ខ្មែរប៉ុស្ដិ៍ Close

    ទិដ្ឋភាពនៃការធ្វើពាណិជ្ជកម្មនៅក្រោយការរាតត្បាតនៃវីរុសកូវីដ-១៩ នៅអាស៊ាន

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៨ ខែមេសា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 1079
    ទិដ្ឋភាពនៃការធ្វើពាណិជ្ជកម្មនៅក្រោយការរាតត្បាតនៃវីរុសកូវីដ-១៩ នៅអាស៊ានរូបភាព The Diplomat

    នៅពេលដែលសេដ្ឋកិច្ចពិភពលោក ងើបឡើងវិញចេញពីវិបត្តិកូវីដ-១៩ ការលុបចោលនូវវិធានការបិទខ្ទប់ និងការបើកព្រំដែនប្រទេសឡើងវិញ បាននាំមកនូវការកើនឡើងនូវតម្រូវការដែលជាហេតុធ្វើឱ្យតម្លៃទំនិញ នៅជុំវិញពិភពលោក មានការកើនឡើងយ៉ាងខ្លាំង។

    សហរដ្ឋអាមេរិកកំពុងជួបប្រទះបញ្ហាអតិផរណាដ៏អាក្រក់បំផុត ហើយធនាគារកណ្តាលអាមេរិកក៏អាចនឹងធ្វើការដំឡើងអត្រាការប្រាក់បន្ថែមទៀតផងដែរ នៅឆ្នាំនេះ។ បណ្តាប្រទេសដែលជួបប្រទះនូវឱនភាពគណនីចរន្តធ្លាប់បានប្រឈមមុខនឹងវិបត្តិជាច្រើន នៅពេលដែលធនាគារកណ្តាលបង្កើនការរឹតបន្តឹងលើគោលនយោបាយរូបិយវត្ថុ។

    គណនីចរន្ត ធ្វើការវាស់វែងលើលំហូរសុទ្ធនៃទំនិញ, សេវាកម្ម និងប្រាក់ចំណូល ទាំងចូលមកក្នុងប្រទេស និងចេញទៅក្រៅប្រទេស។ ផ្នែកនីមួយៗត្រូវបានវាស់វែងដាច់ដោយឡែកពីគ្នា។ ក៏ប៉ុន្តែប្រសិនបើលំហូរចេញមានទំហំធំជាងលំហូរចូល ប្រទេសនោះនឹងជួបប្រទះនូវឱនភាព។

    នៅក្នុងអាស៊ាន ប្រទេសភាគច្រើនចង់បង្កើតឱ្យមានអតិរេក ដោយក្នុងនោះ ពួកគេនឹងព្យាយាមបង្កើនការនាំចេញទំនិញនិងសេវាកម្ម ទន្ទឹមនឹងការកាត់បន្ថយការនាំចូល។ នៅពេលដែលសេដ្ឋកិច្ចពិភពលោក បានចាប់ផ្តើមដំណើរការឡើងវិញ នៅពេលឥឡូវនេះ យើងអាចធ្វើការវាយតម្លៃបានហើយថា «តើប្រទេសធំៗមួយចំនួននៅក្នុងតំបន់អាស៊ីអាគ្នេយ៍កំពុងជួបប្រទះនូវឱនភាព ឬអតិរេក»។

    ការនាំចេញទំនិញរបស់ប្រទេសថៃបានកើនឡើងដល់ ២៦៩,៦ ពាន់លានដុល្លារនៅក្នុងឆ្នាំ ២០២១ ដែលបានកើនលើសឆ្នាំ២០១៩ ចំនួន ២៦,៩ ពាន់លានដុល្លារ ក៏ប៉ុន្តែប្រទេសនេះបានបិទបញ្ចប់ឆ្នាំ ២០២១ ជាមួយនឹងឱនភាពគណនីចរន្តសរុបចំនួន ១០,៦ ពាន់លានដុល្លារ ដោយសារតែវិស័យទេសចរណ៍នៅតែមិនទាន់ត្រូវបានស្តារឡើងមកវិញ។

