺពួកគេទាមទារឲ្យក្រុមហ៊ុនយកពួកគេចូលធ្វើការវិញជាថ្នូរជាមួយអ្នកដែលស្ម័គ្រចិត្តលាឈប់។ តើមានរបៀបដោះដូរដូច្នេះដែររឺទេនៅលើពិភពលោកយើងនេះ? តាមធម្មតា ថៅកែរើសបុគ្គលិកមកធ្វើការដោយធ្វើកិច្ចសន្យាជាមួយបុគ្គលិកម្នាក់ៗផ្ទាល់ខ្លួន។

គ្មានច្បាប់ណា ឬកិច្ចសន្យាណា ដែលបញ្ជាក់ថា ពេលបុគ្គលិកណាម្នាក់ឈប់ អាចយកមនុស្សមកដូរដោយខ្លួនឯងទេ។ មានតែក្រុមហ៊ុនប៉ុណ្ណោះដែលជាអ្នកទទួលខុសត្រូវក្នុងការរើសបុគ្គលិកមកបំពេញកន្លែងទំនេរប្រសិនបើចាំបាច់។ ចំណែកភាគីបុគ្គលិកដែលសុំឈប់ ក៏គ្មានសិទ្ធិស្នើដាក់អ្នកណាម្នាក់មកជំនួសបានឡើយ។ ចំណែកអ្នកផ្សេងរឹតតែមិនអាច។ គ្មានអ្នកស្វែងរកការងារណា គេអង្គុយរង់ចាំឱ្យមានអ្នកលាឈប់ពីការងារដើម្បីសុំឲ្យថៅកែយកខ្លួនទៅដាក់ជំនួសកន្លែងអ្នកដែលបានលាឈប់នោះទេ ពីព្រោះការរើសបុគ្គលិក គេត្រូវមើលសមត្ថភាព ទេពកោសល្យ និងអត្តចរិត។ល។ ប៉ុន្តែ អតីតបុគ្គលិកណាហ្គាវើលដ៏ មួយក្តាប់តូចដឹកនាំដោយមេក្លោងដែលបានទទួលការបំពាក់បំប៉នពីពួកបរទេស និងដែលមានទំនាក់ទំនងនយោបាយជិតស្និទ្ធជាមួយពួកបក្សប្រឆាំង និងក្រុមសហជីពមួយចំនួនដែលមិនយល់ច្បាប់ បានលើកសំណើរដ៏គួរឲ្យអស់សំណើចនេះ។

នេះក៏ជាទឡ្ហីករណ៍មួយទៀតដែលបញ្ជាក់ថា ក្រុមនេះជាមនុស្សគ្មានសមត្ថភាព ដែលមិនអាចរកការងារបានទេក្រៅពីស៊ីឈ្នួលធ្វើបាតុកម្ម។ គ្រប់ក្រុមហ៊ុនទាំងអស់សុទ្ធតែបានកត់ត្រាមនុស្សក្នុងក្រុមនេះទុកក្នុងបញ្ជីស្បែកខ្មៅហើយ ពីព្រោះការទទួលយកក្រុមនេះទៅធ្វើការ មិនខុសពីនាំភ្លើងចូលផ្ទះនោះឡើយ

រឿងដ៏គួរឲ្យអស់សំណើចទាំងនេះ ត្រូវបានដាក់ស្នើឡើងដោយក្រុមបាតុករ និងសហជីពមាននិន្នាការប្រឆាំងរដ្ឋាភិបាល ហើយក៏នៅមានក្រុមសង្គមស៊ីវិល និងដែលអ្នកតាំងខ្លួនថា ជាអ្នកចេះដឹងមួយចំនួន បានគាំទ្រទៀត? នេះហើយជាហេតុផលដែលធ្វើឲ្យរាំងស្ទះដល់ដំណើរការចរចារកដំណោះស្រាយ។

បើត្រឹមវិវាទការងារ មិនជាពិបាកទេ ប៉ុន្តែការយកវិវាទការងារជាលេសដើម្បីបិទបាំងរបៀបវារៈផ្សេងទេតើ ដែលពិបាកនោះ។ ដោយសារតែបំពេញរបៀបវារៈនយោបាយរបស់ខ្លួន សូម្បីតែរឿងដ៏គួរឲ្យអស់សំណើច និងគួរឲ្យខ្មាសអៀនបែបនេះ ក៏ពួកគេអាចធ្វើទៅរួចដែរ៕

ដោយ : នាយខ្វិត