ខ្មែរប៉ុស្ដិ៍ Close

គោលនយោបាយរូបិយវត្ថុរបស់អាមេរិក និងអនាគតសេដ្ឋកិច្ចរបស់អាស៊ី

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអាទិត្យ ទី១០ ខែមេសា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 2177
គោលនយោបាយរូបិយវត្ថុរបស់អាមេរិក និងអនាគតសេដ្ឋកិច្ចរបស់អាស៊ីគោលនយោបាយរូបិយវត្ថុរបស់អាមេរិក និងអនាគតសេដ្ឋកិច្ចរបស់អាស៊ី

ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនបួករួមនឹងផលប៉ះពាល់ទៅលើតម្លៃថាមពល បាននិងកំពុងធ្វើតេស្តលើភាពរឹងមាំផ្នែកសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរបស់តំបន់អាស៊ី។ ការកើនឡើងថ្មីៗនៃតម្លៃប្រេងនៅក្នុងពិភពលោក បាននិងកំពុងបង្កការព្រួយបារម្ភអំពីការកើនឡើង នៃអត្រាអតិផរណា ហើយការដាក់ទណ្ឌកម្មនៅក្នុងប្រព័ន្ធ «SWIFT» បានជំរុញឱ្យមានតម្រូវការក្នុងការបញ្ចេញសាច់ប្រាក់ដុល្លារអាមេរិកដែលជាហេតុធ្វើឱ្យធនាគារកណ្តាលអាមេរិក (Fed) បង្កើនអត្រាការប្រាក់ជាលើកដំបូង បើគិតចាប់តាំងពីឆ្នាំ២០១៨ ដើម្បីទប់ស្កាត់បញ្ហាអតិផរណា។

វីរុសកូវីដ-១៩ បានបន្សល់ទុកផល ប៉ះពាល់យ៉ាងធ្ងន់ធ្ងរ នៅក្នុងតារាងតុល្យការ (Balance Sheet) របស់ធនាគារកណ្តាលអាមេរិក។ ចាប់តាំងពីដើមឆ្នាំ ២០២០ មក ធនាគារកណ្តាលបានបញ្ចូលសាច់ប្រាក់ទៅក្នុងប្រព័ន្ធហិរញ្ញវត្ថុដើម្បីទប់ស្កាត់ផលប៉ះពាល់លើអត្រាការប្រាក់។ តារាងតុល្យការបានកើនឡើងដល់ជិត ៩ ទ្រីលានដុល្លារ បើប្រៀបធៀបនឹងចំនួន ៤ ទ្រីលានដុល្លារ នៅមុនពេលកើតមានវីរុសរាតត្បាតកូវីដ-១៩។

នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ ២០២២ ធនាគារកណ្តាលបានដំឡើងអត្រាការប្រាក់ពី ០,២៥% ទៅដល់ ០,៥%។ សេដ្ឋកិច្ចអាមេរិកនៅតែបន្តបង្ហាញអំពី ភាពធន់របស់ខ្លួនជាមួយនឹងទីផ្សារការងារដ៏រឹងមាំបើទោះបីជាពិភព លោកកំពុងប្រឈម មុខនឹងសង្គ្រាមនៅអ៊ុយក្រែន និងតម្លៃថាមពលកើនឡើងខ្ពស់យ៉ាងណាក៏ដោយ។ ដោយសារអតិផរណាបាននិងកំពុងកើនឡើងធនាគារកណ្តាលអាចនឹងបន្តផ្លាស់ប្តូរគោលនយោបាយអត្រាការប្រាក់ របស់ខ្លួន។

ផ្អែកលើប្រវត្តិសាស្ត្រ ការរឹតបន្តឹងរបស់ធនាគារកណ្តាល តែងតែនាំមកនូវការធ្លាក់ចុះនៃសេដ្ឋកិច្ចនៅក្នុងសហរដ្ឋអាមេរិក និងនៅក្នុងបណ្តាប្រទេសដែលកំពុងរីកចម្រើន។ នៅចន្លោះឆ្នាំ១៩៨០ ដល់១៩៨២ ការរឹតបន្តឹងរូបិយវត្ថុបាននាំមកនូវការធ្លាក់ចុះនៃសេដ្ឋកិច្ច ខណៈដែលការដំឡើងអត្រាការ ប្រាក់នៅចន្លោះឆ្នាំ ១៩៨៦ ដល់ ១៩៨៩ បានបង្កឱ្យមានវិបត្តិប្រាក់សន្សំ និងប្រាក់កម្ចី ហើយក្រោយមកជាមួយនឹងការធ្លាក់ចុះនៃតម្លៃប្រេងនៅឆ្នាំ ១៩៩៩ សេដ្ឋកិច្ចរបស់អាមេរិកក៏បានជួបប្រទះនឹងវិបត្តិនៅក្នុងរយៈពេលខ្លី។

