ខ្មែរប៉ុស្ដិ៍ Close

ទស្សនៈមិត្តអ្នកអាន ៖ «ការបំពានច្បាប់ម្តងហើយម្តងទៀតរបស់សហជីពនៃក្រុមហ៊ុនណាហ្គាវើល!»

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៨ ខែមេសា ឆ្នាំ២០២២ ទស្សនៈ - នយោបាយ 593
ទស្សនៈមិត្តអ្នកអាន ៖ «ការបំពានច្បាប់ម្តងហើយម្តងទៀតរបស់សហជីពនៃក្រុមហ៊ុនណាហ្គាវើល!» ទស្សនៈមិត្តអ្នកអាន ៖ «ការបំពានច្បាប់ម្តងហើយម្តងទៀតរបស់សហជីពនៃក្រុមហ៊ុនណាហ្គាវើល!»

ក្រៅពីដឹកនាំការធ្វើបាតុកម្មខុសច្បាប់ មិនស្តាប់ការណែនាំរបស់អាជ្ញាធរ មិនទទួលយកដំណោះស្រាយរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល និងមិនទទួលយកដំណោះស្រាយតាមច្បាប់ការងារ ដោយដឹកនាំការតវ៉ាខុសច្បាប់ ខុសទំនង អស់ជាច្រើនខែ ឥឡូវនេះសហជីពខាងលើក៏បានបន្តបំពានច្បាប់យ៉ាងគឃ្លើនម្តងទៀតតាមរយៈការរៀបចំបោះឆ្នោតខុសពីលក្ខន្តិកៈ និងខុសច្បាប់ស្តីពីសហជីព។

សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដែលមាននាង ឈឹម ស៊ីថរ ជាប្រធាន បានផុតអាណត្តិកាលពីថ្ងៃទី ២៥ មេសាឆ្នាំ ២០២២។

អនុលោមតាមច្បាប់សហជីព និងស្របតាមលក្ខន្តិកៈរបស់ខ្លួន សហជីពនេះត្រូវធ្វើមហាសន្និបាតដើម្បីជ្រើសរើសថ្នាក់ដឹកនាំថ្មីរបស់ខ្លួន។ ប៉ុន្តែសហជីពនេះបែរជាបំពានច្បាប់ដោយរៀបចំការបោះឆ្នោតមួយដែលមិនស្របតាមច្បាប់ស្តីពីសហជីព និងលក្ខន្តិកៈរបស់ខ្លួនទៅវិញ។ ពួកគេមិនបានធ្វើមហាសន្និបាតទេ តែបែរជារៀបចំការ បោះឆ្នោតដែលមិនគ្រប់លក្ខណៈពោល គឺការបោះឆ្នោដោយមានអ្នកចូលរួមជាដំណក់ៗ មិនគ្រប់កូរ៉ុម (៥០% + ១) និងគ្មានការឯកភាពផ្ទៃក្នុង។

អ្វីដែលគួរឲ្យចម្លែកថែមទៀតនោះគឺអ្នកឈរឈ្មោះបោះឆ្នោត និងអ្នកបោះឆ្នោតមួយចំនួនជាមនុស្សដែលគ្មានសិទ្ធិឈរឈ្មោះ និងគ្មានសិទ្ធិបោះឆ្នោតឡើយពីព្រោះតែពួកគេលែងជាបុគ្គលិករបស់ក្រុមហ៊ុនណាហ្គាវើលដ៍ទៀតហើយ ចាប់តាំងពីត្រូវបានបញ្ឈប់ពីការងារដោយមូលហេតុវិបត្តិកូវីដ-១៩។

ម្យ៉ាងទៀត មានសមាជិកសហជីពមួយចំនួនក៏បានជំទាស់តាមរយៈលិខិតជាសាធារណៈទៅនឹការបោះឆ្នោតខុសនីតិវិធីនេះដែរ។

