ខ្មែរប៉ុស្ដិ៍ Close

    ផលប៉ះពាល់ដែលលោកខាងលិចនឹងទទួលរង ដោយសារការដាក់ទណ្ឌកម្មលើរុស្ស៊ី

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី១៨ ខែឧសភា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 1574
    ផលប៉ះពាល់ដែលលោកខាងលិចនឹងទទួលរង ដោយសារការដាក់ទណ្ឌកម្មលើរុស្ស៊ីផលប៉ះពាល់ដែលលោកខាងលិចនឹងទទួលរង ដោយសារការដាក់ទណ្ឌកម្មលើរុស្ស៊ី

    ចាប់តាំងពីកើតមានកាេឈ្លានពានចូលអ៊ុយក្រែននៅខែកុម្ភៈ ឆ្នាំ ២០២២ មក សហរដ្ឋអាមេរិក, សហភាពអឺរ៉ុប និងបណ្តាសម្ព័ន្ធមិត្តរបស់ពួកគេបានដាក់ទណ្ឌកម្មហិរញ្ញវត្ថុយ៉ាងធ្ងន់ធ្ងរទៅលើរុស្ស៊ី ដោយក្នុងនោះរួមមានការបង្កកប្រាក់បម្រុងបរទេសរបស់រុស្ស៊ីចំនួន ៣០០ ពាន់លានដុល្លារ, ការដកស្ថាប័នរុស្ស៊ីចេញពីប្រព័ន្ធទូទាត់អន្តរជាតិ SWIFT និងការហាមឃាត់ការវិនិយោគបរទេសចូលទៅក្នុងប្រទេសរុស្ស៊ី។

    ផលប៉ះពាល់នៃទណ្ឌកម្មទាំងនេះ ដែលបាននាំមកនូវការកាត់ផ្តាច់រុស្ស៊ីចេញពីប្រព័ន្ធហិរញ្ញវត្ថុអន្តរជាតិមានលក្ខណៈធ្ងន់ធ្ងរណាស់។ អត្រាអតិផរណានៅរុស្ស៊ីបានកើនឡើងជាង ១៧% ហើយអាចនឹងមានការកើនឡើងកាន់តែខ្លាំងថែមទៀត។ កង្វះខាតយ៉ាងធ្ងន់ធ្ងរនូវស្បៀងអាហារ, ថ្នាំពេទ្យ, សម្ភារៈសុខាភិបាល និងសម្ភារៈបច្ចេកវិទ្យាព័ត៌មាន ក៏បាននិងកំពុងកើតមានផងដែរ។

    ក្រុមហ៊ុនជាង ៧៥០ បានប្រកាសអំពីផែនការផ្អាក ឬបញ្ចប់ការវិនិយោគ និងប្រតិបត្តិការរបស់ពួកគេដែលមាននៅក្នុងប្រទេសរុស្ស៊ី។ ធនាគារអឺរ៉ុបដើម្បីការស្ថាបនាឡើងវិញ និងការអភិវឌ្ឍ (European Bank for Reconstruction and Development) បានព្យាករណ៍ថា «សង្គ្រាមនោះនឹងធ្វើឱ្យសេដ្ឋកិច្ចរុស្ស៊ីធ្លាក់ ចុះ ១០% នៅឆ្នាំនេះ»

    ទណ្ឌកម្មទាំងនេះអាចបង្កផលប៉ះពាល់ខ្លាំង ដោយសារតែភាពមានប្រៀបនៅក្នុងពេលបច្ចុប្បន្នរបស់អាមេរិកនៅក្នុងប្រព័ន្ធហិរញ្ញវត្ថុពិភពលោក។ ប្រាក់ដុល្លារគឺជារូបិយវត្ថុចម្បងដែលត្រូវបានប្រើប្រាស់សម្រាប់ការធ្វើពាណិជ្ជកម្ម និងដំណើរការហិរញ្ញវត្ថុនៅក្នុងពិភពលោក ហើយវាគឺជារូបិយវត្ថុមួយដែលត្រូវបានប្រើជាទុនបម្រុងបរទេសរបស់ធនាគារកណ្តាលជាច្រើននៅទូទាំងពិភពលោក។