នៅឆ្នាំ១៩៩៣ ការរឹតបន្តឹងបាននាំមកនូវការកើនឡើងដ៍គួរឱ្យកត់សម្គាល់នូវអត្រាការប្រាក់រយៈពេលវែង និងបន្ទុកលើប្រាក់កម្ចីរបស់ក្រុមហ៊ុន (Borrowing Cost)។ ខណៈពេលដែលសហរដ្ឋអាមេរិកបានចៀសផុតពីវិបត្តិសេដ្ឋកិច្ច ការធ្លាក់ចុះភ្លាមៗនៃលំហូរមូលធន និងការដួលរលំនៃប្រាក់ប៉េសូរបស់ម៉ិកស៊ិក ក៏បានកើតមាននៅឆ្នាំ ១៩៩៤ បូករួមនឹងវិបត្តិហិរញ្ញវត្ថុនៅទូទាំងអាមេរិកឡាទីន (១៩៩៤-១៩៩៥) និងនៅអាស៊ី (១៩៩៧-១៩៩៨)។

ការរឹតបន្តឹងរូបិយវត្ថុនៅចន្លោះឆ្នាំ ២០០៤ ដល់ ២០០៧ បានបង្កផលប៉ះពាល់ដល់ទីផ្សារលំនៅដ្ឋានរបស់អាមេរិក និងបានធ្វើឱ្យសេដ្ឋកិច្ចពិភពលោកធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ចនៅក្នុងឆ្នាំ ២០០៨-២០០៩។ ការរឹតបន្តឹងចុងក្រោយរបស់ធនាគារកណ្តាលអាមេរិកនៅក្នុងឆ្នាំ ២០១៥-២០១៨ បានផ្អាកវិញភ្លាមៗដោយសារតែមានប្រតិកម្មប្រឆាំងពីទីផ្សារ ហើយបន្ទាប់មក ពិភពលោកក៏បានរងនូវការវាយប្រហារដោយវីរុស កូវីដ-១៩។

ការដំឡើងអត្រាការប្រាក់របស់អាមេរិកនឹងជះឥទ្ធិពលយ៉ាងខ្លាំងដល់សេដ្ឋកិច្ចអាស៊ី ជាពិសេសនៅក្នុងផ្នែកពាណិជ្ជកម្ម, អត្រាប្តូរប្រាក់ និងបណ្តាញទីផ្សារហិរញ្ញវត្ថុ។ អត្រាការប្រាក់កាន់តែខ្ពស់នឹងបង្កផលប៉ះពាល់ដល់តម្រូវការ ដែលជាហេតុឈានទៅដល់ការកាត់បន្ថយតម្រូវការសម្រាប់ការ នាំចេញទំនិញពីតំបន់អាស៊ី។ ផលចំណេញខ្ពស់នៅក្នុងផ្នែកទ្រព្យសកម្មរបស់អាមេរិក នឹងទាក់ទាញការវិនិយោគពីអន្តរជាតិ ហើយក៏អាចពង្រឹងតម្រូវការសម្រាប់ប្រាក់ដុល្លារអាមេរិកផងដែរ។

ការឡើងថ្លៃនៃប្រាក់ដុល្លារអាចជួយប៉ះប៉ូវនូវការធ្លាក់ចុះមួយចំនួននៅក្នុងវិស័យពាណិជ្ជកម្មរបស់តំបន់អាស៊ី។ ក៏ប៉ុន្តែតម្លៃប្រេងកើនឡើងខ្ពស់នឹងធ្វើឱ្យប្រាក់ចំណូលមានការធ្លាក់ចុះ ហើយកំណើន នឹងមានសភាពយឺត។ បណ្តាប្រទេសដែលមានសេដ្ឋកិច្ចកំពុងរីកចម្រើនត្រូវតែចាត់វិធានការឱ្យបានម៉ត់ចត់នៅក្នុងស្ថានភាពដ៏ច្របូកច្របល់នេះ។

បញ្ហាប្រឈមបន្ទាន់បំផុតដែលត្រូវដោះស្រាយគឺ «ការពង្រឹងការឃ្លាំមើលសេដ្ឋកិច្ច និងប្រភពថ្មីៗដែលអាចនាំមកនូវអស្ថិរភាពផ្នែកហិរញ្ញវត្ថុ»។ អតិផរណាបានកើត ឡើងដោយសារការ ស្ទុះងើបឡើងវិញដ៏រឹងមាំនៃសេដ្ឋកិច្ច បូករួមនឹងការកើនឡើងយ៉ាងខ្ពស់នៃតម្លៃអាហារ និងថាមពល និងការកើនឡើងនៃថ្លៃដឹកជញ្ជូន។

អាជ្ញាធររូបិយវត្ថុត្រូវតាមដានដោយប្រុងប្រយ័ត្ននូវហានិភ័យនានាដែលបង្កឡើងដោយការកើនឡើងនៃអតិផរណាហើយត្រូវត្រៀមខ្លួនដើម្បីធ្វើការកាត់បន្ថយអត្រាអតិផរណា។ ការធ្លាក់ចុះនៃរូបិយបណ្ណក្នុងស្រុក អាចនឹងបង្កភាពស្មុគស្មាញកាន់តែខ្លាំងដល់បញ្ហាអតិផរណា។

