ខ្មែរប៉ុស្ដិ៍ Close

    គោលនយោបាយការពារជាតិ «គ្មាន ៤» របស់វៀតណាមកំពុងរងនូវការធ្វើតេស្តសាកល្បង

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី២៦ ខែមេសា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 2176
    គោលនយោបាយការពារជាតិ «គ្មាន ៤» របស់វៀតណាមកំពុងរងនូវការធ្វើតេស្តសាកល្បងគោលនយោបាយការពារជាតិ «គ្មាន ៤» របស់វៀតណាមកំពុងរងនូវការធ្វើតេស្តសាកល្បង

    បន្ទាប់ពីការលុកលុយរបស់លោក ពូទីន ចូលប្រទេសអ៊ុយក្រែននៅក្នុងខែកុម្ភៈ ភាពចម្រូងចម្រាសបានកើតមានជាបន្តបន្ទាប់ជុំវិញការឆ្លើយតបរបស់រដ្ឋាភិបាលវៀតណាម ដែលបានបដិសេធមិនហៅសង្រ្គាមរបស់ប្រធានាធិបតីរុស្ស៊ីថាជា «ការឈ្លានពាន» តាមរយៈការបោះឆ្នោតអនុប្បវាទ លើសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ ហើយកាលពីពេលថ្មីៗនេះ វៀតណាមក៏បានបោះឆ្នោតប្រឆាំងនឹងការដករុស្ស៊ីចេញពីក្រុមប្រឹក្សាសិទ្ធិមនុស្សផងដែរ។

    ទោះបីជាយ៉ាងណាក៏ដោយ អ្នកដែលធ្លាប់បានដឹងអំពីគោលនយោបាយការបរទេសរបស់វៀតណាម ប្រហែលជាមិនមានការភ្ញាក់ផ្អើលនោះទេចំពោះការឆ្លើយតបមិនច្បាស់លាស់របស់វៀតណាមចំពោះវិបត្តិនៅអ៊ុយក្រែន។ ការប្រកាន់យកឥរិយាបថប្រកបដោយភាពប្រុងប្រយ័ត្នចំពោះវិបត្តិអន្តរជាតិដើម្បីចៀសវាងកំហុសដែលមិនអាចប៉ះប៉ូវបាន គឺជាលក្ខណៈសម្បត្តិធម្មតាមួយនៃគោលនយោបាយការបរទេសរបស់វៀតណាម។

    នៅពេលនេះវៀតណាមបានប្រកាន់ជំហរស្ទាក់ស្ទើរចំពោះសង្គ្រាមរបស់រុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន និងបានព្យាយាមប្រកាន់ជំហរប្រកបដោយតុល្យភាពរវាងប្រទេសរុស្ស៊ីដែលជា «ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» និងសហរដ្ឋអាមេរិកដែលជា «ដៃគូសន្តិសុខក្នុងតំបន់ដ៏សំខាន់» របស់ខ្លួន។

    តាមរយៈការមិនគាំទ្រទាំងប្រទេសរុស្ស៊ី និងអ៊ុយក្រែន (ដែលនឹងអនុញ្ញាតឱ្យវៀតណាមនៅតែអាចចងសម្ព័ន្ធមិត្តជាមួយសហរដ្ឋអាមេរិកបាន) វៀតណាមអាចចៀសវាងពីការចូលរួមពាក់ព័ន្ធនៅក្នុងរឿងនយោបាយរបស់មហាអំណាច។

    គួរកត់សម្គាល់ផងដែរថា «នៅក្នុងសម័យសង្គ្រាមត្រជាក់ វៀតណាមគឺជាជនរងគ្រោះផ្នែកភូមិសាស្ត្រនយោបាយនៅក្នុងជម្លោះរវាងសហរដ្ឋអាមេរិក, រុស្ស៊ី និងចិន ដោយសារតែការកាន់ជើងភាគីមួយនៅក្នុងជម្លោះ»។ ទាំងរុស្ស៊ីនិងអាមេរិក សុទ្ធតែមានសារៈសំខាន់ខ្លាំងចំពោះគោលនយោបាយការបរទេសនិងវិស័យការពារជាតិរបស់វៀតណាម។

    វៀតណាមត្រូវការរុស្ស៊ីសម្រាប់ការបញ្ជាទិញសព្វាវុធ និងសម្រាប់ការពង្រឹងចំណងមិត្តភាពជាប្រពៃណី ខណៈដែលវៀតណាមធ្លាប់ទទួលបានការគាំទ្រដ៏សំខាន់ទាំងផ្នែកការទូតនិងផ្នែកយោធាពីអតីតសហភាពសូវៀត។

