ខ្មែរប៉ុស្ដិ៍ Close

រឿង ៥ យ៉ាងដែលត្រូវដឹងអំពីការចូលជាសមាជិកអង្គការ NATO របស់ប្រទេសហ្វាំងឡង់ និងស៊ុយអែត

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី១៧ ខែឧសភា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 1839
រឿង ៥ យ៉ាងដែលត្រូវដឹងអំពីការចូលជាសមាជិកអង្គការ NATO របស់ប្រទេសហ្វាំងឡង់ និងស៊ុយអែតស្នាក់ការកណ្ដាលអង្គការណាតូ

បន្ទាប់ពីការមិនចូលរួមនៅក្នុងសម្ព័ន្ធភាពយោធាអស់រយៈពេលជាច្រើនទសវត្សរ៍ ប្រទេសហ្វាំងឡង់កាលពីថ្ងៃអាទិត្យ ទី ១៥ ខែឧសភា បានប្រកាសជាផ្លូវការថា «ខ្លួននឹងដាក់ពាក្យស្នើសុំចូលជាសមាជិកអង្គការ NATO» ហើយប្រទេសជិតខាងស៊ុយអែតក៏រំពឹងថានឹងធ្វើបែបនេះនៅក្នុងពេលឆាប់ៗនេះផងដែរ។

ប្រទេសទាំងពីរនេះបានបង្ហាញអំពីបំណងចង់ធ្វើសកម្មភាពដោយឯកច្ឆន្ទក្នុងការដាក់សំណើរួមគ្នាដែលនេះគឺជាសកម្មភាពមួយដែលត្រូវបានគេចាត់ទុកជាការទប់ទល់នឹងការឈ្លានពានរបស់ប្រទេសរុស្ស៊ី។

ប្រវត្តិនៃការផ្លាស់ប្តូរ

អស់រយៈពេលជាច្រើនទស្សវត្សរ៍មកហើយ ស៊ុយអែត និងហ្វាំងឡង់ បានបន្តរក្សាគោលនយោបាយមិនចូលបក្សសម្ព័ន្ធ។ ក៏ប៉ុន្តែ​ការ​ឈ្លានពាន​របស់​រុស្ស៊ី​ចូល​អ៊ុយក្រែន​នៅ​ថ្ងៃ​ទី ២៤ ខែ​កុម្ភៈ បាន​បង្ក​ឱ្យ​មាន​ការ​ផ្លាស់ប្តូរ​យ៉ាង​ខ្លាំង។

ការផ្លាស់ប្តូរនេះគឺពិតជាមានភាពចាំបាច់ខ្លាំងណាស់ ជាពិសេសសម្រាប់ប្រទេសហ្វាំងឡង់ ដែលមានព្រំដែន ១,៣០០ គីឡូម៉ែត្រជាប់ជាមួយប្រទេសរុស្ស៊ី។ បន្ទាប់ពី ២ ទស្សវត្សរ៍ក្នុងអំឡុងពេលដែលការគាំទ្រជាសាធារណៈសម្រាប់សមាជិកភាព NATO បានស្ថិតនៅចន្លោះពី ២០ ទៅ ៣០% «ការស្ទង់មតិឥឡូវនេះ បានបង្ហាញអំពីការគាំទ្រ ៧៥% នៅក្នុងចំណោមប្រជាជនហ្វាំងឡង់»។

ក្នុងអំឡុងពេលសង្គ្រាមត្រជាក់ ប្រទេសហ្វាំងឡង់នៅតែអព្យាក្រឹត ជាថ្នូរនឹងការធានាពីរុស្ស៊ីថា «ហ្វាំងឡង់នឹងមិនរងនូវការឈ្លានពាន»។ បន្ទាប់ពីការដួលរលំនៃ «វាំងននដែក» «Iron Curtain» ហ្វាំងឡង់នៅតែបន្តមិនចូលបក្សសម្ព័ន្ធ។

ទន្ទឹមនឹងនេះដែរ ប្រទេសស៊ុយអែតក៏បានអនុម័តនូវគោលនយោបាយអព្យាក្រឹតភាពជាផ្លូវការនៅចុងបញ្ចប់នៃសង្គ្រាមណាប៉ូឡេអុងនៅដើមសតវត្សរ៍ទី ១៩។ បន្ទាប់ពីការបញ្ចប់នៃសង្គ្រាមត្រជាក់ គោលនយោបាយអព្យាក្រឹតភាពនេះត្រូវបានកែប្រែទៅជាការមិនចូលរួមក្នុងសម្ព័ន្ធភាពយោធា។