    ដោយសារការទូទាត់ជាអន្តរជាតិជាច្រើនត្រូវធ្វើឡើងដោយធនាគារដែលមានទីតាំងនៅអាមេរិក ពួកគេត្រូវតែគោរពតាមច្បាប់របស់អាមេរិក។ អាមេរិកក៏មានឥទ្ធិពលខ្លាំងផងដែរលើប្រព័ន្ធ SWIFT និង CHIPS ដែលជាប្រព័ន្ធមានដំណើរការទូទាត់សាច់ប្រាក់ចំនួន ១,៨ ទី្រលានដុល្លារជារៀងរាល់ថ្ងៃ។

    អត្ថប្រយោជន៍ដែលអាមេរិកទទួលបានពីប្រព័ន្ធបច្ចុប្បន្ននេះ គឺមានទំហំធំធេងណាស់ ដោយរាប់ចាប់តាំងពីលំហូរមូលធនយ៉ាងច្រើនសន្ធឹកសន្ធាប់ រហូតដល់សមត្ថភាពក្នុងការខ្ចីប្រាក់បរទេសក្នុងតម្លៃថោក និងពីការមិនអស់ចំណាយលើការប្តូរប្រាក់បរទេស ក៏ដូចជាការគ្មានហានិភ័យនៅក្នុងប្រតិបត្តិការទូទាត់ពាណិជ្ជកម្ម បូករួមនឹងការអាចប្រើប្រាស់ទណ្ឌកម្មហិរញ្ញវត្ថុ ជាអាវុធដ៏មានឥទ្ធិពលលើគូសត្រូវ។

    សហរដ្ឋអាមេរិកបានចាត់ទុកទណ្ឌកម្មជា «ឧបករណ៍ដ៏មានប្រសិទ្ធភាព និងដែលមានហានិភ័យទាប» ដោយសារតែវានឹងអនុញ្ញាតឱ្យអាមេរិកអាចបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចរបស់ប្រទេសមួយទៀត ដោយពុំចាំបាច់ធ្វើអន្តរាគមន៍យោធា។

    គិតមកត្រឹមពេលនេះ ទណ្ឌកម្មរបស់អាមេរិកបានធ្វើទៅលើគោលដៅជាច្រើន រាប់ចាប់ពីរបបដឹកនាំបរទេស រហូតដល់ធនាគារស្វីស និងរាប់ចាប់ពីក្រុមហ៊ុនបច្ចេកវិទ្យាចិន រហូតដល់បុគ្គលិកតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ដោយសារតែពួកគេបានបើកការស៊ើបអង្កេតថា «តើកងកម្លាំងអាមេរិកបានប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាមនៅប្រទេសអាហ្វហ្គានីស្ថានដែរឬអត់»

    ប៉ុន្តែ ទណ្ឌកម្មដែលបាននិងកំពុងដាក់លើប្រទេសរុស្ស៊ី គឺមានកម្រិតធំជាងអ្វីៗដែលគេធ្លាប់បានឃើញពីមុនមក។ តាមរយៈការបង្កកប្រាក់បម្រុងបរទេសរបស់ធនាគារកណ្តាលរុស្ស៊ីប្រមាណ ៣០០ ពាន់លានដុល្លារសហរដ្ឋអាមេរិកបានជាន់ឈ្លីលើអធិបតេយ្យភាពជាតិ និងទ្រព្យសម្បត្តិឯកជន។

    ការដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរទាំងនេះអាចបង្ហាញឱ្យឃើញអំពីភាពក្លាហានរបស់អាមេរិក ដោយសារតែវិធានការបែបនេះនឹងកាត់បន្ថយភាពមានប្រៀបខ្លាំងរបស់ប្រាក់ដុល្លារអាមេរិកនៅក្នុងប្រព័ន្ធហិរញ្ញវត្ថុពិភពលោក។ បណ្តាប្រទេសមួយចំនួនអាចព្យាយាមគេចចេញពីផលប៉ះពាល់នៃទណ្ឌកម្មរបស់អាមេរិកតាមរយៈការបង្កើតជម្រើសផ្សេងជំនួសឱ្យប្រព័ន្ធហិរញ្ញវត្ថុពិភពលោកដែលយកប្រាក់ដុល្លារជាគោល។

    រុស្ស៊ី និងចិនបានបង្កើតសេវាផ្ទេរប្រាក់ ដែលពួកគេបានអះអាងថាអាចប្រើជំនួសឱ្យប្រព័ន្ធ SWIFT និង CHIPS បើទោះជាការប្រើប្រាស់នៅពេលកន្លងមកនៅមានកម្រិតក៏ដោយ។ នៅឆ្នាំ ២០១៩ ប្រទេសទាំង ២ នេះបានយល់ព្រមជំនួសប្រាក់ដុល្លារអាមេរិកដោយរូបិយវត្ថុជាតិរបស់ពួកគេវិញនៅក្នុងការទូទាត់ទំនិញឆ្លងកាត់ព្រំដែនរវាងពួកគេ។

    ចិនក៏មានកិច្ចព្រមព្រៀងផ្តោះប្តូររូបិយវត្ថុជាតិជាមួយប្រទេសជាច្រើនទៀតផងដែរ ដែលបានចូលរួមនៅក្នុងផែនការខ្សែក្រវ៉ាត់ និងផ្លូវ (Belt and Road Initiative)។ ការអភិវឌ្ឍរូបិយវត្ថុឌីជីថលរបស់ធនាគារកណ្តាលក៏អាចជាការបោះជំហានក្នុងការកាត់បន្ថយឥទ្ធិពលរបស់ប្រាក់ដុល្លារអាមេរិកផងដែរ។

    ខណៈពេលដែលជម្រើសជំនួសទាំង នេះបានចាប់ផ្តើមដំណើរការយឺតយ៉ាវ ទណ្ឌកម្មដែលមិនធ្លាប់មានពីមុនមក ដែលបានដាក់លើប្រទេសរុស្ស៊ីអាចនឹងបង្កើតជាចំណុចចាប់ផ្តើមនៅក្នុងដំណើរការទាំងនេះ។ ទណ្ឌកម្មអាចនឹងនាំមកនូវផលវិបាកគួរឱ្យកត់សម្គាល់ចំនួន ២។

    ទី១ ៖ គឺ «ការធ្វើបដិ-ដុល្លារភាវូបនីយកម្មនៃប្រាក់បម្រុងបរទេស» ដោយក្នុងនោះបណ្តារដ្ឋជាច្រើនបាននិងកំពុងចាប់ផ្តើមដំណើរការកាត់បន្ថយការពឹងផ្អែកលើប្រាក់ដុល្លារអាមេរិកនៅក្នុងប្រាក់បម្រុងបរទេស របស់ពួកគេ។

    ចំណែកប្រាក់ដុល្លារអាមេរិកនៅក្នុងប្រាក់បម្រុងបរទេសបានធ្លាក់ចុះពី ៧៣% នៅឆ្នាំ ២០០១ មកនៅត្រឹម ៥៩% នៅឆ្នាំ ២០២១។ ចំណែកប្រហែល ២៥ % នៃការងាកចេញពីប្រាក់ដុល្លារអាមេរិកបានងាកទៅប្រើប្រាស់ប្រាក់យ័នចិន ខណៈដែលចំណែកដែលនៅសេសសល់បានងាកទៅប្រើប្រាស់រូបិយវត្ថុផ្សេងៗទៀត។

