ខ្មែរប៉ុស្ដិ៍ Close

    បញ្ហាអតិផរណា ត្រូវបានគេរំពឹងថា នឹងមានសភាពកាន់តែធ្ងន់ធ្ងរ

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី២២ ខែមេសា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 1259
    បញ្ហាអតិផរណា ត្រូវបានគេរំពឹងថា នឹងមានសភាពកាន់តែធ្ងន់ធ្ងរបញ្ហាអតិផរណា ត្រូវបានគេរំពឹងថា នឹងមានសភាពកាន់តែធ្ងន់ធ្ងរ

    ទ្រឹស្តីសេដ្ឋកិច្ចមានភាពច្បាស់លាស់ណាស់ ដោយអតិផរណាតែងតែកើតមុនវិបត្តិសេដ្ឋកិច្ច។

    ការស្ទង់មតិផ្នែកទីផ្សារដែលធ្វើឡើងដោយ Bloomberg បានបង្ហាញថា «១៥%នៃវិនិយោគិន រំពឹងថា ការធ្លាក់ចុះនៃសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកនឹងចាប់ផ្តើមនៅឆ្នាំ២០២២, ៤៨% គិតថា វានឹងកើតឡើងនៅឆ្នាំ ២០២៣ ខណៈដែល ២១% គិតថាវានឹងកើតឡើងនៅក្នុងឆ្នាំ ២០២៤ ហើយ ១៦% យល់ថា វានឹងកើតឡើងនៅឆ្នាំ ២០២៥ ឬយូរជាងនេះ»។ ធនាគារ Deutsch ក៏យល់ដូចគ្នាដែរថា «សេដ្ឋកិច្ចអាមេរិកអាចនឹងប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ចនៅឆ្នាំ ២០២៣»។

    វិបត្តិសេដ្ឋកិច្ចចុងក្រោយបង្អស់របស់ពិភពលោកបានកើតឡើងនៅឆ្នាំ ២០០៨ ហើយវិបត្តិសេដ្ឋកិច្ចត្រូវបានបញ្ចប់ បន្ទាប់ពីរដ្ឋាភិបាលអាមេរិកបានចាក់បញ្ចូលទឹកប្រាក់ចំនួន ១,៥ ទ្រីលានដុល្លារអាមេរិក ទៅក្នុងមូលនិធិសង្គ្រោះរបស់ធនាគារ និងកញ្ចប់ជំរុញសេដ្ឋកិច្ច។

    ការភ័យខ្លាចអំពីការកើតមានវិបត្តិសេដ្ឋកិច្ច កំពុងវិលត្រឡប់មកវិញដោយសារតែការកើនឡើងនៃអត្រាអតិផរណានៅទូទាំងពិភពលោក។ នៅសហរដ្ឋអាមេរិក អតិផរណានៅខែមីនា បានឈរនៅកម្រិត ៨,៥% ដែលជាកម្រិតខ្ពស់បំផុត បើគិតចាប់តាំងពីឆ្នាំ១៩៨១ មក។

    ទិន្នន័យបឋមបានបង្ហាញអំពីអតិផរណានៅខែមីនារបស់សហភាពអឺរ៉ុប ស្ថិតនៅកម្រិតខ្ពស់គឺ ៧,៥% ខណៈដែលនៅប្រទេសថៃ អតិផរណានៅខែមីនា មានចំនួន ៥,៧៣% ។

    មនុស្សជាច្រើនបានយល់ច្រឡំ ដោយបានគិតថា «បញ្ហាអតិផរណាឆ្នាំ ២០២២ គឺបណ្តាលមកពីតម្លៃប្រេងខ្ពស់ដែលកើតមានបន្ទាប់ពីការលុកលុយរបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី ២៤ កុម្ភៈ»។ ប៉ុន្តែ ការពិត «សម្ពាធអតិផរណាបានកើតឡើងអស់រយៈពេលជាយូរមកហើយ គឺតាំងពីមុនកើតមានការលុយលុយនេះទៅទៀត»

