ខ្មែរប៉ុស្ដិ៍ Close

    តើបញ្ហាអតិផរណានឹងឈប់នៅពេលណា?

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី៦ ខែឧសភា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 1866
    តើបញ្ហាអតិផរណានឹងឈប់នៅពេលណា?តើបញ្ហាអតិផរណានឹងឈប់នៅពេលណា?

    រហូតមកដល់ប៉ុន្មានឆ្នាំចុងក្រោយនេះ បណ្តាប្រទេសធំៗភាគច្រើនបានបន្តជួបប្រទះនូវបញ្ហាលំបាកក្នុងការរក្សាអត្រាអតិផរណាឱ្យស្ថិតនៅក្នុងកម្រិតមធ្យម (Mild Inflation) ដោយក្នុងនោះ អ្នកបង្កើតគោលនយោបាយជាច្រើន នៅសហរដ្ឋអាមេរិក, ចក្រភពអង់គ្លេស និងតំបន់ចាយប្រាក់អឺរ៉ូ សុទ្ធតែបានប្រឈមមុខនឹងការលំបាកក្នុងការរក្សាកំណើនតម្លៃប្រចាំឆ្នាំឱ្យស្ថិតនៅក្នុងរង្វង់ ២%។

    ប៉ុន្តែការមកដល់នៃវីរុសកូវីដ-១៩ បានធ្វើឱ្យពិភពលោករងនូវការផ្លាស់ប្តូរយ៉ាងខ្លាំង ហើយនៅក្នុងរយៈពេល២ឆ្នាំក្រោយការមកដល់នៃវីរុសរាតត្បាតនេះ មនុស្សគ្រប់គ្នាកាន់តែមានការព្រួយបារម្ភអំពីបញ្ហាអត្រាអតិផរណា និងបានព្យាយាមស្វះស្វែងរកវិធីសាស្ត្រដើម្បីទប់ស្កាត់វា។

    អតិផរណាលើតម្លៃទំនិញប្រើប្រាស់មានអត្រាខុសៗគ្នាទៅតាមប្រទេសនីមួយៗ ហើយអត្រានេះក៏បានឆ្លុះបញ្ចាំងឱ្យឃើញផងដែរអំពីស្ថានភាពសេដ្ឋកិច្ច និងការរំពឹងទុករបស់ប្រជាជនចំពោះបញ្ហាអតិផរណាដែលអាចនឹងកើតមាននៅក្នុងពេលអនាគត។

    នៅចុងឆ្នាំ២០២១ អត្រាអតិផរណាប្រចាំឆ្នាំរបស់សហរដ្ឋអាមេរិកមានចំនួន ៤,៧% បើធៀបនឹងចំនួន ៤,៨% នៅចក្រភពអង់គ្លេស និង ៥% នៅតំបន់ចាយប្រាក់អឺរ៉ូ។ នៅពេលនេះ អត្រាអតិផរណាបាននិងកំពុងកើនឡើងកាន់តែខ្លាំង។ ក្រោយពីទទួលបានអត្រាអតិផរណាអវិជ្ជមានអស់រយៈពេលជាច្រើនឆ្នាំ នៅពេលនេះអត្រាអតិផរណារបស់ប្រទេសជប៉ុនកាលពីខែធ្នូ ឆ្នាំ ២០២១ បានកើនឡើងដល់ ០,៨%។

    ជាទូទៅ អតិផរណានឹងកើតមាននៅពេលដែលតម្រូវការសម្រាប់ទំនិញ ឬសេវាកម្មកើនលើសពីសមត្ថភាពផ្គត់ផ្គង់ ហើយអតិផរណាដោយតម្រូវការ (Demand-pull inflation) នឹងកើតមានឡើងនៅពេលដែលតម្រូវការមានការកើនឡើងដោយ សារតែគោលនយោបាយរូបិយវត្ថុ ឬការពង្រីកសារពើពន្ធ។

    ស្រដៀងគ្នានេះដែរ អតិផរណាដោយថ្លៃដើម (Cost-Push Inflation) នឹងកើតមាន នៅពេលដែលតម្លៃថាមពល និងវត្ថុធាតុដើមកើនឡើង។ នៅក្នុងសេណារីយ៉ូនេះ កម្រិតនៃតម្លៃនឹងមានការកើនឡើង ហើយបរិមាណនៃការជួញដូរនឹងរងនូវការថយចុះ។

