ខ្មែរប៉ុស្ដិ៍ Close

    បុណ្យចូលឆ្នាំ៣ថ្ងៃបូកទាំងថ្ងៃអាទិត្យ១ថ្ងៃទៀត សរុបចំនួនភ្ញៀវទេសចរទូទាំងប្រទេសមានជាង ៥លាន ១៧ម៉ឺននាក់

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី១៨ ខែមេសា ឆ្នាំ២០២២ ព័ត៌មានទូទៅ 1172
    បុណ្យចូលឆ្នាំ៣ថ្ងៃបូកទាំងថ្ងៃអាទិត្យ១ថ្ងៃទៀត សរុបចំនួនភ្ញៀវទេសចរទូទាំងប្រទេសមានជាង ៥លាន ១៧ម៉ឺននាក់បុណ្យចូលឆ្នាំ៣ថ្ងៃបូកទាំងថ្ងៃអាទិត្យ១ថ្ងៃទៀត សរុបចំនួនភ្ញៀវទេសចរទូទាំងប្រទេសមានជាង ៥លាន ១៧ម៉ឺននាក់

    បើតាមលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែររយៈពេល៣ថ្ងៃ និងថ្ងៃអាទិត្យ១ថ្ងៃទៀត ពោលគឺចាប់ពីថ្ងៃទី១៤-១៧ ខែមេសា ឆ្នាំ២០២២ នៅទូទាំងប្រទេសកម្ពុជាទទួលបានភ្ញៀវទេសចរសរុបចំនួន៥,១៧៥,៧៥៤នាក់ ក្នុងនោះមានភ្ញៀវជាតិ៥,១៤០,៤៩៥នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង៣៥,២៥៩នាក់។

    ចំពោះតួលេខប្រចាំថ្ងៃ រួមមាន៖

    • ថ្ងៃទី១៤ ខែមេសា – ភ្ញៀវមានចំនួន ៨៦២ ៨៩៧ នាក់
    • ថ្ងៃទី១៥ ខែមេសា – ភ្ញៀវមានចំនួន ១ ៥៧៩ ២៥១ នាក់
    • ថ្ងៃទី១៦ ខែមេសា – ភ្ញៀវមានចំនួន ២ ១៤៨ ១៧៨ នាក់
    • ថ្ងៃទី១៧ ខែមេសា – ភ្ញៀវមានចំនួន ៥៨៥ ៤២៨ នាក់

    គោលដៅទេសចរណ៍សំខាន់ៗរយៈពេល ៤ថ្ងៃនេះ រួមមាន៖

    1. ខេត្តបាត់ដំបង ៦៥៣ ៨៩៦ នាក់
    2. ខេត្តកំពង់ចាម ៥៤១ ៩០០ នាក់
    3. ខេត្តបន្ទាយមានជ័យ ៤៧១ ១១៩ នាក់
    4. ខេត្តសៀមរាប ៤៥៥ ៩៨៤ នាក់
    5. ខេត្តព្រៃវែង ៣៩៦ ៣២៨ នាក់
    6. ខេត្តកំពង់ស្ពឺ ៣៤៥ ០១៨ នាក់
    7. ខេត្តពោធិ៍សាត់ ៣៣៨ ៩១៦ នាក់
    8. ខេត្តកំពង់ឆ្នាំង ៣០០ ៥៦១ នាក់
    9. ខេត្តកំពត ២៨៤ ៨៩៣ នាក់
    10. ខេត្តព្រះសីហនុ ២៦៤ ៣០៨ នាក់
    11. រាជធានីភ្នំពេញ ២៤០ ៤៦០ នាក់

    លោករដ្ឋមន្ត្រី ថោង ខុន បានឱ្យដឹងថា ចំនួនភ្ញៀវទេសចរប្រមាណជាង៥លាន១៧ម៉ឺននាក់ក្នុងរយៈពេល៤ថ្ងៃនេះ គឺជាចំនួនមួយដ៏ច្រើនលើសពីការរំពឹងទុក និងជាចំនួនខ្ពស់មែនទែន ចាប់តាំងពីរាជរដ្ឋាភិបាលបានប្រកាសបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍នាអំឡុងខែធ្នូ ឆ្នាំ២០២១ ខណៈដែលពិធីបុណ្យឆ្លងឆ្នាំសកលកន្លងមក ភ្ញៀវសរុបមានប្រមាណ២លាននាក់ ហើយពិធីបុណ្យចូលឆ្នាំចិន ភ្ញៀវសរុបមានប្រមាណ៩៤ម៉ឺននាក់។

    លោកបានបន្តថា ប្រជាពលរដ្ឋភាគច្រើនបានសម្រុកត្រលប់ចូលរាជធានីភ្នំពេញវិញចាប់តាំងពីពេលរសៀល ដែលធ្វើឲ្យចរាចរណ៍នៅតាមដងផ្លូវជាតិសំខាន់ៗមានភាពមមាញឹកខ្លាំង។