    អតិផរណានៃតម្លៃទំនិញប្រើប្រាស់របស់សហរដ្ឋអាមេរិក (Consumer Price Index-CPI) មានចំនួន ៧% នៅក្នុងខែធ្នូ ឆ្នាំ ២០២១ ហើយ ៧,៥% នៅក្នុងខែមករា ឆ្នាំ២០២២ និង ៧,៩% នៅក្នុងខែកុម្ភៈនេះ ខណៈដែលសន្ទស្សន៍តម្លៃអ្នកផលិត (Producer Price Index-PPI) របស់សហរដ្ឋអាមេរិកគឺមានចំនួន ១០,៣% នៅក្នុងខែកុម្ភៈ។ ដូច្នេះ បើទោះបីជាមាន ឬគ្មានការកើនឡើងនៃតម្លៃប្រេងក៏ដោយ ក៏អត្រាអតិផរណានៃតម្លៃទំនិញប្រើប្រាស់នៅខែមីនានឹងនៅតែមានចំនួនខ្ពស់ជាងតួលេខនៅខែកុម្ភៈដែរ។

    អតិផរណាកើតមាន ដោយភាពមិនស៊ីសង្វាក់គ្នានៃតម្រូវការ និងការផ្គត់ផ្គង់ បូករួមនឹងប្រតិកម្មភ័យស្លន់ស្លោរ ឧទាហរណ៍ដូចជាការឆក់ឱកាសទាញយកចំណេញនៅពេលកើតមានភាពចលាចល និងការប្រមូលស្តុកទុកទំនិញ។ ឫសគល់ដែលនាំមកនូវបញ្ហាអតិផរណានៅពេលនេះគឺ «កង្វះការវិនិយោគនៅក្នុងដំណើរការផលិតកម្ម ដែលបម្រើឱ្យការផ្គត់ផ្គង់ទំនិញ»។

    វិស័យថាមពលគឺជាឧទាហរណ៍ដ៏ជាក់ស្តែងមួយ។ ប្រេងឆៅក្នុងមួយបារ៉ែលជាមធ្យមមានតម្លៃ ៦១,៤ ដុល្លារអាមេរិក (នៅក្នុងឆ្នាំ ២០១៩), $៤១,៣ ដុល្លារអាមេរិក (២០២០) និង $៦៩,១ ដុល្លារអាមេរិក  (២០២១)។ ដោយសារតែតម្លៃដ៏ទាបបែបនេះ ក្រុមហ៊ុនផលិតប្រេងជាច្រើនមិនមានទឹកចិត្តក្នុងការអភិវឌ្ឍអណ្តូងប្រេងថ្មីៗ ឬពង្រឹងអណ្តូងប្រេងដែលមានស្រាប់នោះទេ ដែលជាហេតុធ្វើឱ្យសមត្ថភាពផលិតកម្មបន្តរងនូវការធ្លាក់ចុះ។

    នៅពេលដែលតម្រូវការបានស្ទុះងើបឡើងវិញបន្ទាប់ពីវិបត្តិកូវីដ-១៩ តម្លៃប្រេងបានកើនឡើងដល់ ៩៦,៦ ដុល្លារអាមេរិកក្នុងមួយបារ៉ែលនៅក្នុងត្រីមាសទីមួយនៃឆ្នាំនេះ។ បើទោះបីជាគ្មានការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនក៏ដោយ ក៏តម្លៃប្រេងពិភពលោកនឹងនៅតែកើនឡើងដល់ ១០០ដុល្លារអាមេរិកក្នុងមួយបារ៉ែលនៅឆ្នាំ ២០២២ នេះដែរ ដោយសារតែភាពមិនស៊ីសង្វាក់គ្នានៃតម្រូវការ និងការផ្គត់ផ្គង់។

