ខ្មែរប៉ុស្ដិ៍ Close

    ដើម្បីប្រយុទ្ធប្រឆាំងនឹងអតិផរណា គេត្រូវប្រយុទ្ធប្រឆាំងនឹងនយោបាយបែបគាំពារនិយម

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី១៦ ខែឧសភា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 1736
    ដើម្បីប្រយុទ្ធប្រឆាំងនឹងអតិផរណា គេត្រូវប្រយុទ្ធប្រឆាំងនឹងនយោបាយបែបគាំពារនិយមដើម្បីប្រយុទ្ធប្រឆាំងនឹងអតិផរណា គេត្រូវប្រយុទ្ធប្រឆាំងនឹងនយោបាយបែបគាំពារនិយម

    គោលដៅដ៏ធំមួយដែលប្រធានាធិបតីអាមេរិក Joe Biden បានបង្កើតឡើងសម្រាប់រដ្ឋបាលរបស់លោកគឺ «ការផ្តល់អំណាចដល់កម្មករអាមេរិក និងក្រុមវណ្ណៈកណ្តាលនៅអាមេរិក»។ មនុស្សជាច្រើនជឿថា «សាកលភាវូបនីយកម្ម (បូករួមទាំងកត្តាផ្សេងៗជាច្រើនទៀត) បានធ្វើឱ្យប្រាក់ឈ្នួលនៅទ្រឹង, ធ្វើឱ្យកើនឡើងនូវវិសមភាព បូករួមនឹងអារម្មណ៍ដែលថា កម្មករអាមេរិកបានចាញ់ប្រៀបកម្មករមកពីប្រទេសផ្សេងទៀត ដែលមានស្តង់ដារទាបជាងខ្លួន»។

    នៅក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីផ្លាស់ប្តូរនិន្នាការទាំងនេះ រដ្ឋបាលរបស់លោក Biden បានងាកមកប្រកាន់យកនូវវោហារសាស្ត្របែបគាំពារនិយម បូករួមនឹងគោលនយោបាយដែលបាននាំមកនូវការបរាជ័យជាថ្មីម្តងទៀត ដល់កម្មករអាមេរិក។

    ការហក់ឡើងយ៉ាងខ្លាំងនៃអតិផរណា (បើយោងតាមតារាងតម្លៃទំនិញប្រើប្រាស់របស់អាមេរិក «US Consumer Price Index» អតិផរណាបានឡើងដល់ ៨,៣% នៅខែមេសា) បានបង្កឱ្យមានការជជែកដេញដោលនៅក្នុងចំណោមសេដ្ឋវិទូពាក់ព័ន្ធនឹងបញ្ហាថា «តើសេរីភាវូបនីយកម្មពាណិជ្ជកម្ម (Trade Liberalization) ឬការបើកចំហ អាចជួយទប់ស្កាត់ការឡើងថ្លៃទំនិញដែរឬទេ?»

    ខណៈពេលដែលការធ្វើពាណិជ្ជកម្មសេរីបានជួយបន្ទាបតម្លៃទំនិញសម្រាប់អ្នកប្រើប្រាស់ ទំនាក់ទំនងរវាងការបើកចំហព្រំដែននិងអតិផរណា គឺជារឿងដែលទាមទារឱ្យមានការត្រួតពិនិត្យ ប្រកបដោយការយកចិត្តទុកដាក់។ ច្បាស់ណាស់ថា «គ្មានសេដ្ឋវិទូណាម្នាក់បានអះអាងថា បញ្ហាអតិផរណានៅពេលថ្មីៗនេះ បានកើតឡើងដោយសារតែការរឹតត្បិតលើការធ្វើពាណិជ្ជកម្មនោះទេ»។

    បើគិតមកត្រឹមពេលនេះ មូលហេតុចម្បងដែលនាំមកនូវបញ្ហាអតិផរណាគឺ «ការរួមបញ្ចូលគ្នានៃកង្វះការផ្គត់ផ្គង់ដែលបង្កឡើងដោយវីរុសរាតត្បាត, ការកើនឡើងនូវតម្រូវការដែលបង្កឡើងដោយគោលនយោបាយនិងភាពរអាក់រអួលកាន់តែខ្លាំងនៅក្នុងការផ្គង់ផ្គង់ដែលបង្កឡើងដោយសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន»។

    ប៉ុន្តែ ខណៈពេលដែលអ្នកធ្វើគោលនយោបាយកំពុងប្រឈមមុខនឹងការលំបាកក្នុងការគ្រប់គ្រងអត្រាអតិផរណាដើម្បីបញ្ចៀសការកើតមានវិបត្តិសេដ្ឋកិច្ច ពួកគេត្រូវតែទទួលស្គាល់ថា «តម្រូវការក្នុងការទិញតែផលិតផលរបស់អាមេរិក (Buy American), ការយកពន្ធគយ និងការរឹតត្បឹតលើការធ្វើអន្តោរប្រវេសន៍នឹងធ្វើឱ្យស្ថានភាពដែលកំពុងតែអាក្រក់ស្រាប់ វិវឌ្ឍទៅកាន់តែធ្ងន់ធ្ងរ»។

