ខ្មែរប៉ុស្ដិ៍ Close

    ទស្សនៈមិត្តអ្នកអាន ៖ «ក្រុមបាតុករបម្រើនយោបាយរៀបចំសកម្មភាពអុកឡុកពេលឃោសនាបោះឆ្នោត» !

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី២០ ខែឧសភា ឆ្នាំ២០២២ ទស្សនៈ - នយោបាយ 959
    ទស្សនៈមិត្តអ្នកអាន ៖ «ក្រុមបាតុករបម្រើនយោបាយរៀបចំសកម្មភាពអុកឡុកពេលឃោសនាបោះឆ្នោត» !ទស្សនៈមិត្តអ្នកអាន ៖ «ក្រុមបាតុករបម្រើនយោបាយរៀបចំសកម្មភាពអុកឡុកពេលឃោសនាបោះឆ្នោត» !

    កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង៨យប់ អតីតបុគ្គលិក Naga World ចំនួន ១១០នាក់ ដែលជាក្រុមរបស់ ឈឹម ស៊ីថរ បានរៀបចំកិច្ចប្រជុំតាម Zoom ក្នុងគោលបំណងពិភាក្សាបន្តផែនការក្រឡុកសភាពការណ៍ខណៈដែលការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់កំពុងឈានដល់ដំណាក់កាលឃោសនាបោះឆ្នោត។

    អតីតបុគ្គលិក ២រូបដែលបានត្រៀមខ្លួនចេញមកទទួលសំណងបញ្ឈប់ពីការងារហើយដែលបានចូលរួមប្រជុំតាម Zoom ដែរនោះ បានបង្ហើបប្រាប់អោយដឹងថា ក្រុម ឈឹម ស៊ីថរ នេះ គឺធ្វើសកម្មភាពដោយបង្កប់នូវរបៀបវារៈនយោបាយពីក្រោយខ្នង និងបានដាក់ចេញទិសដៅដើម្បីបម្រើឲ្យនយោបាយរបស់ក្រុមប្រឆាំងរដ្ឋាភិបាលលោក ហ៊ុន សែនដូចខាងក្រោមនេះ៖

    ទី១៖ បន្តធ្វើបាតុកម្មអុកឡុកសភាពការណ៍រាល់ថ្ងៃ

    ទី២៖ ស្រែកបរិហារអាជ្ញាធរមានសមត្ថកិច្ចដោយចោទថា បានប្រព្រឹត្តហិង្សាកាន់តែសាហាវពីមួយថ្ងៃទៅមួយថ្ងៃ ដើម្បីទាញចំណេញនយោបាយតាមទិសដៅដែលដាក់ចេញដោយពួកបរទេសដែលនៅពីក្រោយខ្នង។

    ទី៣៖ រៀបចំឲ្យមានសកម្មភាពប៉ះពារជាមួយសមត្ថកិច្ចដើម្បីឲ្យគូកនរបស់ខ្លួនថតសកម្មភាពទាំងនោះចែកចាយទៅបណ្តាញរបស់ខ្លួនដើម្បីផ្សាយបង្ខូចឈ្មោះអាជ្ញាធរមានសមត្ថកិច្ចក្នុងគោលបំណងធ្វើឲ្យមហាជនអស់ជំនឿទៅលើអាជ្ញាធររដ្ឋាភិបាល។

    ទី៤៖ បង្កអោយមានភាពយឺតយ៉ាវនៅពេលសមត្ថកិច្ចអោយឡើងលើឡានដើម្បីដឹកចេញទៅទីលានប្រជាធិប្បតេយ្យ និងបង្កសកម្មភាពប្រទូសរាយជាមួយអាជ្ញាធរមានសមត្ថកិច្ចបញ្ឆេះឲ្យកើតមានអំពើហិង្សាដើម្បីពួកគេបានថតរូបចែកចាយដើម្បីវាយប្រហារលើសមត្ថកិច្ចដែលគ្រាន់តែជាអ្នករៀបចំសណ្តាប់ធ្នាប់។