    ជាមួយនឹងការដាក់ទណ្ឌកម្មលើប្រេងរបស់រុស្ស៊ី តម្លៃប្រេងនៅក្នុងពិភពលោកអាចនឹងកើនឡើងដល់ ១១០-១២០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល។ យោងតាមទីភ្នាក់ងារថាមពលអន្តរជាតិ (International Energy Agency) «នៅក្នុងខែមេសា ប្រេងរបស់រុស្ស៊ីប្រហែល ១,៥ លានបារ៉ែលក្នុងមួយថ្ងៃត្រូវបានពាណិជ្ជករប្រេងនៅក្នុងពិភព លោកបដិសេធមិនទទួលទិញ ហើយចាប់ពីខែឧសភាខាងមុខនេះ ប្រេងរបស់រុស្ស៊ីប្រមាណ ៣លានបារ៉ែលក្នុងមួយថ្ងៃ នឹងមិនអាចនាំចូលទីផ្សារពិភពលោកបានទេ ដោយសារតែទណ្ឌកម្មអន្តរជាតិ»។

    ពាណិជ្ជករប្រេងដ៏ធំម្នាក់បាននិយាយថា «តម្លៃប្រេងនៅក្នុងពិភពលោកអាចនឹងកើនឡើងដល់ ១៥០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល»។ លោក Vladimir Putin បានដឹងយ៉ាងច្បាស់អំពីស្ថានភាពនេះ ហើយលោកបាននិងកំពុងបញ្ជាឱ្យក្រុមហ៊ុនប្រេងរបស់រុស្ស៊ីស្វែងរកអ្នកទិញថ្មីនៅក្នុងតំបន់អាស៊ី

    នៅពេលនេះ ប្រទេសឥណ្ឌានិងចិនកំពុងដណ្តើមគ្នាទិញប្រេងពីរុស្ស៊ីដែលកំពុងដាក់លក់ដោយមានការបញ្ចុះតម្លៃយ៉ាងច្រើន។ ទោះជាយ៉ាងណាក៏ដោយ អ្វីៗមិនងាយស្រួលដូចអ្វីដែលលោក Putin បានគិតទុកនោះទេ។ ដោយសារប្រេងភាគច្រើនរបស់រុស្ស៊ីត្រូវបានខួងនៅក្នុងតំបន់ស៊ីបេរីខាងលិច ការដឹកជញ្ជូនប្រេងទៅកាន់តំបន់អាស៊ីនឹងមានតម្លៃខ្ពស់ណាស់។ បច្ចុប្បន្ន អាស៊ីទទួលបានប្រេងដែលផលិតនៅកោះ Sakhalin ដែលមានទីតាំងស្ថិតនៅជិតប្រទេសជប៉ុន និងប្រទេសចិន។

    ទំនិញផ្សេងទៀតក៏អាចនឹងជួបប្រទះនូវបញ្ហាស្រដៀងគ្នានឹងប្រេង និងផលិតផលថាមពលដែរ។ តម្លៃទំនិញបានកើនឡើង ៥០% នៅឆ្នាំនេះ ដែលជាការកើនឡើងលឿនបំផុតនៅ ក្នុងរយៈពេល ២៧ ឆ្នាំកន្លងមកនេះ។ ជាធម្មតា វាតែងតែមានគម្លាតចន្លោះពី ៣ ទៅ ៦ ខែ រវាងការកើនឡើងថ្លៃដើម និងការកើនឡើងនៃតម្លៃទំនិញប្រើប្រាស់ (Consumer Price)។

    សន្ទស្សន៍តម្លៃអ្នកផលិតនៅសហរដ្ឋអាមេរិកនៅខែមីនា មានចំនួន ១១,២% ហើយបើផ្អែកតាមទ្រឹស្តី នៅក្នុងរយៈ ពេល ៣ ខែខាងមុខ ដោយគិតចាប់ពីពេលនេះទៅ អតិផរណានៃតម្លៃទំនិញប្រើប្រាស់នឹងមានចំនួន ២ ខ្ទង់នៅក្នុងសហរដ្ឋអាមេរិក។

    ស្ថានភាព​អតិផរណា​អាចនឹងមិនមាន​សភាព​ធ្ងន់ធ្ងរ​ទេនៅក្នុង​ប្រទេស​ថៃ ដោយសារ​រដ្ឋាភិបាល​ថៃ​មិន​អនុញ្ញាត​ឱ្យ​មានការ​កែសម្រួល​តម្លៃ​ផលិតផល​។ បច្ចុប្បន្ន រដ្ឋាភិបាលថៃបានបន្តគ្រប់គ្រងលើតម្លៃផលិតផលសំខាន់ៗចំនួន ៤៦មុខ បូករួមនឹងសេវាកម្មចំនួន ៦ ដែលរាប់ចាប់ពីខ្ទឹមស រហូតដល់ប្រេងសាំង។