    ប៉ុន្តែក្នុងករណីកើតមានវីរុសកូវីដ-១៩ គេបានឃើញហេតុការណ៍ផ្សេងពីនេះ។ អតិផរណាបានកើតឡើងដោយសារភាពមិនស៊ីសង្វាក់គ្នារវាងតម្រូវការ និងការផ្គត់ផ្គង់នៅក្នុងទីផ្សារ។ ក្នុងអំឡុងពេលដ៏អាក្រក់បំផុតនៃវិបត្តិកូវីដ-១៩ មនុស្សជាច្រើនមិនអាចចេញទៅទិញទំនិញនៅខាងក្រៅបានទេ។

    វីរុសកូវីដ-១៩ បានរារាំងឱកាសនៃការជួញដូរ មិនត្រឹមតែនៅក្នុងវិស័យលក់រាយប៉ុណ្ណោះទេ ក៏ប៉ុន្តែថែមទាំងនៅក្នុងវិស័យនៃការធ្វើដំណើរតាមផ្លូវអាកាស, ភោជនីយដ្ឋាន, ការកម្សាន្ត និងវិស័យជាច្រើនដទៃទៀតផងដែរ។

    វីរុសរាតត្បាតបានក្លាយជាកត្តាមួយដែលបង្កការរំខានដល់ខ្សែកោងនៃតម្រូវការ និងខ្សែកោងផ្គត់ផ្គង់។ នៅពេលករណីនេះកើតឡើង បរិមាណនៃការជួញដូរនឹងត្រូវបានកាត់បន្ថយ ហើយវានឹងកើតមានភាពខុសគ្នារវាងតម្លៃនៃតម្រូវការ (Demand Price) និងតម្លៃនៃការផ្គត់ផ្គង់ (Supply Price)។ តម្លៃដ៏ខ្ពស់ដែលអ្នកប្រើប្រាស់ត្រូវបង់គឺជាសញ្ញានៃការកើតមានអតិផរណា។

    បញ្ហានេះបានធ្វើឱ្យគេចោទជាសំណួរថា «តើពេលណាអតិផរណាដែលបណ្តាលមកពីវីរុសកូវីដ-១៩ នឹងមានការថយចុះ» ហើយចម្លើយយ៉ាងខ្លីនោះគឺ «វានឹងធូរស្រាលនៅពេលដែលវីរុស ឬការរំខានផ្សេងៗនៅក្នុងទីផ្សាររលាយបាត់រូបរាង»។

    ប្រសិនបើរដ្ឋាភិបាលនានាមិនចង់កាត់បន្ថយការធ្វើពាណិជ្ជកម្មទេ ពួកគេត្រូវតែខិតខំបង្កើនការប្រើប្រាស់តាមរយៈការជំរុញតម្រូវការឬការការពារខ្សែច្រវ៉ាក់ផ្គត់ផ្គង់ តាមរយៈការឧបត្ថម្ភធនដល់អ្នកផលិតដូចអ្វីដែលរដ្ឋាភិបាលជាច្រើនបានធ្វើនៅពេលកន្លងមក។

    ប៉ុន្តែការធ្វើបែបនេះអាចបង្កឱ្យមានអតិផរណានៅក្នុងសេដ្ឋកិច្ចទាំងមូល ហើយវាអាចឈានទៅបង្កើតឱ្យមានអតិផរណាដោយតម្រូវការ (Demand-pull Inflation)។ បន្ថែមពីលើនេះ សាធារណជនអាចនឹងបង្កើតឱ្យមានការរំពឹងទុកនៃការកើនឡើងតម្លៃ (Higher Price Expectation) ដែលជាហេតុជំរុញឱ្យមានដំណើរការអតិផរណា។

    កាលពីពេលថ្មីៗ នេះ លោក Jason Furman ដែលមកពីសាកលវិទ្យាល័យ Harvard បានព្រមានអំពីលទ្ធភាពនៃការកើតមានរឿងនេះ ហើយលោកបានកំណត់ស្ថានភាពរបស់សហរដ្ឋអាមេរិកថាជា «ករណីអតិផរណាដោយតម្រូវការ» «Demand-pull inflation»។