    យោងតាមរបាយការណ៍គោលនយោបាយនៅក្នុងពេលថ្មីៗនេះរបស់វិទ្យាស្ថាន «Peterson Institute for International Economics» (PIIE) «ការកាត់បន្ថយរនាំងពាណិជ្ជកម្ម (Trade Barriers) អាចជួយកាត់បន្ថយអត្រាអតិផរណានៃតម្លៃទំនិញប្រើប្រាស់បាន ប្រមាណ ១,៣%»។

    ការសិក្សានេះមានលក្ខណៈអភិរក្ស ដោយវាបានផ្តោតតែទៅលើការរឹតត្បិតលើការធ្វើពាណិជ្ជកម្មដែលអាចត្រូវបានលើកលែងក្នុងរយៈពេលខ្លី ហើយលទ្ធផលដែលនឹងទទួលបាន ក៏អាចមានរយៈពេលខ្លីផងដែរ។ ការស្នើឱ្យមានការកាត់បន្ថយរនាំងពាណិជ្ជកម្មនឹងមិនអាចដោះស្រាយបានទាំងស្រុងនូវបញ្ហានៃការឡើងតម្លៃទំនិញទេ ក៏ប៉ុន្តែវាអាចជួយធ្វើឱ្យតម្លៃដ៏ខ្ពស់នៅពេលបច្ចុប្បន្ន ធ្លាក់ចុះទាបជាងមុនបន្តិច។

    អ្នកប្រើប្រាស់នៅអាមេរិកអាចនឹងពេញចិត្តចំពោះការបន្ធូរបន្ថយសម្ពាធនៅក្នុងរយៈពេលខ្លីបែបនេះ។ ប្រសិនបើរដ្ឋបាល Biden យល់ថា «វាមានភាពចាំបាច់ក្នុងការលក់ប្រេងចេញពីឃ្លាំងបម្រុងប្រេងយុទ្ធសាស្ត្រ (Strategic Petroleum Reserve) ហេតុអ្វីបានជាអាមេរិកមិនព្រមទទួលស្គាល់នូវភាពចាំបាច់ក្នុងការលុបចោលការយកពន្ធគយដែលបានដាក់ចេញតាំងពីជំនាន់ Donald Trump?»

    នៅឆ្នាំ ២០២១ យោងតាមរបាយការណ៍របស់វិទ្យាស្ថាន PIIE «ពន្ធគយទាំងនេះនៅតែបន្តអនុវត្តលើទំនិញនាំចូលជាងពាក់កណ្តាល ក្នុងចំណោមទំនិញសរុបដែលបាននាំចូលមកកាន់សហរដ្ឋអាមេរិក»។ កាន់តែសំខាន់ថែមទៀតនោះគឺ «មិនថាជាការធ្វើពាណិជ្ជកម្មដោយសេរី ឬការធ្វើអន្តោរប្រវេសន៍នោះទេ ភាពបើកចំហនឹងចូលរួមចំណែកដោយប្រយោលដល់ការពង្រឹងសុខមាលភាពរបស់អ្នកប្រើប្រាស់»។

    ផលប្រយោជន៍សំខាន់បំផុតមួយនៃការធ្វើពាណិជ្ជកម្មសេរីគឺ «ការផ្តល់ឱកាសប្រកួតប្រជែងកាន់តែច្រើនដល់បណ្តាក្រុមហ៊ុនក្នុងស្រុក (និងទីផ្សារការងារ) ដែលនឹងជំរុញឱ្យពួកគេរក្សាតម្លៃឱ្យស្ថិតនៅទាប ហើយក៏អាចជំរុញឱ្យពួកគេធ្វើនវារនុវត្តជាប្រចាំផងដែរដើម្បីបង្កើនភាពលេចធ្លោរបស់ពួកគេ»។

    ស្រដៀងគ្នានេះដែរ ការធ្វើអន្តោប្រវេសន៍ នឹងជួយកាត់បន្ថយបញ្ហាស្តីពីការខ្វះខាតកម្លាំងពលកម្ម ហើយអ្នកចំណូលថ្មី ដែលមានជំនាញខ្ពស់ក៏អាចជួយបង្កើនផលិតភាពនិងនវារនុវត្តផងដែរ។ ប្រទេសដែលមានចក្ខុវិស័យខ្ពស់តែងមានការយល់ដឹងអំពីរឿងនេះ ហើយពួកគេតែងបើកចំហចំពោះការធ្វើអន្តោប្រវេសន៍។

    ឧទាហរណ៍ ចក្រភពអង់គ្លេសបានអនុវត្តកម្មវិធីថ្មីមួយ ដែលនឹងផ្តល់ទិដ្ឋាការដល់កម្មករដែលមានជំនាញដើម្បីទទួលស្វាគមន៍ចំពោះអ្នកដែលទើបរៀនចប់ពីសាកលវិទ្យាល័យល្បីៗនៅទូទាំងពិភពលោក។ វាគឺជារឿងដ៏ខុសឆ្គងខ្លាំងក្នុងការរឹតត្បឹតលើការធ្វើពាណិជ្ជកម្ម និងការធ្វើអន្តោប្រវេសន៍ នៅពេលដែលការឡើងថ្លៃទំនិញនៅក្នុងស្រុកបាននិងកំពុងបង្កក្តីបារម្ភយ៉ាងខ្លាំង។