វាពិតជារឿងគួរឲ្យសោកស្តាយ និងគួរឲ្យខ្មាសអៀនបំផុតដែលអង្គការសហជីពមួយបែរជាបំពានច្បាប់ម្តងហើយម្តងទៀតព្រោះតែបម្រើមហិច្ឆតានយោបាយ។ ជាអង្គការសហជីពគួរតែធ្វើជាគំរូក្នុងការអនុវត្តច្បាប់ស្តី
ពីការងារនិងច្បាប់ស្តីពីសហជីព រួមទាំងការគោរពលក្ខន្តិកៈរបស់ខ្លួនផង។ ប៉ុន្តែ សហជីពមួយនេះបែរជាធ្វើសកម្មភាពយ៉ាងគឃ្លើនដោយមិនគិតពីច្បាប់ និងមិនគិតពីភាពសមរម្យ ឬសេចក្តីថ្លៃថ្នូរអ្វីឡើយ។

អ្វីដែលពួកគេចង់បានគឺធ្វើយ៉ាងណាបង្កអស្ថិរភាពសង្គម អសណ្តាប់ធ្នាប់ដើម្បីបំរើមហិច្ឆតអ្នកនយោបាយនៅពី ក្រោយខ្នង។ នៅលើលោកនេះ គ្មានអង្គការសង្គមស៊ីវិល ឬអង្គការនយោបាយណាមួយដែលរៀបចំការបោះឆ្នោតជ្រើសរើសមេដឹកនាំដោយការប្រមូលមនុស្សម្តងមួយក្រុមៗ ហើយយកមកបូកបញ្ចូលគ្នាបែបនេះឡើយ។ ការធ្វើសមាជ ឬមហាសន្និបាតត្រូវរៀបចំឡើងក្នុងពេលតែមួយ និងដោយមានកូរ៉ុមគ្រប់ចំនួនទើបការបោះឆ្នោតមានសុពលភាព។ ចុះហេតុអ្វីបានជាសហជីពមួយននៃក្រុមហ៊ុនណាហ្គាវើលមួយនេះដឹកនាំដោយក្រុមឈឹម ស៊ីថរ ហ៊ានបំពានច្បាប់និងលក្ខន្តិកៈរបស់ខ្លួន យ៉ាង ងងើលបែបនេះ?

មានហេតុផលច្រើនយ៉ាងដែលអាចពន្យល់រឿងនេះបាន៖

ទី១៖ មកពីសហជីពនេះបាត់បង់ការគាំទ្រពីសមាជិករបស់ខ្លួនដោយសមាជិកភាគច្រើនមិនផ្តល់ទំនុកចិត្តទៅលើការដឹកនាំរបស់ ឈឹម ស៊ីថរ និងបក្ខពួកទៀតឡើយដោយសារតែពួកគេ យកសហជីពទៅបម្រើនយោបាយធ្វើឲ្យបាត់បង់ផលប្រយោជន៍របស់កម្មករ និយោជិត និងបាត់បង់តម្លៃរបស់សហជីព។ ជាក់ស្តែង ការដឹកនាំការតវ៉ាឲ្យថៅកែទទួលយកបុគ្គលិកមួយក្តាប់តូចចូលធ្វើការវិញត្រូវគេមើលឃើញថាគឺជាការទាមទារដែលគ្មានមូលដ្ឋានច្បាប់ និងគ្មានភាពសមទំនងទាល់តែសោះ។

ទី២៖ ដោយសារតែការប្រមូលសមាជិកធ្វើមហាសន្និបាតមិនបានគ្រប់ចំនួន និងដោយសារតែមហិច្ឆតាចង់ធ្វើមេដឹកនាំសហជីពនេះបន្តដើម្បីចិញ្ចឹមទំនាស់ក្នុងក្រុមហ៊ុនណាហ្គាវើល ទើបពួកគេគ្មានជម្រើសអ្វីក្រៅពីរៀបចំការបោះឆ្នោតបែបបាយឡុកបាយឡនេះឡើងដោយបំពានច្បាប់ និងលក្ខិកៈទាំងស្រុង ពីព្រោះចាប់ពីថ្ងៃទី ២៥ មេសា តទៅ ឈឹម ស៊ីថរ និងក្បាលម៉ាស៊ីនដឹកនាំសហជីពមួយ នេះអស់សុពលភាពក្នុងការដឹកនាំសហជីពនេះទៀតហើយ។

