ខ្មែរប៉ុស្ដិ៍ Close

អំពើពុករលួយគឺជាសត្រូវដ៏អាក្រក់បំផុតរបស់កងទ័ពវៀតណាម

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី២៥ ខែមេសា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 1137
អំពើពុករលួយគឺជាសត្រូវដ៏អាក្រក់បំផុតរបស់កងទ័ពវៀតណាមកងទ័ពវៀតណាម (រូបថត Fulcrum)

នៅថ្ងៃទី ១៨ មេសា ឆ្នាំ ២០២២ ឧត្តមសេនីយ៍ ៥ នាក់ និងមន្ត្រីជាន់ខ្ពស់ ២ នាក់ទៀតនៃកងកម្លាំងឆ្មាំសមុទ្រវៀតណាម (VCG) ត្រូវបានចាប់ខ្លួន ដោយទីភ្នាក់ងារស៊ើបអង្កេតឧក្រិដ្ឋកម្ម (Criminal Investigation Agency) ដែលស្ថិតនៅក្រោមក្រសួងការពារជាតិជុំវិញបទចោទប្រកាន់អំពីការប្រព្រឹត្តិអំពើពុករលួយផ្សេងៗគ្នា បូករួមទាំងការកេងបន្លំប្រាក់ផងដែរ។

អ្នកដែលត្រូវបានចាប់ខ្លួនរួមមានឧត្តមសេនីយ៍ឯក Nguyen Van Son (អតីតមេបញ្ជាការនៃកងកម្លាំង VCG), ឧត្តមសេនីយ៍ឯក Hoang Van Dong (អតីតស្នងការនយោបាយនៃកងកម្លាំង VCG), ឧត្តមសេនីយឯក Doan Bao Quyet (អតីតស្នងការរង នយោបាយនៃកងកម្លាំង VCG), ឧត្តមសេនីយ៍ទោ Pham Kim Hau (អតីតមេបញ្ជាការរង នៃកងកម្លាំង VCG និងអគ្គសេនាធិការ) និងឧត្តមសេនីយ៍ទោ Bui Trung Dung (អតីតមេបញ្ជាការរង នៃកងកម្លាំង VCG)។

នេះគឺជារឿងអាស្រូវពុករលួយចុងក្រោយបង្អស់ ដែលបានឈានទៅដល់ការដកហូតតំណែងរបស់មន្ត្រីជាន់ខ្ពស់រាប់សិបនាក់ នៅក្នុងកងកម្លាំងយោធានិងសន្តិសុខ សាធារណៈរបស់ប្រទេសវៀតណាម។ នៅក្នុងវិស័យយោធាតែមួយ ឧត្តមសេនីយ៍យ៉ាងហោចណាស់ ៣០នាក់ត្រូវបានដាក់ពិន័យ ឬកាត់ទោស បើគិតចាប់តាំងពីឆ្នាំ ២០១៦ មក។

មន្ត្រីជាន់ខ្ពស់បំផុត ដែលត្រូវបានកាត់ទោស គឺលោក Nguyen Van Hien ដែលជាអតីតមេបញ្ជាការកងទ័ពជើងទឹក និងជាអនុរដ្ឋមន្ត្រីនៃការពារជាតិ។ លោក Hien ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៣ ឆ្នាំកន្លះ កាលពីចុងឆ្នាំ ២០២០ ពីបទផ្តល់ការអនុញ្ញាតឱ្យផ្ទេរដីចំនួន ៣កន្លែង នៅទីក្រុងហូជីមិញ ដែលកាន់កាប់ដោយយោធាទៅឱ្យអ្នកវិនិយោគឯកជនដោយខុសច្បាប់ដែលបណ្តាលឱ្យបាត់បង់ចំណូលរដ្ឋជិត ៤០ លានដុល្លារអាមេរិក។

ការចាប់ខ្លួនឧត្តមសេនីយនៃកងកម្លាំង VCG ទាំង ៥រូប បូករួមនឹងការដាក់ពិន័យលើឧត្តមសេនីយ ៣ នាក់នៅសាកលវិទ្យាល័យពេទ្យយោធា ដោយសារមានជាប់ពាក់ព័ន្ធក្នុងរឿងអាស្រូវពុករលួយកាលពីប៉ុន្មានសប្តាហ៍មុន គឺជាសមិទ្ធិផលផ្នែកនយោបាយដ៏គួរឱ្យស្ងប់ស្ងែងមួយទៀតរបស់គណបក្សកុម្មុយនិស្តវៀតណាម (CPV) ក្រោមការដឹកនាំរបស់អគ្គលេខាធិការ Nguyen Phu Trong ដែលចាប់តាំងពីឆ្នាំ ២០១៦ មក បានអនុវត្តនូវយុទ្ធនាការបង្ក្រាបអំពើពុករលួយដ៏ល្បីល្បាញមួយ។

ទោះជាយ៉ាងណាក៏ដោយ អ្វីដែលត្រូវបានលាតត្រដាងរហូតមកដល់ពេលនេះ អាចគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះពីព្រោះអំពើពុករលួយនៅក្នុងជួរយោធាត្រូវបានចាក់ឫសយ៉ាងជ្រៅ ហើយអាចនឹងពិបាកក្នុងការជីកគាស់កកាយនិងលុបបំបាត់ណាស់។