    ទី៥៖ ពួកគេបំពាក់បំប៉នស្មារតីគូកនទាំងអស់ថា សាមគ្គីនឹងទទួលបានជោគជ័យ ពោលគឺជោគជ័យក្នុងការអុកឡុកសភាពការណ៍ដើម្បីកេងចំណេញនយោបាយអោយក្រុម ប្រឆាំងជ្រុលនិយមពេលបោះឆ្នោត។

    ជាការពិត នរណាៗក៏ដឹងដែរថា ក្រុមអតីតបុគ្គលិកណាហ្គាវើល មួយក្តាប់តូចនេះដឹកនាំដោយអតីតមេសហជីពអស់សុពលភាពឈ្មោះ ឈឹម ស៊ីថរ បានរៀបចំផែនការទុកជាមុនជាយូរខែមកហើយ ដើម្បីអូសបន្លាយសភាពការណ៍របស់ខ្លួនដល់ពេលបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់។ ក្រុមនេះដែរ ក៏ជាកូនអុករបស់បរទេស និងក្រុមប្រឆាំងជ្រុលនិយមបានធ្វើសកម្មភាពដែល មិនសមទំនងនិងខុសច្បាប់ការងារ។

    តាមពិត វិវាទការងារនៅក្រុមហ៊ុនណាហ្គាវើលត្រូវបានដោះស្រាយតាមនីតិវិធីច្បាប់ទាំងស្រុងដោយមានការសម្របសម្រួលពីក្រសួងការងារផង និងពីក្រុមប្រឹក្សាអាជ្ញាកណ្តាលផង។ បុគ្គលិក និយោជិតភាគច្រើនបំផុត បានទទួលយកការដោះស្រាយជាបន្តបន្ទាប់និងសឹងតែជារៀងរាល់ថ្ងៃ តាមរយៈការទូទាត់សំណងតាមច្បាប់ដ៏ត្រឹមត្រូវ។

    ប៉ុន្តែ នៅសល់អតីតបុគ្គលិកមួយក្តាប់តូចនេះដែលដឹកនាំដោយមេសហជីពអស់សុពលភាព និងមិនចេះច្បាប់នៅតែបន្តការតវ៉ាដោយមិនសមទំនងដោយទាមទារបង្ខំឲ្យនិយោជកយកពួកខ្លួនចូលធ្វើការវិញជាចាំបាច់ ខណៈដែលក្រុមហ៊ុនត្រូវកាត់បន្ថយបុគ្គលិកដោយសារតែវិបត្តិកូវីដ-១៩។ តើមានថៅកែណានៅលើលោក នេះសុខចិត្តទុកឲ្យក្រុមហ៊ុនដួលរលំដោយមិនចាត់វិធានការចាំបាច់ដើម្បីទប់ទល់ និងសង្គ្រោះ ? តើមានសហជីព ឬបុគ្គលិក និយោជិតណាមានសិទ្ធិចាប់បង្ខំឲ្យនិយោជកទទួលយកខ្លួនឲ្យធ្វើការរហូតអស់មួយជីវិត?