ដៃគូ NATO របស់ជិតស្និទ្ធ

បើទោះបីជាស្ថិត​នៅ​ក្រៅ​អង្គការ​NATO ក៏ដោយ ក៏ទាំង​ស៊ុយអែត និង​ហ្វាំងឡង់​បាន​បង្កើត​ទំនាក់ទំនង​យ៉ាងជិតស្និទ្ធ​ជាមួយ​សម្ព័ន្ធភាពមួយនេះ។ ប្រទេសទាំង២ បានចូលរួមក្នុងកម្មវិធីភាពជាដៃគូដើម្បីសន្តិភាពក្នុងឆ្នាំ ១៩៩៤ និងនៅក្នុងក្រុមប្រឹក្សាភាពជាដៃគូអឺរ៉ូ-អាត្លង់ទិកក្នុងឆ្នាំ ១៩៩៧ ។

ប្រទេសទាំង២ ត្រូវបានពិពណ៌នាដោយសម្ព័ន្ធភាពនេះថាជា «ដៃគូដ៏សកម្មបំផុតរបស់ NATO» និងបានរួមចំណែកដល់បេសកកម្មរក្សាសន្តិភាព ដែលដឹកនាំដោយអ្គការ NATO នៅក្នុងតំបន់បាល់កង់, អាហ្វហ្គានីស្ថាន និងអ៊ីរ៉ាក់។

កងកម្លាំងរបស់ស៊ុយអែតនិងហ្វាំងឡង់ ក៏បានចូលរួមជាទៀងទាត់ផងដែរនៅក្នុងសមយុទ្ធជាមួយបណ្តាប្រទេស NATO និងមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយតំបន់ Nordic, ប្រទេសន័រវែស, ដាណឺម៉ាក និងអ៊ីស្លង់ ដែលសុទ្ធសឹងជាសមាជិករបស់ NATO។

យោធារបស់ប្រទេសស៊ុយអែត

អស់រយៈពេលជាយូរមកហើយ គោលនយោបាយរបស់ស៊ុយអែតបានកំណត់ថា «ប្រទេសនេះត្រូវការកងកម្លាំងយោធាខ្លាំងដើម្បីការពារអព្យាក្រឹតភាពរបស់ខ្លួន»។

ប៉ុន្តែបន្ទាប់ពីសង្គ្រាមត្រជាក់បានបញ្ចប់ទៅ ប្រទេសស៊ុយអែតបានកាត់បន្ថយការចំណាយលើវិស័យការពារជាតិរបស់ខ្លួនយ៉ាងច្រើន និងបានបង្វែរការយកចិត្តទុកដាក់ផ្នែកយោធាឆ្ពោះទៅរកប្រតិបត្តិការរក្សាសន្តិភាពនៅជុំវិញពិភពលោកជំនួសវិញ។

នៅក្នុងឆ្នាំ ១៩៩០ ការចំណាយលើវិស័យការពារជាតិមានចំនួន ២,៦% នៃ GDP និងបានធ្លាក់ចុះមកនៅត្រឹម ១,២% នៅឆ្នាំ ២០២០ (យោងតាម រដ្ឋាភិបាល)។ កាតព្វកិច្ចយោធាត្រូវបានលុបចោលនៅក្នុងឆ្នាំ២០១០ ក៏ប៉ុន្តែវាត្រូវបានបញ្ចូលឡើងវិញ នៅឆ្នាំ ២០១៧ ក្នុងគោលបំណងពង្រឹងវិស័យយោធារបស់ប្រទេសឡើងវិញ បន្ទាប់ពីការឈ្លានពានរបស់រុស្ស៊ីលើឧបទ្វីប Crimea ក្នុងឆ្នាំ ២០១៤។

ដោយរួមបញ្ចូលគ្នានូវសាខាផ្សេងៗគ្នារបស់ខ្លួន យោធាស៊ុយអែតអាចមានទាហានសរុបចំនួន ៥ម៉ឺននាក់ក៏ប៉ុន្តែប្រហែលពាក់កណ្តាលនៃចំនួននេះគឺជាទាហានបម្រុង។ នៅខែមីនា ឆ្នាំ ២០២២ បន្ទាប់ពីការលុកលុយរបស់រុស្ស៊ីចូលអ៊ុយក្រែន ស៊ុយអែតបានប្រកាសថា «ខ្លួននឹងបង្កើនការចំណាយផ្នែកយោធាម្តងទៀតឱ្យដល់គោលដៅ ២% នៃ GDP ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន»។