យោធាវៀតណាមបានចូលរួមនៅក្នុងសកម្មភាពពាណិជ្ជកម្មយ៉ាងទូលំទូលាយ ដែលត្រូវបានសម្របសម្រួលដោយតួនាទីដ៏លេចធ្លោរបស់យោធានៅក្នុងឆាកនយោបាយវៀតណាម។ ពេលខ្លះ បញ្ហានេះបានបង្ខំឱ្យអាជ្ញាធរស៊ីវិលពន្យាពេលការ ស្នើសុំរបស់មន្ត្រីយោធា បូករួមទាំងការ ស្នើសុំធនធាននិងការអនុគ្រោះពន្ធដែលអាចបង្កើតជាឱកាសឱ្យមានការប្រព្រឹត្តិអំពើពុករលួយ។

ដោយសារព័ត៌មានអំពីសកម្មភាពរបស់ យោធាត្រូវបានចាត់ទុកជា «ព័ត៌មានរសើប ឬការសម្ងាត់» វាបានបង្កើតជាស្រទាប់ការពារដល់មន្ត្រីយោធាពុករលួយ។ ជាឧទាហរណ៍ បើទោះបីជាកិច្ចព្រមព្រៀងសព្វាវុធមួយចំនួនរបស់វៀតណាមត្រូវបានគេ សង្ស័យថាមានជាប់ពាក់ព័ន្ធនឹងការផ្តល់លុយសំណូកដល់ឧត្តមសេនីយ៍ក៏ដោយ ក៏វានៅតែមិនមានការស៊ើបអង្កេតជាផ្លូវការនោះទេចំពោះការចោទប្រកាន់ទាំងនេះ។

បេសកកម្មចម្បងរបស់យោធាគឺ «ការការពារប្រទេសប្រឆាំងនឹងការឈ្លានពានរបស់បរទេស» ក៏ប៉ុន្តែវាក៏ដើរតួយ៉ាងសំខាន់ផងដែរនៅក្នុងការការពាររបបគ្រប់គ្រងប្រទេស។ បញ្ហានេះបានធ្វើឱ្យការដោះស្រាយអំពើពុករលួយនៅក្នុងជួរ យោធា ក្លាយជាបញ្ហាដ៏រសើបមួយសម្រាប់គណបក្សកុម្មុយនិស្តវៀតណាម (CPV)។

បើទោះបីជាគណបក្សបានអះអាងថា «វានឹងមិនមានដែនកំណត់នៅក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយក៏ដោយ» ក៏ភាពស្មោះត្រង់របស់យោធាអាចនឹងធ្វើឱ្យគណបក្សនេះមិនអាចដោះស្រាយអំពើពុករលួយនៅក្នុងជួរយោធាបានយ៉ាងពេញទំហឹង ជាពិសេសបញ្ហាដែលមានជាប់ពាក់ព័ន្ធនឹងមន្ត្រីកំពូលៗ។

អំពើពុករលួយបានបង្វែរធនធានដ៏ចាំបាច់ជាច្រើនចេញពីការវិនិយោគនិងត្រូវបានយកទៅប្រើនៅក្នុងការធ្វើទំនើបកម្មយោធារបស់វៀតណាមជំនួសវិញ។ អំពើពុករលួយក៏បានបង្កផលប៉ះពាល់ដល់សីលធម៌របស់មន្ត្រីក៏ដូចជាសមត្ថភាព ប្រយុទ្ធរបស់ពួកគេផងដែរ។

ការអនុវត្តសកម្មភាពពុករលួយមួយចំនួន ដូចជាការលួចប្រេងពីនាវាយោធា និងការរាយការណ៍មិនត្រឹមត្រូវអំពីការល្បាត បានធ្វើឱ្យប្រទេសវៀតណាមកាន់តែប្រឈមមុខនឹងការគំរាមកំហែងផ្នែកសន្តិសុខ ជាពិសេស នៅក្នុងបរិបទនៃជម្លោះសមុទ្រចិនខាងត្បូង។

អំពើពុករលួយគឺជាសត្រូវលាក់មុខដែលអាចជះឥទ្ធិពលសូម្បីតែលើមេដឹកនាំយោធាដែលមាន បទពិសោធន៍ និងសមត្ថភាពបំផុតដែលអាចនឹងបង្កការគំរាម កំហែងដល់សមត្ថភាព របស់កងកម្លាំងយោធាទាំងមូល។

ពាក់ព័ន្ធនឹងការចាប់ខ្លួនឧត្តមសេនីយ៍ នៃកងកម្លាំង VCG ទាំង ៥រូបនេះ អ្នកប្រើប្រាស់បណ្តាញ Facebook ម្នាក់បានលើកឡើងថា «ប្រទេសអ៊ុយក្រែន បានប្រកាសអំពីការសម្លាប់ឧត្តមសេនីយ៍រុស្ស៊ីចំនួន ៨ នាក់ ខណៈដែលវៀតណាមក៏បានកម្ចាត់ឧត្តមសេនីយ៍របស់ខ្លួនចំនួន ៥ នាក់ផងដែរ បើទោះបីជាមិនមានការប្រយុទ្ធណាមួយកើតឡើងក៏ដោយ»។