    ប៉ុន្តែនៅពេលដែលតម្លៃកើនឡើងដល់កម្រិតដែលមិនអាចគ្រប់គ្រងបាន នោះភាពចលាចលច្បាស់ជានឹងកើតមាន។ គិតត្រឹមខែមីនាតម្លៃប្រេងសាំងបានកើនឡើង ៣១,៤៣% ខណៈដែលតម្លៃអគ្គិសនីបានកើនឡើង ៣៩,៩៥%។ តម្លៃអាហារ​ឆ្អិនស្រាប់ ​ក៏​បាន​កើន​ឡើង​ប្រហែល ៦,៣% ផងដែរ។

    ​អ្វី​ដែល​អតិថិជន​ថៃ​កំពុង​ប្រឈម​មុខ​គឺ​គ្រាន់​តែ​ជា​កិច្ចចាប់ផ្តើមប៉ុណ្ណោះ ខណៈដែលបញ្ហាអតិផរណាកាន់តែធ្ងន់ធ្ងរជាងនេះអាចនឹងកើតមាននៅប៉ុន្មានខែខាងមុខ។

    រឿងដែលនឹងកើតឡើងដំបូងបំផុតគឺ «ការឧបត្ថម្ភធនប្រេងម៉ាស៊ូតអាចនឹងត្រូវបានកាត់បន្ថយពាក់កណ្តាលចាប់ពីខែឧសភាខាងមុខ» ហើយអ្វីដែលកាន់តែសំខាន់ជាងនេះទៅទៀតនោះគឺ «ការស្តុកទុកសម្រាប់រយៈពេល ៣ខែនៃផលិតផលទាំងអស់ នឹងត្រូវបានប្រើប្រាស់អស់ពីស្តុកនៅក្នុងខែមេសា ឬឧសភានេះ» ដែលជាហេតុធ្វើឱ្យតម្លៃផលិតផលមានការកើនឡើងខ្ពស់នៅក្នុងខែបន្ទាប់ៗ ដោយសារតម្លៃថាមពល និងតម្លៃវត្ថុធាតុដើមខ្ពស់នៅក្នុងទីផ្សារពិភពលោក។

    ខណៈពេលដែលសន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ (CPI)នៅ ខែមីនា មានចំនួន ៥,៧៣% សន្ទស្សន៍តម្លៃអ្នកផលិត (Producer Price Index-PPI) នៅខែមីនាគឺមានចំនួនរហូតដល់ ១១,៤៤% ដែលជាចំនួនខ្ពស់ជាងនៅអាមេរិកទៅទៀត។

    ផ្អែកលើអត្រា​នេះ អត្រាអតិផរណានៅក្នុងប្រទេសថៃ​អាចនឹងកើនដល់ចំនួន ​២ខ្ទង់​ ដែលដូចគ្នានឹងបណ្តា​ប្រទេស​ភាគច្រើននៅ​ក្នុង​ពិភពលោកដែរ។ ក្នុងន័យនេះ ធនាគារកណ្តាលថៃប្រហែលជាត្រូវវាយតម្លៃឡើង វិញអំពីការព្យាករណ៍អំពី CPI ចុងក្រោយរបស់ខ្លួនសម្រាប់ឆ្នាំ ២០២២ ដែលមានចំនួនត្រឹមតែ ៤,៩%។ ដើម្បីឱ្យ CPI របស់ប្រទេសថៃរក្សានូវកម្រិតសុទិដ្ឋិនិយមបែបនេះបាន គេត្រូវការឱ្យតម្លៃប្រេងពិភពលោកធ្លាក់ចុះមកនៅត្រឹម ៨០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល។