យោធារបស់ប្រទេសហ្វាំងឡង់

បើទោះបីជាហ្វាំងឡង់បានកាត់បន្ថយការចំណាយផ្នែកការពារជាតិមួយចំនួនក៏ដោយ ក៏ប្រទេសនេះនៅតែអាចបន្តរក្សាបាននូវកងទ័ពដ៏ធំមួយ ចាប់តាំងពីចុងបញ្ចប់នៃសង្គ្រាមត្រជាក់។

នៅពេលឥឡូវនេះ ប្រទេសដែលមានប្រជាជនចំនួន ៥,៥ លាននាក់មានកម្លាំងទាហានប្រមាណ ២៨ ម៉ឺននាក់ បូករួមទាំងទាហានបម្រុងចំនួន ៦ ម៉ឺននាក់ដែលមានទំហំធំជាងតំបន់ Nordic ទៅទៀត។

នៅដើមខែមេសា ប្រទេសហ្វាំងឡង់បានប្រកាសថា «ខ្លួននឹងបង្កើនការចំណាយផ្នែកយោធាដោយនឹងបន្ថែមទឹកប្រាក់ ២ ពាន់លានអឺរ៉ូ (២,១ ពាន់លានដុល្លារ) សម្រាប់រយៈពេល ៤ ឆ្នាំ ខាងមុខ»។ ហ្វាំងឡង់មានថវិកាការពារជាតិសរុបចំនួន ៥,១ ពាន់លានអឺរ៉ូសម្រាប់ឆ្នាំ ២០២២។

ការចងចាំនៃសង្គ្រាម

ខណៈពេលដែលស៊ុយអែតបានបញ្ជូនកងកម្លាំងឱ្យទៅចូលរួមក្នុងបេសកកម្មរក្សាសន្តិភាពអន្តរជាតិ ប្រទេសនេះមិនបានធ្វើសង្រ្គាមអស់រយៈពេលជាង ២០០ ឆ្នាំមកហើយ។ ជម្លោះចុងក្រោយដែលស៊ុយអែតបាន ប្រយុទ្ធគឺសង្រ្គាមស៊ុយអែត-ន័រវេស ឆ្នាំ ១៨១៤។

ការចងចាំរបស់ហ្វាំងឡង់ស្តីអំពីសង្គ្រាមគឺមានលក្ខណៈខុសគ្នា ដោយក្នុងនោះវាត្រូវបានឈ្លានពានដោយសហភាពសូវៀតនៅក្នុងឆ្នាំ ១៩៣៩ ។ ប្រជាជនហ្វាំងឡង់បានប្រយុទ្ធយ៉ាងអង់អាចនៅក្នុងអំឡុងសង្គ្រាមដ៏បង្ហូរឈាម ដែលបានកើតឡើងនៅក្នុងអំឡុងរដូវរងាដ៏ត្រជាក់បំផុតមួយនៅក្នុងប្រវត្តិសាស្ត្រ។

ប៉ុន្តែនៅទីបំផុត ហ្វាំងឡង់បានបាត់បង់ខេត្ត Karelia ភាគខាងកើតរបស់ខ្លួននៅក្នុងសន្ធិសញ្ញាសន្តិភាពជាមួយទីក្រុងម៉ូស្គូ។ «កិច្ចព្រមព្រៀងមិត្តភាព ឆ្នាំ ១៩៤៨» បានផ្តល់នូវការធានាថា «សូវៀតនឹងមិនឈ្លានពានម្តងទៀតទេ ប្រសិនបើហ្វាំងឡង់បន្តមិនចូលរួមនៅក្នុងកិច្ចសហប្រតិបត្តិការការពារជាតិរបស់លោកខាងលិច»។

អព្យាក្រឹតភាពដោយបង្ខំរបស់ប្រទេសនេះដើម្បីផ្គាប់ចិត្តប្រទេសជិតខាងដ៏រឹងមាំរបស់ខ្លួន បានបង្កើតឱ្យមានពាក្យមួយគឺ «ហ្វាំងឡង់នីយកម្ម» «Finlandization»៕ Channel News Asia

អត្ថបទទាក់ទង