    ដោយសារតែពេលនេះ មនុស្សគ្រប់គ្នាកំពុងផ្តោតខ្លាំងលើបញ្ហាអតិផរណា រឿងដែលគួរលើកយកមកពិចារណាមួយគឺ «ហេតុអ្វីបានជាអតិផរណាមានកម្រិតទាបខ្លាំងនៅក្នុងរយៈពេល ២ ទសវត្សរ៍ចុងក្រោយនេះ បើទោះជាអត្រាមានការងារធ្វើនៅអាមេរិកមានកម្រិតខ្ពស់ (នៅមុនការរាតត្បាតនៃវីរុសកូវីដ-១៩) និងបើទោះបីជាមានការពង្រីកយ៉ាងខ្លាំងក្លានូវគោលនយោបាយរូបិយវត្ថុ?»

    វាមានកិច្ចការជាច្រើនដែលត្រូវធ្វើពាក់ព័ន្ធនឹងសាកលភាវូបនីយកម្ម និងប្រព័ន្ធស្វ័យប្រវត្តិកម្ម។ មនុស្សមួយចំនួនបានលើកឡើងនូវទស្សនៈថា «ការផ្តល់ការងារទៅឱ្យបណ្តាប្រទេសមានប្រាក់ចំណូលទាប ឬទៅឱ្យគ្រឿងម៉ាស៊ីន នឹងបង្កការរាំងស្ទះដល់អំណាចក្នុងការចរចារបស់កម្មករ ហើយការប្រកួតប្រជែងពីសំណាក់បរទេសនឹងបង្កការរាំងស្ទះដល់អំណាចក្នុងការកំណត់តម្លៃរបស់ក្រុមហ៊ុនក្នុងស្រុក»។

    កម្មករនិងក្រុមហ៊ុន កំពុងប្រឈមមុខនឹងតថភាពខុសៗគ្នានៅ ក្នុងពេលបច្ចុប្បន្ននេះ។ ការងារនិងមុខជំនួញរបស់ពួកគេហាក់ដូចជាកាន់តែមានសុវត្ថិភាពជាងមុន ដោយសារតែពេលនេះ សហរដ្ឋអាមេរិកបានងាកមកផ្តោតលើ បញ្ហាក្នុងស្រុក និងបានប្រកាន់ខ្ជាប់នូវគោលនយោបាយគាំពារនិយម។

    «ការលាឈប់ពីការងារទ្រង់ទ្រាយធំ» និងស្ថានភាពវិវឌ្ឍផ្សេងៗ ទៀតបាននាំមកនូវកង្វះខាតកម្មករដែលជាហេតុធ្វើអោយអំណាចក្នុងការចរចារបស់អ្នកដែលនៅកំពុងបំពេញការងារ មានការកើនឡើង។

    នេះអាចជាការវិវឌ្ឍប្រកបដោយភាពវិជ្ជមានមួយ ប្រសិនបើអត្រាអតិផរណាខ្ពស់មិនបង្កការបំផ្លាញដល់កិច្ចខិតខំប្រឹងប្រែងក្នុងការលើកកម្ពស់ស្ថានភាពរស់នៅរបស់កម្មករអាមេរិក។ ខណៈពេលដែលប្រាក់ឈ្នួលនៅអាមេរិកបានកើនឡើង ៥,៦% នៅខែកុម្ភៈ អត្រាអតិផរណាចំនួន ៨,៥% នៅក្នុងខែដដែលនោះបានបង្ហាញថា «ប្រាក់ឈ្នួលពិតប្រាកដបានធ្លាក់ចុះ ២,៧%»។

    ការធ្លាក់ចុះនៃប្រាក់ឈ្នួលពិតប្រាកដនៅក្នុងពេលបច្ចុប្បន្ន បានផ្តល់នូវការក្រើនរំលឹកថា «សុខមាលភាពរបស់យើងមិនបានពឹងផ្អែកតែទៅលើប្រាក់ឈ្នួល ដែលយើងទទួលបានក្នុងនាមជាកម្មករប៉ុណ្ណោះទេ ក៏ប៉ុន្តែវាក៏បានពឹងផ្អែកទៅលើតម្លៃដែលយើងចំណាយក្នុងនាមជាអ្នកទិញទំនិញប្រើប្រាស់ផងដែរ»។

    ការបើកចំហព្រំដែនអាចជួយរក្សាតម្លៃឱ្យនៅទាបនៅក្នុងគ្រាដ៏លំបាកនេះ ហើយការលុបចោលពន្ធគយដែលរដ្ឋបាលរបស់លោក Trump បានដាក់ចេញ នឹងក្លាយជាវិធានការនៅក្នុងទិសដៅដ៏ត្រឹមត្រូវ៕ Project Syndicate