    លោក Jason បានលើកឡើងទៀតថា «តម្លៃបានកើនឡើងស្របពេលគ្នានឹងការងើបឡើងវិញនៃឱកាសពាណិជ្ជកម្មនៅក្នុងទីផ្សារជាច្រើន» ហើយលោកបានលើកឡើងនូវការព្រួយបារម្ភអំពីផលប៉ះពាល់ជាច្រើនទៀតដែលអាចកើតមានដោយសារតែការកើនឡើងនៃតម្រូវការ ដែលបណ្តាលមកពីវិធានការឆ្លើយតបនឹងវីរុសរាតត្បាតរបស់ប្រធានាធិបតីអាមេរិក Joe Biden និងកញ្ចប់ថវិកាស្តារសេដ្ឋកិច្ចឡើងវិញ។

    ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនបានធ្វើឱ្យពិភពលោកប្រឈម មុខនឹងសម្ពាធអតិផរណាមួយផ្សេងទៀត។ ដើម្បីអនុវត្តការដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ី ប្រទេសលោកខាងលិចត្រូវតែកាត់បន្ថយ ឬបញ្ឈប់ការទិញប្រេងនិងឧស្ម័នរបស់រុស្ស៊ី ហើយការធ្វើបែបនេះនឹងធ្វើឱ្យតម្លៃនៃវត្ថុដែលពាក់ព័ន្ធនឹងអ៊ីដ្រូកាបូន មានការកើនឡើង ហើយតម្លៃនៃផលិតផលគ្រប់មុខនឹងមានការកើនឡើងទៅតាមនោះដែរ។

    នៅក្នុងសេណារីយ៉ូនេះ វាអាចនឹងបង្កើតឱ្យមានអតិផរណាដោយថ្លៃដើម(Cost-push Inflation)។ ការដាក់ទណ្ឌកម្មលើ ប្រទេសរុស្ស៊ីអាចជាជម្រើសដ៏លំបាកមួយ ក៏ប៉ុន្តែវាគឺជាជម្រើសមួយដែលចាំបាច់ត្រូវតែធ្វើសម្រាប់លោកខាងលិច។

    សង្រ្គាមនុយក្លេអ៊ែរអាចនឹងមិនកើតឡើងនោះទេ ពីព្រោះវានឹងនាំមកនូវការបំផ្លិចបំផ្លាញទាំងស្រុង ទាំងសម្រាប់រុស្ស៊ី និងអាមេរិក។ ប៉ុន្តែសង្គ្រាមបច្ចុប្បន្ននេះនៅតែជំរុញឱ្យមានការកើនឡើងនូវការប្រើប្រាស់អាវុធទំនើបៗ ដូចអ្វីដែលអ្នកវិទ្យាសាស្ត្រនយោបាយអាមេរិក លោក Glenn Snyder បានហៅថា «ភាពផ្ទុយគ្នានៃស្ថិរភាព-អស្ថិរភាព» «Stability-instability Paradox»។

    តាមរយៈការចាប់ផ្តើមសង្គ្រាមនៅអ៊ុយក្រែន ប្រទេសរុស្ស៊ីបានទាញយកផលប្រយោជន៍ទាំងស្រុងពីភាពផ្ទុយគ្នានេះ។ ជម្លោះអាចនឹងបន្តអូសបន្លាយ ហើយដើម្បីឱ្យគោលនយោបាយរារាំងរបស់លោកខាងលិចអាចឈានទៅកាត់បន្ថយផលប៉ះពាល់ ដែលបង្កឡើងដោយសង្គ្រាមមកលើអាយុជីវិតរបស់មនុស្ស ការផ្គត់ផ្គង់និងតម្រូវការនឹងបន្តរងនូវផលប៉ះពាល់នៅទូទាំងពិភពលោក ដែលនេះមានន័យថា «យើងនឹងត្រូវបន្តជួបប្រទះនូវការកើនឡើងកាន់តែខ្ពស់នៃអតិផរណា និងតម្លៃថាមពលនៅក្នុងពេលខាងមុខ»៕ The Asean Post

    អត្ថបទទាក់ទង