ការបន្តផ្តល់ជូននូវអត្រាការប្រាក់ទាប បានបង្កើនបំណុលនៅក្នុងវិស័យសាជីវកម្ម ក៏ដូចជាបំណុលគ្រួសារ។ អាជ្ញាធរហិរញ្ញវត្ថុគួរតែធ្វើការតាមដានឱ្យបានដិតដល់នូវហានិភ័យទាំងនេះ ហើយត្រូវចាត់វិធានការឱ្យបានឆាប់រហ័សដើម្បីបង្ការការកើតមានហានិភ័យក្នុងលក្ខណៈជាប្រព័ន្ធ។

ការពង្រីកគោលនយោបាយសារពើពន្ធដើម្បីឆ្លើយតបទៅនឹងវីរុសកូវីដ-១៩ បានបង្កើនបំណុលរបស់រដ្ឋាភិបាល។ ភាពងាយរងគ្រោះនៃបំណុលកំពុងស្ថិតក្នុងកម្រិតមួយដ៏ខ្ពស់ ជាពិសេសសម្រាប់បណ្តាប្រទេសដែល កំពុងប្រឈមមុខនឹងបន្ទុកបំណុលបរទេស និងដែលមានទុនបម្រុងរូបិយប័ណ្ណបរទេសមិនគ្រប់គ្រាន់។ ដើម្បីកាត់បន្ថយភាពងាយរងគ្រោះពីខាងក្រៅ ការគ្រប់គ្រងបំណុលសាធារណៈគឺជារឿងដ៏ចាំបាច់។

លំហូរមូលធនសកលដែលមានការប្រែប្រួលខ្លាំង អាចបង្កការរំខានដល់ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ហេតុដូច្នេះហើយ អាជ្ញាធរត្រូវតែមានការប្រុងប្រយ័ត្ន និងត្រៀមខ្លួនសម្រាប់ការផ្លាស់ប្តូរភ្លាមៗពាក់ព័ន្ធនឹងសតិអារម្មណ៍របស់វិនិយោគិន។

បណ្តាប្រទេសដែលមានសេដ្ឋកិច្ចកំពុងរីកចម្រើននឹងទទួលបានផលប្រយោជន៍ពីការពង្រឹងបណ្តាញសុវត្ថិភាពអន្តរជាតិ និងបណ្តាញសុវត្ថិភាពនៅក្នុងតំបន់។ វិបត្តិហិរញ្ញវត្ថុនៅក្នុងពេលកន្លងមកបានបង្ហាញថា «ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចតែមួយមុខនឹងមិនគ្រប់គ្រាន់នោះទេក្នុងការការពារស្ថិរភាពហិរញ្ញវត្ថុ»។ វិស័យហិរញ្ញវត្ថុសកលនឹងតម្រូវឱ្យមានការការពារដ៏រឹងមាំពីសកលលោកទាំងមូល។

បណ្តាញសុវត្ថិភាពហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាពទាមទារឱ្យមានវិធានការការពារប្រឆាំងនឹងវិបត្តិ និងវិធានការគ្រប់គ្រងវិបត្តិហើយវាអាចចាប់ផ្តើមជាមួយនឹងគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចជាតិដ៏ត្រឹមត្រូវ បូករួមនឹងការផ្តល់ជំនួយក្នុងតំបន់ដែលមានភាពបត់បែន និងកិច្ចសហប្រតិបត្តិការជាសកល។

សង្រ្គាមបានបង្កើតនូវភាពមិនច្បាស់លាស់ដ៏ធំ និងហានិភ័យកាន់តែច្រើនចំពោះលក្ខខណ្ឌហិរញ្ញវត្ថុសកល។ ប៉ុន្តែការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចដ៏រឹងមាំគឺជាមធ្យោបាយតែមួយគត់ ដើម្បីអាចជៀសផុតពីវិបត្តិ។ តំបន់អាស៊ីត្រូវតែចាប់យកឱកាសពីការផ្លាស់ប្តូរយ៉ាងឆាប់ រហ័សនៅក្នុងវិស័យឌីជីថលដើម្បីបង្កើនផលិតភាព, កំណើនសេដ្ឋកិច្ច និងការងារ។

អ្នកបង្កើតគោលនយោបាយក្នុងតំបន់ត្រូវតែពង្រឹងលទ្ធភាពក្នុងការប្រើប្រាស់ប្រព័ន្ធឌីជីថលឱ្យបានកាន់តែទូលំទូលាយ និងស្មើភាពគ្នា តាមរយៈការពង្រឹងហេដ្ឋារចនាសម្ព័ន្ធឌីជីថល, ការពង្រឹងសមត្ថភាពរបស់មនុស្សតាមរយៈការវិនិយោគ និងការធ្វើកំណែទម្រង់នៅក្នុងវិស័យអប់រំ, សុខភាព និងសេវាសាធារណៈ៕ East Asia Forum