    បើតាមលោករដ្ឋមន្ត្រី ចរន្តភ្ញៀវទេសចរដ៏ច្រើននេះបានបង្កើតជាផលប្រយោជន៍សេដ្ចកិច្ចដ៏ច្រើនទាំងនៅថ្នាក់ជាតិ និងនៅតាមមូលដ្ឋាន។ បណ្តាសណ្ឋាគារ ប៊ូទិក ផ្ទះសំណាក់ និងសេវាស្នាក់នៅផ្សេងៗនៅស្ទើរគ្រប់ខេត្ត ដែលមានលទ្ធភាពបើកអាជីវកម្មឡើងវិញ បានទទួលការកក់ពេញស្ទើរ១០០%។ ទន្ទឹមនឹងនេះ បណ្តាភោជនីយដ្ឋាន និងអាហារដ្ឋាន ក៏មានភ្ញៀវចូលស្ទើរពេញៗក្នុងរយៈពេល៣ថ្ងៃនេះ ដែលមានភាពខុសគ្នាធៀបនឹងពេលមានវិបត្តិកូវីដ-១៩ខ្លាំង ដែលពួកគាត់ភាគច្រើនបានរៀបចំម្ហូបអាហារដោយខ្លួនឯងសម្រាប់បរិភោគតាមផ្លូវ។

    វិស័យឯកជនសម្ដែងការរីករាយជាពន់ពេកចំពោះចរន្តភ្ញៀវដ៏ច្រើនលើសពីការរំពឹងទុកនាឱកាសពិធីបុណ្យចូលឆ្នាំថ្មីនេះ និងមានសុទិដ្ឋិនិយមខ្ពស់ចំពោះការងើបឡើងវិញនៃវិស័យទេសចរណ៍ ពិសេសការសម្រេចបានទទួលភ្ញៀវទេសចរដែលបានចាក់វ៉ាក់សាំងពេញលេញ និងការបន្ធូរបន្ថយលក្ខខណ្ឌតម្រូវនានា។

    ការជឿជាក់លើភាពស៉ាំសហគមន៍តាមរយៈការទទួលបានវ៉ាក់សាំងដូសពេញលេញ និងដូសបន្តបន្ទាប់ បានបង្កើតជាទំនុកចិត្តសម្រាប់ភ្ញៀវទេសចរ និងប្រជាពលរដ្ឋក្នុងការដើរកម្សាន្តពាសពេញផ្ទៃប្រទេស ទោះបីជាពួកគាត់ភាគច្រើនបានជ្រើសជម្រើសមិនពាក់ម៉ាស់។ ក្នុងន័យនេះ តាមការស្ទង់មតិ និងសង្កេតជាក់ស្តែងមិនមែនពួកគាត់មិនខ្លាចឆ្លងជំងឺកូវីដ-១៩ តែពួកគាត់ពិតជាមានក្តីរីករាយដែលបានដើរកម្សាន្តក្នុងឱកាសចូលឆ្នាំនេះ ដែលខកខានរៀបចំរយៈពេល២ឆ្នាំ ហើយក៏ជឿជាក់លើប្រសិទ្ធភាពនៃវ៉ាក់សាំង ហើយម្យ៉ាងទៀតពួកគាត់ក៏មានទំនុកទុកចិត្តថា ប្រសិនបើមានការឆ្លងជំងឺកូវីដ ក៏ពួកគាត់អាចព្យាបាលខ្លួនឯងនៅផ្ទះបានដែរ។

    ក្រោមម្លប់នៃសន្តិភាព និងសន្តិសុខពេញលេញលើផ្ទៃប្រទេស ស្ថានភាពហេដ្ឋារចនាសម្ពន្ធផ្លូវថ្នល់យ៉ាងល្អប្រសើរទៅកាន់គ្រប់ប៉ូលសេដ្ឋកិច្ច និងគោលដៅទេសចរណ៍សំខាន់ៗរបស់ប្រទេសជាតិ ពិសេសក្រោមការដឹកនាំរបស់សម្តេចតេជោក្នុងការផ្តល់វ៉ាក់សាំងដូសពេញលេញ និងដូសបន្តបន្ទាប់ជូនប្រជាពលរដ្ឋ ដែលបង្កើតបានភាពស៉ាំសហគមន៍គួរជាទីទុកចិត្តនិង វិធានការ ៣កុំ ៣ការពារ និងវិធីសាស្ត្រដែលអាចព្យាបាលដោយខ្លួនឯងបានបង្កលក្ខណៈឱ្យប្រជាពលរដ្ឋមានឱកាសដើរកម្សាន្តដោយរីករាយ ជាមួយនឹងគោលដៅ និងផលិតផលទេសចរណ៍ថ្មីៗប្លែកៗដ៏ទាក់ទាញដែលបានឆក់យកឱកាសរៀបចំបង្កើត និងអភិវឌ្ឍន៍ឡើងក្នុងពេលវិបត្តិកូវីដ-១៩នេះ។

    ចំពោះការចំណាយរបស់ប្រជាពលរដ្ឋម្នាក់ៗក្នុងពេលចូលឆ្នាំ៣ថ្ងៃ លោករដ្ឋមន្ត្រីឱ្យផ្នែកជំនាញសេដ្ឋកិច្ចទេសចរណ៍បូកសរុបគោរពរាយការណ៍ ហើយនឹងបញ្ជាក់តាមក្រោយ។ ប៉ុន្តែតាមការសាកសួរ និងស្ទង់មតិបឋមចំពោះគ្រួសារមួយដែលមានគ្នា៥នាក់ ហើយធ្វើដំណើរកម្សាន្តឆ្ងាយពីផ្ទះក្នុងពេល៣ថ្ងៃនេះ ពួកគាត់បានចំណាយមិនតិចជាង៥០០ដុល្លារទេ (គិតរួមទាំងចំណាយស្នាក់នៅ ហូបចុក ធ្វើដំណើរ ចាក់សាំង រួមទាំងការទិញទំនិញផ្សេងៗរៀបចំរណ្តាប់បង្សុកូល និងចង្ហាន់ទៅវត្តផង)៕ Fresh News