    រុស្ស៊ីក៏ជាប្រទេសដំបូងគេផងដែរដែលបានបង្កើត «ភាពជាដៃគូយុទ្ធសាស្ត្រ» ជាមួយវៀតណាម នៅក្នុងឆ្នាំ ២០០១ និងបានចែករំលែកតួនាទី «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» ជាមួយចិន និងឥណ្ឌាហើយរុស្ស៊ីនៅតែជាដៃគូរុករកប្រេងនិងឧស្ម័ននាំមុខគេរបស់វៀតណាមនៅសមុទ្រចិនខាងត្បូង។

    ទន្ទឹមគ្នានេះដែរ វៀតណាមក៏បានវាយតម្លៃខ្ពស់ផងដែរចំពោះទំនាក់ទំនងផ្នែកសេដ្ឋកិច្ចនិងការពារជាតិដែលកំពុងរីកចម្រើនជាមួយសហរដ្ឋអាមេរិក ដែលបានព្យាយាមម្តងហើយម្តងទៀត ក្នុងការលើកកម្ពស់ទំនាក់ទំនងជាមួយវៀតណាមឆ្ពោះទៅរក «ភាពជាដៃគូយុទ្ធសាស្ត្រ»។

    ការពង្រឹងទំនាក់ ទំនងទ្វេភាគីរវាងវៀតណាមនិងសហរដ្ឋអាមេរិក ជាពិសេសនៅក្នុងវិស័យសន្តិសុខដែនសមុទ្រ នឹងផ្តល់នូវការការពារដ៏សំខាន់នៅក្នុងជម្លោះទឹកដី។ វៀតណាមបានចាត់ទុកសហរដ្ឋអាមេរិក និងរុស្ស៊ីជាដៃគូដ៏សំខាន់នៅពេលប្រឈមមុខនឹងការឈ្លានពានរបស់ចិន នៅក្នុងដែនទឹកដែលមានជម្លោះ។

    រដ្ឋាភិបាលអាមេរិកបានផ្តល់ការគាំទ្រផ្នែកការទូតនិងជំនួយផ្នែកសន្តិសុខកាន់តែច្រើនដល់វៀតណាម ដើម្បីទប់ទល់នឹងការគាបសង្កត់របស់ចិននៅដែនសមុទ្រដែលមានជម្លោះខណៈដែលរុស្ស៊ីក៏បានផ្តល់ការគាំទ្រយ៉ាងស្ងៀមស្ងាត់ផងដែរដល់វៀតណាមតាមរយៈការបន្តកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យប្រេងនិងឧស្ម័នជាមួយវៀតណាមនៅក្នុងដែនទឹកដែលមានជម្លោះ។

    ឥឡូវនេះ វៀតណាមបានព្យាយាមរក្សានិងពង្រឹងទំនាក់ទំនងរបស់ខ្លួនជាមួយដៃគូទាំងចាស់និងថ្មី តាមរយៈសកម្មភាពនៃការបង្កើនការចូលរួមនៅគ្រប់ទិសទី។ នៅក្នុងកិច្ចខិតខំប្រឹងប្រែងធ្វើពិពិធកម្មទំនាក់ទំនងរបស់ខ្លួនជាមួយបណ្តាប្រទេសជិតខាង, ជាមួយសម្ព័ន្ធមិត្តការទូតប្រពៃណី, ជាមួយបណ្តាប្រទេសក្នុងតំបន់ និងមហាអំណាចកណ្តាល វៀតណាមអាចចៀសវាងពីការពឹងផ្អែកទាំងស្រុងទៅលើភាគីជាក់លាក់ណាមួយ។

    ជាមួយនឹងការប្រកាន់ខ្ជាប់នូវឯករាជ្យភាព វៀតណាមបានអះអាងសារជាថ្មីនូវគោលការណ៍ពហុភាគីនិយម និងការធ្វើពិពិធកម្មនៅក្នុងទំនាក់ទំនងអន្តរជាតិ។ ជំនួសឱ្យការចូលរួមជាមួយភាគីណាមួយ វៀតណាមបានបង្ហាញអំពីការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះ «សន្តិភាព, មិត្តភាព, កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍ» នៅក្នុងទំនាក់ទំនងការបរទេស។

    ប្រទេសវៀតណាមមានមោទនភាពចំពោះជោគជ័យរបស់ខ្លួនក្នុងការរក្សាតុល្យភាពល្អរវាងអាមេរិកនិងរុស្ស៊ី ក៏ប៉ុន្តែការរក្សាស្វ័យភាពយុទ្ធសាស្ត្ររបស់វៀតណាម បូករួមនឹងការរក្សាជំហរមិនច្បាស់លាស់ចំពោះសង្រ្គាមបង្ហូរឈាមរបស់រុស្ស៊ីនៅអ៊ុយក្រែន នឹងមិនអាចបន្តអនុវត្តបានសម្រាប់រយៈពេលវែងនោះទេ។