    បើទោះបីជាគ្មានរូបិយវត្ថុណាមួយអាចនឹងជំនួសប្រាក់ដុល្លារអាមេរិកបានទាំងស្រុងក្នុងនាមជាប្រាក់បម្រុងបរទេសនៅក្នុងរយៈពេលពីខ្លីទៅមធ្យមក៏ដោយ ក៏ទំនោរ/និន្នាការឆ្ពោះទៅរកប្រព័ន្ធរូបិយវត្ថុបម្រុងជាច្រើននឹងត្រូវបានបង្កើតឡើង ហើយទណ្ឌកម្មដ៏ខ្លាំងក្លាលើធនាគារកណ្តាលរុស្ស៊ីក៏អាចនឹងបង្កើនល្បឿននៃការងាកចេញនេះផងដែរ។

    ផលវិបាកទី២ ៖ «គឺការបែកបាក់ទំនាក់ទំនង»។ រួមជាមួយនឹងការធ្វើពិពិធកម្មប្រាក់បម្រុងបរទេស ការជំរុញសារជាថ្មីនូវការបង្កើតប្រព័ន្ធហិរញ្ញវត្ថុផ្សេងមួយដែលមានលក្ខណៈស្រដៀងគ្នានឹងប្រព័ន្ធហិរញ្ញវត្ថុ ដែលអាមេរិកកំពុងគ្រប់គ្រង គឺជារឿងដែលអាចទៅរួច។

    បញ្ហានេះនឹងបង្កឱ្យមានការបែកបាក់ទំនាក់ទំនងជាពិសេសនៅពេលដែលពិភពលោកកំពុងបែកទៅជាប្លុកៗផ្សេងៗ ហើយបញ្ហាអស្ថិរភាពនៅក្នុងទំនាក់ទំនងរូបិយវត្ថុពិភពលោកក៏អាចនឹងកើតមានផងដែរ។

    នៅក្នុងប្រព័ន្ធដែលពោរពេញទៅដោយការបែកបាក់ការទូទាត់សាច់ប្រាក់ជាច្រើនអាចនឹងប្រព្រឹត្តទៅនៅក្នុងប្រព័ន្ធក្រៅផ្លូវការ ដែលជាហេតុអាចបង្កការលំបាកដល់និយ័តករក្នុងការទប់ស្កាត់ការទូទាត់សាច់ប្រាក់ដោយខុសច្បាប់។

    ទណ្ឌកម្មលើប្រទេសរុស្ស៊ីក៏បានផ្ញើសារដ៏ខ្លាំងផងដែរថា «ការរំលោភលើបទដ្ឋានពិភពលោក ដូចដែលត្រូវបានកំណត់ដោយអាមេរិក សម្ព័ន្ធមិត្តនិងបណ្តាដៃគូរបស់អាមេរិកនឹងមិនទទួលបានការអត់ឱនឱ្យឡើយ»
    ក៏ប៉ុន្តែលោកខាងលិចក៏នឹងខាត់បង់យ៉ាងធ្ងន់ធ្ងរផងដែរដោយ សារតែទណ្ឌកម្មទាំងនេះ។

    អ្វីដែលទំនងបំផុតនោះគឺ «បណ្តារដ្ឋមិនមែនលោកខាងលិចមួយចំនួន បូករួមនឹងបណ្តារដ្ឋលោកខាងលិចខ្លះនឹងចាប់ផ្តើមធ្វើការវាយតម្លៃឡើងវិញនូវហានិភ័យនៃការបន្តពឹងផ្អែកលើប្រព័ន្ធហិរញ្ញវត្ថុពិភពលោកដែលគ្រប់គ្រងដោយអាមេរិក»។ សមត្ថភាពរបស់អាមេរិកក្នុងការប្រើប្រាស់អំណាចសេដ្ឋកិច្ចរបស់ខ្លួននៅថ្ងៃអនាគត និងកិត្យានុភាពនៃប្រព័ន្ធហិរញ្ញវត្ថុពិភពលោក ច្បាស់ជានឹងរងនូវហានិភ័យ៕ East Asia Forum

    អត្ថបទទាក់ទង