ការកាត់ទោសឧត្តមសេនីយ៍នៃកងកម្លាំង VCG បានបង្ហាញថា «យុទ្ធនាការប្រឆាំងអំពើពុករលួយអាចនឹង នៅតែបន្តដំណើរការទៅមុខនៅប៉ុន្មានឆ្នាំខាងមុខនេះ ហើយវាអាចនឹងមានករណីពុករលួយជាច្រើនទៀតដែលពាក់ព័ន្ធនឹងមន្ត្រីយោធាកំពូលៗ»។ ទោះជាយ៉ាងណាក៏ដោយ បើគ្មានការដោះស្រាយដើមចម ដែលនាំឱ្យមានការប្រព្រឹត្តិអំពើពុករលួយទេ អំពើពុករលួយនៅក្នុងជួរយោធាអាចនឹង មិនមានការថយចុះនោះទេ។

ក្រៅពីការពង្រឹងការត្រួតពិនិត្យរបស់ស្ថាប័នស៊ីវិលលើការចំណាយរបស់យោធា, ការបញ្ឈប់យោធាពីការចូលរួមនៅក្នុងសកម្មភាពពាណិជ្ជកម្មស្វែងរកប្រាក់ចំណេញ និងការបង្កើនប្រាក់ខែរបស់បុគ្គលិកយោធាប្រទេសវៀតណាមចាំបាច់ត្រូវលុបបំបាត់ «ការជួញដូរអំណាច» «Power Trading» នៅក្នុងជួរយោធា។

បើទោះបីជាមិនទាន់មានការស៊ើបអង្កេតជាផ្លូវការក៏ដោយ ក៏ការបង់ប្រាក់សំណូកដើម្បីទទួលបានការតម្លើងឋានន្តរស័ក្តិ បាននិងកំពុងក្លាយទៅជារឿងសាមញ្ញមួយទៅហើយ ទាំងនៅក្នុងអង្គភាពរដ្ឋាភិបាលស៊ីវិលនិងនៅក្នុងកងកម្លាំងប្រដាប់អាវុធ។

បន្ទាប់ពីត្រូវបានតម្លើងឋានៈ អ្នកដែលសូកសំណូកនឹងស្វែងរកមធ្យោបាយដើម្បីទទួលបានប្រាក់សំណូករបស់ពួកគេមកវិញ ដែលជាហេតុធ្វើឱ្យការប្រព្រឹត្តអំពើពុករលួយកើតមានកាន់តែខ្លាំងក្លានិងកាន់តែអាក្រក់ទៅៗ។ វាប្រហែលជាមិន មែនជារឿងចៃដន្យទេ នៅពេលដែលអំពើពុករលួយនៅក្នុងជួរយោធាបានកើនឡើងយ៉ាងខ្លាំងចាប់តាំងពីឆ្នាំ២០០៦ ដែលជាពេលដែលចំនួនឧត្តមសេនីយ៍បានចាប់ផ្តើមកើនឡើងយ៉ាងខ្លាំង។

នៅឆ្នាំ ១៩៧៥ នៅពេលដែលសង្រ្គាមវៀតណាមបានបញ្ចប់កងទ័ពវៀតណាមមានឧត្តមសេនីយ៍តែ ៣៦ នាក់ប៉ុណ្ណោះ។ ក៏ប៉ុន្តែនៅឆ្នាំ ២០១៨ ប្រទេសវៀតណាមនៅក្នុងសម័យសន្តិភាព មានមន្ត្រីយោធាចំនួន ៤១៥ នាក់ដែលមានឋានៈជាឧត្តមសេនីយ៍។

កងទ័ពវៀតណាមមានមោទនភាពចំពោះការអាចយកឈ្នះលើមហាអំណាចចំនួន៣ ក៏ប៉ុន្តែជ័យជំនះនេះបានកើតមាននៅពេលដែលអំពើពុករលួយស្ទើរតែមិនមានសោះនៅក្នុងចំណោមជួរកងទ័ពវៀតណាម។

ឥឡូវនេះ ជាមួយនឹងករណីអំពើពុករលួយដ៏ច្រើនសន្ធឹកសន្ធាប់ សមត្ថភាពរបស់វៀតណាមក្នុងការប្រឈមមុខដោះស្រាយចំពោះការគំរាមកំហែងផ្នែកយោធានិងសន្តិសុខ អាចនឹងរងនូវការធ្លាក់ ចុះយ៉ាងធ្ងន់ធ្ងរ។
-អំពើពុករលួយបានក្លាយជាសត្រូវដ៏អាក្រក់បំផុតរបស់យោធាវៀតណាម ហើយការអាចយកជ័យជំនះលើសត្រូវលាក់មុខមួយនេះនៅតែមានភាពមិនច្បាស់លាស់នៅឡើយនោះទេ៕

អត្ថបទទាក់ទង