    គោលការណ៍ «គ្មាន ៤ – FourNo’s» របស់វៀតណាមរួមមាន «ការគ្មានការចូលរួមនៅក្នុងសម្ព័ន្ធភាពយោធា, គ្មានការគាំទ្រចំពោះប្រទេសណាមួយដើម្បីធ្វើសកម្មភាពប្រឆាំងនឹងប្រទេសមួយផ្សេងទៀត, គ្មានមូលដ្ឋានយោធាបរទេសនៅក្នុងទឹកដីវៀតណាម និងគ្មានការប្រើប្រាស់កម្លាំង ឬការគំរាមកំហែងប្រើកម្លាំងនៅក្នុងទំនាក់ទំនងអន្តរជាតិ»។

    ចំពោះវិបត្តិនៅអ៊ុយក្រែន ក្រសួងការបរទេសវៀតណាមបានគូសបញ្ជាក់អំពីការស្នើឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់គោរពតាមធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ និងគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិដែលរារាំងមិនឱ្យមានការប្រើប្រាស់កម្លាំង និងការស្វែងរកដំណោះស្រាយដោយសន្តិវិធី ដើម្បីរួមចំណែកដល់ការថែរក្សាសន្តិភាព, សន្តិសុខ, ស្ថិរភាពនិងកិច្ចសហប្រតិបត្តិការក្នុងតំបន់និងពិភពលោក។

    សេចក្តីថ្លែងការណ៍ផ្លូវការរបស់វៀតណាមបានលើកឡើងនូវការរិះគន់ដោយប្រយោលចំពោះសកម្មភាពរបស់ រុស្ស៊ី ដោយសារវាបានបំពានលើគោលការណ៍ធម្មនុញ្ញខាងលើ។ សម្រាប់បណ្តាមេដឹកនាំវៀតណាម គោលជំហរផ្លូវការរបស់វៀតណាមមានលក្ខណៈស្របតាមគោលនយោបាយការបរទេសរបស់ប្រទេស។

    ប៉ុន្តែ «តើ​វៀតណាម​អាច​បន្តរក្សាតុល្យភាព​រវាង​សហរដ្ឋអាមេរិកនិង​រុស្ស៊ីបានដល់ពេលណា ខណៈ​ដែលវៀតណាមក៏ត្រូវការការពារ​នូវផលប្រយោជន៍​សន្តិសុខ​ជាតិ​របស់​ខ្លួន​នៅលើឆាកអន្តរជាតិ?»

    ចម្លើយចំពោះសំណួរនេះនឹងអាស្រ័យទៅលើសមត្ថភាពគ្រប់គ្រងរបស់វៀតណាមដែលរួមមានការពង្រឹងសេដ្ឋកិច្ចឱ្យបានរឹងមាំ, ការបង្កើនសមត្ថភាពការពារជាតិឱ្យបានគ្រប់គ្រាន់ និងការពង្រីកទំនាក់ទំនងអន្តរជាតិដូចដែលមានចែងក្នុងសេចក្តីសម្រេចចិត្តលេខ ១៣ របស់គណបក្សកុម្មុយនីស្តវៀតណាម ដែលបានចេញផ្សាយនៅក្នុងឆ្នាំ ១៩៨៨។

    ភាពប៉ិនប្រសប់របស់វៀតណាមក្នុងការពង្រឹងគុណតម្លៃផ្នែកយុទ្ធសាស្ត្ររបស់ខ្លួន នឹងដើរតួនាទីយ៉ាងសំខាន់នៅក្នុងការពង្រឹងជំហរនិងតួនាទីរបស់ខ្លួននៅក្នុងក្រសែភ្នែករបស់មហាអំណាច។ សម្រាប់មហាអំណាចកណ្តាល និងជាពិសេសសម្រាប់បណ្តាប្រទេសតូចៗ ការចងសម្ព័ន្ធភាពជាមួយមហាអំណាចមួយប្រឆាំងនឹងប្រទេសមួយទៀតមិនមែនជាជម្រើសដ៏ឆ្លាតវៃនោះទេ។

    ការធ្វើបែបនេះនឹងមិននាំមកនូវផលចំណេញនោះឡើយ។ ផ្ទុយទៅវិញ វានឹងនាំមកនូវការខាតបង់ជាច្រើនដល់វិស័យសន្តិសុខជាតិរបស់វៀតណាម។ សមត្ថភាពរបស់វៀតណាមក្នុងការគ្រប់គ្រងប្រទេសនៅក្រោមស្ថានភាពនយោបាយដ៏តានតឹងរវាងមហាអំណាច កំពុងរងនូវការធ្វើតេស្តសាកល្បង៕ The Interpreter

    អត្ថបទទាក់ទង