ដូច្នេះ ដើម្បីបន្តសកម្មភាពនយោបាយជ្រកក្រោមស្លាកសហជីពរបស់ខ្លួន ពួកគេបានរៀបចំការបោះឆ្នោតខុសច្បាប់នេះឡើងដើម្បីបន្លំភ្នែកមហាជនថា ខ្លួនទទួលបានសុពលភាពជាថ្មីជាថ្នាក់ដឹកនាំសហជីពបន្ត។

ទី៣៖ ឈឹម ស៊ីថរ និងបក្ខពួកមួយក្តាប់តូចនេះមានបំណងចង់ក្រាញននៀលដើម្បីបន្តសកម្មភាពខុសច្បាប់របស់ខ្លួនក្នុងន័យបង្កការអុកឡុកក្រុមហ៊ុនណាហ្គាវើល ក៏ដូចជាបង្កបញ្ហាដល់អាជ្ញាធរមានសមត្ថកិច្ចក្រោមលេសទាមទារសិទ្ធិការងារ។ ដើម្បីបន្តសកម្មភាព នេះបាន ទាល់តែខ្លួនត្រូវបាន បោះឆ្នោតឲ្យធ្វើជាប្រធាន និងថ្នាក់ដឹកនាំសហជីពនេះបន្តទៀត។ ប៉ុន្តែ បើរៀបចំបោះឆ្នោតតាមច្បាប់ និងតាមលក្ខន្តិកៈ ពួកគេមិនអាចធ្វើទៅរួចឡើយ ដូច្នេះ ពួកគេក៏បង្ខំចិត្តរៀបចំការ បោះឆ្នោបាយឡុកបាយឡនេះឡើងក្នុង «ទំរង់ប្រជុំដែលមានកូរ៉ុមតាមបែបច្រណិតត្រសក់និងបោះឆ្នោតជាច្រណិតត្រសក់» ទោះជាអាក្រក់មើល និងខុសគោលការណ៍យ៉ាងណាក៏ ដោយ។

សរុបមកវិញ សហជីពដែលដឹកនាំដោយ ឈឹម ស៊ីថរ បាននិងកំពុងធ្វើសកម្មភាពបំពាន ច្បាប់ជាបន្តបន្ទាប់ម្តងហើយម្តង ទៀតឥតឈប់ឈរឡើយ។

ប្រឈមមុខចំពោះបញ្ហាបែបនេះ បុគ្គលិកនិងកម្មករដែលកំពុងចូលរួមក្នុងការតវ៉ាខុសច្បាប់នេះ គួរតែដកខ្លួនចេញពីសហជីពដែលក្រុម ឈឹម ស៊ីថរកំពុងរៀបចំនេះព្រោះនេះជា «ការបង្កើតអង្គការសហជីពខុសច្បាប់»។ ម៉្យាងវិញទៀត អាជ្ញាធរមានសមត្ថកិច្ចគួរតែពិចារណា វិធានការផ្លូវច្បាប់ឲ្យបានតឹងរ៉ឹងបំផុតផងដែរចំពោះក្រុមមនុស្សប្រភេទនេះដោយមិនគួរទុកឲ្យពួកគេបន្តបង្កព្យុះភ្លៀងតាមបែបអាណាធិប្បតេយ្យនិងបំពានច្បាប់នៅក្នុងសង្គមបែបនេះទៀតឡើយ៕

ដោយ: អ្នកនយោបាយតុកាហ្វេ

អត្ថបទទាក់ទង