    ក្នុងឆ្នាំ ២០១៩ ប្រទេសថៃបានរាយការណ៍អំពីការនាំចេញសេវាកម្មដែលទាក់ទងនឹងការធ្វើដំណើរចំនួន ៥៩,៨ ពាន់លានដុល្លារ ។ នៅឆ្នាំ២០២១ តួរលេខ នេះបានធ្លាក់ចុះមកនៅត្រឹម ៤,៨ ពាន់លានដុល្លារ។ ប្រសិនបើនៅឆ្នាំនេះ ឧស្សាហកម្មនេះអាចស្ទុះងើបឡើងវិញដល់ ១/៣ នៃកម្រិតដែលធ្លាប់ទទួលបាននៅមុនការរាតត្បាតនៃវីរុស ការកាត់បន្ថយឱនភាពគណនីចរន្តនឹងក្លាយជាដំណើរការមួយ ដែលត្រូវចំណាយពេលយូរ។

    នេះគឺជាបញ្ហាដែលមន្ត្រីនៃរដ្ឋាភិបាលថៃនឹងបន្តតាមដានយ៉ាងដិតដល់ ជាពិសេសនៅពេលដែលតម្លៃទំនិញនាំចូលបន្តកើនឡើងកាន់តែខ្ពស់ បូករួមនឹងការធ្លាក់ថ្លៃលុយបាតដែលនឹងបន្តបង្កើនសម្ពាធនៅពេញមួយឆ្នាំ ២០២២ ។

    បន្ទាប់ពីទទួលបានអតិរេកគណនីចរន្តចំនួន ១១,៦ ពាន់លាន ដុល្លារនៅក្នុងឆ្នាំ ២០២០ ប្រទេសហ្វីលីពីនបានងាកឆ្ពោះទៅរកចំណុចអវិជ្ជមានវិញ ជាមួយនឹងឱនភាពចំនួន ៦,៩ ពាន់លានដុល្លារ នៅក្នុងឆ្នាំ ២០២១។

    អតិរេកឆ្នាំ ២០២០ អាចបណ្តាលមកពីឥទ្ធិពលនៃវីរុសរាតត្បាតដែលបានកាត់បន្ថយការនាំចូល បើទោះបីជាការផ្ទេរប្រាក់ពីប្រជាជនហ្វីលីពីនដែលរស់នៅក្រៅប្រទេសនៅតែមានភាពរឹងមាំក៏ដោយ។

    ការផ្ទេរប្រាក់មានការកើនឡើងម្តងទៀតនៅក្នុងឆ្នាំ ២០២១ ដែលមានចំនួន ៣០,៤ ពាន់លានដុល្លារ ក៏ប៉ុន្តែការស្ទុះងើបឡើងវិញដ៏រឹងមាំនៃការនាំចូលបានទាញគណនីចរន្តរបស់ហ្វីលីពីនឆ្ពោះទៅរកឱនភាព។

    ខណៈពេលដែលការកើនឡើងនៃតម្លៃទំនិញបានបង្កើនសម្ពាធលើឱនភាពគណនីចរន្តរបស់ប្រទេសមួយចំនួនដូចជាថៃនិងហ្វីលីពីន វាបានផ្ដល់នូវផលប្រយោជន៍ដល់ប្រទេសនាំចេញទំនិញ ដូចជាឥណ្ឌូណេស៊ីនិងម៉ាឡេស៊ី។

    ដំណាក់កាលដំបូង នៃការកើតមានវីរុសរាតត្បាតបានបង្រួមអតិរេកគណនីចរន្តរបស់ម៉ាឡេស៊ីមកនៅត្រឹមចំនួន ១,៨ ពាន់លានដុល្លារនៅ ក្នុងត្រីមាសទី២ នៃឆ្នាំ ២០២០។ ក៏ប៉ុន្តែការ នាំចេញជាពិសេសទំនិញដែលមានតម្រូវការខ្ពស់ដូចជាប្រេងដូង បានចាប់ផ្តើមទទួលបានសន្ទុះល្អចាប់តាំងពីពេលនោះមក។ ប្រទេសម៉ាឡេស៊ីបានបិទបញ្ចប់ត្រីមាសទី៤ នៃឆ្នាំ ២០២១ ជាមួយនឹងអតិរេកគណនីចរន្តចំនួន ៣,៥ ពាន់លានដុល្លារដែលត្រូវបានជំរុញដោយការកើនឡើងនូវការនាំចេញទំនិញ។