    អ្វីដែលនឹងកើតឡើងបន្ទាប់ពីការកើនឡើងនៃតម្លៃទំនិញ គឺការកើនឡើងនូវអត្រាការប្រាក់។ មនុស្សមួយចំនួនអាចនឹងលើកឡើងថា «ពិភពលោកកំពុងឈានទៅរកវិបត្តិសេដ្ឋកិច្ច ដោយសារការកើនឡើងនៃតម្លៃទំនិញ ដូច្នេះហេតុអ្វីបានជាយើងត្រូវដំឡើងអត្រាការប្រាក់ ពីព្រោះការធ្វើបែបនេះនឹងធ្វើឱ្យស្ថានភាពសេដ្ឋកិច្ចវិវឌ្ឍកាន់តែអាក្រក់ទៅៗ?»

    ប៉ុន្តែតាមពិតទៅ អត្រាការប្រាក់ខ្ពស់អាចជួយកាត់បន្ថយភាពធ្ងន់ធ្ងរនៃវិបត្តិសេដ្ឋកិច្ច។ សូមចងចាំថា «៤៨% នៃអ្នកវិនិយោគអាមេរិកគិតថា វិបត្តិសេដ្ឋកិច្ចនឹងកើតឡើងនៅឆ្នាំ ២០២៣ ខណៈពេលដែលមានតែ ១៥%ប៉ុណ្ណោះដែលគិតថា វានឹងកើតឡើងនៅចុងឆ្នាំនេះ»។

    បញ្ហានេះមានជាប់ទាក់ទងនឹងធនាគារកណ្តាលអាមេរិក ដែលគ្រោងនឹងដំឡើងអត្រាការប្រាក់ ១,០% នៅឆ្នាំនេះ។ អត្រាការប្រាក់ខ្ពស់នឹងជួយបន្ថយអតិផរណា ហើយវាអាចនឹងជួយពន្យារពេលនៃការកើតមានវិបត្តិសេដ្ឋកិច្ច។

    ទាំងគណៈកម្មាធិការគោលនយោបាយរូបិយវត្ថុ និងធនាគារកណ្តាលថៃ មិនបានផ្តល់សញ្ញាណាមួយអំពីអត្រាការប្រាក់របស់ប្រទេសថៃនៅពេលអនាគតនោះទេ។ ផ្អែកតាមទ្រឹស្តី វាគឺជារឿងដ៏ត្រឹមត្រូវក្នុងការដំឡើងអត្រាការប្រាក់នៅពេលឥឡូវនេះ។ ការកើនឡើងនៃតម្លៃទំនិញប្រើប្រាស់មិនមែនជាបាតុភូតរយៈពេលខ្លី ដូចអ្វីដែលធនាគារបានគិតទុកនោះទេ។

    វា​គឺជា​បញ្ហា​កង្វះ​ការ​ផ្គត់ផ្គង់​ដែលបណ្តាលមកពីកង្វះ​ការ​វិនិយោគ​ ហើយវានឹងត្រូវចំណាយពេលយ៉ាងតិច ១ឆ្នាំ ឬអាចរហូតដល់ ៣ឆ្នាំដើម្បីធ្វើឱ្យការផ្គត់ផ្គង់អាចបំពេញបានតាមតម្រូវការ។

    លោក Lawrence Summers ដែលជាអតីតរដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិកបាននិយាយថា «មានឱកាស ៨០% ដែលសេដ្ឋកិច្ចអាមេរិកអាចនឹងធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ចនៅឆ្នាំក្រោយ»។ វាពិតជាអាចទៅរួច ហើយពិភពលោកទាំងមូលក៏អាចនឹងធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ចផងដែរ។

    ទោះជាយ៉ាងណាក៏ដោយ ប្រទេសថៃអាចនឹងប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ចលឿនជាងនេះ ហើយអាចនឹងមានសភាពធ្ងន់ធ្ងរជាងបណ្តាប្រទេសដទៃទៀតផង ដោយសារគោលនយោបាយទម្លាក់អត្រាការប្រាក់របស់ធនាគារថៃ (Easy-money Policy) និងវិធានការគ្រប់គ្រងតម្លៃដ៏ខុសឆ្គងរបស់រដ្ឋាភិបាលថៃ៕ Bangkok Post