    ទាំងនេះគឺជាសំណួរដ៏សាមញ្ញៗ បំផុតដែលមនុស្សនៅក្នុងពិភពការងារសុទ្ធតែបានយល់ដឹងគ្រប់គ្នា។ ប៉ុន្តែ ចម្លែកអ្វីតែក្រុមមនុស្សមួយក្តាប់តូចនេះបែរជាធ្វើគរធ្វើថ្លង់មិនដឹងមិនលឺអំពី បញ្ហាផ្លូវច្បាប់ហើយនៅបន្តទាមទារនូវអ្វីដែលពួកគេអះអាងថា ជាការទាមទារសិទ្ធិការងារ។ បើនិយាយអំពីសិទ្ធិការងារ គេក៏ត្រូវគិតពីសិទ្ធិរបស់ក្រុមហ៊ុនវិនិយោគដែរ ពោលគឺសិទ្ធិដែលគ្មាននរណាមកបំពាន និងបង្ខំបានឡើយ។ ប្រសិនបើនិយោជក រំលោភបំពានលើបុគ្គលិកនិយោជិត សហជីពមានសិទ្ធិតវ៉ា និងការពារតាមផ្លូវច្បាប់។ ចំណែកនិយោជកក៏មានសិទ្ធិការពារខ្លួនតាមផ្លូវច្បាប់ពីការបង្ខិតបង្ខំរបស់និយោជិតវិញដែរ។ នេះគឺជាក្រឹត្យក្រមការងារ។

    ប៉ុន្តែដោយសារតែបម្រើអោយរបៀបវារៈនយោបាយក្រុមអតីតបុគ្គលិកណាហ្គាវើល មួយក្តាប់តូចនេះនៅតែបន្តក្រឡុកសភាពការណ៍រហូតដល់បច្ចុប្បន្នក្រោមការចិញ្ចឹមបីបាច់របស់បរទេសនិងអ្នកនយោបាយជ្រុលនិយមនៅពីក្រោយខ្នង។ គោលដៅចម្បងរបស់ពួកគេគឺការអុកឡុកពេលបោះឆ្នោតនេះឯង។

    ឥឡូវនេះ ដំណាក់កាលឃោសនាបោះឆ្នោតបានឈានមកដល់ហើយ នេះគឺជាដំណាក់កាលដ៏សំខាន់របស់ក្រុមនេះ។ ដូច្នេះ ពីថ្ងៃនេះតទៅ ពួកគេនឹងបង្កបញ្ហាឥតឈប់ឈរ និងកាន់តែធ្ងន់ធ្ងរជាមួយអាជ្ញាធរមានសមត្ថកិច្ចដើម្បីបញ្ឆេះបញ្ហាឲ្យក្តៅគគុកឡើងក្នុងគោលបំណងថតយកសកម្មភាពទាំងអស់ទៅផ្សព្វផ្សាយបង្ខូចឈ្មោះរបស់អាជ្ញាធររាជរដ្ឋាភិបាល ជាពិសេសគឺដើម្បីបង្ខូចឈ្មោះរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាក្នុងពេលបោះឆ្នោតផង និងពេលដែលកម្ពុជាកំពុងធ្វើប្រធានប្តូរវេន របស់អាស៊ានផង។ នេះគឺជាយុទ្ធសាស្ត្រព្រួញមួយបាញ់បានសត្វ២

    ប៉ុន្តែ ព្រួញដ៏ពិសពុលរបស់ក្រុមនេះ ទំនងជាត្រូវបាញ់ចំខ្លួនឯងទៅវិញទេ ពីព្រោះគ្រប់គ្នាសុទ្ធតែបានយល់អំពីគោលបំណងរបស់អតីតបុគ្គលិកណាហ្គាវើលមួយក្រុមនេះអស់ទៅហើយ ជាពិសេសមេដឹកនាំសហជីពដែលអស់សុពលភាព នៅក្រុមហ៊ុនណាហ្គាវើលដែលគេស្គាល់យ៉ាងច្បាស់តាមរយៈសកម្មភាពយ៉ាងជិតស្និទ្ធជាមួយក្រុមប្រឆាំងជ្រុលនិយម។

    ដូច្នេះ «ចំណាត់ការចាំបាច់នានាគួរត្រូវបានប្រកាន់យកដើម្បីបញ្ឈប់វិវាទការងារក្លែងក្លាយដើម្បីបិទបាំងរបៀបវារៈនយោបាយរបស់មនុស្សមួយក្រុមនេះ»

    ដោយ : អ្នកនយោបាយតុកាហ្វេ

    អត្ថបទទាក់ទង