    ឥណ្ឌូណេស៊ីដែលជាប្រទេសនាំចេញទំនិញមួយផ្សេងទៀត បានជួបប្រទះនូវការប្រែប្រួលដ៏ធំបំផុតនៅក្នុងគណនីចរន្តរបស់ខ្លួននៅក្នុងអំឡុងពេលកើតមានវីរុសរាតត្បាត។ គណនីចរន្តរបស់ឥណ្ឌូណេស៊ីមានឱនភាពចំនួន ៣០,៣ ពាន់លានដុល្លារនៅក្នុងឆ្នាំ ២០១៩។ ក៏ប៉ុន្តែនៅក្នុងឆ្នាំ ២០២១ ឥណ្ឌូណេស៊ីទទួលបានអតិរេកចំនួន ៣,៣ ពាន់លានដុល្លារ ដែលមួយផ្នែកធំបណ្តាលមកពីការកើនឡើងនូវតម្រូវការជាសកលសម្រាប់ផលិតផលធ្យូងថ្ម និងប្រេងដូងរបស់ឥណ្ឌូណេស៊ី។

    ការនាំចេញធ្យូងថ្មបានកើនឡើងពី ២១,៧ ពាន់លានដុល្លារនៅក្នុងឆ្នាំ ២០១៩ ដល់ ៣១,៥ ពាន់លានដុល្លារ នៅក្នុងឆ្នាំ ២០២១ ខណៈការនាំចេញប្រេងដូងបានកើនឡើងពី ១៤,៧ ពាន់លានដុល្លារដល់ ២៦,៥ ពាន់លានដុល្លារ នៅក្នុងរយៈពេលដូចគ្នានេះ។ នៅត្រឹមខែមីនា ឆ្នាំ ២០២២ ឥណ្ឌូណេស៊ីទទួលបានអតិរេកនៅក្នុងការនាំចេញចំនួន ៤,៥ ពាន់លានដុល្លារ។

    ទាំងនេះអាចផ្តល់ឱ្យពួកគេនូវឱកាសក្នុងការដកដង្ហើម ជាពិសេសនៅពេលដែលធនាកណ្តាលអាមេិកកំពុងចាប់ផ្តើមដំណើរការដំឡើងអត្រាការប្រាក់នៅឆ្នាំនេះ ហើយវាក៏អាចជំរុញឱ្យរដ្ឋាភិបាលមានភាពក្លាហានជាងមុនក្នុងការអនុវត្តការហាមឃាត់លើការនាំចេញក្នុងគោលបំណង រក្សាស្ថិរភាពតម្លៃប្រេងឆា និងតម្លៃអគ្គិសនីនៅក្នុងស្រុក។ បើសិនជាគ្មានអតិរេកគ្រប់គ្រាន់នៅក្នុងគណនីចរន្តទេ ការហាមឃាត់លើការនាំចេញគ្រប់ប្រភេទ នឹងក្លាយជារឿងដែលមិនអាចទៅរួចឡើយ។

    ការមានឱនភាព ឬអតិរេកនៅក្នុងគណនីចរន្តមិនអាចបញ្ជាក់ពីស្ថានភាពល្អ ឬអាក្រក់បាននោះទេ ពីព្រោះវានឹងអាស្រ័យទៅលើសមតុល្យជាក់ស្តែង។ ប៉ុន្តែនៅពេលនេះ ដោយសារអតិផរណា និងតម្លៃទំនិញនៅក្នុងពិភពលោកកំពុងស្ថិតក្នុងអត្រាមួយដ៏ខ្ពស់ ប្រទេសដែលមិនសូវនាំចូលទំនិញ និងដែលមានអតិរេកសមល្មមនៅក្នុងគណនីចរន្ត អាចនឹងមានអំណោយផលល្អប្រសើរជាងគេសម្រាប់រយៈពេលខ្លី៕ The Diplomat

    អត្ថបទទាក់ទង